ដោយ ទីន ហ្សាការីយ៉ា
2022-01-15
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។
Photo courtesy
រឿងរ៉ាវទាក់ទងនឹងការចោទប្រកាន់ថា លោក ហ៊ុន សែន បានផ្តល់ប្រាក់១លានដុល្លា ទៅឱ្យអតីតសកម្មជននៃគណបក្សសង្រ្គោះជាតិ ដើម្បីប្រើប្រាស់ក្នុងការបំបែកបំបាក់គណបក្សនេះ ចាប់ផ្តើមកំរើកឡើងវិញ បន្ទាប់ពីក្រុមលោក ហ៊ុន សែន មានផែនការ រឹបអូសទ្រព្យសម្បត្តិលោក សម រង្ស៊ី ជាការសងជំងឺចិត្តទៅលើការចាញ់ក្តីរបស់លោក សម រង្ស៊ី ក្នុងសំណុំរឿងនេះ និងរឿងក្តីក្តាំដទៃទៀត។
ទោះជាលោក សម រង្ស៊ី បានចាញ់ក្ដីនៅតុលាការគ្រប់ជាន់ថ្នាក់អំពីសំណុំរឿងនេះក្ដី តែលោក នៅតែមានសង្ឃឹមថា ការពិតនឹងត្រូវលាតត្រដាងនៅពេលក្រុមហ៊ុនបណ្ដាញសង្គមរបស់ជប៉ុនព្រមលាតត្រដាងតាមសំណើរបស់លោក ដើម្បីបញ្ជាក់ថា សារសន្ទនាតា និងចៅ ដែលបានបែកធ្លាយនោះ ជាការពិត មិនមែនជារឿងបរិហារកេរ្តិ៍នោះទេ។
រឿងក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍នេះ គឺជាសំណុំរឿងទី៧ហើយ ដែលមេបក្សប្រឆាំងរូបនេះ រងបណ្ដឹងនៅតុលាការរដ្ឋាភិបាលក្រុងភ្នំពេញ។
ទោះជាសំណុំរឿងទី៧នេះ បានរំលងទៅប៉ុន្មានឆ្នាំទៅហើយក្ដី លោក សម រង្ស៊ី នៅតែមិនបោះបង់រឿងក្ដីនេះចោលឡើយ។ លោកនៅតែសំអាងថា ជាការពិត ដ្បិតតែលោក ហ៊ុន សែន និងធីសុវណ្ណថា ខិតខំកាយកប់ ដើម្បីបិទបាំងមហាជនតាមរយៈការប្រើប្រាស់តុលាការក្ដី ក៏អាថ៌កំបាំងនេះនឹងត្រូវទម្លាយនៅពេលណាមួយជាមិនខាន។
លោកសង្ឃឹមថា មិនយូរប៉ុន្មានទេ រឿងលោក ហ៊ុន សែន សូកប៉ាន់ធីសុវណ្ណថានេះ នឹងត្រូវលាតត្រដាង នៅក្រោយពេលលោកបានប្ដឹងទៅក្រុមហ៊ុនបណ្ដាញសង្គម ឡាញ (Line)របស់ជប៉ុន ដើម្បីបញ្ជាក់អំពីសារឆ្លងឆ្លើយរវាងតា និងចៅ ឬរវាង លោក ហ៊ុន សែន និង ធី សុវណ្ណថានេះ ថាមិនមែនជារឿងក្លែងក្លាយ៖ «ខ្ញុំគ្រាន់តែឲ្យក្រុមហ៊ុនជប៉ុនបញ្ជាក់ការពិតព្រោះក្រុមហ៊ុនជប៉ុនមានភស្តុតាងជាបច្ចេកទេសការពិតប៉ុណ្ណឹងគ្រប់គ្រាន់ហើយអ្នកណាបានធ្វើអ្វីមុនៗអ្នកណាបិទបាំងបដិសេធអីយ៉ាងម៉ិច ប៉ុន្តែមិនអាចបដិសេធបានទេព្រោះភស្តុតាងជាបច្ចេកទេសអត់មានអ្នកណាទៅលុបអត់មានអ្នកណាទៅប្រឌិតអត់មានអ្នកណាទៅបដិសេធបានទេ»។
លោក សម រង្ស៊ី បានសរសេរបន្ថែមនៅលើហ្វេសប៊ុកផេករបស់លោកកាលពីថ្ងៃទី១២ មករាថា មានតែការលាតត្រដាង និងបញ្ជាក់ពីការពិតទេ ដែលអាចផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះពីសំណាក់អំណាចផ្ដាច់ការ ដែលប៉ុនប៉ងបិទបាំងការពិត បន្ទាប់ពីខ្លួនបានធ្វើអាក្រក់។
ការស្វះស្វែងរកការពិតរបស់លោក សម រង្ស៊ី នៅពេលនេះ នៅក្រោយពីតុលាការរបបហ៊ុន សែន ប្រកាសបិទផ្លូវតវ៉ាកាលពីឆ្នាំ២០១៧។ នេះមិនមែនជាករណីទី១ទេ ដែលតុលាការរដ្ឋាភិបាលលោក ហ៊ុន សែន កាត់សេចក្ដីឲ្យលោក សម រង្ស៊ីចាញ់ក្ដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះ។
សំណុំលោក ហ៊ុន សែន ប្ដឹងពីបទបរិហារកេរ្តិ៍ ពីករណីថា លោក សូកប៉ាន់ ធី សុវណ្ណថានេះ ជាសំណុំរឿងទី៧។ សំណុំរឿងទី៧នេះ ក៏មិនខុសពីសំណុំរឿងមុនៗដែរ ដែលលោក សម រង្ស៊ី បានចាញ់ក្ដីនៅតុលាការ ទោះជាលោកមានមេធាវី ការពារពូកែយ៉ាងណាក៏ដោយ។ លោក ហ៊ុន សែន ប្ដឹងនេះ ក្រោយពីលោកសម រង្ស៊ី បានថ្លែងកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០១៧ ចោទលោក ហ៊ុន សែនថា បានសូកប៉ាន់អតីតសកម្មជនគណបក្សប្រឆាំង ឈ្មោះ ធី សុវណ្ណថា ចំនួន ១លានដុល្លារ ជាថ្នូរនឹងការវាយប្រហារនិងបំបែកបំបាក់គណបក្សប្រឆាំង។
ក្រោយពីលោក សម រង្ស៊ី បានប្រកាស បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ លោក ហ៊ុន សែន និង ធី សុវណ្ណថា ឬតាមនិងចៅ បានរួមគ្នា ដាក់ពាក្យប្ដឹងលោក សម រង្ស៊ីភ្លាមៗទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៨ មករាឆ្នាំ២០១៧។ តុលាការក៏រហ័សរហួនចាត់ការសំណុំរឿងនេះដែរ។ ក្រោយពីតុលាការបើកសវនាការជំនុំជម្រះរឿងក្ដីនេះរួច នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ចៅក្រម បានប្រកាសសាលក្រមផ្ដន្ទាទោស លោក សម រង្ស៉ី និងផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្ដឹង គឺ លោក ហ៊ុន សែន ចំនួន ៤ពាន់លានរៀលឬ ១លានដុល្លារ។ រីឯធីសុ វណ្ណថា វិញ តុលាការបង្គាប់ឲ្យលោក សម រង្ស៊ី សងជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារ។
ក្រោយពីសាលាដំបូងប្រកាសសាលក្រមក្នុងឆ្នាំ២០១៧នោះ ទាំងមេធាវី ការពារក្ដី គឺលោក សំ សុគង់ ទាំងលោក សម រង្ស៊ី អះអាងថា តុលាការសម្រេចក្ដីលំអៀងទៅរកភាគីខាងលោក ហ៊ុន សែន។ លោក មេធាវី សំ សុគង់ បញ្ជាក់ប្រាប់កាលណោះថា លោកនឹង ប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ៖ «ចំពោះមេធាវីការពារឯកឧត្ដម សម រង្ស៊ី យើងមិនអាចទទួលយកបានទេ ដោយសារសាលក្រមមិនបានផ្ដល់ភាពយុត្តិធម៌ដល់លោក សម រង្ស៊ី។ ជំហានបន្ទាប់ទៀត មេធាវីការពារនឹងពិភាក្សា ឬពីបញ្ហាផ្លូវច្បាប់ ជាពិសេសសិទ្ធិក្នុងធ្វើបណ្ដឹងឧទ្ធរណ៍ ដើម្បីសាលាឧទ្ធរណ៍ពិនិត្យអំពីសេចក្ដីសម្រេចនេះឡើងវិញ ទាំងអង្គហេតុ និងអង្គច្បាប់»។
រីឯលោក សម រង្ស៊ីវិញ នៅតែប្រកាន់ជំហរថា អ្វីដែលលោកនិយាយសុទ្ធតែជាការពិត។ ប្រធានគណបក្សប្រឆាំងរូបនេះ មិនខ្វល់នឹងសាលក្រមតុលាការ ផ្ដន្ទាទោសលោកឲ្យបង់ប្រាក់ជូនលោក ហ៊ុន សែន រហូតដល់១លានដុល្លារក្នុងបណ្ដឹងបរិហារកេរ្តិ៍នេះទេ។ លោកចាត់ទុកថា តុលាការមិនឯករាជ្យ និងមិនសូវដឹងអ្វីទេ។ លោកអះអាងថា តុលាការធ្វើអ្វីៗតាមតែបញ្ជាថ្នាក់លើតែប៉ុណ្ណោះ៖ «ហើយថ្នាក់លើហ្នឹង ធ្វើអ្វីតាមតែអំពើចិត្ត ហើយខ្លួនស្មានថាអាចបិទការពិតបាន។ អ៊ីចឹងខ្ញុំសប្បាយចិត្តទៅវិញទេ ជាឱកាសមួយដើម្បីយើងលាតត្រដាងឲ្យបានកាន់តែច្បាស់លាស់ថែមទៀត អ្វីដែលថ្នាក់ដឹកនាំប្រទេស និងគូកនរបស់គេធ្វើប៉ះពាល់ដល់ថវិកាជាតិកិត្តិយសរបស់ប្រទេសជាតិ។ គេនឹកស្មានថា ធ្វើអ្វីបានតាមចិត្ត ប៉ុន្តែបន្តិចទៀតនេះ នឹងកាន់តែខ្មាសគេទៅៗ»។
លោក សម រង្ស៊ី មិនសុខចិត្ត ចំពោះការសម្រេចឲ្យលោកចាញ់ក្ដីនេះទេ លោកបានប្ដឹងទៅសាលាឧទ្ធរណ៍ទៀត តាមរយៈលោក មេធាវី សំ សុគង់ ដើម្បីទាមទារយុត្តិធម៌។ ជាលទ្ធផលសាលាឧទ្ធរណ៍បានសម្រេចនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ តម្កល់សាលក្រមសាលាដំបូងជាបានការដដែល។
លោក សម រង្ស៊ី នៅតែមិនអស់ចិត្ត លោកបានតតាំងរឿងក្ដីនេះនៅតុលាការកំពូលទៀត។ លទ្ធផលរបស់តុលាការកំពូលនេះ ក៏មិនខុសពីតុលាការទាំងពីរថ្នាក់មុនៗដែរ។ តុលាការកំពូលបានសម្រេចតម្កល់សាលាក្រមរបស់សាលាដំបូងដដែលកាលពីថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៨។
អ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ បានប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA នៅក្នុងខែធ្នូថា ការសម្រេចរបស់តុលាការកំពូលដែលតម្រូវឲ្យលោក សម រង្ស៊ី បង់សំណងជំងឺចិត្តដល់លោក ហ៊ុន សែន ចំនួន១លានដុល្លារនោះ គឺជាការសម្រេចបិទផ្លូវតវ៉ា។ លោកបន្ថែមថា ភាគី ដែលជាដើមបណ្តឹង អាចប្តឹងទៅសាលាដំបូងដើម្បីឲ្យចុងចោទបង់សំណងនេះបាន។
ក្រោយពីតុលាការប្រកាសបិទផ្លូវតវ៉ានេះ ចៅក្រមសាលាដំបូងរាជធានីលោក រស់ ពិសិដ្ឋ បានចេញដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី មានដូចជាដី និងអគារស្នាក់ការគណបក្ស មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យលោក សម រង្ស៊ី ដែលជាម្ចាស់ដី និងអគារ បង់សំណងជំងឺចិត្តជាង១លានដុល្លារជូនលោក ហ៊ុន សែន។ ចៅក្រមអះអាងថា ការសម្រេចបែបនេះ ធ្វើឡើងដោយយោងលើពាក្យសុំដីកាសម្រេចរក្សាការពាររបស់អ្នកតំណាងលោក ហ៊ុន សែន ដែលជាម្ចាស់បំណុលព្រួយបារម្ភខ្លាចមិនអាចទទួលបានការសងជំងឺចិត្តនេះផ្ទាល់ពីលោក សម រង្ស៊ី។
ទោះជាលោក សម រង្ស៊ី ប្រឈមនឹងការបាត់បង់ស្នាក់ការគណបក្ស ដែលជាទ្រព្យផ្ទាល់របស់គ្រួសារលោកបែបនេះក្ដី ក៏លោកមិនផ្លាស់ប្ដូរជំហរដែរ។ លោកមានប្រសាសន៍ថា រឿងតាឲ្យលុយចៅនេះជារឿងពិតមិនប្រឌិតឡើយ៖ «ដូច្នេះរឿងនេះ ជារឿងពិតទាំងអស់។ យើងក៏មានមធ្យោបាយ និងបច្ចេកទេសឲ្យក្រុមហ៊ុនឲ្យអ្នកជំនាញខាងហ្វេសប៊ុក ខាងសារឆ្លើយឆ្លងគ្នា ដើម្បីគេអាចស្រាវជ្រាវ និងបញ្ជាក់អំពីភាពពិតរបស់សារនេះ។ អ្នកដែលចង់ប្ដឹងខ្ញុំ ប្រហែលមិនសូវយល់ ឬស្មានថាអ្នកដទៃទៀតល្ងង់។ សម័យនេះអ្នកបច្ចេកទេស អ្នកវិទ្យាសាស្ត្រ អាចបញ្ជាក់ការពិតរឿងលោក ហ៊ុន សែន ឧបត្ថម្ភ ១លានដុល្លារឲ្យនាង ធី សុវណ្ណថា ធ្វើសកម្មភាពប្រឆាំងគណបក្សសង្គ្រោះជាតិ»។
អាស៊ីសេរី មិនអាចទាក់ទង ធី សុវណ្ណថា ដើម្បីសុំការបំភ្លឺពីរឿងនេះ បាននៅឡើយទេ។ ក៏ប៉ុន្តែធី សុវណ្ណថា បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាងឆ្លើយតបទៅលោក សម រង្ស៊ីលើកទីពីរ ព្យាយាមបដិសេធថា រឿងនេះមិនពិតទេ នេះជាការប្រឌិតរឿងដដែលៗរបស់លោក សម រង្ស៊ី។ នាងចាត់ទុកថា នេះជាការរំខាន ហើយស្នើទៅលោក សម រង្ស៊ី ឲ្យបំភ្លេចនាងចោលចុះ។
រឿងធី សុវណ្ណថា បដិសេធនេះមិនមែនជារឿងចម្លែកនោះឡើយ។ កាលពីឆ្នាំ២០១៤ នៅក្នុងអំឡុងពេលកំពុងតែមានសកម្មភាពសកម្មគាំទ្រគណបក្សប្រឆាំងនោះ នាងធ្លាប់ច្រានម្ដងរួចមកហើយ ចំពោះការចោទប្រកាន់ថា នាងជាចារនារីរបស់គណបក្សប្រជាជនកម្ពុជា។ ធី សុវណ្ណថា បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីខែកុម្ភៈឆ្នាំ២០១៤ថា នាងមិនមែនជាចារនារីរបស់លោក ហ៊ុន សែន នោះទេ៖ «នាងខ្ញុំមិនមែនជាចារនារីរបស់គណបក្សប្រជាជនកម្ពុជាទេ គេចោទប្រកាន់ខ្ញុំ ដោយសារគេឃើញខ្ញុំហ៊ាននិយាយរិះគន់លោក ហ៊ុន សែន»។
ទោះជានាងខំប្រឹងបដិសេធយ៉ាងនេះក្ដី ក៏ទីបំផុតទៅ សុវណ្ណថា បានសារភាពខ្លួនឯងថា នាងបានងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ។ នាងបានសរសេរលិខិតស្នើសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៣១ ឧសភាឆ្នាំ២០១៧។ ការចុះចូលនេះ នៅមុនពេលតុលាការរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិតែ ៦ខែប៉ុណ្ណោះ។ ក្រោយពីធី សុវណ្ណ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាមក នាងបានបង្ហាញពីភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារលោក ហ៊ុន សែន។ ហើយសម្ព័ន្ធភាពនេះ បានក្លាយទៅជាតានិងចៅ។ ធី សុវណ្ណថា ថែមទាំងបានបង្ហាញពីឥទ្ធិពលរបស់នាង នៅលើបណ្ដាញសង្គមទៀតផង។ ក្រៅពីនេះ បានធ្វើសកម្មភាពមនុស្សធម៌យកអំណោយទៅចែកជនក្រីក្រ និងសកម្មភាពនយោបាយគាំទ្រគណបក្សប្រជាជនកម្ពុជាជាដើម។ នៅលើផេកផ្លូវការរបស់នាង នាងបានសរសេរបង្ហោះកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បង្ហាញពីរូបថតរបស់នាងអង្គុយធ្វើជាអធិបតីនៅក្នុងកម្មវិធីទទួលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា។
ធី សុវណ្ណថា បានសរសេរថា ថ្ងៃនេះ នាងខ្ញុំបានចូលរួមពិធីប្រកាស បញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំត្រើយស្លា ស្រុកស្អាងជាដើម។ ការបញ្ចូលសមាជិកថ្មីរបស់គណបក្សកាន់អំណាចនេះ ដូចអ្វីដែលនាង បានសន្យាជាមួយលោក ហ៊ុន សែន នៅក្នុងសារបែកធ្លាយនោះដែរថា នាងនឹងកៀងគរយុវជនដែលគាំទ្រគណបក្សប្រឆាំងឲ្យងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ តាមរយៈអូសទាញយុវជនទាំងនោះឲ្យចូលរួមសកម្មភាពការងារសង្គមជាមួយនាង ហើយបញ្ចុះបញ្ចូលឲ្យពួកគេងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តិចម្ដងៗ។
តើសារបែកធ្លាយ ដែលលោក សម រង្ស៊ី អះអាងថា ជាសាររបស់លោក ហ៊ុន សែន និងធី សុវណ្ណថានោះ បានសរសេរឆ្លងឆ្លើយគ្នាអំពីរបៀបទទួលលុយពីលោក ហ៊ុន សែនដូចម្ដេចខ្លះ?
សារឆ្លងឆ្លើយរវាង លោក ហ៊ុន សែន និង ធី សុវណ្ណថា អតីតយុវជនគណបក្សសង្គ្រោះជាតិ ដែលបានបែកធ្លាយកាលពីឆ្នាំ២០១៦នោះ បានបង្ហាញថា ធី សុវណ្ណថា បានទទួលលុយពីលោក ហ៊ុន សែន ដើម្បីរៀបចំសេណារីយ៉ូ បំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ។ ក្នុងសារឆ្លើយឆ្លងរវាង “តានិងចៅ” ធី សុវណ្ណថា បានសរសេរបង្ហាញជំនឿរបស់នាងទៅកាន់ តាហ៊ុន សែន ថា ក្រោយឆ្នាំ២០១៨ បើសម រង្ស៊ី និង កឹម សុខា មិនបែកគ្នាទេ ក៏សង្គ្រោះជាតិបែកជាពីរដែរ។ ធី សុវណ្ណថា បន្តថា ថ្ងៃ កឹម សុខា ធ្លាក់ពីដំណែង ចៅនឹងហៅយុវជនសង្គ្រោះជាតិមកជប់លៀងឲ្យផ្អើលការិយាល័យថ្មីម្ដង។ ចៅ សុវណ្ណថា បន្តប្រាប់ តា ថា៖ កាលពីមុន ចៅចង់បំបែកសម រង្ស៊ី កឹម សុខា នៅក្រោយឆ្នាំ២០១៨ តែក្រោយពីតាទម្លាក់កឹម សុខា ចៅមើលឃើញឱកាសកាន់តែច្រើន ដែលអាចបំបែកពួកគាត់ទាំងពីរបាន។ ចៅនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ចៅនឹងធ្វើឲ្យសេណារីយ៉ូបំបែកបំបាក់នេះ ឲ្យបានជោគជ័យ។
ក្នុងសារបែកធ្លាយដែលទំនងជាការឆ្លើយឆ្លងរវាង ចៅ ធី សុវណ្ណថា និង តាហ៊ុន សែន នោះ ឈ្មោះ ធី សុវណ្ណថា សរសេរបញ្ជាក់ថា នាងបានទទួលលុយចំនួន១លានដុល្លារនេះតាមរយៈប្រធានខុទ្ទកាល័យរបស់លោក គឺលោក ហូ សុធី មានបីដំណាក់កាល។ ដំណាក់កាលទី១ នាងបានសរសេររៀបរាប់ដូចតទៅ៖ ពីរថ្ងៃនេះ ចៅបានធ្វើកិច្ចការមួយចំនួន រួមមាន ចៅបានបែងចែកទុកដាក់លុយ៥០ម៉ឺនរួចរាល់ហើយ។ ៣០ម៉ឺនដុល្លារដាក់ធនាគារចំនួនបី និង២០ម៉ឺនទៀតដាក់ទូដែក ទុកប្រើបន្ទាន់ រៀបចំកាមេរាសុវត្ថិភាព ទ្វារសុវត្ថិភាព និង អង្គរក្សផ្ទាល់ខ្លួនរួចរាល់ហើយ។ ចៅបានតែងតាំងរចនាសម្ព័ន្ធការងារថ្នាក់កំពូល ១២នាក់ ទទួលខុសត្រូវរួមផ្សេងគ្នា។ ក្នុងចំណោម១២នាក់នេះ មានតែ៥នាក់ទេ ដែលចៅទុកទុកចិត្តខ្លាំង ទទួលបន្ទុកផ្នែកសុវត្ថិភាពចៅ និងផ្នែកហិរញ្ញវត្ថុភាគច្រើនជាសមាជិកគ្រួសាររបស់ចៅ។
ដំណាក់កាលទី២ លោក ហ៊ុន សែន ផ្ដល់លុយជូនធីសុវណ្ណថា ចំនួន៣០ម៉ឺនដុល្លារបន្ថែមទៀត។ សារបែកធ្លាយដដែលនេះ បង្ហាញថា លោក ហ៊ុន សែន បានសេរសរទៅធី សុវណ្ណថា អំពីរឿងលុយនេះថា ព្រឹកនេះ អ៊ុំ សុធី យកលុយទៅប្រគល់ឲ្យចៅចំនួន៣០ម៉ឺនដុល្លារ។ សារនោះបន្តថា តានៅជិតចៅជានិច្ច តាមជួយចៅពេលចៅត្រូវការតាជួយ។ ចៅអាចទាក់ទង អ៊ុំ សុធី តាមTelegram ឬ Whatsapp។
ធី សុវណ្ណថា ត្រូវគេស្គាល់ថា ជាក្រុមយុវជនដែលគាំទ្របក្សប្រឆាំងកាលពីពេលបោះឆ្នោតឆ្នាំ២០១៣ដ៏លេចធ្លោម្នាក់ ក្នុងចំណោមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិដទៃទៀត។ នៅពេលលោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំធ្វើបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយបានទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញនោះ ធី សុវណ្ណថា បានចូលរួមយ៉ាងសកម្មជាមួយគណបក្សប្រឆាំងដែរនាពេលនោះ។ តែក្រោយមក នាងបានងាកទៅជិតស្និទ្ធជាមួយលោក ហ៊ុន សែន ដោយបានក្លាយទៅជា តា និងចៅវិញ ទោះជាធី សុវណ្ណថា ធ្លាប់ជេររិះគន់លោក ហ៊ុន សែន តាមបណ្ដាញសង្គមឥតសំចៃមាត់យ៉ាងណាក៏ដោយ។
លោក ហ៊ុន សែន បានព្យាយាមទាញយក សុវណ្ណថា នេះ នៅស្របពេលគណបក្សប្រជាជនកម្ពុជាកំពុងតែធ្លាក់ប្រជាប្រិយភាពខ្លាំង។ ជាក់ស្ដែងលទ្ធផលបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០១៧។ នៅមុនពេលពេលរដ្ឋាភិបាលលោក ហ៊ុន សែន បានរំលាយគណបក្សប្រឆាំងនោះ លោក ហ៊ុន សែន បានរៀបចំវេទិកាបរិស្ថានដ៏ធំមួយនៅទីស្ដីការគណរដ្ឋមន្ត្រី ដែលផ្ដល់ឱកាសឲ្យ ចៅ ធី សុវណ្ណថា សួរសំណួរតា ជាងអ្នកសារព័ត៌មានអាជីពទៅទៀត។ ជាបន្តបន្ទាប់មកទៀត ទំនាក់ទំនងរវាង លោក ហ៊ុន សែន និងធី សុវណ្ណថា កាន់តែជិតស្និទ្ធ ហើយនាងបានចាប់ផ្ដើមវាយប្រហារគណបក្សប្រឆាំងកាន់តែខ្លាំង និងលើកសរសើពីស្នាដៃដឹកនាំរបស់លោក ហ៊ុន សែនវិញម្ដង ខុសពីអ្វីដែលនាងធ្លាប់តែរិះគន់លោក ហ៊ុន សែនកាលពីមុន។ នាងក៏បានបង្ហាញទ្រព្យសម្បត្តិ គ្រឿងអលង្ការ និងរថយន្តទំនើបៗរបស់នាង។
ងាកមករឿងលុយ ដែលលោក ហ៊ុន សែន ផ្ដល់ឲ្យធីសុវណ្ណថា ដើម្បីបង្គ្រប់ចំនួន១លានវិញ គឺ លោក ហ៊ុន សែន ផ្ញើឲ្យនាងនៅដំណាក់កាលទី៣។ លោក ហ៊ុន សែន បានសរសេរប្រាប់ឲ្យធី សុវណ្ណថា ឲ្យទៅយកលុយពី លោក ហូ សុធី ដូចដែលបានធ្វើផ្ដល់ជូនកាលពីលើកមុនៗដែរ។ នៅដំណាក់កាលទី៣នេះ គឺចំនួន២០ម៉ឺនដុល្លារទៀត ដែលជាដំណាក់កាលចុងក្រោយ ក៏ប៉ុន្តែទីកន្លែងប្រគល់លុយនោះ មិនមែនជាទីកន្លែងចាស់ ដែល ធីសុវណ្ណថា ធ្លាប់ទទួលលុយពីលោក ហូ សុធីនោះទេ។ នេះបើផ្អែកតាមសារសន្ទនានាដដែលនោះ។ សារនោះ លោក ហ៊ុន សែន បានសរសេរប្រាប់ទៅធីសុវណ្ណថា លើកនេះ ចៅមិនបាច់ចូលមកទៀតទេ នាំគេសង្ស័យ។ អ៊ុំ សុធី នឹងយកលុយទៅប្រគល់ឲ្យនៅកន្លែងណាមួយតាមការណាត់គ្នា។ ធី សុវណ្ណថា បានសរសេរតបទៅលោក ហ៊ុន សែន វិញថា “ អរគុណតា ពេលនេះ ចៅទទួលអារម្មណ៍ថា ចៅទទួលបានកម្លាំងថាមពលពេញបរិបូរណ៍ហើយ “ ។ ធី សុវណ្ណថា សន្យានឹងលោក ហ៊ុន សែនថា “ គ្រប់ការងារទាំងអស់នឹងទទួលបានជោគជ័យ១០០% តែចៅនៅតែត្រូវការកម្លាំងជំនួយពីតាជានិច្ច ទាំងកម្លាំងស្មារតី កម្លាំងប្រាជ្ញា កម្លាំងចិត្ត និងកម្លាំងថវិកា “ ជាដើម។
សារសន្ទនាដែលបានបែកធ្លាយ រវាង លោក ហ៊ុន សែន និង ធី សុវណ្ណថា និយាយអំពីការផ្ដល់លុយចំនួន១លានដុល្លារនេះ គឺក្នុងចំណោមសារសន្ទនានិយាយពីរឿងផ្សេងទៀតជាច្រើន ដែលមានប្រមាណ៤០០សារ។
ក្រោយពី ធី សុវណ្ណថា បានទទួលលុយពីលោក ហូ សុធី ជាលើកទី៣នេះហើយ លោក ហ៊ុន សែន បានសរសេរទៅសួរ សុ វណ្ណថា ដោយខ្លាចនាងអាក់អន់ស្រពន់ចិត្ត ដោយសារតែ លោក ហូ សុធី តម្រូវឲ្យនាងចុះហត្ថលេខាលើក្រដាស ក្នុងពេលទទួលប្រាក់នោះ។ លោក ហ៊ុន សែន បានសរសេរថា ចៅកុំខឹងនឹង អ៊ុំ ហូ សុធី ដែលឲ្យចៅចុះហត្ថលេខានឹងថតពេលចៅទទួលថវិកាអី ពីព្រោះគាត់(ហូ សុធី) កាន់លុយត្រូវមានរបាយការណ៍។ លោក ហ៊ុន សែន សួរបញ្ជាក់ទៅនាងថា ចៅអន់ចិត្តអត់?
ធី សុវណ្ណថា បានឆ្លើយក្នុងសារតបទៅវិញភ្លាមថា ចៅយល់ មិនអីទេ តា ចៅមិនខឹង ឬអន់ចិត្តទេ តែចៅខ្លាចគាត់ (ហូសុធី) ខឹងវិញទេ ព្រោះចៅ ស៊ីញ៉េភ្លេចដាក់ឈ្មោះ។ ចាំលើកក្រោយចៅមិនភ្លេចដាក់ឈ្មោះទៀតទេ។
សារបែកធ្លាយដដែលឲ្យដឹងថា លោក ហ៊ុន សែន បានសួរទៅ ចៅ ធី សុវណ្ណថា ទៀតថា បើសិនជាចៅ ត្រូវការយកទុនទៅទុកឲ្យហើយ តានឹងបញ្ជូន៦០ម៉ឺនដុល្លារឲ្យបន្ថែមទៀត។ ធី សុវណ្ណថា ហាក់ឆ្លើយមិនចំទេ ដោយនាងគ្រាន់តែឆ្លើយថា “អរគុណតា ដែលជឿទុកចិត្តចៅ” ៕
No comments:
Post a Comment