Wednesday, 9 February 2022

មន្ត្រីរដ្ឋាភិបាល​សម្តែង​មោទនភាព​​​ដែល​​​អាមេរិក​​​អញ្ជើញ​​​លោក ហ៊ុន សែន ស្រប​ពេល​​​អាមេរិក​​​បន្ត​ដាក់​​​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា


ដោយ មាន ឫទ្ធិ
2022-02-08
មន្ត្រីរដ្ឋាភិបាល​សម្តែង​មោទនភាព​​​ដែល​​​អាមេរិក​​​អញ្ជើញ​​​លោក ហ៊ុន សែន ស្រប​ពេល​​​អាមេរិក​​​បន្ត​ដាក់​​​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា 

លោក ហ៊ុន សែន និងលោក ចូ បៃដិន​ (Joe Biden) ប្រធានាធិបតីអាមេរិក។
រូប៖ AKP


មន្ត្រី​រដ្ឋាភិបាល​កម្ពុជាសម្ដែង​​មោទនភាព​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​សហរដ្ឋអាមេរិក​អញ្ជើញ​ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន-អាមេរិក​ ដែល​អាច​ប្រព្រឹត្ត​ទៅ​នៅ​សេតវិមាន​ប្រធានាធិបតី ​(White House) ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ​(White House)​ នាពេល​ខាង​មុខ​នេះ។ ក៏​ប៉ុន្តែ ក្រុម​​អ្នក​វិភាគ​​យល់​ថា បើកុំតែ​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរវេន​អាស៊ាន ឬ​ដើម្បី​ក្របខ័ណ្ឌ​តំបន់នោះទេ នោះ​សហរដ្ឋអាមេរិក​ក៏នឹង​មិនអញ្ជើញ​មេដឹកនាំ​​ដែល​មាន​​ប្រវត្តិ​រំលោភ​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​រូបនេះ ជា​លក្ខណៈ​ទ្វេភាគី ឬ​ក្នុង​ទំនាក់ទំនង​រដ្ឋ​និង​រដ្ឋ​នោះដែរ ជាពិសេស​ស្របពេល​ដែល​សហរដ្ឋអាមេរិក​កំពុង​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាបន្តបន្ទាប់។​

បើទោះបី​​ជា​​គិត​រហូត​មក​ទល់​ពេលនេះ គេ​នៅមិន​ទាន់​ប្រាកដ​នៅឡើយ​ថា តើ​កិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-អាមេរិក​នេះ អាច​នឹង​ត្រូវ​ធ្វើឡើង​​នៅពេលណា និង​​នៅទីកន្លែង​ណា​​ជាក់លាក់​ក៏ដោយ ក៏មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លៀតឱកាស​ប្រើប្រាស់​លិខិត​ដំបូង​របស់​ប្រធានាធិបតី​អាមេរិក យក​មក​ឃោសនា​សម្ដែង​មោទនភាព​របស់​កម្ពុជា ខណៈ​ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​មកលើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅមិន​បាត់​ចំហាយ​ក្តៅ​នៅឡើយ​ផងនោះ។

មន្ត្រី​កម្ពុជា​ដែល​ធ្លាប់​តែ​ប្រើប្រាស់​វោហាស័ព្ទ​ប្រឆាំង​អាមេរិក និង​ថ្លែងកោត​សរសើរ​មិត្តដែកថែប​ចិន​មិនដាច់​ពីមាត់នោះ ឥឡូវនេះលោក​ប្រកាសថា ការអញ្ជើញ​របស់​អាមេរិក​នេះ​ជា​មោទនភាព​របស់​កម្ពុជា​។


មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជាលោក ផៃ ស៊ីផាន ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ដោយ​អះអាង​ថា នេះ​គឺជា​លើកទីមួយ​ហើយ​ក្នុង​ប្រវត្តិ​សាស្ត្រ​​កម្ពុជា​​ដែល​សហរដ្ឋអាមេរិក​​អញ្ជើញ​មេដឹកនាំ​កម្ពុជា​ឱ្យ​ទៅ​ចូលរួម​ប្រជុំ​ដល់​សេតវិមាន​របស់​ប្រធានាធិបតី​អាមេរិក។ លោកបន្ត​ថា នេះ​គឺជា​មោទនភាព​មួយ​​របស់​​កម្ពុជា៖ «ដូច្នេះនេះជា​លើកទីមួយ​របស់​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ថ្នាក់ដឹកនាំ​កម្ពុជា​តាំងពី​១៩៥៣​មក គឺ​កម្ពុជា​មិនដែល​មាន​ថ្នាក់ដឹកនាំ​របស់​កម្ពុជា​ទៅ​ចូលក្នុង White House ​[សេតវិមាន]​នោះទេ។ នេះ​គឺ​ជា​លើកទីមួយ​ជា​​មោទនភាព​របស់​កម្ពុជា​ដែល​មាន​ថ្នាក់ដឹកនាំ​របស់​កម្ពុជា​​ចូលទៅ​ធ្វើ​កិច្ចការ​​ជា​មួយ​​ប្រធានាធិបតី​​របស់​​សហរដ្ឋអាមេរិក»។

ការអះអាង​របស់​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​រូបនេះ ធ្វើឡើង​នៅរយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​រដ្ឋាភិបាល​បាន​បញ្ចេញ​ខ្លឹមសារ​ទាំងស្រុង​នៃ​លិខិត​ឆ្លើយឆ្លង​រវាង​ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន​ (Joe Biden)​ និង​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើតាម​រដ្ឋាភិបាល​កម្ពុជា លិខិត​របស់​ប្រធានាធិបតី​អាមេរិក​នេះ ធ្វើ​ឡើង​​តាំង​ពី​ពាក់កណ្តាល​ខែមករា គឺក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ជម្នះ​ទៅ​ធ្វើទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​ទៅជួប​មេដឹកនាំ​របបសឹកភូមា។ លិខិតនោះ​ ​បញ្ជាក់​ពីចេតនា​របស់​ប្រធានាធិបតី​អាមេរិក​ក្នុងការ​អញ្ជើញ​ក្រុមមេដឹកនាំ​អាស៊ាន​ទាំងអស់ គឺមិនមែន​តែលោក ហ៊ុន សែន ម្នាក់ឯង​ឡើយ​ឱ្យ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែខាងមុខ​ទៀតនេះ ដោយ​មិនទាន់​កំណត់​កាលបរិច្ឆេទ​នៅឡើយ។

វិទ្យុអាស៊ីសេរី កំពុង​ទាក់ទង​ក្រសួង​ការបរទេស​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ដើម្បី​សុំ​ការបញ្ជាក់បន្ថែម​ពី​ពេលវេលា និង​ទីកន្លែង​ជាក់លាក់​នៃ​កិច្ចប្រជុំ​ពិសេស​នេះ។ ក៏ប៉ុន្តែ នៅពុំ​ទទួលបាន​ការឆ្លើយតប​នៅឡើយ​គិតត្រឹម​ថ្ងៃទី៨ ខែកុម្ភៈ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិលោក ឯម សុវណ្ណារ៉ា យល់ថា ​កម្ពុជា​មិនគួរ​ប្រញ៉ាប់​បង្ហាញ​ពី​មោទនភាព​នោះទេ ពីព្រោះ​នេះ គឺជា​ការអញ្ជើញ​​ទៅ​ចូលរួ​ម​​កិច្ចប្រជុំ​ជាលក្ខណៈ​ពហុភាគី​សម្រាប់​តំបន់​ទាំងមូល មិនមែន​សម្រាប់​កម្ពុជា​តែឯង​នោះទេ៖ «បើ​យើង​និយាយ​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ កម្ពុជា​គឺជា​ប្រធាន​អាស៊ាន ហើយ​សហរដ្ឋអាមេរិក​ចង់បាន​នយោបាយ​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ គឺ​ឥណ្ឌូប៉ាស៊ីហ្វិក។ ដូច្នេះ​ហើយ​ វាគឺជា​តំបន់​មួយ​ដែល​ត្រួតស៊ីគ្នា​រវាង​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក ហើយនឹង​គំនិត​ផ្តួចផ្តើម BRI របស់​ចិន។ ប៉ុន្តែ ប្រសិន​បើ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ខ្ញុំ​គិតថា​ កម្ពុជា​ពុំទាន់អាច​ប្រកូកប្រកាស​ថា ជា​មោទនភាព​សម្រាប់​ក្នុងការ​ដែល​សហរដ្ឋអាមេរិក​អញ្ជើញ​មេដឹកនាំ​កម្ពុជា​ទៅ White House ទេ ក្នុង​លក្ខណៈ​ទ្វេភាគី»។

មោទនភាព​ដែល​មន្ត្រី​កម្ពុជា​លើកឡើងនេះ កើតមាន​ឡើង​ក្នុងពេល​ដែល​សហរដ្ឋអាមេរិក​បាន​បន្ត​ដាក់ទណ្ឌកម្ម​ជាក់លាក់​មកលើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជា​បន្តបន្ទាប់​ស្ទើរតែ​រៀងរាល់​ឆ្នាំ​ចាប់តាំងពី​មាន​ការរម្លាយ​គណបក្ស​សង្គ្រោះជាតិ​មក។ យ៉ាងហោចណាស់ មន្ត្រីនិង​មេឈ្មួញ​កម្ពុជា ចំនួន​៥នាក់ ព្រមទាំង​សមាជិក​សាច់ញាតិ​បង្កើត​នៃ​ក្រុមគ្រួសារ និង​ក្រុមហ៊ុន​របស់​ពួកគេ ត្រូវបាន​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក​ក៏បាន​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​ការរឹតត្បិត​ការលក់​សព្វាវុធ​មក​ឱ្យ​កម្ពុជា​ផងដែរ។ លើស​ពី​នេះ​ទៀត កាល​ពី​ចុងឆ្នាំ​២០២១ សហរដ្ឋអាមេរិក​ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន និង​វិនិយោគិន​ជនជាតិ​អាមេរិកាំង​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​មុននឹង​មក​វិនិយោគ​លើ​វិស័យ​ហានិភ័យ​មួយចំនួន​នៅ​កម្ពុជា ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និង​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​វិស័យ​កម្មន្តសាល និង​ឈើ​ហ៊ុប ជាដើម ព្រោះថា ​វិស័យ​ទាំងនោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស សកម្មភាព​ឧក្រិដ្ឋ ឬ​អំពើ​ពុករលួយ។

ក្នុង​អាណត្តិ​រដ្ឋបាល​លោកប្រធានាធិបតី ចូ បៃឌិន ជាងមួយ​ឆ្នាំមកនេះ មន្ត្រីជាន់ខ្ពស់​បំផុត​ដែល​អាមេរិក​បាន​បញ្ជូន​មក​កម្ពុជា ​គឺមាន​ត្រឹម​អនុរដ្ឋមន្ត្រី​ការបរទេស​​ប៉ុណ្ណោះ ហើយ​សហរដ្ឋអាមេរិក​ក៏មិនដែល​អញ្ជើញ​ប្រមុខ​ការទូតលោក ប្រាក់ សុខុន ឬ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ទៅធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​និង​រដ្ឋ ឬ​ជាលក្ខណៈ​ទ្វេភាគី​នោះដែរ។ ម្តងម្កាល គេឃើញ​លោក ហ៊ុន សែន មាន​វត្តមាន​នៅលើ​ទឹកដី​អាមេរិក តែ​នៅពេល​មាន​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ នៅបូរីញូវយ៉ក ​(New York)​ ប៉ុណ្ណោះ ជាទី​ដែល​មេដឹកនាំ​ពិភពលោកទូទៅ​រួមទាំង​មេដឹកនាំ​ផ្តាច់ការ​ផង​អាច​ទៅចូលរួម​ប្រជុំបាន​ក្នុង​នាម​ជា​តំណាង​របស់​ប្រទេស​ឬដែនដី​របស់​ពួកគេ។

សហរដ្ឋអាមេរិក បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​​ពិសេស​អាស៊ាន-អាមេរិក​​ជាលើកដំបូង នៅឆ្នាំ២០១៦ ក្នុង​​អាណត្តិ​របស់​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ (Barak​ Obama)​ ដែល​​កាល​នោះ លោក ហ៊ុន សែន ក្នុង​នាមជា​មេដឹកនាំ​មួយ​រូប​នៃ​ប្រទេសសមាជិក​អាស៊ាន​ក៏ត្រូវ​បាន​អាមេរិក​អញ្ជើញ​ឱ្យ​មកចូលរួម​កិច្ចប្រជុំ​នេះដែរ។

កិច្ចប្រជុំ​នោះ ធ្វើឡើងនៅ​មជ្ឈមណ្ឌល សាន់នីឡែនស៍ (Sunnylands) នៅ​រដ្ឋកាលីហ្វ័រញ៉ា ​(California)។ កិច្ចប្រជុំ​នោះ​ទៀតសោត​ មិនត្រូវ​បាន​ធ្វើ​នៅ​វិមាន​ប្រធានាធិបតី​​នៅរដ្ឋធានី​វ៉ាស៊ីនតុនឡើយ។ កិច្ចប្រជុំ​ពិសេស​អាស៊ាន-អាមេរិក​នេះ ធ្វើឡើង​ក្រោយពេល​សហរដ្ឋអាមេរិក និង​អាស៊ាន​បាន​សម្រេច​លើក​កម្ពស់​ទំនាក់ទំនង​នេះ​ឱ្យ​ក្លាយទៅជា​ទំនាក់ទំនង​​ភាពជាដៃគូ​យុទ្ធសាស្ត្រ។ កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក​ចុងក្រោយ ដែល​គ្រោង​​ធ្វើនៅទីក្រុង ឡាស វេហ្គាស (Las Vegas) នៃ​រដ្ឋណេវ៉ាដា (Nevada) នៅខែមីនា ឆ្នាំ២០២០ ក្រោម​រដ្ឋបាល​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ​ត្រូវបាន​​លុបចោល​​ទៅវិញ​ដោយ​​សារ​​វិបត្តិ​ជំងឺរាតត្បាត​សាកល​កូវីដ១៩។

អ្នកជំនាញ​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិកញ្ញា សេង ធារី យល់ថា សហរដ្ឋអាមេរិក​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​ជាមួយ​ក្រុមមេដឹកនាំ​អាស៊ាន​នេះឡើង ​គឺក្នុង​គោលដៅ​ដើម្បី​រក្សា​ផលប្រយោជន៍​របស់​អាមេរិក​​ក្នុង​តំបន់​​អាស៊ាន​​ដើម្បី​​ទប់ទល់​ជាមួយនឹង​ឥទ្ធិពលរបស់​ចិន។ កញ្ញា​បន្តថា រដ្ឋាភិបាល​អាមេរិក​អាច​នឹង​ពិចារណា​លុបចោល​កិច្ចប្រជុំ​នេះ ប្រសិនបើ​មាន​ការដាក់​សម្ពាធ​ពីពលរដ្ឋ​អាមេរិកាំង តំណាងរាស្ត្រ​ និង​សង្គមស៊ីវិល​នៅ​អាមេរិក​ជាដើម៖ «វា​ទាក់ទង​ទៅលើ​សម្ពាធ​របស់​ប្រជាជន​អាមេរិក ពិសេស​ខ្មែរ​អាមេរិកាំង អង្គការ​សង្គមស៊ីវិល​ដូច យូមែន រ៉ៃស៍ វ៉ច្ឆ ​(Human Rights Watch) នៅក្នុង​ការដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល ​ចូបៃ ឌិន ឱ្យ​គាត់​យល់ដឹង​ថា គាត់​អាច​អាម៉ាស់​មុខ​នៅក្នុងការ​ចូលរួម នៅក្នុង​ការស្វាគមន៍​លោក ហ៊ុន សែន មក​កិច្ចប្រជុំ​កំពូលនេះ។ រឿងនេះ​វាស៊ីសង​សម្ពាធ​ពី​សង្គម​ស៊ីវិល​ ហើយ​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង ឬ​ពលរដ្ឋអាមេរិកាំង​ទាំងមូល​តែម្តង។ យើង​អត់​ទាន់ដឹង​ទេ»។

ចំណែក​ឯ​អ្នកជំនាញ​កិច្ចការអន្តរជាតិ​មួយរូបទៀត គឺ​បណ្ឌិត អៀ សុផល លោកពន្យល់​ថា សហរដ្ឋអាមេរិក​មាន​ផលប្រយោជន៍​ច្រើន​ពី​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ាន​តាមរយៈ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ។ ក្នុងនោះ សហរដ្ឋអាមេរិក​ចង់ធានាថា ចិន​មិនមាន​ឥទ្ធិពល​ទៅលើ​អាស៊ាន​ទាំងផ្នែក​សេដ្ឋកិច្ច សន្តិសុខ និង​នយោបាយ​នោះទេ។ សហរដ្ឋអាមេរិក​ក៏ចង់បាន​ការធានា​លើបញ្ហា​សេរីភាព​នាវាចរណ៍​ក្នុង​តំបន់​សមុទ្រចិន​ខាងត្បូង បញ្ហា​ប្រយុទ្ធនឹង​ជំងឺកូវីដ១៩ រួមទាំង​ការ​រក្សា​ពាណិជ្ជកម្ម ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​រវាង​តំបន់​អាស៊ាន និង​សហរដ្ឋអាមេរិក​ជាដើម។

បណ្ឌិត អៀ សុផល បញ្ជាក់​ថា ការណ៍​ដែល​សហរដ្ឋអាមេរិក​អញ្ជើញ​មេដឹកនាំ​កម្ពុជា​ក្នុងនាម​ជាប្រធាន​ប្តូរវេន​អាស៊ាន​ឱ្យ​មកចូលរួម​កិច្ចប្រជុំ​ពិសេស​នេះ គឺជារឿងធម្មតា។ ក៏ប៉ុន្តែ​អ្នកជំនាញ​រូបនេះ​ពន្យល់ថា អាមេរិក​នឹង​មិន​អញ្ជើញ​មេដឹកនាំ​កម្ពុជា​មកជា​លក្ខណៈ​ទ្វេភាគី​ដែល​អនុញ្ញាត​ឱ្យលោក ហ៊ុន សែន អាច​ទៅ​ប្រជុំ​ក្នុង​វិមាន​ប្រធានាធិបតី​អាមេរិក​នោះឡើយ។ លោកថា ជាការប្រសើរ​ប្រសិនបើ​សហរដ្ឋអាមេរិក​ជ្រើសរើស​យក​ទីកន្លែង​ប្រជុំ​ផ្សេង​ខុសពីនៅ​សេតវិមាន​របស់​ប្រធានាធិបតី​អាមេរិក៕

No comments: