Monday, 7 February 2022

សមត្ថកិច្ច​​ក្រុង​​ភ្នំពេញ​​​សាកសួរ​​កូដករ​​ណាហ្គាវើលដ៍​​៣​​នាក់ និង​​តាម​​ចាប់​​​​​​៤​​នាក់​​ទៀត​រឿង​រារាំង​​វិធាន​​សុខាភិបាល​​ប្រឆាំង​​ជំងឺ​កូវីដ​១៩


ដោយ សន ចាន់រដ្ឋា
2022-02-06
សមត្ថកិច្ច​​ក្រុង​​ភ្នំពេញ​​​សាកសួរ​​កូដករ​​ណាហ្គាវើលដ៍​​៣​​នាក់ និង​​តាម​​ចាប់​​​​​​៤​​នាក់​​ទៀត​រឿង​រារាំង​​វិធាន​​សុខាភិបាល​​ប្រឆាំង​​ជំងឺ​កូវីដ​១៩ 

បុគ្គលិកណាហ្គាវើលដ៍​បន្តទាមទារ​ឱ្យដោះលែង​តំណាង​ពួកគេ​៨នាក់​រួមទាំង​អ្នក​ដែល​រងការ​ចាប់ខ្លួន​ថ្មីៗ​ត្រលប់​មក​វិញ ខណៈពួកគេ​បន្ត​ទៅយក​សំណាក​ធ្វើតេស្តរកកូវីដ១៩នៅកោះពេជ្រនាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ កូដករផ្តល់ឱ្យ


សមត្ថកិច្ច​​ក្រុង​ភ្នំពេញ ​សាក​សួរ​​កូដករ​​ណាហ្គាវើលដ៍ (Naga World) ​​៣​​នាក់ តាម​ដីកា​​បង្គាប់​​របស់​​តុលាការ​​ក្រុង​​ភ្នំពេញ ​ដែល​ចោទ​​ពួក​គេ​​​ពី​​បទ​​រារាំង​​វិធាន​សុខាភិបាល​។ ទន្ទឹម​​គ្នា​​នេះ សមត្ថកិច្ច​ក៏​​ស្វែង​​រក​​ចាប់​​ខ្លួន​​ស្ត្រី​កូដករ​ ៤ ​នាក់​​បន្ថែម​ទៀត​ ពាក់​ព័ន្ធ​នឹង​ករណី​ដូចគ្នា​នេះ ដើម្បី​យក​ទៅ​សាក​សួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ អង្គការ​សង្គម​ស៊ីវិល​ ចាត់​ទុក​ការ​ចាប់​ខ្លួន​ក្រុម​កូដករ​ ដោយ​​ប្រើ​ប្រព័ន្ធ​តុលាការ​នេះ ថា​ជា​ការ​គំរាមកំហែង បំបាក់​ស្មារតី​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ឲ្យ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី។

សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ បន្ត​សាកសួរ​កូដករ​ ៣ ​នាក់​ដែល​ជា​បុគ្គលិក​ណាហ្គាវើលដ៍​ ក្នុង​​នោះ​​មាន​​លោក ជួប ចាន់ណាត ​លោក សេង វណ្ណារិទ្ធ និង​លោក​ សៅ សម្បត្តិ​ ដើម្បី​កសាងសំណុំរឿងបញ្ចូនទៅតុលាការ ពាក់​ព័ន្ធ​ករណី​រារាំង​ដល់​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩។ ទន្ទឹម​គ្នា​នេះ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ ក៏​តាម​​ស្វែង​រក​ស្ត្រី​កូដករ​ ៤ ​បន្ថែម​ទៀត ដើម្បី​នាំ​ខ្លួន​ទៅ​សាក​សួរ​ តាម​ដីកា​របស់​តុលាការ​ក្រុង​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ករណី​ដូច​គ្នា​នេះ ក្នុង​នោះ​មាន​ឈ្មោះ កញ្ញា​ អ៊ុក សុភ័ក្រម៉ូលីកា កញ្ញា ម៉េង កាន់នីកា កញ្ញា អេង ស្រីបូ និង​លោក​ស្រី ខេង ចិន្តា។


Naga World on 06_02_2022_02.jpg
 

បុគ្គលិកណាហ្គាវើលដ៍ពីរនាក់ក្នុងចំណោម៤នាក់ ដែលអាជ្ញាធរបន្តរកចាប់ខ្លួននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ កូដករ)



អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញលោក សាន សុខសីហា ប្រាប់​វិទ្យុ​អាស៊ី​សេរី ​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ​ថា​ ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​នេះ គឺ​អនុវត្ត​​តាម​​ដីកា​​បង្គាប់​​ឲ្យ​ចូល​ខ្លួន​របស់​ព្រះរាជ​អាជ្ញា​រង​​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញលោក​ សេង ហៀង ដែល​ចោទ​ពួកគេ​ថា រារាំង​វិធានការ​សុខាភិបាល តាម​មាត្រា​ទី​១១​ នៃ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​តុលាការ​ក្រុង​ភ្នំពេញ បន្ទាប់​ពី​បញ្ចប់​នីតិវិធី​សាកសួរ​៖ «យើង​កំពុង​សួរ​នាំ​នៅ​ក្នុង​ស្នង​ការ​រាជធានី​ភ្នំពេញ ហើយ​បន្ទាប់​ពី​ការ​សួរ​នាំ​ហើយ យើង​នឹង​អនុវត្ត​តាម​នីតិវិធី​ដើម្បី​បញ្ជូន​ ព្រោះ​ទាក់​ទង​នឹង​ករណី​ហ្នឹង​ គឺ​យើង​អនុវត្ត​តាម​ដីកា​របស់​តុលាការ»។

ក្រុម​កម្មករ​ណាហ្គាវើលដ៍​ សោក​ស្ដាយ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រសួង​សុខាភិបាល ដែល​ប្រាប់​ឲ្យ​ពួកគាត់​ទៅ​ផ្ដល់​សំណាក​រក​ជំងឺ​កូវីដ​១៩ នៅ​កោះ​ពេជ្រ ប៉ុន្តែ​បែរ​ជា​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​ខ្លួន​ក្រុម​កូដករ៧​នាក់​ ដោយ​ចោទ​ថា ​ល្មើស​នឹង​វិធាន​សុខាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ទៅវិញ​។

កម្មករ​ណាហ្គាវើលដ៍​ម្នាក់ ​ដែល​ស្ថិត​ក្នុង​ចំណោម​កូដករ​៧​នាក់​នេះ​ កញ្ញា ​អ៊ុក សុភ័ក្រម៉ូលីកា ប្រាប់​វិទ្យុ​អាស៊ី​សេរីនៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈថា ទង្វើ​ទាំង​អស់​នេះ​ គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចេតនា​របស់​តុលាការ អាជ្ញាធរ​និង​ក្រសួង​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ គឺ​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន ដោយ​ប្រើ​គ្រប់​វិធី​ ដើម្បី​បង្ក្រាប​និង​បំបែក​ក្រុម​កូដករ​ឲ្យ​ឈប់​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ការងារ​ដោយ​សន្តិវិធី។ កញ្ញា​បញ្ជាក់​ថា​ នេះ​ជា​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត​ជាមួយ​ថៅកែ​ក្រុមហ៊ុន​បនល្បែង​ណាហ្គា​វើលដ៍​ ​អាជ្ញាធរ ​ក្រសួងសុខាភិបាល ក្រសួង​ការងារ​ និង​តុលាការ​ មិន​គួរ​ដាក់​សម្ពាធ​គ្រប់​រូបភាព​មក​លើ​ក្រុម​កម្មករ​បែប​នេះ​ឡើយ៖ «គោល​បំណង​ចង់​ពន្យារពេល​​ ហើយ​ចង់​ចាប់​ខ្លួន​កូដករ​យើង​ ដែល​មាន​សកម្មភាព​សកម្ម​នៅ​ពេល​យើង​ធ្វើ​កូដកម្ម​ហ្នឹង ព្រោះ​ឃើញ​នឹង​ភ្នែក​ទាំង​អស់​គ្នា​ហើយ។ ខ្ញុំ​សូម​ស្នើ​សុំ​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស់​ ឈប់​ប្រើ​ប្រព័ន្ធ​តុលាការ ឈប់​ប្រើ​រូបភាព​គំរាម​កំហែង​បែប​ហ្នឹង​មក​លើ​ក្រុម​កូដករ ព្រោះ​រឿង​នេះ ជា​រឿង​វិវាទ​ការងារ​ក្រុមហ៊ុន​ណហា្គវើលដ៍។ អត់​មាន​ត្រូវ​យក​ក្រសួង​ការងារ ក្រសួង​សុខាភិបាល​ មក​រារាំង​ក្រុម​កូដករ​ទេ។ គួរ​តែ​រក​វិធី​ដោះស្រាយ​ វិវាទ​ការងារ​កម្មករ​ជាមួយ​នឹង​ក្រុមហ៊ុន​។ ហេតុ​អ្វី​បាន​យក​ក្រសួង​ជា​ច្រើន​មក​ពាក់ព័ន្ធ​នេះ ដោយសារ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មួយ​សោះ​។ ដោះ​អត់​កើត​។ ហ្នឹង​បង្ហាញ​ថា​ វា​អសមត្ថភាព​របស់​ក្រសួង​ការងារ»។

កាល​ពី​យប់​ថ្ងៃ​ទី​៥​ ខែកុម្ភៈ សមត្ថកិច្ច​ស្លៀក​ពាក់​ស៊ីវិល​ជា​ច្រើន​នាក់ បាន​ស្ទាក់​ចាប់​កូដករ​៦​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​៣​នាក់​ ប្រុស​៣​នាក់ ត្រង់​ស្ពាន​កោះ​ពេជ្រ ខណៈ​ពួកគេ​ធ្វើដំណើរ​តាម​រ៉ឺម៉ក​កង់​បី​ជិះ​គ្នា​៤​នាក់​ និង​ម៉ូត​១​គ្រឿង​ជិះ​គ្នា​២​នាក់ ​ចេញ​ពី​កន្លែង​ធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ​១៩ វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ប៉ុន្តែសមត្ថកិច្ច​ បានដោះ​លែង​​កូដករជាស្ត្រី៣នាក់វិញនៅយប់ដដែលនោះ។

Naga World 3 of 6 arrested on 05_02_2022.jpg
 

បុគ្គលិកណាហ្គាវើលដ៍ ៣ នាក់ដែលអាជ្ញាធរកំពុងឃុំខ្លួនរួមមាន (ឆ្វេង) លោក ជួប ចាន់ណាត លោក សេង វណ្ណារិទ្ធ និងលោក សៅ សម្បត្តិ។ (រូប៖ កូដករផ្តល់ឱ្យ)

កម្មករ​ឲ្យ​ដឹង​ថា​ ក្រុម​គ្រូពេទ្យ​បាន​បិទ​ភ្លើង​នៅ​ទីតាំងធ្វើ​សំណាក ដោយ​យក​ហេតុ​ផល​ថា ​ចប់​ម៉ោង​ធ្វើ​ការ។ លុះ​ដល់​ម៉ោង​ជិត​១០​យប់​ ទើប​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​ចេញ​ពី​ទីតាំង​នោះ ត្រឡប់​ទៅ​ផ្ទះ ដោយ​មាន​ក្រុម​សមត្ថកិច្ច​ស្លៀក​ពាក់​ធម្មតា​បន្ត​តាម​ដាន​ក្រុម​កូដករ។

ទាក់​ទង​នឹង​រឿង​នេះ ប្រធាន​សមាគម​អាដហុកលោក នី សុខា មាន​ប្រសាសន៍​ថា ករណី​ចាប់​ខ្លួន​កូដករ ដោយ​យក​ហេតុ​ផល​ទាក់​ទង​នឹង​ជំងឺ​កូវីដ​១៩​នេះ ​គឺជា​រូប​ភាព​ថ្មី​មួយ​ទៀត ដោយ​អាជ្ញាធរ​និង​តុលាការ ចង់​បំបាក់​ស្មារតី​ក្រុម​កូដករ​ណា​ហ្គាវើលដ៍ កុំ​ឲ្យ​បន្ត​ការ​ទាមទារ​រក​ដំណោះស្រាយ​ការងារ​ទៀត។

លោក​បន្ត​ថា ការ​ប្រើ​ចំណាត់​ការ​បែប​នេះ ​មិន​មែន​ជា​មធ្យោបាយ​ដោះស្រាយ​បញ្ចប់​បញ្ហា​ទេ ផ្ទុយ​ទៅ​វិញ​ វា​រឹត​តែ​បង្ក​​ឲ្យ​មាន​ភាព​ឈឺ​ចាប់ និង​រឿង​អយុត្តិធម៌​កាន់​តែ​ច្រើន​ឡើង ​ចំពោះ​ពួកគាត់​ទៅ​វិញ។ លោក​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមហ៊ុន ងាក​មក​ចូល​តុ​ចរចា​ដោះស្រាយ​វិវាទ​ការងារ​មួយ​នេះ​ដោយ​ភាព​ស្មោះត្រង់ និង​តាម​ច្បាប់៖ «រឿង​នេះ រដ្ឋាភិបាល​គួរ​តែ​ងាក​ទៅ​រក​ការ​ដោះស្រាយ​ដោយ​ធ្វើ​ការ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បញ្ឈប់​ការ​ចាប់​ខ្លួន​ត​ទៅ​ទៀត។ កុំ​យក​បញ្ហា​កូវីដ​ហ្នឹង​ទៅ​ដាក់​បន្ទុក​លើ​កូដករ​ទាំង​អស់​ហ្នឹង​ ត​ទៅ​ទៀត។ យើង​ដោះលែង​ហើយ ឈាន​ទៅ​រក​ដំណោះស្រាយ​មួយ​ដោយ​ឈរ​លើ​ច្បាប់​ យក​ច្បាប់​ការងារ​ជា​ធំ ដើម្បី​ដោះស្រាយ​។ អាហ្នឹង​ជា​រឿង​មួយ​ដែល​ល្អ​សម្រាប់​ភាគី​ទាំង​សង​ខាង»។

គិត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ចាប់​ខ្លួន​កូដករ៣​នាក់​ និង​ស្វែង​រក​កូដករ​៤​នាក់​បន្ថែម​ទៀត​ តាម​ដីកា​តុលាការ​ក្រុង​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ការ​មិន​គោរព​វិធាន​សុខាភិបាល​ប្រឆាំង​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​តំណាង​សហជីព​៨​នាក់​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​៣៨​ថ្ងៃ​ ក្រោម​បទ​ចោទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ ជុំវិញ​សកម្មភាព​ធ្វើ​កូដកម្ម​នៅ​ក្បែរ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

បើ​ទោះ​បីជា​មាន​ការ​ចាប់​ខ្លួន​កូដករ​យ៉ាងណា​ក៏​ដោយ កូដករ​ណាហ្គាវើលដ៍​ប្រមាណ​២​រយ​នាក់​បន្ត​ទៅ​ផ្ដល់​សំណាក​រក​ជំងឺ​កូវីដ​១៩ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ បន្ទាប់ពី​កម្មករ​ជាង​​៥​រយ​នាក់​ធ្វើ​តេស្ត​រួច​ កាល​ពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ​ ដោយអាជ្ញាធរអះអាងថា ​រក​ឃើញ​មនុស្ស​៤​នាក់ វិជ្ជមាន​។ កម្មករ​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​មិន​បាន​ចាត់​វិធានការ​សុខាភិបាល​តាម​ក្រសួង​សុខាភិបាល ដោយ​យក​កូដករ​៤​នាក់​នោះ​ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ ដោយ​ឲ្យ​ពួកគាត់​សួរ​រឿង​នេះ​ពី​អាជ្ញាធរ​វិញ។

Naga World on 06_02_2022 with Covid.jpg
 

បុគ្គលិកណាហ្គាវើលដ៍ដែលវិជ្ជមានកូវីដ១៩ ត្រូវបានបញ្ជូនទៅព្យាបាលនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ កូដករផ្តល់ឱ្យ)

 

កម្មករ​បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​ពួកគាត់​ទាំងអស់​សម្រាក​នៅ​ផ្ទះ រយៈពេល​៣​ថ្ងៃ ​រង់​ចាំ​លទ្ធផល​ម្ដង​ទៀត​ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ និង​បន្ត​សម្រាក​​១​​សប្ដាហ៍​​ទៀត ករណី​​មិន​​មាន​​ផ្ទុក​​ជំងឺ​កូវីដ​១៩​។ កម្មករណាហ្គាវើលដ៍​ចាត់​ទុក​ការ​ដាក់វិធានសុខាភិបាល​​រឹត​បន្តឹង​ខុស​ពីទីតាំង​​ធ្វើ​សំណាក​ផ្សេង​ទៀត គឺ​អាជ្ញាធរ​​មិន​​ចង់​ឲ្យ​ពួកគាត់​ដែល​គ្មាន​ជំងឺ​កូវីដ១ ជួប​ជុំ​គ្នា​ធ្វើ​កូដកម្ម​បន្ត​ទៀត។

ក្រុម​កម្មករ​ណាហ្គាវើលដ៍​ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​កូដករទាំងអស់​ និង​តំណាង​សហជីព​៨​នាក់​ ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​ឲ្យ​ពួកគាត់​វិល​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន ដោយ​មាន​ក្រសួង​ការងារ​ជា​អ្នក​សម្រប​សម្រួល។

ស្រប​គ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ដែល​ធ្វើ​សកម្មភាព​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស សិទ្ធិ​ស្រ្តី និង​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​​នៅ​​ប្រទេស​កម្ពុជា​ចំនួន​១៣៤​ស្ថាប័ន គ្រោងនឹង​ជួបជុំ​គ្នា​នៅ​មុខ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ដើម្បី​ដាក់​លិខិត​ចំហ​ជូន​ ស្ថាប័ន​សភាជាតិ និង​ក្រសួង​ពាក់ព័ន្ធ ក្នុង​គោលបំណង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់ និង​ទម្លាក់​ចោល​នូវ​ការ​ចោទប្រកាន់​ដោយ​ឥត​លក្ខខណ្ឌ​នូវ​ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព​ទាំង​៨រូប​ដែល​តុលាការ​កំពុង​ឃុំខ្លួន៕

No comments: