ដោយ អាស៊ីសេរី
2022-02-27
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIREA) លោក ម៉ង់ ពុទ្ធី ឬហៅ ឌិន ពុទ្ធី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
RFA
ប្រជាពលរដ្ឋមួយចំនួននៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ អះអាងថា អំពើចោរកម្មកំពុងកើតឡើងច្រើននៅក្រុងប៉ោយប៉ែត ដោយពុំមានអាជ្ញាធរណាទប់ស្កាត់នោះទេ។ ពលរដ្ឋទាំងនោះព្រួយបារម្ភអំពីទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួន និងស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានយាមការពារសន្តិសុខជូនដល់ពួកគាត់។
ក្រុមប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតលើកឡើងថា អំពើចារកម្មបានកើតឡើងខ្លាំងក្នុងរយៈពេលប្រមាណ២ខែចុងក្រោយនេះ ដែលធ្វើឱ្យពួកគាត់រស់នៅដោយភ័យខ្លាច ជាពិសេសនៅពេលយប់។
ប្រជាពលរដ្ឋរស់នៅសង្កាត់ប៉ោយប៉ែត លោកស្រី វ៉ាន់ ឌី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ កុម្ភៈថា ចោរបានលួចម៉ូតូរបស់លោកស្រីអស់មួយគ្រឿងកាលពីថ្ងៃទី៣ កុម្ភៈ រហូតមកដល់ពេលនេះរកមិនទាន់ឃើញនៅឡើយទេ។ លោកស្រីប្រាប់ថា ភ្លាមៗក្រោយពីបាត់ម៉ូតូលោកស្រីបានប្ដឹងទៅប៉ូលិសក្រុងប៉ោយប៉ែតឱ្យតាមចាប់ជនប្រព្រឹត្តមកផ្ដន្ទាទោសតាមច្បាប់ដែរ ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ៖ «គាត់បានត្រឹមតែថា គាត់នឹងព្យាបាលរកឱ្យ តែរកអត់ឃើញស្ងាត់អីចឹងទៅ មិនដែលឃើញចាប់បានចោរផង។ សម័យឥឡូវវាច្រើនតែពួកដើរលែងថ្នាំអីហ្នឹងដល់ពេលវាបែកគំនិតវាលួចឆក់។ខ្លះគ្នារកចំណូលរកអីអត់បាន ពីមុនអ្នកខ្លះអាចចូលផ្សារថៃអូសរទេះអូសអីបានខ្លះៗ ដល់ពេលឥឡូវអត់សោះទៅជាបែកគំនិត។ពួកខ្ញុំរាល់ថ្ងៃបើសិនជាចោរមកភ្ជង់យកម៉ូតូអីទៅក៏អត់ដឹងធ្វើអីគេបាន ហើយបើប្ដឹងទៅក៏អត់ដឹងថា គាត់អាចនឹងជួយយើងបានអត់ រឿងដែលវាកើតឡើងទៅហើយវាពិបាកដោះស្រាយមកវិញណាស់»។
ស្រដៀងគ្នានេះពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់ទៀត លោកស្រី ឡៃ ឡី ត្អូញត្អែរថាប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតសព្វថ្ងៃនេះគ្មានសុវត្ថិភាពនោះទេ ជាពិសេសនៅពេលយប់ មានក្រុមចោរដើរលួចទ្រព្យសម្បត្តិនៅតាមមូលដ្ឋាន។ ជាឧទាហរណ៍លោកស្រីបានបាត់ម៉ូតូអស់មួយគ្រឿង ក្នុងពេលដែលលោកស្រីទុកនៅមុខផ្ទះកាលពីថ្ងៃយប់ថ្ងៃទី២១កុម្ភៈ។ ស្ត្រីវ័យ២៧ឆ្នាំរូបនេះបញ្ជាក់ថា លោកស្រីបានប្ដឹងប៉ូលិសក្រុងប៉ោយប៉ែតឱ្យជួយតាមរកម៉ូតូមកវិញ រហូតមកដល់ពេលនេះមិនទាន់ឃើញនៅឡើយ៖ «គេប្រាប់ថា នៅមិនទាន់បានតម្រុយរកមុខសញ្ញាអត់ទាន់ឃើញ គាត់ថាគ្រាន់តែសង្ស័យអីចឹងទៅ។ ខ្ញុំចង់អាជ្ញាធរគាត់ជួយរកម៉ូតូឱ្យខ្ញុំឱ្យឆាប់ឃើញព្រោះអីម៉ូតូហ្នឹងខ្ញុំបង់រំលោះគេហ្នឹងអត់ទាន់ដាច់ផង ហើយណាមួយខ្ញុំទៅធ្វើការលំបាកណាស់ជិះម៉ូតូឌុបទៅ ប្រាក់ខែខ្ញុំក៏បានតិច»។
ក្រុមប្រជាពលរដ្ឋទាំងនេះឱ្យដឹងថា ក្នុងពេលដែលពួកគេទៅប្ដឹងប៉ូលិសនោះឃើញមានប្រជាពលរដ្ឋជាច្រើននាក់បានត្អូញត្អែរអំពីអសន្តិសុខនៅក្នុងសង្គម ដោយសារចោរលួចម៉ូតូ និងទ្រព្យមួយចំនួនទៀតរបស់ពួកគាត់នៅពេលយប់។ ប្រជាពលរដ្ឋទាំងនោះសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធឱ្យដាក់ពង្រាយកងកម្លាំងយាមការពារនៅតាមមូលដ្ឋានឱ្យបានជាប្រចាំ ដើម្បីរក្សាសន្តិសុខសង្គម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ និងអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៧កុម្ភៈ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
ប៉ុន្តែចៅសង្កាត់ផ្សាកណ្ដាល ក្រុងប៉ោយប៉ែត លោក ស្រិល អិន ប្រាប់វិទ្យុអាស៊ីសេរីថា នៅតំបន់ព្រំដែនក្រុងប៉ោយប៉ែត ពុំមានអំពើចោរកម្មកើតច្រើនដូចការលើករបស់ពលរដ្ឋនោះទេ ពីព្រោះលោកថាអាជ្ញាធរបានដាក់ពង្រាយកងកម្លាំងយាមការពារសន្តិសុខជាប្រចាំ។ លោកបញ្ជាក់ថា នៅសង្កាត់ផ្សារកណ្ដាល មានមន្ត្រីប៉ូលិសជាង១០នាក់ ប្រជាការពារភូមិចំនួន១៣០នាក់ ព្រមទាំងមន្ត្រីប៉េអិម និងប៉ូលិសនៃអធិការនគរបាលក្រុងប៉ោយប៉ែតជាច្រើននាក់ទៀតបានចុះល្បាតនៅតាមមូលដ្ឋានជារៀងរាល់យប់៖ «កម្លាំងអន្តរាគមន៍របស់អធិការនគរបាលកម្លាំងកងរាជអាវុធហត្ថអន្តរាគមន៍រហូតតើ។ អើបើថាក្រុមជក់ក្រុមស៊ីខ្ញុំមិនហ៊ានថាទេ បើរឿងចោរកម្ម មិនមានទេ ។របាយការណ៍ខ្ញុំមួយខែទល់មួយខែវាពីរបីមានមួយ ចោរលួចម៉ូតូ សុទ្ធតែអ្នកដែលសតិបញ្ញាមិនល្អ ឧទាហរណ៍ថា គាត់បាត់ស្មារតីបាត់អីគាត់មកម៉ូតូគេអីចឹងទៅគេចាប់បានអីចឹងទៅ ប៉ុន្តែឱ្យសំបូរចោរវាមិនទេ»។
ទោះជាយ៉ាងណា ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី សង្កេតឃើញថា ប្រមាណ២ខែចុងក្រោយនេះអំពើចោរកម្មដូចជាចោរលួចម៉ូតូ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនទៀតរបស់ពលរដ្ឋបានកើតមានច្រើននៅតំបន់ព្រំដែន ។ លោកបន្តថា បញ្ហានេះដោយសារតែប្រជាពលរដ្ឋអត់ការងារធ្វើ បណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩ ស្របពេលដែលអាជ្ញាធរកម្ពុជា និងថៃបានបិទច្រកទ្វារព្រំដែនប្រទេសទាំង២យូរពេក។ មន្ត្រីសង្គមស៊ីវិលរូបនេះកត់សំគាល់ថា ជារឿយៗទ្រព្យសម្បត្តិរបស់ពលរដ្ឋដែលត្រូវបានចោរលួចនោះ កម្រឃើញអាជ្ញាធរពាក់ព័ន្ធចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ណាស់៖ «អ៊ីចឹងបានថាតួនាទីសមត្ថកិច្ចត្រូវតែការពារសណ្ដាប់ធ្នាប់សង្គមជូនពលរដ្ឋ ប៉ុន្តែជាក់ស្ដែងយើងឃើញថាវាចន្លោះប្រហោងច្រើនណាស់។ អំពើចោរកម្មក៏ដូចក្មេងកាប់គ្នាអីចឹងដូចមុនអីមានក្មេងកាប់គ្នាអីចឹងអត់ឃើញមានប៉ូលិសដេញចាប់ផងហ្នឹង គេដេញកាប់គ្នាមនុស្សរាប់សិបនាក់ដេញកាប់មនុស្ស៤នាក់រត់ចូលទៅតំបន់ផ្ទះបងប្អូនខ្ញុំហ្នឹងវាអត់មានសមត្ថកិច្ចតាមចាប់ពួកជនល្មើសហ្នឹងទេ»។
លោក ឌិន ពុទ្ធី បន្តថា ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តទៅលើជនប្រព្រឹត្តឱ្យមានធ្ងន់ធ្ងរតាមច្បាប់ ហើយប្រញាប់ចរចាជាមួយអាជ្ញាធរថៃបើកច្រកទ្វារព្រំដែនប្រទេសទាំងពីរឱ្យបានឆាប់ ដើម្បីឱ្យពលរដ្ឋប្រកបរកប្រាក់ចំណូលដោះស្រាយជីវភាពឡើងវិញ។ លោកជឿជាក់ថា ប្រសិនបើអាជ្ញាធរមិនឆាប់ដោះស្រាយបញ្ហានេះទេនោះ អំពើចោរកម្មនឹងកើតមានកាន់តែច្រើន ដែលធ្វើឱ្យប្រជាពលរដ្ឋបន្តរស់នៅដោយការភ័យខ្លាច៕
No comments:
Post a Comment