Wednesday, 12 January 2022

លោក រ៉ុង ឈុន សោក​ស្តាយ​ដែល​តុលាការ​ មិន​អនុញ្ញាត​ឲ្យ​លោក​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ


ដោយ ខែ សុណង
2022-01-11
លោក រ៉ុង ឈុន សោក​ស្តាយ​ដែល​តុលាការ​ មិន​អនុញ្ញាត​ឲ្យ​លោក​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ 

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ ពេលទៅឃ្លាំមើលការបើក​សវនាការ​កាត់ទោស​កម្មជន​សង្គម​និង​នយោបាយ​នៅមុខ​តុលាការ​ក្រុង​ភ្នំពេញ​​កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកលោក Rong Chhun


ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន សោកស្តាយ​ ដែល​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានីភ្នំពេញ បដិសេធ​សំណើ​សុំទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់ថ្ងៃទី១១ ខែមករា​ថា មេធាវី​ការពារក្ដី​ឱ្យ​លោក គឺ​លោក សំ សុគង់ បានដាក់​លិខិត​សុំការ​អនុញ្ញាត​ពី​តុលាការ​ កាលពី​ចុងខែធ្នូ ដើម្បី​ឲ្យ​លោក អាច​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ រយៈពេល​២​សប្ដាហ៍ ចាប់ពី​ថ្ងៃទី១ រហូត​ដល់​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ក៏ប៉ុន្តែ​ព្រះ​រាជ​អាជ្ញា លើក​ហេតុផល​ថា លោក​ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ជំងឺ​ឲ្យ​អស់​លទ្ធភាព​ ជា​ពិសេស​ការវាយ​តម្លៃពី​ស្ថានភាព​ជំងឺ​លោក​របស់​មន្ទីរពេទ្យរដ្ឋ​ក្នុង​ប្រទេស​ជា​មុន​សិន ៖ «យើង​មានការ​សោកស្តាយ​មែន​ទែន ជុំវិញ​ការ​សម្រេច​នេះ។ ​ខាង​អយ្យការ​សាលាដំបូង​ បាន​ឆ្លើយ​តបមក​វិញ​ថា សុំឲ្យខ្ញុំ​ត្រូវ​ព្យាបាល​នៅ​ស្រុក​ខ្មែរ​ឲ្យ​អស់​លទ្ធភាព​ បើមាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​ស្រាប់ នឹង​ខាង​តុលាការ នឹង​ពិនិត្យ​សំរេច។ បើនិយាយ​ពី​ជំហរ​ខ្ញុំ ខ្ញុំ​មិន​គេច​វេស​អ្វីទេ ​នៅក្នុង​ស្រុក​ទោះបី​មាន​បញ្ហា​ប្រឈម​អ្វី​ក៏​ដោយ ​យើង​សហការ​ជាមួយ​តុលាការ បើត្រូវការ​ខ្ញុំទៅ​ឆ្លើយ​បំភ្លឺ ខ្ញុំនឹង​ទៅ​បំភ្លឺ ប៉ុន្តែ ​គួរ​ឲ្យ​សោកស្តាយ​ណាស់»។


លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា គ្រូពេទ្យ​អង្គការ​លីកាដូ បាន​ចេញ​លិខិត​បញ្ជាក់​ពីការ​វាយ​តម្លៃ​សុខភាព​របស់​លោក ដោយ​ផ្តល់​អនុសាសន៍​ឲ្យ​លោក ត្រូវទៅ​ពិនិត្យ​សុខភាព​ ជា​មួ​យ​គ្រូពេទ្យ​ឯកទេស ដើម្បី​ពិនិត្យ​ព្យាបាល ជាពិសេស ជំងឺជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម ដែលនាំឲ្យកើត​ជំងឺទឹក​នោមផ្អែម សម្ពាធ​ឈាម​ខ្ពស់ន  និងក្រួសក្នុង​ថង់​ប្រម៉ាត់​ ជា​ដើម។

លោក រ៉ុង ឈុន បន្តថា បច្ចុប្បន្ន លោកមិនទាន់​ទៅរក​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ ឬ​ឯក​ជន​ណាមួ​យ​នៅ​ឡើយទេ។ ប៉ុន្តែលោក​នឹង​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​អង្គការ​លីកាដូ​បន្ថែម​ទៀត។

តុលាការ​រាជធានី​ភ្នំពេញ បាន​កាត់ទោស​ឲ្យ​លោក រ៉ុង ឈុន ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ក្រោម​​បទ​​ចោទ «ញុះញង់​បង្កឱ្យ​មាន​ភាព​វឹកវរដល់​សន្តិសុខស​​​ង្គម» ក្រោយ​​​​​​ពី​លោកបាន​រិះគន់លើ​បញ្ហាការបោះបង្គោល​ព្រំដែន​នៅខេត្តត្បូងឃ្មុំ ដែល​ពលរដ្ឋ​អះ​អាង​​ថា អាជ្ញាធរ​វៀតណាមបាន​រំលោភ​យកដីពួកគាត់​។

ក្រោយ​ពីជាប់​ពន្ធនាគារ​ជាង​១ឆ្នាំ​ សាលាឧទ្ធរណ៍​បាន​សម្រេច​ដោះលែង​លោក​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃទី១២ ​ខែវិច្ឆិកា ឆ្នាំ២០២១  ដោយ​ទោស​នៅសេ​សសល់​ត្រូវ​​ព្យួរ និង​ត្រូវដាក់​លោក​ឱ្យស្ថិត​នៅក្រោម​ការតាមដាន​របស់​តុលាការ​រយៈ​ពេល​៣​ឆ្នាំ​ផង​ដែរ៕

No comments: