Friday, 11 February 2022

ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ត្រៀម​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន


ដោយ សុជីវី
2022-02-11
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ត្រៀម​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo Courtesy

 

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង (South Korea) ប្រកាស​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ពីរ​ថ្ងៃ​ជាប់​គ្នា ស្រប​ពេល​ដែល​មេដឹកនាំ​ឯក​បក្ស​រូប​នេះ ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ដែល​រៀបចំ​ដោយ​អង្គការ​មួយ​នៅ​កូរ៉េខាងត្បូង ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ​។ ពលរដ្ឋ​ខ្មែរ​អះអាង​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ចង់​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​​គ្មាន​សន្តិភាព​ពិតប្រាកដ​នោះ​ទេ។

ក្រុម​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង នឹង​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​សេអ៊ូល (Seoul ) ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៣ ខែ​កុម្ភៈ ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន សែន គោរព​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​ជំទាស់​នឹង​ការ​ប្រគល់​ពានរង្វាន់​សន្តិភាព​ដល់​លោក ហ៊ុន សែន ផង​ដែរ។



អ្នកនាំពាក្យ​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង​លោក ម៉ាត់ វណ្ណនី ឱ្យ​អាស៊ីសេរី​ដឹង​ថា ដោយសារតែ​ការ​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាតុកម្ម​នេះ អនុញ្ញាត​ឲ្យ​បាតុករ​ចូលរួម​ប្រមាណ​៥០​នាក់ ប៉ុន្តែ​ពលរដ្ឋ អាច​ធ្វើ​យុទ្ធនាការ​ប្រឆាំង​វត្តមាន​មេដឹកនាំ​ផ្តាច់កា​រលោក ហ៊ុន សែន ពី​កន្លែង​រស់នៅ​រៀងៗ​ខ្លួន​ដូចជា​ដុត​ភ្លើងទៀន និង​លើក​បដា​ផ្សេងៗ​ជាដើម។ លោក​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ក្រុម​បាតុករ នឹង​ដុត​ភ្លើងទៀន​តវ៉ា​ជាង​១​ម៉ោង ហើយ​នៅ​ថ្ងៃអាទិត្យ ក្រុម​បាតុករ នឹង​ជួបជុំគ្នា​តវ៉ា​ម្តង​ទៀត ចាប់ពី​ម៉ោង​១១​ព្រឹក ដល់​ម៉ោង​២​រសៀល៖ «យើង​មាន​គោលបំណង​ពីរ​សំខាន់ៗ​។​ទី​១ យើង ទាមទារ​ឲ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​និង​ពេញលេញ​នូវ​រដ្ឋធម្មនុញ្ញ ព្រោះថា កន្លងមក​ការអនុវត្ត​ច្បាប់ បាន​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ចំណុច​អវិជ្ជមាន​ជាច្រើន​ទៀត​ក្នុង​ការ​អនុវត្ត​ច្បាប់។ ទី​២ គោលបំណង​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ គឺ​យើង​ប្រឆាំង​នឹង​ការ​ផ្តល់​ពានរង្វាន់​សន្តិភាព​ដល់​លោក ហ៊ុន សែន ព្រោះ​លោក​មិនមែន​ជា​អ្នកបង្កើត​សន្តិភាព​ទេ ។​នៅ​កម្ពុជា មិន​មាន​សន្តិភាព​ពិតប្រាកដ​ទេ ព្រោះ​ខ្វះ​នូវ​យុត្តិធម៌​និង​សេរីភាព​ជាដើម»។

ជាមួយគ្នា​នេះ ប្រធាន​គណៈកម្មការ​នា​យក​នៃ​ចលនា​ប្រជាធិបតេយ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ស សុខេម ថ្លែង​ថា វត្តមាន​លោក ហ៊ុន សែន នៅ​កូរ៉េខាងត្បូង និង​ការ​ទទួល​បាន​ពានរង្វាន់​នេះ មិនមែន​ជា​ការ​លើក​កម្ពស់​មុខមាត់​ជាតិ​នោះ​ទេ ពោល​គឺ គ្រាន់តែ​ជា​ការ​បិទបាំង​អំពើ​រំលោភ​សិទ្ធិមនុស្ស​និង​នយោបាយ​ខ្មៅ​កខ្វក់​របស់ លោក ហ៊ុន សែន ដើម្បី​បន្តអំណាច​ផ្ដាច់ការ​ប៉ុណ្ណោះ​។​លោក បន្ត​ថា គម្រោង​ធ្វើបាតុកម្ម​នេះ ដើម្បី​លាតត្រដាង​ឲ្យ​សហគមន៍​អន្តរជាតិ បានដឹង​កាន់តែ​ច្បាស់​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន មិន​គាំទ្រ​លោក លោក ហ៊ុន សែន នោះ​ទេ​៖ «លោក ហ៊ុន សែន ដឹកនាំ​ប្រៀប​បាន​នឹង​គ្រួសារ​មួយ ដែល​ឪពុក​ហិង្សា​លើ​កូន​ហើយ​ចេះតែ​យកចិត្តទុកដាក់​អ្នកដទៃ ហើយ​បង្ហាញ​គេ​ថា ល្អ​តែ​កូន​ខ្លួនឯង​ឈឺចិត្ត។ ដល់ពេល​ប្រាប់​អ្នកដទៃ​គឺ​គេ​មិន​ជឿ ដូច្នេះ​ឪពុក​នេះ​គឺជា​ឪពុក ដែល​មិនល្អ​ទេ ដែល​បង្ក​ការឈឺចាប់​ដល់​កូន​ខ្លួនឯង​ហើយ​យកមុខយកមាត់ អ៊ីចឹង​វា​រឹត តែ​បន្ថែម​ការ​ឈឺចាប់​តទៅ​ទៀត​។ លោក ហ៊ុន សែន គួរ​ណាស់​តែ​រៀបចំ​ឲ្យ​មាន​សន្តិភាព គោរព​សិទ្ធិមនុស្ស​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើងវិញ»។

ការប្រកាស​គម្រោង​ធ្វើបាតុកម្ម​នេះ គឺ​ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២​ដែល​រៀបចំ​ដោយ​អង្គការ​មិនសូវ​ល្បី​មួយ​ឈ្មោះថា សហព័ន្ធ​សន្តិភាព​សកល​(Universal Peace Federation)​។ កិច្ចប្រជុំ​នេះ ក៏​នឹង​ប្រគល់​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ (Sunhak peace prize award)​ដល់​លោក ហ៊ុន សែន ដែរ ដោយ​ថា​ច្រើន​ឆ្នាំ​មកនេះ លោក ដឹកនាំ​ប្រទេស​បាន​ល្អ និង​បាន​រួម​ចំណែក​កសាង​សន្តិភាព ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ទាំង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ អង្គការ​សហព័ន្ធ​សន្តិភាព​សកល​នេះ តែង​អញ្ជើញលោក ហ៊ុន សែន ចូលរួម​ប្រជុំ និង​បង្កើត​មេដាយមាស និង​ពានរង្វាន់​ផ្សេងៗ​ជូន​លោក ហ៊ុន សែន ស្ទើរ​រាល់​ឆ្នាំ​។ កាល​ពី​ឆ្នាំ​២០២១ អង្គការ​នេះ បាន​ជូន​មេដាយមាស​សន្តិភាព ហើយ​កាលពី​ឆ្នាំ​២០១៩ បាន​ប្រគល់​ពានរង្វាន់​ស្តីពី​''​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ​''​ដល់​លោក ហ៊ុន សែន។ អង្គការ​សហព័ន្ធ​សន្តិភាព​សកល បាន​បង្កើត​ឡើង​ដោយ​ប្តី​ប្រពន្ធ​ជនជាតិ​កូរ៉េខាងត្បូង​ពីរ​នាក់ គឺ​លោក ស៊ុន ម្យ៉ុង ម៉ូន (Sun Myung Moon) និង​អ្នកស្រី ហាក់ ចា ហាន់ ម៉ូន (Hak Ja Han Moon)​។ អង្គការ​ដដែល​នេះ តែង​មាន​ទំនាក់ទំនង​ជិត​ស្និត និង​តែង​បង្កើត​ពានរង្វាន់​សម្រាប់​ក្រុម​មេដឹកនាំ​មួយចំនួន​ដែល​ក្រាញ​អំណាច ពុករលួយ និង​រង​ការរិះគន់​ពី​ការរំលោភ​សិទ្ធិមនុស្ស​ជាដើម។

សារព័ត៌មាន​អង់គ្លេស (www.mirror.co.uk) ធ្លាប់​បាន​ចុះផ្សាយ​ថា លោក ស៊ុន ម្យ៉ុង ម៉ូន (Sun Myung Moon) គឺជា​មនុស្ស​រកស៊ី​បោកប្រាស់​ពលរដ្ឋ​ក្រីក្រ​ដោយ​គ្មាន​កេរ្តិ៍ខ្មាស ឬ​អ្នកខ្លះ ហៅថា ជា​មនុស្ស​មិន​គ្រប់ទឹក ព្រោះ ធ្លាប់​ប្រកាស​ខ្លួន​ថា ជា​ព្រះ​មក​ចាប់ជាតិ រួច​ក៏​ឆបោក​យក​លុយ​ពី​ក្រុម​មនុស្ស​ដែល​ឆាប់​មាន​ជំនឿ​ទាំងនោះ​។ ការ​រកស៊ី​បោកប្រាស់​អ្នកដទៃ​ច្រើន​ឆ្នាំ​មកនេះ បាន​ធ្វើ​ឲ្យ​អ្នក​ផ្តល់​ពាន់រង្វាន់​រូប​នេះ ក្លាយជា​មហាសេដ្ឋី។ ប៉ុន្តែ​កាលពី​ឆ្នាំ​១៩៨០ អាជ្ញាធរ​សហរដ្ឋអាមេរិក បាន​ចាប់ខ្លួន​លោក ស៊ុន ម្យ៉ុង ម៉ូន (Sun Myung Moon) ដាក់​ពន្ធនាគារ​១​ឆ្នាំកន្លះ (១៨​ខែ​)​ដោយសារតែ​អំពើ​ទុច្ចរិត​របស់​គាត់។

ទោះជា​យ៉ាង​ណាក្តី ក្រុម​លោក ហ៊ុន សែន ហាក់​មិន​ខ្វល់​អំពី​កេរ្តិ៍ឈ្មោះ​អាស្រូវ​របស់​ស្ថាបនិក​អង្គការ​នេះ​ទេ ប៉ុន្តែ​កំពុង​មាន​មោទនភាព​ជា​ខ្លាំង​ចំពោះ​ការ​ទទួល​បាន​ពាន់​រង្វាន់​នេះ និង​ថែមទាំង​បង្កើន​ការ​ឃោសនា​យ៉ាង​ទូលំទូលាយ ដើម្បី​ជួយ​លើកមុខ​មាត់​លោក ហ៊ុន សែន។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ថ្លែង​ថា អង្គ​ការដែល​ផ្តល់​ពាន់​រង្វាន់​ជូន​លោកនាយក​រដ្ឋមន្ត្រី​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​សូវ​មាន​ការ​ទទួល​ស្គាល់​ទូលំទូលាយ​ពី​សហគមន៍​អន្តរជាតិ​នោះ​ទេ។ ចំពោះ​ការ​គម្រោង​តវ៉ា​របស់​ពលរដ្ឋ​វិញ លោក​យល់​ថា វា​គឺជា​សិទ្ធិ​សេរីភាព​និង​ជា​ការ​សម្តែង​ឆន្ទៈ​របស់​ពួកគាត់​ដែល​រដ្ឋាភិបាល គួរតែ​យកចិត្តទុកដាក់​ស្តាប់ និង​ឆ្លើយតប​ជា​វិជ្ជមាន៖ «រដ្ឋាភិបាល គួរតែ​ពិនិត្យមើល​ការ​ទាមទារ​នេះ​ឡើងវិញ ហើយ​បើ​គាត់​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​បាន អ្វី​ដែល​ផល​ត្រឡប់​មក​វិញ គឺ​មុខមាត់​រដ្ឋាភិបាល​ខ្លួនឯង​។ មានន័យថា គាត់​ទៅណា​មក​ណា​មិន​មាន​បាតុកម្ម​បែបនេះ​ទេ ប្រសិនបើ​ស្ថានភាព​ទាំងអស់​នោះ បាន​ងាក​មក​ភាព​ល្អ​ប្រសើរ ហើយ​ធ្វើ​ឲ្យ​សិទ្ធិ​សេរីភាព សិទ្ធិ​នយោបាយ មានការ​បើក​លំហ​រទូ​លំ​ទូលាយ​មកវិញ ហើយ​មានការ​ទទួលស្គាល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នោះ គឺជា​អ្វី​ដែល​ជា​តម្លៃ​របស់​អ្នកដឹកនាំ​ហើយ»។

អ្នកឃ្លាំមើល​បញ្ហា​សង្គម តែង​លើកឡើង​ថា បើ​ទោះបី​កម្ពុជា​គ្មាន​សង្គ្រាម​ក៏ដោយ ក៏ប៉ុន្តែ​ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន ពោរពេញ​ដោយ​អសន្តិសុខ​មនុស្សជាតិ មាន​អំពើ​ហិង្សា ការរំលោភ​ដីធ្លី អយុត្តិធម៌​សង្គម អំពើពុករលួយ ការ​រំលោភបំពាន​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​កម្មករ​ជាដើម ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញថា ប្រទេស​នេះ មិនទាន់​មាន​សន្តិភាព​ពិតប្រាកដ​នោះ​ទេ។ ស្នាដៃ​លេចធ្លោ និង​កក្រើក​ពេញ​ពិភពលោក​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ការ​បើក​យុទ្ធនា​ការ​កម្ទេច​បក្ស​ប្រឆាំង ដែល​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​តែមួយគត់​នៅ​កម្ពុជា និង​បង្ក្រាប​លើ​សំឡេង​រិះគន់​ឥត​ឈប់ឈរ​រហូត​មក​ទល់​ពេលនេះ ។ ទង្វើ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន នេះ បាន​បណ្តាល​ឲ្យ​ក្រុម​អង្គការ​ជាតិ​-​អន្តរជាតិ​ព្រមទាំង​ប្រទេស​ប្រជាធិបតេយ្យ ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ផង​ដែរ៕

No comments: