Monday, 7 February 2022

អ្នក​វិភាគ​ថា លោក ហ៊ុន សែន បោក​ប្រាស់​ពលរដ្ឋ​រឿង​ជួយ​អតីត​យុទ្ធជន​


ដោយ មាន ឫទ្ធិ
2022-02-07
អ្នក​វិភាគ​ថា លោក ហ៊ុន សែន បោក​ប្រាស់​ពលរដ្ឋ​រឿង​ជួយ​អតីត​យុទ្ធជន​ 

លោក ហ៊ុន សែន ក្នុង​ពេល​ចូលរួម​កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ និងលោក គឹម សុខ អ្នកវិភាគនយោបាយ។
រូប៖ ហ្វេសប៊ុក SMP

 

អ្នក​វិភាគ​នយោបាយ និង​សង្គម ដែល​ហ៊ាន​និយាយ​រិះគន់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ឥត​សំចៃ​មាត់​អះអាងថា លោក ហ៊ុន សែន កំពុង​បោកប្រាស់​ប្រជា​ពលរដ្ឋ ឲ្យជឿថា​ លោក​មាន​ចិត្ត​គិតគូរ​រឿង​ជួយ​អតីត​យុទ្ធជន តាមរយៈការ​ប្រកាស​​យក​ប្រាក់​ដែល​បាន​ពីការ​លក់​សៀវភៅ និង​ប្រាក់​រង្វាន់​ពី​អង្គការ​សាសនា​កូរ៉េទៅ​បន្ត​សាងសង់​លំនៅដ្ឋាន​ជូន​អតីត​យុទ្ធជន។

លោ​ក គឹម សុខ ​ចាត់ទុក​សារ​បែប​នោះ ថា​ជាការ​យល់​សប្តិ​ទាំង​កណ្តាល​ថ្ងៃត្រង់ និង​ជា​សារ​ប្រជាភិថុតិ​តែ​ប៉ុណ្ណោះ ព្រោះ​លោក ហ៊ុន សែន កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ជិត​៤០ ឆ្នាំ (៣៧ឆ្នាំ) មក​ហើយ ហេតុអ្វី​ទើប​តែ​នឹក​ឃើញ​សរសេរ​សៀវភៅ​លក់ និង​យក​ប្រាក់​បាន​ពី​រង្វាន់​បន្តិចបន្តួច​ ទៅ​ជួយ​អតីត​យុទ្ធជន ដែល​ខ្វះការ​យក​ចិត្តទុកដាក់​ពី​រដ្ឋាភិបាល​នេះ យូរយារ​ណាស់​មក​ហើយ៖ «យុទ្ធជន​ពិការ​ ក្រីក្រ​លំបាក​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទទួល​ខុសត្រូវ​ហ្នឹង​មាន​ច្រើន​ណាស់​ ហើយ​អាជ្ញាធរ​លោក ហ៊ុន សែន ហ្នឹង​ធ្វើ​អាជីវកម្ម​លើ​យុទ្ធជន​ទាំងអស់​នោះ​ទៅ​ទៀត​ ដូចជា​គាត់​បើក​ប្រាក់​អាហារ​សង្គមកិច្ច​របស់​ពួកគាត់​ជាដើម​ហ្នឹង​ គេកិបកេង​ពីរបបហ្នឹង​ ដោយ​អំពើ​ពុករលួយ​ស្រស់ៗ នៅ​នឹង​ភ្នែក​។ រឿងនេះ​យុទ្ធជន​ដឹង​ច្បាស់​ណាស់»។



ប្រតិកម្ម​របស់​លោក គឹម សុខ ធ្វើឡើង​តប​ទៅ​នឹង​សារ​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​កាល​ពី​ថ្ងៃទី៤ ខែកុម្ភៈ ដែល​លោក ហ៊ុន​ សែន ថាលុយ​បានពី​ការ​លក់​សៀវភៅ​រឿង «គូរព្រេង​មិន​ព្រាត់» ប្រមាណ​៧​ពាន់​ដុល្លារ និង​ ១លាន​ដុល្លារទៀត​ពី​រង្វាន់​អង្គការ​សាសនា​កូរ៉េ​ឈ្មោះ ស៊ុនហាក់ នឹង​ត្រូវ​យក​ទៅ​បន្ត​សាងសង់​លំនៅដ្ឋាន​ជូន​អតីត​យុទ្ធជន។

លោក គឹម សុខ ថា​សារ​របស់​លោក ហ៊ុន សែន គឺ​ផ្ទុយ​ទៅ​នឹង​ការពិត​ជាក់ស្តែង​ ដែល​លោក​ថា រដ្ឋាភិបាល​ចំណាយ​លុយ​ឥតប្រយោជន៍​រាប់​លាន​ដុល្លារ​ ដើម្បី​សាងសង់​ស្តូប​អនុស្សាវរីយ៍​ទាហាន​វៀតណាម​ ដែល​ពលរដ្ឋខ្មែរ​ជាច្រើន​មិន​ពេញ​ចិត្ត។ លោកថា​ បើ​រដ្ឋាភិបាល​យក​លុយ​នោះ​មក​ជួយ​យុទ្ធជន គឺ​បាន​ផល​ច្រើន​ជាង​យក​ទៅ​ចំណាយ​សង់ស្តូប​វៀតណាម​ទាំង​នោះ។ ម្យ៉ាងទៀត​លោក​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្តល់​ដី​សម្បទាន​រាប់សិប​ម៉ឺន​ហិកតា​នៅ​ទូទាំង​ប្រទេស​ ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ធ្វើ​អាជីវកម្ម ដែល​ដី​នោះ គួរ​ផ្តល់ទៅ​គ្រួសារ​យុទ្ធជន ដើម្បី​អាស្រ័យផល ធ្វើ​ស្រែ​ចម្ការ​ដោះ​ស្រាយ​ជីវភាព​របស់​ពួកគាត់​។ មិន​តែ​ប៉ុណ្ណោះ ​លោក​ថា ចម្ការកៅស៊ូ​ធំៗ​ជាច្រើន​នៅ​កម្ពុជា​ ជា​របស់​វៀតណាម​ ដោយ​មានថៅកែ អ្នកបច្ចេកទេស និង​សូម្បី​តែ​កម្មករ​ ក៏ជា​ជនជាតិ​វៀតណាម​ទៅ​ទៀត។ លោកចោទ​ជា​សំណួរ​ទៀតថា ហេតុអ្វី​មិន​ផ្តល់​ឱកាស​ឲ្យ​យុទ្ធជន​ក្រីក្រ ក្នុង​ការ​បាន​ទទួល​ផល​ពី​អាជីវកម្ម​ទាំង​នេះ​ផង?

ជុំវិញ​ពានរង្វាន់​សន្តិភាព​នោះ គឺលោក ហ៊ុន សែន ទទួល​បាន​ពី​អង្គការ​សាសនា​កូរ៉េ​មួយ​ដែល​បង្កើត​ឡើង​​ដោយ​​ប្តីប្រពន្ធកូរ៉េ​ពីរនាក់។ អង្គការ​សាសនា​នេះ ជាអង្គការ​រកប្រាក់​ចំណេញ​ពី​អ្នក​ចូល​ជា​សមាជិក។​ ប្រធាន​អង្គការ​នេះ ធ្លាប់​ជាប់​គុក​ជិត​១​ឆ្នាំ​នៅ​អាមេរិក ដោយ​សារ​លួចបន្លំពន្ធ ​និង​រួមគំនិត​ប្រព្រឹត្តបឧក្រិដ្ឋ៕

1 comment:

Anonymous said...

Love story of a Khmer hero:

https://www.youtube.com/watch?v=ZFK5q-J0cUU