ខែ សុណង
2022-02-06
ក្រុមស្ត្រីថ្ងៃសុក្រ ស្លៀកពាក់ឯកសណ្ឋានគ្រូពេទ្យ ក្នុងពេលដើរដាក់ញត្តិនៅមុខស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ សកម្មជនផ្តល់ឱ្យ
នគរបាលប៉ុស្តិ៍បឹងទំពន់ទី២ ខណ្ឌមានជ័យ តម្រូវឲ្យប្រពន្ធរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំ និងជាតំណាងស្ត្រីថ្ងៃសុក្រម្នាក់ គឺលោកស្រី ព្រុំ ចាន់ថា ធ្វើកិច្ចសន្យាឈប់ប្រើប្រាស់ឯកសណ្ឋានគ្រូពេទ្យ ពេលចេញតវ៉ានិងដាក់ញត្តិតាមទូតនានានៅក្នុងទីក្រុងភ្នំពេញ។ លោកស្រី ព្រុំ ចាន់ថា អះអាងថា លោកស្រី យល់ ព្រមឈប់ពាក់ឯកសណ្ឋានដូចគ្រូពេទ្យទៀត ប៉ុន្តែលោកស្រី នៅតែចេញតវ៉ាទាមទារយុត្តិធម៌សម្រាប់ប្តីដដែល។
នគរបាលប៉ុស្តិ៍បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានអនុញ្ញាតឲ្យប្រពន្ធរបស់កម្មជនបក្សប្រឆាំងកំពុងជាប់ឃុំលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា វិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីលោកស្រី បានចូលបំភ្លឺតាមលិខិតកោះហៅ និងយល់ព្រមធ្វើកិច្ចសន្យាឈប់ប្រើប្រាស់ឯកសណ្ឋានគ្រូពេទ្យដើម្បីចេញតវ៉ាតាមទីសាធារណៈ និងដាក់ញត្តិជូនស្ថានទូតនានា។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ លោក ឃុន ឡេង ថ្លែងប្រាប់អាស៊ីសេរីថា ករណីលោកស្រី ព្រុំ ចាន់ថា ពាក់ឯកសណ្ឋានជាគ្រូពេទ្យចេញតវ៉ាតាមទីសាធារណៈបែបនេះ គឺជារឿងមិនត្រឹមត្រូវនោះទេ ព្រោះអាចធ្វើឲ្យសាធារណជន ភ័ន្តច្រឡំ និងប៉ះពាល់ដល់គ្រូពេទ្យដែលមានវិជ្ជាជីវៈត្រឹមត្រូវ។ លោកបញ្ជាក់ថា សមត្ថកិច្ចគ្រាន់តែកោះហៅលោកស្រី មកអប់រំណែនាំ និងឲ្យធ្វើកិច្ចសន្យាឈប់ពាក់ឯកសណ្ឋានពេទ្យតទៅទៀត ប៉ុន្តែសមត្ថកិច្ច មិនបានហាមឃាត់ពួកគាត់មិនឲ្យចេញតវ៉ាឡើយ៖ «ថ្នាក់លើឲ្យខ្ញុំកោះហៅដើម្បីថា គាត់ពាក់ឯកសណ្ឋានពេទ្យនេះ វាខុសនឹងវិជ្ជាជីវៈពេទ្យ ព្រោះគាត់អត់មែនគ្រូពេទ្យអីទេ។ ទី១ កុំឲ្យគាត់ពាក់ព័ន្ធហ្នឹង ឯកសណ្ឋានពេទ្យ ព្រោះខុសវិជ្ជាជីវៈរបស់ពេទ្យ ខុសមាត្រាប៉ុន្មាននោះ។ ដល់ពេលហើយគាត់ចង់តវ៉ាអីតទៅ ពួកខ្ញុំអត់ថាអីទេ។ ទី២ មិនឲ្យពាក់ឯកសណ្ឋានបន្លំធ្វើពេទ្យ ព្រោះពួកគាត់អត់មានវិជ្ជាជីវៈពេទ្យទេ។ ខ្ញុំហៅមកដើម្បីធ្វើកិច្ចសន្យាអប់រំគាត់ឈប់ឲ្យប្រើសម្លៀកបំពាក់របស់ពេទ្យខុសពីវិជ្ជាជីវៈរបស់ពេទ្យ»។
ការកោះហៅទៅបំភ្លឺនេះ គឺបន្ទាប់ពីកាលពីថ្ងៃទី៤ ខែកុម្ភៈ ក្រុមស្ត្រីថ្ងៃសុក្រជិត២០នាក់រួមមានលោកស្រី ព្រុំ ចាន់ថា បាននាំគ្នាពាក់អាវសមានរូបសញ្ញាលេខបូកពណ៌ក្រហមដូចជាអាវគ្រូពេទ្យ ហើយចេញតវ៉ានិងដាក់ញត្តិជូនស្ថានទូតបារាំង និងស្ថានទូតអឺរ៉ុប។ ក្រុមស្ត្រីថ្ងៃសុក្រអះអាងថា ការពាក់អាវបែបនេះ ព្រោះពួកគាត់ ចង់បង្ហាញថា ប្តីពួកគាត់កំពុងធ្លាក់ខ្លួនឈឺធ្ងន់ក្នុងពន្ធនាគារ ហើយទាមទារឲ្យខាងពន្ធនាគារអនុញ្ញាតឲ្យពេទ្យអង្គការនានា ចូលទៅពិនិត្យនិងព្យាបាលនៅក្នុងពន្ធនាគារឡើងវិញ។
តំណាងក្រុមស្ត្រីថ្ងៃសុក្រ លោកស្រី ព្រុំ ចាន់ថា ថ្លែងថា លោកស្រីបានយល់ព្រមធ្វើកិច្ចសន្យាឈប់ពាក់ឯកសណ្ឋានដូចជាគ្រូពេទ្យតទៅទៀត ព្រោះអាជ្ញាធរបាននិយាយស្រួលជាមួយលោកស្រី។ ទោះជាយ៉ាងណា លោកស្រីអះអាងថា ការពាក់ឯកសណ្ឋានដូចគ្រូពេទ្យនោះ គ្រាន់តែជាការសម្តែងមតិដោយសន្តិវិធីដើម្បីស្នើសុំឲ្យស្ថានទូតប្រទេសប្រជាធិបតេយ្យ ជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ឋឲ្យយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ៖ «ខ្ញុំចង់ស្នើសុំឲ្យរដ្ឋាភិបាល បើកឲ្យពេទ្យអង្គការលីកាដូ ចូលក្នុងពន្ធនាគារវិញដើម្បីព្យាបាលអ្នកជាប់ឃុំ ឬឲ្យតុលាការ ទម្លាក់រាល់ការចោទ ឬដោះលែងគាត់ឲ្យនៅក្រៅឃុំដើម្បីឲ្យគាត់មកថែរក្សាសុខភាពនៅខាងក្រៅឃុំវិញ។ ប៉ុន្តែខ្ញុំស្លៀកពាក់ទៅ គាត់ថា ខ្ញុំខុស ប៉ុន្តែអូខេ បើសិនជាខ្ញុំខុស ខ្ញុំទទួលយក។ ចឹងទៅគាត់ហៅខ្ញុំទៅបំភ្លឺ ដោយគាត់និយាយល្អទេ អត់មាននិយាយសម្លុតគំរាមកំហែងអីទាំងអស់។ គាត់និយាយថា ឲ្យខ្ញុំឈប់ស្លៀកពាក់ចឹងទៀតទៅ ព្រោះប៉ះពាល់ដល់ក្រសួងសុខាភិបាល ឬក៏ពេទ្យចឹងណា។ ប៉ុន្តែការស្លៀកពាក់នេះ ខ្ញុំគ្មានបំណងឲ្យប៉ះពាល់ដល់ក្រសួងសុខាភិបាលអីទេ ដោយសារខ្ញុំស្លៀកនេះមិនមែនជាលក្ខណៈពេទ្យទេ។ ខ្ញុំស្លៀកនេះដើម្បីឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ និងស្ថានទូតនានាដើម្បីឲ្យគាត់ដឹងលឺថា ខ្ញុំស្លៀកពាក់នេះ គឺមានទុក្ខលំបាកយ៉ាងខ្លាំង»។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំរូបនេះ អះអាងថា លោកស្រី នឹងនៅតែបន្តតស៊ូមតិដោយអហិង្សាដើម្បីទាមទារយុត្តិធម៌សម្រាប់ប្តីនិងសកម្មជននយោបាយផ្សេងទៀត ដោយមិនខ្លាចការគំរាមកំហែង ឬការបំភិតបំភ័យរបស់អាជ្ញាធរឡើយ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា លើកឡើងថា ការតវ៉ារបស់ក្រុមស្ត្រីថ្ងៃសុក្រ ដោយប្រើប្រាស់ឯកសណ្ឋានជាគ្រួពេទ្យនោះ គឺជាសេរីភាពនៃការសម្តែងមតិ ដើម្បីឲ្យសាធារណជនចាប់អារម្មណ៍ និងចង់ឲ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ជួយដោះស្រាយទុក្ខកង្វល់របស់ពួកគាត់។ លោកមើលឃើញថា ក្រុមស្ត្រីថ្ងៃសុក្រ មិនបានក្លែងបន្លំធ្វើជាគ្រូពេទ្យ ដើម្បីបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។ លោកយល់ថា ការកោះហៅទៅបំភ្លឺនេះ គឺអាជ្ញាធរ មានចេតនាបំភិតបំភ័យ និងចង់បំបិទសិទ្ធិសម្តែងមតិរបស់ពលរដ្ឋ៖ «ដូចការបំភ្លឺរបស់គាត់ចឹងគឺគាត់ធ្វើក្នុងន័យឲ្យខាងអាជ្ញាធរពាក់ព័ន្ធធ្វើកិច្ចអន្តរាគមន៍យ៉ាងណាឲ្យប្តីរបស់គាត់ ត្រូវបានដោះលែងឲ្យមានសេរីភាព ហើយអាចទទួលបានការព្យាបាល។ ចំណែកវិធីសាស្ត្រផ្សេងយើងឃើញហើយថា ជាធម្មតា បើប្រទេសប្រជាធិបតេយ្យផ្សេងៗទៀតនោះ គេមានវិធីសាស្ត្រច្រើនជាងហ្នឹងទៅទៀត ឬអាចថាធ្វើលើសពីពួកគាត់ទៅទៀត។ប៉ុន្តែជាលក្ខណៈនេះ ខ្ញុំគិតថា គ្រាន់តែជាការធ្វើឡើងក្នុងន័យសម្តែងមតិ ដើម្បីឲ្យមានការចាប់អារម្មណ៍ ហើយយកចិត្តទុកដាក់ដើម្បីរកដំណោះស្រាយតែប៉ុណ្ណឹង»។
លោកស្រី ព្រុំ ចាន់ថា តែងតែលេចធ្លោក្នុងការចេញតវ៉ាទាមទារឲ្យអាជ្ញាធរដោះលែង ប្តីរបស់គាត់ និងសកម្មជនបក្សប្រឆាំងផ្សេងទៀតដែលកំពុងជាប់ឃុំដោយមូលហេតុនយោបាយ។ ការតវ៉ាដោយសន្តិវិធីរបស់ក្រុមស្ត្រីថ្ងៃសុក្រនេះ ជារឿយៗតែងប្រឈមការយាយី ការគំរាមកំហែង និងការបំភិតបំភ័យគ្រប់រូបភាពពីសំណាងអាជ្ញាធរនិងកងសន្តិសុខសាលាក្រុងភ្នំពេញ។ កន្លងមក កូនប្រុសរបស់លោកស្រី ព្រុំ ចាន់ថា ឈ្មោះកាក់ សុវណ្ណច្ឆ័យ អាយុ១៦ ឆ្នាំ និងមានជំងឺអូទីហ្ស៊ឹម ដែលតែងតែចេញតវ៉ាជាមួយលោកស្រីនោះ ក៏ត្រូវបានជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូតាមវាយគាត់ដោយដុំឥដ្ឋបណ្តាលឲ្យរបួសក្បាលធ្ងន់ធ្ងរ។
អាជ្ញាធរ មិនបាននាំខ្លួនជនល្មើសណាម្នាក់មកផ្តន្ទាទោសនោះទេ ប៉ុន្តែបែរជាចាប់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដាក់ពន្ធនាគារអស់រយៈពេល៤ខែកន្លះថែមទៀត។
ក្រុមអង្គការជាតិ និងអន្តរជាតិ តែងតែអំពានាវឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា បញ្ឈប់ការយាយីលើក្រុមគ្រួសាររបស់សកម្មជនបក្សរឆាំងជាបន្ទាន់ ព្រោះការស្វែងរកយុត្តិធម៌ដល់អ្នក កំពុងជាប់ឃុំ មិនមែនជាបទល្មើសនោះទេ។ ក្រុមអង្គការជាតិ និងអន្តរជាតិ ក៏ទាមទារ ឲ្យតុលាការនិងរដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់និងប្រគល់សេរីភាពជូនសកម្មជននយោបាយ និងអ្នករិះគន់ផងដែរ ព្រោះអ្នកទាំងនោះ ពុំបានប្រព្រឹត្តខុសច្បាប់ឡើយ៕
1 comment:
Keep fighting for the just cause is the right thing to do.
Post a Comment