Friday, 21 January 2022

"ជំនួប​រវាង​មេដឹកនាំ​កម្ពុជា និង​ប្រមុខ​ការទូត​វៀតណាម មិន​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា"


ដោយ ទីន ហ្សាការីយ៉ា
2022-01-20


"ជំនួប​រវាង​មេដឹកនាំ​កម្ពុជា និង​ប្រមុខ​ការទូត​វៀតណាម មិន​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា" 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​​រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក ប៊ូយ ថាញ់សឺន (Bui Thanh Son)។
រូប​ពីហ្វេសប៊ុក​លោក ហ៊ុន សែន


មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង និង​អ្នកវិភាគ ថា ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រមុខ​ការទូត​វៀតណាម មិន​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​នោះ​ទេ។ ការ​លើកឡើង​នេះ ខណៈ​ដែល​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពីរ​ថ្ងៃ​ដោយ​ជួបពិភាក្សា​ជាមួយ​លោក ហ៊ុន សែន អំពី​វិបត្តិ​របស់​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) និង​បញ្ហា​ពាក់ព័ន្ធ​របស់​អាស៊ាន រួម​ទាំង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​និង​អ្នកវិភាគ​នយោបាយ លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​វៀតណាម​នៅ​កម្ពុជា គឺជា​ការ​ប្រើ​ឥទ្ធិពល ដើម្បី​ស្វែងរក​ផលប្រយោជន៍​ពី​កម្ពុជា​ដែល​កំពុង​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន។


អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​វៀតណាម​មក​កម្ពុជា មិនមែន​គ្រាន់តែ​ដើម្បី​សរសើរ​និង​គាំទ្រ​លោក ហ៊ុន សែន រឿង​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទំនងជា​មក​ដាក់​សម្ពាធ​កុំ​ឲ្យ​កម្ពុជា​លម្អៀង​ទៅ​រក​ចិន ពន្លឿន​ការ​បោះបង្គោល​ព្រំដែន និង​ផ្តល់​ភាព​ស្របច្បាប់​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ជាដើម៖ «វៀតណាម ព្រួយបារម្ភ​រឿង​កម្ពុជា​លម្អៀង​ទៅ​ខាង​ចិន ម្ល៉ោះ​ហើយ​ទើប​បានជា​វៀតណាម មក​កម្ពុជា​ពេល​នេះ ទោះបីជា​ប្រធានាធិបតី​វៀតណាម ទើប​មក​ហើយ​ក៏ដោយ ក៏​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​មក​បន្ថែម​ទៀត​ដើម្បី​ប្រាប់​កម្ពុជា​ថា កុំ​លម្អៀង​ទៅ​ចិន​ខ្លាំងពេក ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ព្រោះ​វៀតណាម ក៏​ធ្លាប់​ជួយ​កម្ពុជា ហើយ​លោក ហ៊ុន សែន ក៏​វៀតណាម ធ្លាប់​ជួយ​លើក​បន្តុប​កន្លងមក​ដែរ តាំងពី​ទសវត្ស​ទី​៨០​មក​ម្ល៉េះ​។ មួយទៀត អាច​មក​ពន្លឿ​ន​ដើម្បី​បោះ បង្គោល​ព្រំដែន ព្រោះ​វៀតណាម​មិនដែល​ខាន​ទេ​រឿង​ព្រំដែន រឿង​ទឹកដី​នេះ ។ មួយទៀត ខ្ញុំ ក៏​យល់ថា វៀតណាម​ប្រាកដជា​រំលឹក​ឲ្យ​កម្ពុជា​ផ្តល់​ភាព​ស្របច្បាប់ ជួយ​ទំនុកបម្រុង​ដល់​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា»។

ការ​បញ្ចេញ​ទស្សនៈ​បែបនេះ ស្រប​ពេល​រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ មករា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជួប​ជាមួយ​មន្ត្រី​កំពូលៗ​កម្ពុជា​ច្រើន​នាក់​ទៀត​រួម​ទាំង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ជាដើម​។​

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក កៅ គឹមហួន ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ប្រមុខ​ការទូត​វៀតណាម បាន​លើក​សរសើរ​លោក ហ៊ុន សែន រឿង​ទៅ​មីយ៉ាន់ម៉ា ថា ជា​កិច្ចការ​ដ៏​មានតម្លៃ ព្រមទាំង​គាំទ្រ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។ ក្រៅ​ពី​នេះ ភាគី​ទាំងពីរ បាន​ប្ដេជ្ញា​បន្ត​រក្សា​សន្តិភាព​តាម​ព្រំដែន ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ ព្រមទាំង​បង្កើន​ការ​តភ្ជាប់​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាមួយគ្នា​បន្ថែម​ទៀត​ផង​ដែរ។

ទោះជា​យ៉ាងណា អ្នកវិភាគ​នយោបាយ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ យល់​ថា ដំណើរ​ទស្សនកិច្ច​នេះ មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ធំ​ដំ​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ គ្រាន់តែ​វៀតណាម ជួយ​លើកមុខ​លោក ហ៊ុន សែន ដែល​កំពុង​រង​ការរិះគន់​រឿង​ទៅ​មី​យ៉ាន់​ម៉ា​តែប៉ុណ្ណោះ​។​លោក ជឿថា ក្នុង​ជំនួប​ជាមួយ​ក្រុម​មេដឹកនាំ​កម្ពុជា​នោះ ប្រមុខ​ការទូត​វៀតណាម ប្រាកដជា​លើកឡើង​រឿង​ជំហរ កម្ពុជា​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ព្រមទាំង​ផ្តល់​យោបល់ ឲ្យ​កម្ពុជា ចេះ​សម្រប​ខ្លួន​ដើម្បី​កុំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​កិច្ចប្រជុំ​អាស៊ាន៖ «រឿង​ដែល​សំខាន់​បំផុត គឺ​វៀតណាម បារម្ភ​ថា អាស៊ាន និង អាមេរិក មិន​អាច​ប្រជុំ​បាន ហើយ​មិន​អាច​ប្រជុំ​បាន​ទេ វា​ខូច​ដល់​គម្រោង​នៃ​ផលប្រយោជន៍​ដ៏​ធំ​របស់​វៀតណាម ទាំង​ផលប្រយោជន៍​ពី​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​- អាមេរិក និង​ផលប្រយោជន៍​អាមេរិក​-​វៀតណាម​ដែល​វៀតណាម​គ្រោង​ដាក់​គម្រោង ច្រើនណាស់​ជាមួយ​សហរដ្ឋអាមេរិក ពេល​ដែល​កិច្ចប្រជុំ​អាមេរិក និង​អាស៊ាន​។ ទាក់ទង​កម្ពុជា និង​វៀតណាម​ផ្ទាល់​វិញ ខ្ញុំ​ឃើញ​រឿង​២​ដែល​វៀតណាម​ប្រឹង​ជំរុញ​ទី​១ គឺ​ផ្តល់​ឯកសារ​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម​រាប់​សែន​នាក់​និង​ការ​ពន្លឿន​អភិវឌ្ឍ តំបន់ត្រីកោណ​ដែល​កម្ពុជា​មាន​ខេត្ត​៤ គឺ​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី»។

កន្លងមក ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ជា​ឯកតោភាគី​ទៅ​ប្រទេស​មីយ៉ាន់ម៉ា បណ្តាល​ឲ្យ​មានការ​រិះគន់​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​សំខាន់ៗ​មួយចំនួន​ដូចជា​សិង្ហ​បុរី​(Singapore) និង​ម៉ាឡេស៊ី ប៉ុន្តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​កុម្មុយនីស្ត​មួយចំនួន​ដូចជា​ប្រទេស​ចិន និង​វៀតណាម​ជាដើម។​អ្វី​ដែល​សមាជិក​អាស៊ាន​មួយចំនួន រិះគន់​នោះ ព្រោះតែ​លោក ហ៊ុន សែន ព្យាយាម​ទទួលស្គាល់​របប​សឹក​ភូមា និង​ចង់​ឲ្យ​មេដឹកនាំ​យោធា​ភូមា ចូលរួម​កិច្ចប្រជុំ​អាស៊ាន ខណៈ​ដែល​របប​សឹក​ភូមា មិនបាន​អនុវត្ត​តាម​កិច្ច​ព្រមពៀង​រួម​៥​ចំណុច​របស់​អាស៊ាន ដោយ​នៅតែ​បន្ត​បាញ់ប្រហារ និង​កាប់សម្លាប់​ប្រជាជន​ភូមា​ដែល​តវ៉ា​ចង់បាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដែល​គ្រោង​ធ្វើ​កាលពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែមករា ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​កាល​កំណត់។

ក្រុម​អ្នកឃ្លាំមើល យល់​ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន លោក ហ៊ុន សែន គួរតែ​ប្រកាន់​ជំហរ​ពហុភាគី​និយម ទើប​អាច​ជួយ​ឱ្យ​កម្ពុជា រៀបចំ​កិច្ចប្រជុំ​កំពូល និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទាំងឡាយ​របស់​អាស៊ាន​បាន​ដោយ​រលូន និង​អាច​ទាក់ទាញ​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ៕

2 comments:

Anonymous said...

Hun Sen will be in hot water with his master the evil Yuon if he doesn't do what they tell him. The chinese are closing in fast, pretty soon, the evil Yuon might be compel to get rid of him. Good thing Hun Sen and his goons are buying citizenship and property in the West. It will get hot for him.

Anonymous said...

The evil Yuon, Bui Thanh Son, came to give new orders to his most productive and faithful slave Hun Sen.

Bui Thanh Son said Hun Sen is the best slave that Vietnam ever had. Hun Sen has done EVERYTHING that Vietnam had asked for - killing Khmer people, ceding land and maritime to Vietnam, making new treaties to strangle Cambodia to death slowly, etc...