ដោយ មាន ឫទ្ធិ
2022-03-15
(ឆ្វេង) លោក ប្រេដ អាដាមស៍ (Brad Adams) នាយកទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស និងលោក ហ៊ុយ ពិសិដ្ឋ អតីតមេបញ្ជាការរងកងអង្គរក្ស និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ។
រូប៖ ហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ដែលជាសាក្សីសំខាន់មួយរូបនៅតុលាការបារាំងក្នុងសំណុំរឿងគប់គ្រាប់លើក្រុមបាតុករដឹកនាំដោយលោក សម រង្ស៊ី កាលពី២៥ឆ្នាំមុន ទម្លាយប្រាប់ វិទ្យុអាស៊ីសេរីថា អតីតរដ្ឋមន្ត្រីយុត្តិធម៌មកពីកូតាគណបក្សប្រជាជនកម្ពុជា ធ្លាប់បានប្រាប់លោកដោយផ្ទាល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកនៅពីក្រោយផែនការបញ្ជាឱ្យគប់គ្រាប់បែកសម្លាប់ក្រុមបាតុករកាលពីពេលនោះ។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិដដែលអះអាងថា អតីតរដ្ឋមន្ត្រីយុត្តិធម៌រូបនោះ បានខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងលោក ហ៊ុន សែន ដែលបានបង្កើតព្រឹត្តិការណ៍នេះឡើង។
សូមអញ្ជើញលោកអ្នកនាងចុចស្ដាប់ភាគទី២ នៃបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ ជាមួយនាយកទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រេដ អាដាមស៍ (Brad Adams) ជុំវិញរឿងរ៉ាវនៃព្រឹត្តិការណ៍គប់គ្រាប់បែកលើក្រុមបាតុករដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧៖
លោក មាន ឫទ្ធិ៖ ក្នុងនាមជាសាក្សីផ្ទាល់ភ្នែកមួយរូបដែលបានឃើញព្រឹត្តិការណ៍នោះ សូមលោកជួយរៀបរាប់ត្រួសៗ បន្តិចពីភាពមិនប្រក្រតីមួយចំនួនដែលលោកសង្កេតឃើញនៅពេលនោះ?
លោក ប្រេដ អាដាមស៍៖ កាលពីព្រឹកនោះ មានមនុស្សប្រមាណជាពីរទៅបីរយនាក់ ដែលបានចូលរួមធ្វើបាតុកម្មនោះ។ លោក សម រង្ស៊ី កាលនោះ បានរៀបចំបាតុកម្មជាបន្តបន្ទាប់។ ភាគច្រើននៃសំណើធ្វើបាតុកម្មរបស់លោក អាជ្ញាធរតែងតែបដិសេធ។ ក៏ប៉ុន្តែ នៅថ្ងៃនោះ បាតុកម្មដែលលោកស្នើឡើង ត្រូវបានអនុញ្ញាតឱ្យធ្វើពីក្រសួងមហាផ្ទៃ។ វាជារឿងគួរឱ្យភ្ញាក់ផ្អើលដែរ។ ពេលព្រឹកនោះ ខ្ញុំកំពុងនៅផ្ទះ ស្រាប់តែខ្ញុំបានទទួលទូរស័ព្ទមកប្រាប់ថា មានការបោកគ្រាប់បែកនៅមុខអគាររដ្ឋសភាជាតិ ហើយគេបានប្រាប់ខ្ញុំឱ្យប្រញាប់ទៅទីនោះ។ ខ្ញុំក៏បានធ្វើដំណើរទៅដល់ទីនោះប្រមាណជា ១០នាទី ក្រោយមក។
នៅពេលដែលខ្ញុំទៅដល់ទីនោះ ខ្ញុំឃើញមានសាកសពមនុស្សដេកស្ដូកស្ដឹងនៅលើបរិវេណសួនច្បារមុខអគាររដ្ឋសភា។ វាគឺជារឿងរ៉ាវដ៏គួរឱ្យស្លុតរអើមបំផុតដែលខ្ញុំមិនដែលធ្លាប់បានឃើញក្នុងមួយជីវិតរបស់ខ្ញុំ បើទោះបីជាក្នុងនាមជាអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ខ្ញុំធ្លាប់បានឃើញរឿងរ៉ាវខ្លោចផ្សារជាច្រើនក៏ដោយ។
ខ្ញុំបានឃើញថ្លុកឈាមស្ទើរតែគ្រប់ទីកន្លែង ហើយមនុស្សម្នានាំគ្នាស្រែកដង្ហើយរកជំនួយសង្គ្រោះបន្ទាន់ដើម្បីដឹកអ្នករងរបួសទាំងនោះទៅមន្ទីរពេទ្យ។ ប៉ុន្តែ អ្វីដែលខ្ញុំបានឃើញ ហើយក៏មិនខុសពីអ្វីដែលមនុស្សភាគច្រើនបានឃើញដែរ គឺថា កងកម្លាំងសន្តិសុខបានតម្រូវឱ្យមនុស្សចេញឱ្យឆ្ងាយពីអ្នករងរបួស ដោយថែមទាំងគំរាមពួកគេទៀតផង។ ពេលនោះ ខ្ញុំបានស្រែកប្រាប់ទៅពួកប៉ូលិសទាំងនោះ ឱ្យប្រញាប់ដឹកមនុស្សទៅមន្ទីរពេទ្យ ដូចជាថា ក្នុងនាមយើងជាមនុស្សដូចគ្នា ត្រូវជួយអ្នករងគ្រោះដែលកំពុងតែត្រដរខ្យល់ស្លាប់។ យើងគួរតែធ្វើអ្វីមួយ។ ក៏ប៉ុន្តែ ពួកគេជាប៉ូលិសទាំងនាំគ្នាឈរទ្រឹងធ្វើដូចជាអត់មានរឿងអីកើតឡើងនៅទីនោះអ៊ីចឹង។
ពួកប៉ូលិសខ្លះ ឈររេរានៅទីនោះធ្វើមិនដឹង។ រីឯ ប៉ូលិសខ្លះទៀត បែរជាទៅរារាំងអ្នកដទៃមិនឱ្យចូលទៅជួយជនរងគ្រោះទៀតផង។ ពេលនោះហើយដែលខ្ញុំចាប់ផ្ដើមគិតថា ទំនងជាអាជ្ញាធរអាចជាប់ពាក់ព័ន្ធក្នុងរឿងបោកគ្រាប់បែកនេះហើយ។ ហេតុអ្វីបានជាពួកគេរារាំងកុំឱ្យមនុស្សចូលទៅជួយសង្គ្រោះជនរងគ្រោះដូច្នេះ?
យើងក៏ទទួលបានដំណឹងមកភ្លាមៗដែរថា នៅរវាងសួនច្បារ និងតំបន់ហាមប្រាមនៃផ្ទះរបស់មន្ត្រីបក្សប្រជាជនកម្ពុជា មានវត្តមួយនៅខាងក្រោយសួនច្បារនោះ មានផ្ទះលោក ហ៊ុន សែន ផ្ទះលោក ហេង សំរិន និងផ្ទះរបស់មេៗ គណបក្សប្រជាជនកម្ពុជាជាច្រើនទៀតនៅទីនោះដែរ។ យើងដឹងថា កងពលតូចលេខ៧០ របស់កងអង្គរក្សលោក ហ៊ុន សែន ត្រូវបានគេដាក់ពង្រាយនៅខាងក្រោយសួនច្បារនោះ កាលពីពេលនោះ។ នេះគឺជាលើកទីមួយហើយដែលកងអង្គរក្សរបស់លោក ហ៊ុន សែន មានវត្តមាននៅក្នុងពេលមានបាតុកម្មយ៉ាងដូច្នេះ។ គ្មានហេតុផលអ្វីទាល់តែសោះដែលពួកគេត្រូវតែបង្ហាញខ្លួននៅទីនោះ នៅថ្ងៃនោះ។ លើកលែងតែថា មនុស្សដែលជាអ្នកគប់គ្រាប់បែក ហើយបានរត់សំដៅទៅរកក្រុមកងអង្គរក្សទាំងនោះ ដើម្បីឱ្យពួកគេបើកផ្លូវឱ្យខ្លួនអាចឆ្លងកាត់តំបន់ខ្សែត្រៀមចាំការពារទាំងនោះ ហើយអាចរត់គេចខ្លួនបាន។ មនុស្សដែលព្យាយាមរត់ដេញតាមអ្នកគប់គ្រាប់បែកទាំងនោះ ត្រូវបានកងអង្គរក្សទាំងនោះបញ្ជាឱ្យឈប់រត់តាម។ ទាហានទាំងនោះថែមទាំងបានភ្ជង់កាំភ្លើងដាក់ពួកគេទៀតផង ដោយបាននិយាយថា បើពួកគេនៅតែហ៊ានរត់ដេញតាមទៀត នោះគេនឹងបាញ់អ្នកទាំងនោះ។ ដូច្នេះ ពួកទាហានទាំងនោះកំពុងតែការពារជនដែលគប់គ្រាប់បែកនោះ។ ទាំងអស់នេះ គឺជាអ្វីដែលយើងបានដឹងឮនៅថ្ងៃទី៣០ ខែមីនា។
ក៏ប៉ុន្តែ ការស៊ើបអង្កេតរបស់យើងបន្តបន្ទាប់មកទៀត រកឃើញថា នរណាគឺជាអ្នកទទួលខុសត្រូវក្នុងសំណុំរឿងនេះ។ គឺថា មានមន្ត្រីយោធាស័ក្តិ៤ម្នាក់ដែលទទួលខុសត្រូវលើក្រុមកងអង្គរក្សដែលមានវត្តមាននៅទីតាំងនោះ។ មន្ត្រីយោធារូបនោះ ក្រោយមកត្រូវបានភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់អាមេរិក សាកសួរ។ ដំបូងឡើយ មន្ត្រីស័ក្តិ៤ រូបនោះបានបដិសេធថា លោកមិនបានមានវត្តមាននៅទីនោះទេ។ ក្នុងពេលជាមួយគ្នានោះដែរ លោកក៏បានគំរាមកំហែងអ្នកដែលបានសួរនាំលោក កុំឱ្យពួកគេនៅតែជជីកសួរនាំលោកតទៅទៀត។ ប៉ុន្តែ នៅទីបំផុតទៅ មន្ត្រីយោធាសក្តិ៤រូបនោះបានសារភាពថា លោកត្រូវបានគេបញ្ជូនឱ្យទៅមើលការខុសត្រូវនៅទីនោះដោយមន្ត្រីជាន់ខ្ពស់នៅក្រសួងការពារជាតិ។ ការណ៍នេះហើយដែលឈានទៅពាក់ព័ន្ធដល់លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាមនុស្សដែលបានចេញបញ្ជាឱ្យកងអង្គរក្សទៅឈរជើងនៅទីតាំងនោះ។
លោក មាន ឫទ្ធិ៖ លោកក៏បានបញ្ជាក់នៅតុលាការបារាំងដែរថា អតីតរដ្ឋមន្ត្រីយុត្តិធម៌កាលពីពេលនោះ គឺលោក ចែម ស្ងួន បានបញ្ជាក់ប្រាប់លោកដោយផ្ទាល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកនៅពីក្រោយអំពើវាយប្រហារដោយគ្រាប់បែកនេះ។ សូមលោកជួយប្រាប់បន្តិចមើលអំពីការណ៍ដែលលោកបានជួបជាមួយរដ្ឋមន្ត្រីយុត្តិធម៌រូបនោះ និងថា តើអ្វីខ្លះទៅដែលលោកបានពិភាក្សាជាមួយនឹងលោក ចែម ស្ងួន កាលពីពេលនោះបាទ?
លោក ប្រេដ អាដាមស៍៖ បាទ! ប្រាកដណាស់។ ខ្ញុំបានជួបជាមួយលោក ចែម ស្ងួន នៅខែកក្កដា ឆ្នាំ១៩៩៧ ក្រោយអំពើរដ្ឋប្រហារ។ ពេលនោះ ខ្ញុំបានមកធ្វើការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៥ឆ្នាំហើយ។ ខ្ញុំបានស្គាល់រដ្ឋមន្ត្រីរូបនោះ ដោយសារតែខ្ញុំទទួលបន្ទុកជាជំនួយការផ្នែកច្បាប់ សម្រាប់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហើយយើងបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលផ្នែកច្បាប់ ដែលហៅថា កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលយុត្តិធម៌។ យើងមានក្រុមមេធាវី និងចៅក្រមជាច្រើនរូបដែលមានបទពិសោធន៍មកពីតុលាការនៅទូទាំងប្រទេស ព្យាយាមបណ្ដុះបណ្ដាលចៅក្រមពីរបៀបរបបធ្វើការងាររបស់ពួកគេ ពីព្រោះថា ចៅក្រមជាច្រើនពុំបានធ្លាប់ឆ្លងកាត់វគ្គសិក្សាអប់រំត្រឹមត្រូវផ្នែកច្បាប់នោះទេ។ លោក ចែម ស្ងួន គឺជាអ្នកគាំទ្រឱ្យមានកម្មវិធីនេះឡើង។ ខ្ញុំបានទៅជួបជម្រាបលោក និងអរគុណលោកដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងជម្រាបលោកអំពីបច្ចុប្បន្នភាពនៃការងាររបស់អង្គការសហប្រជាជាតិ លើវិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា។ ខ្ញុំក៏បានចាប់ផ្តើមស្គាល់គាត់នៅរយៈពេលចុងក្រោយនោះ ក្រោយពីបានជួបលោកជាច្រើនលើកមក។
យើងបានចាប់ផ្ដើមនិយាយពីរឿងរដ្ឋប្រហារ និងព្រឹត្តិការណ៍បោកគ្រាប់បែក។ លោក ចែម ស្ងួន បានខឹងសម្បារនឹងលោក ហ៊ុន សែន ខ្លាំងមែនទែនដែលបានដឹកនាំធ្វើរដ្ឋប្រហារនោះឡើង។ នេះហើយជាអ្វីដែលយើងចាប់ផ្ដើមជជែកគ្នានៅក្នុងការសន្ទនារបស់យើង។ លោក ចែម ស្ងួន បាននិយាយប្រាប់ខ្ញុំថា មនុស្សជាច្រើនក្នុងជួរផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា រួមទាំងលោកផង បានប្រាប់លោក ហ៊ុន សែន កុំឱ្យធ្វើរដ្ឋប្រហារ ព្រោះថាកម្ពុជាទើបតែមានអ៊ុនតាក់ ទើបតែមានការបោះឆ្នោតតាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ កម្ពុជាទើបតែចាប់ផ្ដើមទទួលបានការទទួលស្គាល់ស្របច្បាប់ឡើងវិញពីអន្តរជាតិ និងកម្ពុជាកំពុងបោះជំហានក្នុងផ្លូវមួយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យតាមរបៀបមួយ។ ដូច្នេះ លោក ចែម ស្ងួន និយាយថា គ្មានហេតុផលអ្វីដែលចាំបាច់ត្រូវតែធ្វើដូច្នេះទេ។
លោក ចែម ស្ងួន ក៏បានបញ្ចេញឈ្មោះរដ្ឋមន្ត្រីដទៃទៀត មានដូចជា លោក ស ខេង លោក ទៀ បាញ់ និងមន្ត្រីយោធាជាន់ខ្ពស់ដទៃទៀត ដែលបានយល់ស្របជាមួយលោក ហើយបាននិយាយប្រាប់ទៅលោក ហ៊ុន សែន កុំឱ្យធ្វើរដ្ឋប្រហារ។ លោក ចែម ស្ងួន ខឹងមែនទែននៅពេលនោះ ពីព្រោះថានៅពេលនោះ គ្រាន់តែប៉ុន្មានសប្ដាហ៍ក្រោយអំពើរដ្ឋប្រហារនោះភ្លាម ពិភពលោកទាំងមូលបានថ្កោលទោសប្រទេសកម្ពុជាយ៉ាងសម្បើមមែនទែន។ មានការដាក់ទណ្ឌកម្មជាច្រើន។ លោក ចែម ស្ងួន ក៏ចោទសួរថា តើកម្ពុជាអាចនឹងត្រូវដាក់ឱ្យនៅឯកាជាថ្មីម្តងទៀតឬក៏យ៉ាងណានោះ។ លោកឆ្អែតចិត្តមិនចង់ឃើញកម្ពុជាត្រលប់ទៅរកសម័យកាលមុនអ៊ុនតាក់វិញនោះទេ នៅពេលដែលប្រទេសកម្ពុជា ត្រូវបានគេដាក់ឱ្យនៅឯកា និងមិនត្រូវបានក្រុមប្រទេសលោកខាងលិច និងពិភពលោករាប់រកទាំងខាងសេដ្ឋកិច្ច នយោបាយ និងការទូត។ ដូច្នេះ គឺថា លោក ចែម ស្ងួន ខឹងខ្លាំងមែនទែន ហើយគាត់បាននិយាយចេញមកច្បាស់ៗ តែម្ដង។ ក៏ប៉ុន្តែ លោកស្នើខ្ញុំកុំឱ្យប្រាប់ឱ្យអ្នកដទៃដឹង ដែលខ្ញុំបានធ្វើតាម។ ខ្ញុំបានទម្លាយរឿងនេះ តែនៅពេលដែលគាត់បានស្លាប់ទៅហើយទេ។
បន្ទាប់មក លោក ចែម ស្ងួន បាននិយាយដល់អំពើវាយប្រហារដោយគ្រាប់បែក។ ខ្ញុំបានសួរនាំគាត់អំពីរឿងនោះ ហើយលោកបាននិយាយថា លោកក៏បានខឹងសម្បារនឹងលោក ហ៊ុន សែន ដែរដែលបានបញ្ជាឱ្យធ្វើយ៉ាងដូច្នេះ។ វាពិតជាមិនចាំបាច់ទាល់តែសោះដែលត្រូវធ្វើដូច្នេះ។ លោក ចែម ស្ងួន ក៏មិនចូលចិត្តលោក សម រង្ស៊ី ដែរ។ លោកបាននិយាយយ៉ាងច្បាស់ពីរឿងនេះ។ លោក ក៏មិនចូលចិត្តព្រះអង្គម្ចាស់ រណឫទ្ធិ ដែរ។
ខ្ញុំច្បាស់ណាស់ថា លោក ចែម ស្ងួន គិតថា ការបោកគ្រាប់បែកនេះ គឺខុស ទាំងផ្នែកសីលធម៌ និងផ្លូវច្បាប់ ហើយលោកក៏គិតថា វាមិនមែនជារឿងរ៉ាវឆ្លាតវៃទាល់តែសោះក្នុងការធ្វើដូច្នេះ ហើយវានឹងរឹតតែធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានឈ្មោះកាន់តែអាក្រក់ខ្លាំងឡើង។ គាត់បានប្រាប់ខ្ញុំថា លោក ហ៊ុន សែន ជាអ្នកចេញបញ្ជាឱ្យធ្វើដូច្នេះ។ លោក ចែម ស្ងួន ថា លោកពិតជាសោកស្ដាយមែនទែន។ ខ្ញុំគិតថា លោក ចែម ស្ងួន ប្រហែលជាមិនយល់ទាស់ទេ ប្រសិនបើគេបញ្ជាឱ្យចាប់ខ្លួនលោក សម រង្ស៊ី កាលពីពេលនោះ ជុំវិញរឿងរ៉ាវដូចជាថាលោក សម រង្ស៊ី បានដឹកនាំរៀបចំបាតុកម្មដោយខុសច្បាប់ ជាដើម។ លោក ចែម ស្ងួន មិនមែនជាមនុស្សសេរីនិយមអីនោះទេ។ ប៉ុន្តែលោករាងសេរីជាងបើប្រៀបធៀបនឹងលោក ហ៊ុន សែន។ លោកគ្រាន់តែជាមេដឹកនាំ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មួយរូបរបស់គណបក្សមួយ ដែលមិនជឿលើលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំបានសួរគាត់ថា តើគាត់ដឹងថា លោក ហ៊ុន សែន នៅពីក្រោយការបញ្ជាឱ្យគប់គ្រាប់បែកនោះដោយរបៀបណា។ ក៏ប៉ុន្តែ លោកមិនបានប្រាប់ខ្ញុំទេ៕
2 comments:
That filthy Hun Sen has alot of blood on his hands. The puppet must be sent to hell. Him and the evil Yuon must face reckoning. Any means necessary. Declare autonomy and take back every inch of Khmer land.
One of Ah Chker Chkuot Hun Sen's strengths: NO hesitation to Khmer people and destroy Cambodia to satisfy his master Yuon.
Post a Comment