Wednesday, 16 February 2022

តំណាង​រាស្រ្ត​អូស្រ្តាលី​ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់​ថ្មី ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​មន្រ្តី​របស់​លោក ហ៊ុន សែន នៅ​អូស្រ្តាលី


ដោយ មួង ណារ៉េត
2022-02-15
តំណាង​រាស្រ្ត​អូស្រ្តាលី​ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់​ថ្មី ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​មន្រ្តី​របស់​លោក ហ៊ុន សែន នៅ​អូស្រ្តាលី 

លោក មួង ណារ៉េត អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី និងលោក ម៉ាក បាត់ល័រ (Mark Butler) សមាជិក​សភា​អូស្រ្តាលី​មកពី​គណបក្ស​ស​ពលករ​ (Labor Party)​។
រូប៖ RFA


សមាជិក​សភា​អូស្រ្តាលី​ពី​គណបក្ស​ប្រឆាំង គឺ​គណបក្ស​ពលករ​ (Labor Party)​កំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី ចាប់​អនុវត្ត​ច្បាប់​ថ្មី ឌឹ-ម៉ែកនីតស្គី-អែកធ៍ (the Magnitsky Act)​ លើ​មន្រ្តី នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ចូល​ដៃ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ រួមទាំង​បាន​យក​ទ្រព្យដ៏​សម្បើម​ពី​កម្ពុជា​ទៅ​លាក់​ទុក និង​សោយសុខ​នៅ​ប្រទេស​អូស្រ្តាលី។

សូម​លោក​អ្នកនាង​ស្តាប់​បទសម្ភាសន៍​រវាង​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុអាស៊ីសេរីលោក មួង ណារ៉េត ជាមួយ សមាជិកសភា​អូស្រ្តាលី​ពី​គណបក្សប្រឆាំង​លោក ម៉ាក់ បាត់ល័រ (Mark Butler) ជុំវិញ​រឿង​នេះដូចតទៅ៖

សំណួរទី១៖ មុននឹង​យើង​ជជែក​ពី​រឿង​ដាក់​ទណ្ឌកម្ម តើ​លោក​យល់​យ៉ាង​ណា​ដែរ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ?



លោក ម៉ាក បាត់ល័រ (Mark Butler)៖ ក្នុង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​តាំងពី​លោក ហ៊ុន សែន វិះតែ​ចាញ់​ឆ្នោត​នៅឆ្នាំ ២០១៣ នោះមក យើង​តាម​ដាន​មើល​ពី​អូស្រ្តាលី​ ឃើញ​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​ដាំ​ក្បាល​ចុះ ទៅ​រករបប​ប្រឆាំង​ប្រជាធិបតេយ្យ​ទៅវិញ។ របបលោក ហ៊ុន សែន បាន​ឈាន​ដល់​ចំណុច​កំពូល នៅ​ឆ្នាំ ២០១៨ នៃការ​បោះឆ្នោត​មួយ នៅក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះជាតិ ការចាប់​លោក កឹម សុខា និង​សកម្មជន​ជាច្រើនទៀត​ដាក់​ពន្ធនាគារ ​និង​អំពើរំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ទៀត។

ប៉ុន្តែ ​អ្វីដែល​រំខាន​ចិត្ត​បំផុត​នោះ គឺក្នុងអំឡុង​ពេល​នៃ​វិបត្តិ​ដោយ​សារ​ជំងឺកូវីដ-១៩ ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញប្រជាធិបតេយ្យ​នៅក​ម្ពុជា ក៏​កាន់​តែ​អាក្រក់ ដោយ​សារ​លោក ហ៊ុន​ សែន មើល​ទៅ​ដូច​ខំ​ប្រឹង​បង្ក្រាប​សំឡេង​ប្រឆាំង និង​អ្នករិះគន់​កាន់​តែ​ខ្លាំង។ យុវជន​ដែល​ជា​សកម្មជន​សង្គម​ បរិស្ថាន​និង​ធនធានធម្មជាតិ​ សិទ្ធិមនុស្ស សិទ្ធិការងារ​ និង​នយោបាយ សុទ្ធតែ​រង​ការ​បង្ក្រាប។​

 

សំណួរទី២៖ ប្រទេស​អូស្រ្តាលី​ទើបតែ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ជាសាកល ឬ ឌឹ-ម៉ែកនីតស្គី-អែកធ៍ (the Magnitsky Act) កាលពី​មុន​ដាច់​ឆ្នាំ២០២១។ សមាជិកសភា​របស់​គណបក្ស​លោក​ មាន​ចំណែក​ក្នុង​ការ​ផ្តួចផ្តើម​ឲ្យមាន​ច្បាប់នេះ​ពី​ដំបូង។ តើហេតុអ្វី​បាន​ជា​ពួក​លោក​យល់​ថាច្បាប់នេះ​សំខាន់?

លោក ម៉ាក បាត់ល័រ (Mark Butler)៖ នេះជាការ​តស៊ូដ៏​យូរមួ​យ​នៅ​អូស្រ្តាលី។ ដូចអ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​បាន​ជ្រាប​ដែរ​ហើយ នៅ​អាមេរិក ១០ ឆ្នាំ​ហើយ​ ដែល​ច្បាប់ដាក់​ទណ្ឌកម្ម​នេះ​ចូល​ជា​ធរមាន និង​ផ្តល់លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល។ នៅ​កាណាដា គេមាន​ច្បាប់​នេះ ៥​ឆ្នាំ​ហើយ។ ចក្រភព​អង់គ្លេស​ក៏មាន​ច្បាប់​នេះ​ដែរ កាលពី​ឆ្នាំ ២០១៨។ សហភាពអឺរ៉ុប​មាន​ច្បាប់​នេះ ពីរបី​ឆ្នាំ​ដែរ​ហើយ។ ខាងគណបក្ស​ពលករនៅ​អូស្រ្តាលី មិន​សប្បាយ​ចិត្ត​ទេ ដែល​រដ្ឋាភិបាល​មិន​ព្រម​អនុម័ត​ច្បាប់​នេះ តាំងពី​យូរ​មក​ហើយ។ យើង​ស្នើ​ច្បាប់​នេះ កាល​ពី​ឆ្នាំ ២០១៨ និង​កាលឆ្នាំមុន យើង​រម្លឹក​វា​ទៀត។ តែយើង​រីករាយ ដែល​នៅ​ទីបំផុត រដ្ឋសភាអូស្រ្តាលី​អនុម័ត​ច្បាប់​នេះ កាល​ពី​ខែ ធ្នូ ឆ្នាំ ២០២១។ ដូច្នេះ​អាយុរបស់​ច្បាប់​នេះ ទើប​តែ​បាន​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ។ ឥឡូវ​នេះ​យើង​មាន​ច្បាប់​ ដែល​អាច​បង្កក​ទ្រព្យសម្បត្តិ បិទ​ទិដ្ឋាការ​ធ្វើដំណើរ​ជាន់​ទឹកដី​អូស្រ្តាលី និង​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​លើ​បុគ្គល ដែល​ចូល​ដៃ​ក្នុងការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញអភិបាលកិច្ចល្អ និង​នីតិរដ្ឋ។

 

សំណួរទី៣៖ តើ​បុគ្គល​ទាំង​នោះ មានច្រើន​ទេ​នៅ​ប្រទេស​អូស្រ្តាលី បើតាម​ការ​សង្កេត​របស់​លោក?

លោក ម៉ាក បាត់ល័រ (Mark Butler)៖យើងដឹងថា បុគ្គលបែប​នេះជា​ច្រើន ជាប់​ពាក់ព័ន្ធ​នឹង​របប​លោក ហ៊ុន សែន។ សូម្បី​សមាជិក​គ្រួសារ​របស់​លោក ហ៊ុន សែន​ ផ្ទាល់ មាន​ទ្រព្យ​សម្បត្តិ​មហាសាល​នៅ​អូស្រ្តាលី។ ប្រព័ន្ធផ្សព្វផ្សាយ​ជា​ច្រើន បាន​លាតត្រដាង​ទ្រព្យសម្បតិ្ត​របស់​ពួកគេ។ អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ប្រហែល​បាន​អាន​អំពី​ការ​ស៊ើបអង្កេត​លម្អិត​មួយ ដែល​វិទ្យុអាស៊ីសេរី​បាន​ផ្សព្វផ្សាយ​ ១២ ខែមុន។ ខ្ញុំសូម​ឲ្យ​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី អាន​អត្ថបទ​នោះ​ឡើង​វិញ។ ការ​ស៊ើប​អង្កេត​នោះ និយាយ​អំពី​មន្រ្តី​គណបក្សប្រជាជនកម្ពុជា​សំខាន់ៗ​ នៅ​អូស្រ្តាលី​ដែល​ជាប់​ពាក់ព័ន្ធ​កម្រិត​ខ្ពស់​ជាមួ​យ​លោក ហ៊ុន សែន និង​រដ្ឋមន្រ្តីក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ ដែល​អ្នក​ទាំង​នោះ​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​សម្បើម​នៅ​អូស្រ្តាលី។ ដូច្នេះ​អ្ន​ក​ស្តាប់​វិទ្យុអាស៊ីសេរី បាន​ដឹង​ហើយ​ ថា​ជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺបញ្ជ្រាប​មនុស្ស​របស់​ខ្លួន[]  ទៅ​ក្នុង​សហគមន៍​ខ្មែ​រនៅ​ប្រទេស​អូស្រ្តាលី​ និង​គម្រាម​កំហែង​ពលរដ្ឋខ្មែរ​អូស្រ្តាលី ​ដែល​អនុវត្តសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ហ៊ាន​បញ្ចេញ​មតិ​ប្រឆាំង​នឹង​ការរំ​លោភ​សិទ្ធិមនុស្ស​ និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​មាតុភូមិ​កំណើត​របស់​ខ្លួន​។ ដូច្នេះ នៅទីបំផុត​យើង​មាន​ច្បាប់​ក្នុង​ដៃ​ហើយ​ ដើម្បី​ចាត់ការ​ប្រឆាំង​នឹង​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​នោះ។ យើង​គ្រាន់​តែ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់​នេះ ជាក់​ស្តែង​តែប៉ុណ្ណោះ។

 

សំណួរទី៤៖ តើ​ការ​ជំរុញ​ឲ្យ​អនុវត្តច្បាប់​នេះជាក់​ស្តែង ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​ទៅ?

លោក ម៉ាក បាត់ល័រ (Mark Butler)៖ ពលរដ្ឋ​សហគមន៍​ខ្មែរ​នៅ​ទី​នេះ តស៊ូ​យូឆ្នាំ​ណាស់​មក​ហើយ​ ទម្រាំ​បាន​ច្បាប់​នេះ។ គ្មាន​ក្រុមណាមួយ​នៅ​ប្រទេស​អូស្រ្តាលី ​ដែល​តស៊ូ​ខ្លាំង​ជាង​ពលរដ្ឋ​សហគមន៍​ខ្មែរ​នៅទីនេះ ដើម្បី​ឲ្យ​ចេញ​ច្បាប់​នេះនោះ​ទេ។ ពលរដ្ឋខ្មែរ​នៅទី​នេះ ​រៀបចំនិង​ចងក្រង​សហគមន៍​របស់​ខ្លួន​យ៉ាង​ល្អ និង​សាមគ្គីគ្នា ដើម្បី​បង្ហាញ​ជំហរ​របស់​ខ្លួន​ដែល​ចង់​បាន​ច្បាប់​នេះ។ ពួកគាត់​ចូល​រួម​សវនាការ បង្ហាញ​ទឡ្ហីករណ៍ និង​ដាក់សារ​គាំទ្រ និង​បញ្ចុះបញ្ចូល​សមាជិក​សភា​អូស្រ្តាលី​យ៉ាង​ស្វិតស្វាញ ទម្រាំ​បាន​ច្បាប់​នេះ។ ដូច្នេះយើង​មិនអាចទុក​ឲ្យ​ច្បាប់​នេះ នៅតម្កល់​ចោល​លើ​ធ្នើដាក់​សៀវភៅ ​ទុកចោល​ឲ្យ​កាន់​ធុលីដី​នោះទេ។ យើងត្រូវ​តែ​ធ្វើ​យ៉ាង​ដូចម្តេច​ឲ្យ​យក​ច្បាប់​នេះម​ក​ប្រើ។

 

សំណួរ ៥៖ ប៉ុន្តែ សព្វថ្ងៃនេះ​នៅតំបន់​អាស៊ាន រឿងរំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ ​កំពុង​កើត​មាន​ខ្លាំង​នៅ​ភូមា។ តើអាចការ​យក​ចិត្ត​ដាក់​លើ​ទណ្ឌកម្ម​នេះ​ វាអា​ងាកទៅ​រក​ខាង​ភូមា​ខ្លាំង​ជាង​ឬ​ទេ?

លោក ម៉ាក បាត់ល័រ (Mark Butler)៖ សព្វ​ថ្ងៃនេះ​សហគមន៍​អូស្រ្តាលី ​កំពុង​ជជែក​ដេញ​ដោល​គ្នា​យក​ច្បាប់​នេះ​មក​ប្រើ​លើ​មន្រ្តីរបប​សឹក​ភូមា។  ការជជែក​ដេញដោល​នេះ ​ក៏មាន​ផុលផុស​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ដែរ។ ប៉ុន្តែ យើង​មិនត្រូវ​ឲ្យ​ការ​ចាប់​អារម្មណ៍​នេះ ងាកចេញ​ពី​របស់​ផ្តាច់​ការ​របស់​លោក ហ៊ុន សែន នោះទេ។ កម្ពុជានឹង​មានការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នាពេល​ឆាប់ៗ​ខាង​មុខនេះ។ ការបោះឆ្នោត​ជាតិ គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ។ ការបោះឆ្នោត​ទាំង​នេះ វា​នឹង​ប្រព្រឹត្ត​ដូច​រឿង​កំប្លែង​សុទ្ធសាធ ព្រោះ​វាជា​ដំណើរ​ប្រព្រឹត្ត​ទៅ​បញ្ច្រាស​ប្រជាធិបតេយ្យ និង​ជា​មហន្តរាយ​មួយ​ ដើម្បី​ឲ្យ​លោក ហ៊ុន សែន បន្តក្រាញ​អំណាច​តែ​ប៉ុណ្ណោះ ​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​មិន​អាច​បើក​ដំណើរការ​ឡើង​វិញ ដើម្បីចូលរួម​ការ​បោះឆ្នោត​នោះ​បាន។ ដូច្នេះ​យើង​មិន​អាច​ឲ្យ​ការ​ចាប់​អារម្មណ៍ ​ក្រឡាប់​ចក្រ​ងាក​ចេញ​ពី​របប​នេះ​ទេ។ ក្នុងរយៈពេល​ពីរ​ឆ្នាំចុង​ក្រោយ​នេះ​ទៀត​សោះ ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យនៅ​កម្ពុជា កាន់​តែ​អាក្រក់​ខ្លាំង។

 

សំណួរទី៦៖ លោកលើក​អំពី​បុគ្គល​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ចូលដៃ​ក្នុងការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​បំផ្លាញប្រជាធិបតេយ្យ ហើយសម្ងំ​សុខ​នៅ​អូស្រ្តាលី។ តើលោក​មាន​បញ្ជី​ឈ្មោះ​របស់​ពួកគាត់ ដែលអាច​ប្រាប់​ជា​ចំហបាន​ទេ?

លោក ម៉ាក បាត់ល័រ (Mark Butler)៖ ខ្ញុំមិន​អាច​និយាយ​ឈ្មោះ​បុគ្គល​ណា​ជាក់​លាក់​បាន​ទេ ព្រោះ​ឥឡូវ​នេះ​កំពុងមាន​កិច្ចដំណើរការ​នីតិវិធី​ផ្លូវច្បាប់។ ប៉ុន្តែ បុគ្គល​ដែល​ស្ថិត​ក្នុង​អំណាច​នៃ​ច្បាប់​នេះ គឺ​អ្នក​ដែល​ជា​មន្រ្តី​ដែល​ពាក់ព័ន្ធ​នឹងរ​បប​លោក ហ៊ុន​ សែន និង​ដែល​បាននាំ​យក​ទ្រព្យសម្បត្តិ​ពី​ស្រុក​ខ្មែរ ដែល​បាន​មក​ពី​ផ្នែក​មួយ​នៃ​របប​នេះ និង​អំពីការ​ប្រឆាំងប្រជាធិបតេយ្យ និង​ទ្រព្យដែលបាន​សម្រាប់​ក្រុម​អ្នក​មាន​អំណាច​មួយ​ក្តាប់​តូច ក្នុងពេលដែល​ប្រជាពលរដ្ឋខ្មែរ​ទូទៅ ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។ អ្នក​ទាំងនោះ​ យកទ្រព្យសម្បត្តិ​ទៅលាក់ទុក​នៅ​ប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ឬប្រទេសដទៃ និង​រស់នៅ​យ៉ាង​សុខសាន្តក្នុងសង្គមប្រជាធិបតេយ្យ។ នេះជាអំ​ពើមិន​គប្បី​មួយ។ ដូច្នេះ ច្បាប់​នេះ ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី ចាត់ការ​លើបុគ្គល​អស់​ទាំងនោះ។

 

សំណួរទី៧៖ បើវា​ជាអំពើ​មិន​គប្បី តើ​លោក​អាច​ជួយ​អ្វី​បាន​ខ្លះ ក្នុង​ការ​ចាត់​ការ​អ្នក​ទាំង​នោះ?

លោក ម៉ាក បាត់ល័រ (Mark Butler)៖ តាម​ពិត​ខ្ញុំនឹង​បន្តគាំទ្រ​ចំណាត់ការ​ទាំង​នេះ គឺតស៊ូមតិ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ ក្នុងការ​ដាក់ទ​ណ្ឌកម្មលើ​បុគ្គល​ទាំង​នោះ។ យើង​មិនត្រូវ​ឲ្យ​បុគ្គល​ដែល​មាន​បាន​ដោយ​សារ​ញើសឈាម​ពលរដ្ឋខ្មែរ ហើយបែរ​ជាយក​ទ្រព្យសម្បត្តិ​នោះ​មកលាក់​ទុក និង​សោយ​សុខ​ក្នុង​សង្គ​ម​ប្រជាធិបតេយ្យនោះ​ទេ។ ខ្ញុំនឹងជំ​រុញ​ឲ្យ​អាជ្ញាធរ​អូស្រ្តាលី ស៊ើប​អង្កេត​លុយ​ដែល​ពួក​ទាំង​នោះ បានពី​ការ​បង្ក្រាប​ពលរដ្ឋខ្មែរ ហើយ​យកមក​រក​ស៊ីក្នុង​សង្គម​អូស្រ្តាលី។ ទង្វើ​បែប​នេះ យើង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ខ្ញុំនឹង​បន្តតស៊ូមតិ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ មានចំណាត់​ការ​លើ​រឿង​បុគ្គល​ទាំង​អស់​នោះ ឲ្យ​ខាង​តែបា​ន។

 

សំណួរទី៨៖ តើលោក​ខិតខំ​ប្រឹងប្រែង ដើម្បីឲ្យ​ដាក់​ទណ្ឌកម្ម​មន្រ្តី​រដ្ឋាភិបាល​លោក ហ៊ុន សែន នេះ លោក​ចង់​ប្រាប់​អ្វី​ដល់​លោក ហ៊ុន សែន?

លោក ម៉ាក បាត់ល័រ (Mark Butler)៖ ៣០ឆ្នាំ​មុន មេដឹកនាំកម្ពុជា​សន្យា​ចំពោះមុខ​ពលរដ្ឋខ្មែរ ថានឹង​នាំ​មក​នូវ​សន្តិភាពក្រោយ​សង្គ្រាមស៊ីវិល សន្យា​ថា​នឹង​មានការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ​សន្យា​ផ្តល់​សិទ្ធិ​សេរីភាព និង​និមិត្តរូប​នៃស​រីភាព គឺសិទ្ធិក្នុងការ​បោះឆ្នោត​ជ្រើស​រដ្ឋាភិបាល​មួយ​ ក្នុងការ​បោះឆ្នោត​មួយ​ដែល​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ដូច្នេះ ខ្ញុំសូម​និយាយ​ទៅកាន់​របបលោក ហ៊ុន សែន សូម​អនុញ្ញាតឲ្យពលរដ្ឋបោះឆ្នោត​បាន​ដោយសេរី នៅក្នុងការ​បោះឆ្នោត​ខាងមុខ។ នោះ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏សំខាន់​បំផុត​នៃ​សេរីភាព​សម្រាប់​ពលរដ្ឋ។ មិន​តែប៉ុ​ណ្ណោះ ពលរដ្ឋ​ត្រូវ​មាន​សិទ្ធិតវ៉ា និង​ចូលរួម​បញ្ចេញ​មតិ រិះគន់ លើកជា​កង្វល់​អំពី​បញ្ហាការ​ពារ​បរិស្ថានជាដើម។ ជា​អកុសល​ ថា​៣០​ឆ្នាំមុ​ន​ទៅចុះ ​ពលរដ្ឋខ្មែរ គ្មាន​សេរីភាព​បែប​នេះ​ទេ។ ប៉ុន្តែ ឥឡូវពួក​គាត់​ បែរ​ជា​នៅតែ​គ្មា​ន​សេរីភាព​បែប​នេះ​ដដែល។

លោក មួង ណារ៉េត៖ បាទ​សូមអរគុណ​លោក ម៉ាក បាត់ល័រ (Mark Butler) ដែលផ្តល់ឱកាស​ឲ្យខ្ញុំ​បាន​សម្ភាស​នៅ​ពេល​នេះ!

លោក ម៉ាក បាត់ល័រ (Mark Butler)៖ បាទ​សូមអរគុណ!

No comments: