ដោយ មាន ឫទ្ធិ
2022-02-07
មេដឹកនាំរដ្ឋប្រហារយោធាភូមាលោក មីន អ៊ុងលាំង (Min Aung Hlaing) និងលោក ហ៊ុន សែន។
រូប៖ RFA
អ្នកឃ្លាំមើលថា របបសឹកភូមាកំពុងលេងល្បែងនយោបាយសងសឹក និងធ្វើឱ្យលោក ហ៊ុន សែន រងភាពអាម៉ាស់នៅលើឆាកអន្តរជាតិវិញ ជុំវិញរឿងសន្យាដោះលែងជនជាតិអូស្ត្រាលី (Australia) ដោយសារតែលោក ហ៊ុន សែន បានផ្លាស់ប្តូរជំហរធ្វើតាមអាស៊ានមិនឱ្យខ្លួនចូលរួមកិច្ចប្រជុំនាពេលខាងមុខ។ ការលើកឡើងនេះ ក្រោយពេលលោក ហ៊ុន សែន បានបញ្ចេញព័ត៌មានមិនពិតពីការដោះលែងនេះ ហើយក្រោយមកទៀតលោកបានប្រកាសកែប្រែវិញដោយអះអាងថាជាការភ័ន្តច្រឡំ។
ភាពអាម៉ាស់ដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២នេះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជានៅបន្តកើតមានជាហូរហែរទៀត។ អស់ពីរឿងរ៉ាវមិនអាចរៀបចំបើកឆាកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបានកាលពីពាក់កណ្តាលខែមករាកន្លងទៅ ដោយត្រូវពន្យាពេលជិតមួយខែ ដោយសារតែលោក ហ៊ុន សែន ជម្នះធ្វើដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសទៅចាប់ដៃមេដឹកនាំរបបសឹកភូមាតែឯកឯងដោយគ្មានពិគ្រោះយោបល់ជាមួយសមាជិកអាស៊ានដទៃទៀត មិនទាន់បានស្រួលបួលផង ឥឡូវនេះ ដល់វេនរឿងមួយទៀត។ នោះគឺរឿងរបបសឹកមិនបានដោះលែងជនជាតិអូស្ត្រាលីម្នាក់ គឺលោក សន ធើនណល (Sean Turnell) ដែលជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់មេដឹកនាំស្របច្បាប់ភូមាអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ដូចតាមការសន្យាជាមួយលោក ហ៊ុន សែន នោះទេ។

លោក មីន អ៊ុងលាំង (Min Aung Hlaing) មេដឹកនាំរដ្ឋប្រហារយោធាភូមាស្វាគមន៍លោក ហ៊ុន សែន ពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសភូមាកាលពីដើមខែមករា ឆ្នាំ២០២២។ (រូប៖ ហ្វេសប៊ុក SMP)
នេះគេនៅមិនទាន់រាប់បញ្ចូលនូវរឿងរ៉ាវដែលលោក ហ៊ុន សែន ធ្វើឱ្យកម្ពុជារងភាពអាម៉ាស់នៅលើឆាកអន្តរជាតិ ដោយត្រូវពលរដ្ឋភូមាដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យបានចេញមុខថ្កោលទោសយ៉ាងចាស់ដៃ ព្រមទាំងរឿងដែលដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោកធ្វើឱ្យសមាគមអាស៊ានបែកបាក់គ្នាផង។
ទំនងជានឹកស្មានថា រឿងដោះលែងនេះជាការពិតដូចតាមការសន្យា លោក ហ៊ុន សែន បានប្រញ៉ាប់ប្រកាសយកបុង កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ថា លោកជាអ្នកនៅពីក្រោយការស្នើសុំឱ្យដោះលែងនេះ ក្នុងពេលដែលលោកបានទៅធ្វើទស្សនកិច្ចនៅប្រទេសភូមា កាលពីដើមខែមករាកន្លងទៅ។ លោក ហ៊ុន សែន អះអាងថា សាស្ត្រាចារ្យអូស្ត្រាលីរូបនេះត្រូវបានដោះលែងហើយកាលពីថ្ងៃទី៦ ខែកុម្ភៈ៖ «ម្សិលមិញមានការដោះលែងសាស្ត្រាចារ្យរបស់អូស្ត្រាលី ហើយពេល...គឺមីន អ៊ុងលាំង សន្យាពិចារណាជាវិជ្ជមាន។ គុណសម្បត្តិ ជាគុណសម្បត្តិរបស់លោក មីន អ៊ុងលាំង ប៉ុន្តែហោចណាស់ក៏ក្នុងឋានៈជាប្រធានអាស៊ានខ្ញុំទៅទីនោះ ខ្ញុំក៏បានដោះលែងអ្នកទោស រាប់ទាំងសាស្ត្រាចារ្យ ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុង សាន ស៊ូជី ដែលរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ស្នើសុំមកខ្ញុំ លើកបញ្ហានេះជាមួយ មីន អ៊ុងលាំង»។
លោក ហ៊ុន សែន ចាប់ដៃលាមេដឹកនាំរដ្ឋប្រហារយោធាភូមាលោក មីន អ៊ុងលាំង (Min Aung Hlaing)។
ក៏ប៉ុន្តែ ព័ត៌មាននេះមិនត្រូវបានអ្នកនាំពាក្យរបបសឹកភូមាទុកមុខឱ្យលោក ហ៊ុន សែន ដែលបានថ្លែងក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាផង។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) កាលពីថ្ងៃទី៧ ខែកុម្ភៈ អ្នកនាំពាក្យរបបសឹកភូមាលោក ហ្ស័រ មីន ទុន (Zaw Min Tun) ថា ជនជាតិអូស្ត្រាលីរូបនេះមិនត្រូវបានដោះលែងនោះទេ។ អ្នកនាំពាក្យរូបនោះទទួលស្គាល់ថា លោក ហ៊ុន សែន ពិតជាបានលើកសំណើនេះនៅក្នុងពេលដំណើរទស្សនកិច្ចរបស់លោកជួបជាមួយមេដឹកនាំរបបសឹក លោក មីន អ៊ុងលាំង (Min Aung Hlaing) មែន។ ក៏ប៉ុន្តែ អ្នកនាំពាក្យរូបនេះ បញ្ជាក់ប្រាប់ប្រភពដដែលថា ទាក់ទងនឹងករណីនេះ នាយឧត្តមសេនីយ៍ មីន អ៊ុងលាំង បានឆ្លើយតបថា លោកនឹងពិចារណាលើសំណើនេះនៅពេលបញ្ចប់ដំណើរការក្តីក្តាំតាមផ្លូវច្បាប់របស់ជនជាតិអូស្ត្រាលីរូបនេះ។
មិនយូរប៉ុន្មាន ក្រោយព័ត៌មាននៃការបដិសេធការដោះលែងនេះ ត្រូវបានផ្សព្វផ្សាយពេញសាកលលោកមក ទាំងលោក ហ៊ុន សែន ខ្លួនឯង និងទាំងក្រសួងការបរទេសកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក និងចេញសេចក្តីថ្លែងការណ៍បំភ្លឺថា ជាការផ្តល់ព័ត៌មានខុស។ លោក ហ៊ុន សែន ទទួលស្គាល់ថា តាមពិត ជនជាតិអូស្ត្រាលីរូបនេះនៅមិនទាន់បានដោះលែងនៅឡើយទេ និងថាលោកបានភ័ន្តច្រឡំបណ្តាលមកពីទទួលបានព័ត៌មានខុស។ ក្រសួងការបរទេសកម្ពុជាក៏បានបំភ្លឺស្រដៀងគ្នានឹងលោក ហ៊ុន សែន ក៏ប៉ុន្តែ បញ្ជាក់ថា លោក ហ៊ុន សែន ទទួលបានការធានាពីនាយឧត្តមសេនីយ៍ មីន អ៊ុងលាំង ថា គាត់នឹងពិចារណាករណីនេះឡើងវិញបន្ទាប់ពីដំណើរការតុលាការត្រូវបានបញ្ចប់។
លោក សន ធើនណល (Sean Turnell) ជាសេដ្ឋវិទូជនជាតិអូស្ត្រាលី និងជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់មេដឹកនាំស្របច្បាប់ភូមាអ្នកស្រី អ៊ុង សានស៊ូជី។
ទោះយ៉ាងណា អ្នកឃ្លាំមើលមិនជឿថា នេះគឺជាទទួលបានព័ត៌មានខុសនោះទេ តែគឺជាការលេងល្បែងនយោបាយពីសំណាក់របបសឹកភូមា។ អ្នកជំនាញច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិ កញ្ញា សេង ធារី យល់ថា ករណីនេះគឺជាការសងសឹករបស់របបសឹកភូមាឆ្លើយតបទៅលោក ហ៊ុន សែន វិញ ដែលបានសម្រេចប្តូរជំហរធ្វើតាមអាស៊ានមិនអនុញ្ញាតឱ្យខ្លួនចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលខាងមុខបាន៖ «ជាក់ស្តែងជាល្បែងនយោបាយ ហើយពេលយើងមើលល្បែងនយោបាយគឺយើងមើលពីពេលវេលា។ ពេលវេលាហ្នុង វាដូចជាស៊ីចង្វាក់គ្នា ពិសេសគឺភ្លាមៗពេក។ ការសង្ស័យរបស់យើងខ្ពស់។ នេះគឺជាការសងសឹកពីមេដឹកនាំយោធា អំពីការដាក់សម្ពាធលើពួកគាត់ពីអាស៊ាន ហើយពួកគាត់អត់អាចទាញរបប ហ៊ុន សែន ឱ្យបើកផ្លូវឱ្យគាត់ចូលរួមឱ្យគាត់មានភាពស្របច្បាប់ អ្វីដែលយើងគិតថាចិនក៏អាចចង់បានដែរ»។
លោក សន ធើនណល (Sean Turnell) ជាសេដ្ឋវិទូជនជាតិអូស្ត្រាលី និងជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់មេដឹកនាំស្របច្បាប់ភូមាអ្នកស្រី អ៊ុង សានស៊ូជី។ លោកត្រូវបានរបបសឹកចាប់ឃុំខ្លួនភ្លាមៗក្រោយរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ជនជាតិអូស្ត្រាលីរូបនេះ រងនូវការចោទប្រកាន់ពីបទរំលោភច្បាប់កិច្ចការសម្ងាត់របស់ប្រទេសភូមា ហើយប្រឈមជាប់គុករហូតដល់ទៅ ១៤ ឆ្នាំ ប្រសិនបើរបបសឹករកឃើញថា លោកពិតជាមានកំហុសមែន។ លោកបានបង្ហាញវត្តមាននៅក្នុងតុលាការនៅរដ្ឋធាន ណៃពិដោរ (Naypyidaw) កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ក្នុងពេលដែលលោកត្រូវបានចោទប្រកាន់រួមគ្នាជាមួយអ្នកស្រី អ៊ុង សានស៊ូជី។
លោក សន ធើនណល (Sean Turnell) ជាសេដ្ឋវិទូជនជាតិអូស្ត្រាលី និងជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់មេដឹកនាំស្របច្បាប់ភូមាអ្នកស្រី អ៊ុង សានស៊ូជី។
កន្លងទៅអ្នកជំនាញកិច្ចការអន្តរជាតិបណ្ឌិត អៀ សុផល ធ្លាប់ហៅរឿងរ៉ាវអាម៉ាស់ដែលលោក ហ៊ុន សែន មិនអាចរៀបចំកិច្ចប្រជុំបើកឆាកអាស៊ានបាន ថាគឺជា «កម្មផល» ដែលលោកទទួលបានពីនយោបាយការទូតទៅចាប់ដៃជាមួយរបបសឹកភូមាដែលគ្មានអ្នកណាទទួលស្គាល់ ខណៈរដ្ឋាភិបាលកម្ពុជាខ្លួនឯងក៏ពុំទាន់ទទួលបានការទទួលស្គាល់ពេញមុខពេញមាត់ពីអន្តរជាតិនៅឡើយដែរនោះ។ របបសឹកភូមាមិនបានទុកមុខទុកមាត់ឱ្យលោក ហ៊ុន សែន នោះទេ ប៉ុន្តែថែមទាំងបានផ្គើនដោយមិនបានធ្វើតាមកិច្ចសន្យាបទឈប់បាញ់ឡើយ។ របបនេះបានបើកការវាយប្រហារទៅលើពលរដ្ឋស៊ីវិលនៅតាមរដ្ឋផ្សេងៗក្នុងប្រទេសខ្លួនក្នុងរយៈពេលមិនដល់ប៉ុន្មានម៉ោងផង ក្រោយលោក ហ៊ុន សែន បានវិលត្រលប់ពីភូមាមកកម្ពុជាវិញ៕
No comments:
Post a Comment