Monday, 7 February 2022

របប​​សឹក​​ភូមា បដិសេធ​ពីការ​ដោះលែង​សាស្ត្រាចារ្យ​អូស្ត្រាលី ដូច​​ការ​​អះអាង​​របស់​​លោក ហ៊ុន សែន


ដោយ សុជីវី
2022-02-07
របប​​សឹក​​ភូមា បដិសេធ​ពីការ​ដោះលែង​សាស្ត្រាចារ្យ​អូស្ត្រាលី ដូច​​ការ​​អះអាង​​របស់​​លោក ហ៊ុន សែន 

លោក សៀន ធឺរណល ​​(Sean Turnell) ជា​​សេដ្ឋវិទូ​ជនជាតិ​​អូស្ត្រាលី និង​ជា​​អតីត​​ទីប្រឹក្សា​​របស់​​មេដឹកនាំ​ស្របច្បាប់​ភូមា អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ដែល​លោក ហ៊ុន សែន អះអាង​ថា របប​សឹក​ភូមា​បាន​ដោះលែង​កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ប៉ុន្តែត្រូវបាន​អ្នកនាំ​ពាក្យរបប​សឹក​ច្រាន​ចោលវិញ។
រូប៖ Tweetter Sean Turnell

 

របបសឹក​ភូមា បានបដិសេធ​ពីការ​ដោះលែង​សេដ្ឋវិទូ និង​ជាសាស្ត្រាចារ្យ​អូស្ត្រាលី ដូចតាម​ការ​អះអាង​របស់​លោក ហ៊ុន សែន។ ការបដិសេធ​នូវ​ព័ត៌មាន​ពី​ការដោះលែង​អតីត​ទីប្រឹក្សា​របស់​មេដឹកនាំ​ភូមា​ស្របច្បាប់​អ្នកស្រី អ៊ុង សានស៊ូជី នេះ ធ្វើឡើង​ភ្លាមៗ​ក្រោយ​លោក ហ៊ុន សែន ប្រកាសថា លោកជា​អ្នកនៅពីក្រោយ​ការស្នើសុំ​ឱ្យដោះលែង​នេះ ក្នុងពេល​ដែល​លោក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​មីយ៉ាន់ម៉ា ឬភូមា កាលពី​ដើមខែមករា​កន្លងទៅ។

លោក ហ៊ុន សែន អះអាង​ថា សាស្ត្រាចារ្យ​អូស្ត្រាលី​រូបនេះ​ត្រូវបាន​ដោះលែង​កាលពីថ្ងៃទី៦ ខែកុម្ភៈ ម្សិលម៉ិញ៖ «ម្សិលមិញ​មាន​ការ​ដោះលែង​សាស្ត្រាចារ្យ​របស់​អូស្ត្រាលីហើយ... គឺ មីន អ៊ុងលាំង សន្យា​ពិចារណា​ជា​វិជ្ជមាន។​ គុណសម្បត្តិ ជា​គុណ​សម្បត្តិ​របស់​លោក មីន អ៊ុងលាំង ប៉ុន្តែ​ហោចណាស់​ក៏​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ​ខ្ញុំ​ទៅ​ទីនោះ ​ខ្ញុំ​ក៏​បាន​ដោះលែង​អ្នកទោស​ រាប់​ទាំង​សាស្ត្រាចារ្យ​ ដែល​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ របស់​លោកស្រី អ៊ុង សានស៊ូជី ដែល​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ ស្នើ​សុំ​មក​ខ្ញុំ លើក​បញ្ហា​នេះ​ជា​មួយ​ មីន អ៊ុងលាំង»។



ក៏ប៉ុន្តែ ព័ត៌មាន​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​របបសឹក​ភូមា​បដិសេធ​ភ្លាមៗ។ ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) នៅថ្ងៃទី៧ ខែកុម្ភៈ អ្នកនាំពាក្យ​របប​សឹក​ភូមាលោក ហ្ស័រ មីន ទុន​​ (Zaw Min Tun) ​ថា ជនជាតិ​អូស្ត្រាលី​រូបនេះ​មិន​ត្រូវ​បាន​ដោះលែង​នោះទេ។ ក៏ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា លោក ហ៊ុន សែន ពិត​ជា​បាន​លើកសំណើ​នេះ​នៅក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជួបជាមួយ​មេដឹកនាំ​របបសឹក លោក មីន អ៊ុងលាំង​ (Min Aung Hlaing)​ មែន។ អ្នកនាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា ទាក់ទងនឹង​ករណី​នេះ នាយឧត្តមសេនីយ៍ មីន អ៊ុងលាំង បាន​ឆ្លើយតប​ថា លោក​នឹង​ពិចារណា​លើ​សំណើ​នេះ​នៅពេល​បញ្ចប់​ដំណើរការ​ក្តីក្តាំ​តាមផ្លូវ​ច្បាប់​របស់​ជនជាតិ​អូស្ត្រាលី​រូបនេះ។

លោក សៀន ធឺរណល ​​(Sean Turnell) ជា​សេដ្ឋវិទូ​ជនជាតិ​អូស្ត្រាលី និងជា​អតីត​ទីប្រឹក្សា​របស់​មេដឹកនាំ​ស្របច្បាប់​ភូមា អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi)។ លោកត្រូវបាន​របបសឹក​ចាប់ឃុំ​ខ្លួន​ភ្លាមៗ​ក្រោយ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ជនជាតិ​អូស្ត្រាលី​រូបនេះ រងនូវ​ការចោទប្រកាន់​ពី​បទ​រំលោភ​ច្បាប់​កិច្ចការសម្ងាត់​របស់​ប្រទេសភូមា ហើយ​ប្រឈម​ជាប់គុក​រហូតដល់ទៅ ១៤ឆ្នាំ ប្រសិនបើ​របបសឹក​រកឃើញ​ថា​ លោកពិតជា​មាន​កំហុស​មែន។

លោក​បាន​បង្ហាញ​វត្តមាន​នៅក្នុង​តុលាការ​នៅរដ្ឋធាន ណៃពិដោរ កាលពី​ថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ក្នុងពេលដែល​លោក​ត្រូវបាន​ចោទប្រកាន់​រួមគ្នា​ជាមួយ​អ្នកស្រី អ៊ុង សានស៊ូជី៕

No comments: