Wednesday, 2 February 2022

សវនាការ​លោក កឹម សុខា បន្ត​ជជែក​តែ​ពី​រឿង​​ភស្តុតាង


ដោយ យន់ សាមៀន
2022-02-02
សវនាការ​លោក កឹម សុខា បន្ត​ជជែក​តែ​ពី​រឿង​​ភស្តុតាង 

លោក កឹម សុខា ពេល​ធ្វើដំណើរ​ទៅចូល​រួម​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ សកម្មជនផ្តល់ឱ្យ។


តុលាការ​ក្រុងភ្នំពេញ​លើក​យក​សំណុំរឿង​លោក កឹម សុខា មក​ជំនុំជម្រះ​បន្ត​ទៀត នៅ​ថ្ងៃទី២ ខែកុម្ភៈ ក៏ប៉ុន្តែ​សវនាការ​លើក​ទី២៩ នេះ នៅ​តែ​ជជែក​ពី​រឿង​ភស្តុតាង​​នៅ​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​ដែល​តាមដាន​សំណុំរឿង​នេះ​វាយតម្លៃ​ថា សវនាការ​លោក កឹម សុខា នឹង​ប្រើ​ពេល​យូរ​ថែមទៀត ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​​ខាង​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ។

សំណុំរឿង​មេ​បក្ស​ប្រឆាំងលោក កឹម សុខា ទាក់ទង​នឹង​បទ​ក្បត់ជាតិ​នេះ ទំនងជា​ត្រូវ​ប្រើ​ពេលវេលា​វែង​ឆ្ងាយ​តទៅមុខ​ទៀត ព្រោះ​មក​ដល់​ពេល​នេះ​ទៅ​ហើយ សវនាការ​នៅ​បន្ត​ជជែក​ពី​រឿង​ភស្តុតាង ដោយ​មិនទាន់​អាច​ឈាន​ចូល​ដល់​ការ​ជជែក​លើ​អង្គសេចក្ដី​នៅ​ឡើយ​ទេ។ សវនាការ​សប្ដាហ៍​នេះ ជា​ការ​បង្ហាញ​ភស្តុតាង​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា។



សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា ​គឺអ្នកស្រី ម៉េង សុភារី ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ថា ក្រុម​មេធាវី​បាន​បង្ហាញ​ភស្តុតាង​​ជា​​វីដេអូ​ឃ្លីប​ចំនួន ៦ ក្នុងចំណោម​ភស្តុតាង​សរុប ២៨ ដែល​បាន​ដាក់​ជូន​តុលាការ​កាល​ពី​ពេល​កន្លងទៅ។ អ្នកស្រី​បញ្ជាក់​ថា ក្រុម​មេធាវី​បាន​ឡើង​ថ្លែង​ការពារ​​ភស្តុតាង​ទាំងនោះ ដោយ​មិន​មាន​ការ​ដេញដោល​លើ​អង្គហេតុ​ណាមួយ​នោះ​ទេ។ អ្នកស្រី​ថ្លែង​ទៀត​ថា ភស្តុតាង​ទាំងឡាយ​បង្ហាញ​ថា លោក កឹម សុខា មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​​ឡើយ ផ្ទុយទៅវិញ​លោក​ជា​អ្នក​នយោបាយ​ស្អាតស្អំ និង​ប្រកាន់​យក​គោលការណ៍​អហិង្សា និង​ការ​ផ្លាស់ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ៖ «គណបក្ស​សង្គ្រោះ​ជាតិ និង​ឯកឧត្តម កឹម សុខា មិន​មាន​បំណង ឬ​សូម្បីតែ​គិត​ក្នុង​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​មួយ​ក៏​ផ្ដួលរំលំ​រដ្ឋាភិបាល​ឡើយ គឺ​ចូលរួម​នៅក្នុង​ការ​បោះឆ្នោត​គ្រប់ពេលវេលា។ គាត់​តែងតែ​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ឱ្យ​ទៅ​បោះឆ្នោត ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ដែល​ប្រជាពលរដ្ឋ​ចង់​បាន»។

អ្នកស្រី ម៉េង សុភារី ឱ្យ​ដឹង​ទៀត​ថា ភស្តុតាង​ជា​វីដេអូ​ដែល​ក្រុម​មេធាវី​លើក​យក​កម​បង្ហាញ​ក្នុង​សវនាការ​នេះ មាន​ខ្លះ​បង្ហាញ​ពី​បាតុកម្ម​កាលពី​មុន និង​សកម្មភាព​​របស់​លោក កឹម សុខា ចុះ​ជួប​ពលរដ្ឋ។ អ្នកស្រី​បកស្រាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួលស្គាល់​​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​គណបក្ស​បាន​រៀបចំ​ឡើង ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លទ្ធផល​បោះឆ្នោត​ឆ្នាំ ២០១៣។ រីឯ​បាតុកម្ម​នៅ​ទីកន្លែង​ដទៃទៀត ដូចជា នៅ​ផ្លូវ​វ៉េងស្រេង និង​នៅ​ខេត្ត​កំពង់ចាម ជាដើម នោះ​ជា​បាតុកម្ម​របស់​ក្រុម​កម្មករ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ មិន​មែន​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

ប៉ុន្តែ​តំណាង​អយ្យការ​បាន​ឡើង​ការពារ​ភស្តុតាង​របស់​ខ្លួន​ដែល​បាន​ដាក់​ជូន​តុលាការ​កាលពី​សប្ដាហ៍​មុន​ថា បាតុកម្ម​របស់​កម្មករ​នៅ​ខេត្ត​កំពង់ចាម​កាល​ពី​ឆ្នាំ ២០១៣ ដែល​លោក កឹម សុខា បាន​ចូលរួម​នោះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។

ផ្ទុយ​ពី​តំណាង​អយ្យការ អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា វត្តមាន​របស់​លោក កឹម សុខា នៅ​ក្នុង​បាតុកម្ម​របស់​កម្មករ​នៅ​ខេត្ត​កំពង់ចាម​កាលពី​ឆ្នាំ២០១៣ នោះ ត្រឹម​តែ​​ជា​ការ​ចូលរួម​ស្ដាប់​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ ដែល​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​លោក​ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ​ស្របច្បាប់។ ម្យ៉ាងវិញទៀត អ្នកស្រី​ថា មិន​មាន​របាយការណ៍​ស្ដីពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​កើត​ចេញ​ពី​ការ​តវ៉ា​នោះ​ឡើយ​នៅ​ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ៖ «មិនមែន​គាត់​ទៅ​ក្នុង​នាម​ជា​អ្នកដឹកនាំ​បាតុកម្ម​ទេ គឺ​គាត់​ទៅ​ក្នុង​នាម​ជា​អ្នកចូលរួម ក្នុងនាម​គាត់​ជា​តំណាងរាស្ត្រ​ម្នាក់​ដែល​ជាប់​ឆ្នោត​ក្នុង​មណ្ឌល​កំពង់ចាម។ គាត់​ត្រូវ​ទៅ​ស្ដាប់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​របស់​គាត់​នៅ​ក្នុង​ទីរួមខេត្ត​កំពង់ចាម​នៅពេល​ដែល​ប្រជាពលរដ្ឋ​របស់​គាត់​ជួប​បញ្ហា។ អ៊ីចឹង​បើ​ក្នុងនាម​អ្នក​តំណាងរាស្ត្រ​ទទួល​ការបោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ហើយ អត់​ទៅ​ស្ដាប់​សំឡេង​ប្រជាពលរដ្ឋ នៅ​ក្នុង​ម៉ាស៊ីនត្រជាក់ តើ​សក្ដិសម​ជា​តំណាងរាស្ត្រ​ដែរ​ទេ?»។

នៅពេល​ក្រុម​មេធាវី​របស់​លោក កឹម សុខា បង្ហាញ​ភស្តុតាង​ទាំងនោះ តំណាង​អយ្យការ​បាន​សួរ​សំណួរ​មួយចំនួន​ទាក់ទង​នឹង​ពេលវេលា និង​ឱ្យ​មេធាវី​បញ្ជាក់​ពី​ភាព​​ត្រឹមត្រូវ​នៃ​ភស្តុតាង​ទាំងនោះ។ តំណាង​អយ្យការ​មិន​បាន​ចោទសួរ​ច្រើន​នោះ​ទេ ព្រោះ​នេះ​ជា​ពេលវេលា​បង្ហាញ និង​ការពារ​ភស្តុតាង​របស់​ក្រុម​មេធាវី​លោក កឹម សុខា។

ក្រុម​មេធាវី​លោក កឹម សុខា នឹង​បន្ត​បង្ហាញ​ភស្តុតាង​ដទៃទៀត នៅ​ក្នុង​សវនាការ​ដែល​តុលាការ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី៩ ខែកុម្ភៈ សប្ដាហ៍​ក្រោយ​នេះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​ក្រុម​មេធាវី​តំណាង​រដ្ឋាភិបាលលោក គី តិច ដើម្បី​ឆ្លើយតប​នឹង​រឿង​ភស្តុតាង​របស់​ក្រុម​មេធាវី​លោក កឹម សុខា នេះ​បាន​ទេ នៅ​ថ្ងៃទី២ ខែកុម្ភៈ។

សវនាការ​លោក កឹម សុខា លើកទី២៩ នេះ មាន​ការ​ចូលរួម​តាមដាន​ពី​តំណាង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ មន្ត្រី​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់​សវនាការ។ ចំណែក​នៅ​ខាងក្រៅ​បរិវេណ​តុលាការ​វិញ ​អ្នកគាំទ្រ សកម្មជន​សង្គម និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចន្លោះ​​ពី ៤០ ទៅ ៦០នាក់ បាន​ទៅ​ឃ្លាំមើល​ដំណើរការ​ក្ដី​នេះ ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​ពីសំណាក់​អាជ្ញាធរ និង​នគរបាល​ជាច្រើន​នាក់។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ដែល​បាន​ចូល​ស្ដាប់​សវនាការ​នេះ ឱ្យ​ដឹង​លើ​ហ្វេសប៊ុក (FB) ថា ថ្វីបើ​សវនាការ​ប្រព្រឹត្ត​ទៅ​ជិត ៣០ដង​ហើយ​ក្ដី បញ្ហា​នីតិវិធី​ដាក់​ភស្តុតាង និង​ដេញដោល​នៅ​តែ​ជា​ការ​ខ្វែង​មតិ​គ្នា​ក្នុង​អង្គ​ជំនុំជម្រះ។ អ្នកស្រី​មើល​ឃើញ​ថា សវនាការ​រឿង​ក្ដី​នេះ​អាច​នឹង​ត្រូវ​ពេលវេលា​ច្រើន និង​អូស​បន្លាយ​កាន់តែ​យូរ​ថែម​ទៀត ព្រោះ​មក​ដល់ពេល​នេះ តុលាការ​មិន​ទាន់​បញ្ចប់​ការ​ទទួល​យក​ភស្តុតាង​ទាំងស្រុង​នៅ​ឡើយ។ អ្នកស្រី​ថ្លែង​ទៀត​ថា ការ​បន្ត​ចោទប្រកាន់ និង​អូស​បន្លាយ​ពេល​បែបនេះ ជា​ការ​បំពាន​ដល់​សិទ្ធិ​សេរីភាព​ខាង​នយោបាយ ដែល​កម្ពុជា​បាន​ទទួលស្គាល់​ក្នុង​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ។

បន្ថែម​ពី​លើ​នេះអ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា លោក កឹម សុខា និង​សមាជិក​គណបក្ស​ប្រឆាំង​ដទៃទៀត​មិន​គួរ​ប្រឈម​នឹង​បទ​ចោទប្រកាន់​ដោយសារ​តែ​ភាព​សកម្ម​ខាង​នយោបាយ​របស់​ខ្លួន និង​គណបក្ស​របស់​ខ្លួន​ឡើយ។ អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ​សង្កត់ធ្ងន់​ថា ដើម្បី​ឆ្ពោះ​ទៅមុខ និង​ធានា​បរិយាកាស​អំណោយ​ផល​ដល់​ការ​បោះឆ្នោត​ខាងមុខ ការ​សម្របសម្រួល​ឱ្យ​អ្នកនយោបាយ និង​ពលរដ្ឋ​គ្រប់រូប​អាច​ចូលរួម​ដោយសេរី​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ជា​រឿង​ចាំ​បាច់​​បំផុត។

មេធាវី​មួយ​រូប​ទៀត​របស់​លោក កឹម សុខា គឺលោក ចាន់ ចេន ថ្លែង​ថា ភាព​យឺតយ៉ាវ​នៃ​ដំណើរការ​ក្ដី​នេះ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​របស់​កូន​ក្ដី​លោក ព្រោះ​គាត់​ជា​​អ្នកនយោបាយ​ដែល​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ចូលរួម​ក្នុង​សមរភូមិ​នយោបាយ។ លោក​បញ្ជាក់​ថា ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ផ្សះផ្សា​ជាតិ៖ «ដើម្បី​ឱ្យ​ខ្មែរ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ ហើយ​និង​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ យើង​ចង់​ឃើញ​អ្នកនយោបាយ​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា ហើយ​រឿង​សំខាន់​នោះ​គឺ​ទម្លាក់​បទ​ចោទប្រកាន់​លើ​គាត់ (លោក កឹម សុខា) ហើយ​ជជែក​គ្នា​ឡើង​វិញ​ទៅ»។

អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ដកហូត​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា អស់​រយៈពេល​ជាង ៤ឆ្នាំ​មក​ហើយ។ មេ​បក្ស​ប្រឆាំង​រូប​នេះ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ឱកាស​ចូលរួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ២០២២ និង​ការ​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ ២០២៣ ខាងមុខ ប្រសិនបើ​សំណុំរឿង​របស់​លោក​នៅតែ​បន្ត​អូស​បន្លាយ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទៀត៕

1 comment:

Anonymous said...

Kpeum Mouk Nass Ah Sex Maniac Kem Min Sok Heuy Kha Euy !!

Keep holding on to that title and shut your fucking mouth up are bad for Khmer people's struggle for democracy and social justice.

Nobody wants to see your face Ah Porng Kdpor Kha.