Wednesday, 9 March 2022

គណបក្ស​​ភ្លើងទៀន ​បន្ត​​រង​​ការ​​គំរាម​​ពី​​អាជ្ញាធរ​​និង​​​ជន​​មិន​​ស្គាល់​​មុខ​​


ដោយ សន ចាន់រដ្ឋា
2022-03-09
ស្លាកសញ្ញាគណបក្សភ្លើងទៀន ស្ថិតនៅភូមិព្រៃប្រកៀប ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ត្រូវបានជនមិនស្គាល់មុខលួចបំផ្លាញដុតបំផ្លាញកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។
 រូប៖ គណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ


គណបក្ស​ភ្លើងទៀន​​បន្ត​​រង​​ការ​​គំរាម​​កំហែង​​​​ពី​​អាជ្ញាធរ​ និង​​ជន​មិន​ស្គាល់​មុខ​​ ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាន់​តែខិត​ជិត​មក​ដល់​។​​ ការធ្វើ​ទុក្ខបុកម្នេញនេះ​ បានកើតឡើងនៅរាជធានីភ្នំពេញ និង​នៅខេត្តចំនួន ៤ ផ្សេងៗទៀត។​ មន្រ្តី​សង្គម​ស៊ីវិល​​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត​ជំរុញ​រដ្ឋាភិបាល​ គួរ​មាន​​វិធានការ​លើ​មន្រ្តី​​មូលដ្ឋាន​ដែល​​បង្ក​ការ​លំបាក​ដល់​គណបក្ស​នយោបាយ​​ ​និង​ស្វែង​រក​ជន​ប្រព្រឹត្តដែល​បំផ្លាញ​ស្លាក​គណបក្សយកមកផ្ដន្ទាទោស​​​។​

ការ​គំរាម​កំហែងលើ​​គណបក្ស​ភ្លើងទៀន​​​​ពេល​នេះ​ បានកើតឡើងនៅ​​រាជធានី​ភ្នំពេញ​ ខេត្ត​កំពង់​ឆ្នាំង​ ​ត្បូងឃ្មុំ​ ព្រះសីហនុ​ និង​ខេត្ត​ប៉ៃលិន​  ក្នុងរូបភាពស្រដៀងៗគ្នា គឺការលួចផ្ដួលស្លាក និងការគំរាមកំហែងបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត​ឃុំសង្កាត់។​

មន្ត្រី​គណបក្សភ្លើងទៀន​ នៅ​សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិសែនជ័យ និង​ជា​បេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន ​ លោកស្រី ប្រណម្យ ចាន់ណារី​ ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​៩​ ខែ​មីនា​​ ថា​​ក្រុម​ការងារ​លោក​ស្រី​ បាន​ទៅ​លើក​ស្លាក​គណបក្ស​នៅ​ទី​តាំង​សាធារណៈតាមបណ្ដោយប្រឡាយ ជិត​ស្លាក​គណបក្ស​ប្រជាជន​​កម្ពុជា​ និង​ជិត​របង​ផ្ទះ​​​​​របស់​ពលរដ្ឋក្នុងមូលដ្ឋាននេះ ​កាលពី​ថ្ងៃទី​៦​ ខែ​មីនា​​ ​​ ប៉ុន្តែ​មួយ​ថ្ងៃ​ក្រោយ​មក​​ ស្រាប់​តែ​មាន​ជន​មិន​ស្គាល់​មុខ​បានលួចលើក​ស្លាក​គណបក្ស​​ភ្លើងទៀន​​ចេញ​បាត់។​ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​មាន​ករណី​នេះ​អាជ្ញាធរ​មូលដ្ឋាន​ ប្រាប់លោកស្រី​ថា​ ម្ចាស់​ដី​ក្បែរ​នោះ​មិន​ពេញ​ចិត្ត​នឹងការ​លើក​ស្លាក​​​គណបក្ស​ភ្លើងទៀន​ ប៉ុន្តែ​អាជ្ញាធរ​មិន​ដឹង​ថា​ អ្នកណា​ជាអ្នក​ដក​ស្លាក​គណបក្សភ្លើងទៀនចេញ​ទេ​។​ លោកស្រី ប្រណម្យ ចាន់ណារី​ យល់ថា​ ​នេះ​ការ​ការ​រារាំង​ និង​គំរាមកំហែង នៃ​ការធ្វើ​​សកម្មភាព​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន​។​ ទោះ​យ៉ាងណា​ សកម្មជន​គណបក្ស​ភ្លើងទៀន​រូប​នេះ ប្រាប់​ថា ​ក្រុម​ការងារ​មិនចង់​មាន​​ជម្លោះវែងឆ្ងាយនោះទេ ហើយ​​ថា ​ពេល​នេះ​ក្រុម​ការងារលោកស្រី ​បាន​រក​ទី​តាំង​ថ្មី​​​នៅ​ជិត​ទីតាំងចាស់​ដើម្បី​​លើក​ស្លាកគណបក្ស​​​​៖ «គេ​ប្រាប់​ថា​ ម្ចាស់​ដី​អត់​ពេញ​​ចិត្ត​​អ៊ីចឹង តាម​ពិត​ទៅ​យើង​​​អត់​ពេញ​ចិត្ត​ទេ​ ព្រោះ​អី​ដោយ​សារ​ករណី​ហ្នឹង​យើង​ដាក់​ត្រូវ​អស់​ហើយ​ (ដាក់​ស្លាក)​ ​​​ព្រោះ​អី​យើង​ដាក់​ឃ្លាត​ពី​របង​ជិត​ពីរ​ម៉ែត្រ​ ហើយ​ផ្លូវ​ហ្នឹង​សាធារណៈ​ទេ​»។


ករណី​ដូច​គ្នា​​នេះដែរ​ ក៏​បាន​កើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​ដែរ​ ដោយ​ជន​មិន​ស្គាល់​មុខ​បាន​លួច​ផ្ដួល​ស្លាក​គណបក្ស​ភ្លើងទៀន​ចំនួន​ពីរកន្លែងផ្សេងគ្នា ស្ថិត​​​​នៅ​​ភូមិ​២ និង​ភូមិ​៣​ សង្កាត់​លេខ​១ ​ក្រុង​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​​ទី​៦ ​​និង​ថ្ងៃ​ទី​៧ ​ខែ​មីនា​។​ ចំណែកនៅខេត្តត្បូងឃ្មុំ ​ ​ក៏​មាន​​​ជនមាន​ឥទ្ធិពល​នៅ​ដ្ឋាន​​ក្នុង​ខេត្តនេះបាន​ទៅគំរាមកំហែង​​បេក្ខជន​​ឈរឈ្មោះរបស់​គណបក្ស​ភ្លើងទៀន​ពីរ​នាក់​​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោតតទៅទៀត។​

មន្រ្តី​គណបក្ស​ភ្លើងទៀន​នៅឃុំ​វាលម្លូ​ លោក​ ហែម​ ហង់​​ ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា​ មាន​បុរស​​ម្នាក់​ជិះ​ឡាន​ទៅ​ដឹក​បេក្ខជន​របស់គណបក្ស​លោក​ក្នុង​ឃុំ​នេះ​​ឲ្យ​លាលែង​ចេញ​​​ពី​​បេក្ខជន​​ក្រុមប្រឹក្សា​​ឃុំ។ លោក​បន្ត​ទៀត​ថា​ មក​ដល់​ពេលនេះ​ក្នុងចំណោម​បេក្ខជន​ពីរ​​នាក់​ដែល​រង​ការ​គំរាម​កំហែង​នោះ​ មានម្នាក់​បាន​យល់​​​ព្រម​​មិន​ឈរ​​ឈ្មោះ​ឲ្យ​គណបក្ស​លោក​ទៀត​ទេ​ ចំណែក​​បេក្ខជន​ម្នាក់​ទៀត​ កំពុង​ស្ថិតក្នុងការសម្របសម្រួល៖ «មូលហេតុ​ខ្ញុំ​​​មិន​ដឹង​ដែរ​ ថ្ងៃ​នេះ​ឃើញ​​ឡាន​គេ​ដឹក​មក​យក​គេ​មក​ដល់កន្លែង​ (គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់​)​ តែ​ម្ដង​។​ ខ្ញុំ​កំពុង​សម្របសម្រួល​ផង​ ហើយ​រក​បេក្ខជន​ថ្មីៗ​ជា​បណ្ដើរៗ​»។ 

ស្រដៀង​គ្នា​នេះ​ដែរ​​ ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន​​ខេត្ត​កំពង់ឆ្នាំង​ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ដែរថា ​​អាជ្ញាធរ​​ឃុំ​ឆ្នុកទ្រូ​ ស្រុក​​បរិបូរណ៌​​ ក៏មានករណី ​ធ្វើ​ទុក្ខបុកម្នេញ​​ដល់​បេក្ខជន​​ឈរ​ឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន​​ដែរ។​ រីឯ​ប្រធាន​ក្រុម​ការងារ​ បណ្ដោះអាសន្ន​គណបក្ស​ភ្លើងទៀន​ ខេត្តប៉ៃលិន លោក ខឹម មុនីកុសល​ បាន​ដាក់​ពាក្យ​ ប្តឹង​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់​ នៅ​ឃុំ​ស្ទឹង​កាច់ ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ប៉ៃលិន។​ លោក​ ខឹម មុនីកុសល ឲ្យ​ដឹង​ថា​ ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ប៉ៃលិន​ នឹង​ដោះស្រាយ​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី​១២​​ ខែ​មីនា​​ខាង​មុខ​។​ ​លោក​ឲ្យ​​ដឹង​ទៀត​ថា​ មូលហេតុ​នៃ​ការ​ប្ដឹង​នេះ​ព្រោះ​​​ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោតឃុំ​សង្កាត់​ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ការ​​ដាក់​បេក្ខជន​ឈរឈ្មោះ​នៃគណបក្សរបស់លោក ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​ ហើយនេះក៏​ជា​ការ​រើស​អើងផ្នែក​​នយោបាយផងដែរ​៖ «​គ្រាន់​តែ​ទឹក​ប៊ិច​សរសេរ​ខុស​គ្នា​ ​(គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​) ​គាត់មិន​យក​គាត់​ឲ្យ​យើង​សរសេរ​ឡើង​វិញ​​ទេ ហើយ​ចំណុច​មួយ​ទៀត​​ទាក់ទង​អាសយដ្ឋាន​របស់​គណបក្ស​អី​ហ្នឹង​ នៅ​ក្នុង​ទម្រង់​លិខិត​​​​១០០៨​គេ​​បាន​និយាយ​ច្បាស់​ហើយ​​មិនមាន​ទាមទារ​ការ​បញ្ជាក់​លិខិត​អី​បន្ថែម​​ទេ​គ្រាន់​តែ​សរសេរ​អាសយដ្ឋាន​នៅ​លើ​ទម្រង់​១០០៨​តែ​ប៉ុណ្ណឹង​ ​ហើយ​គាត់​នៅតែ​ទាមទារ​ម្ដង​ជា​ពីរ​ដង​ដដែល»។

ជុំវិញ​បញ្ហា​នេះ ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត ​(គ.ជ.ប)​ លោក​ ហង្ស​ ពុទ្ធា​ និង​អ្នក​​​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ​ សុភ័គ​ បាន​ទេ​​នៅ​ថ្ងៃ​ទី​៩ ​ខែ​មីនា​។​ ​ទោះ​យ៉ាងណា​ ការគំរាម​កំហែង​លើ​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន​ពេលនេះ​​ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុញ្ញាត​ឲ្យ​គ្រប់​គណបក្ស​ចុះឈ្មោះ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី និង​គ្មាន​ការ​រំខាន។​

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​និចហ្វិច​ (Nicfec) ​លោក​ សំ​ គន្ធាមី​​ ​យល់​ថា​ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​គួរ​មាន​វិធានការ​លើ​មន្ត្រី​នា​នាដែល​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​​របស់​នាយករដ្ឋមន្ត្រី​។​ លោក​ក៏​​​សង្កេត​ឃើញ​ គណបក្ស​ភ្លើងទៀន​ ​កំពុង​រង​នូវ​ការ​ធ្វើ​ទុក្ខម្នេញ​​ច្រើន​ជាង​គណបក្ស​នានា​​ដែល​​ចូលរួម​ការបោះឆ្នោត​ខាងមុខ។ ទោះ​យ៉ាងណា​​​លោក​យល់​ថា​ ការ​គំរាម​កំហែង​​លើ​បេក្ខជន​​​​នេះ​​ គឺ​​គណបក្ស​អាច​ដោះស្រាយ​បាន​ព្រោះ​ការ​ដាក់​បេក្ខជន​​របស់​គ្រប់​គណបក្ស​តែង​មាន​បេក្ខជន​ឈរ​ឈ្មោះ​ និង​បេក្ខជន​បម្រុង​។​ មន្រ្តី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត​រូប​នេះ​​ក៏​ស្នើ​ទៅ​អាជ្ញាធរឱ្យដោះស្រាយករណី ​ ​មន្រ្តី​គណបក្ស​ភ្លើងទៀន​ដែល​បាន​ព្យាយាម​រក​ដំណោះស្រាយ​ជាមួយ​អាជ្ញាធរ​ និង​ភាគី​ពាក់ព័ន្ធ​​ លើ​បញ្ហា​នេះ​៖ «យើង​​ចង់​ឃើញ​គាត់​ (លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន)​​អនុវត្ត​ច្បាប់​គ្រាន់​តែ​និយាយ​ណែនាំ​​ ប៉ុន្តែ​អត់​ចាត់ការ​ផង​ដល់​ទាល់តែ​ចាត់​វិធានការ​បាន​ការ​ណែនាំ​​នោះ​មាន​ប្រសិទ្ធភាព»។

ការ​គំរាម​កំហែង​​នេះ​ ស្រប​ពេល​គណបក្ស​ភ្លើងទៀន ​បាន​ដាក់​បេក្ខជន​ជាងមួយពាន់ប្រាំមួយរយ (១.៦០០) ឃុំ​សង្កាត់​ក្នុង​ចំណោម​ឃុំសង្កាត់ មួយពាន់ប្រាំមួយរយហាសិបពីរ (១.៦៥២) ទូទាំង​ប្រទេស​។​​ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​  ​ មិន​ទាន់​មានសញ្ញាណ​ណា​មួយ​បង្ហាញ​ថា គណបក្ស​នេះនឹង​ចូលរួម​ក្នុង​​ការបោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​ខាង​មុខ​នៅ​ឡើយ​ទេ៕

1 comment:

Anonymous said...

Something to think about:

Yuon's goal is denying Khmer people from having a national hero or a good leader. So, they said something bad to discredit Khmer leader. Without a leader, there will be NO solidarity.
We have to remember that nobody will drop from the sky to lead Khmer people. Therefore, we have to accept the least evil or the one who is the most popular as Khmer leader.
For example, in the case of Sam Rainsy, some stupid people always said he ran out of Cambodia to escape prison time. But when Sam Rainsy wanted to go back to Cambodia to challenge his accuser Hun Sen, he never allowed to get back. Instead of insulting Hun Sen who was a coward, they labeled Sam Rainsy as a coward.
Khmer people must stop playing Yuon's game by stop attacking the good leader, otherwise, they will be stuck with Ah Yuon's slave Hun Sen.