ដោយ សុជីវី
2022-03-06
គណបក្សភ្លើងទៀននៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានលើកស្លាកដំបូង កាលពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០២១។
រូប៖ គណបក្សភ្លើងទៀនខេត្តកណ្តាល
នៅថ្ងៃបិទបញ្ចប់ការចុះឈ្មោះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនានេះ គណបក្សភ្លើងទៀន បានដាក់បេក្ខជនជាង ១,៦០០ ឃុំសង្កាត់នៅ២៥ ខេត្តក្រុង ក្នុងចំណោមឃុំសង្កាត់ ១,៦៥២ ដែលចំនួននេះគឺនៅក្រោមតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ។
ប្រធានស្តីទីគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្រ ទី៦ ខែមីនា នេះថា ការណ៍ដែលគណបក្សភ្លើងទៀន អាចដាក់បេក្ខជនបាននៅគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស ក្នុងរយៈពេលដ៏ខ្លីបែបនេះ គឺលោកអះអាងថា ដោយសារប្រជាពលរដ្ឋគាំទ្រគណបក្សភ្លើងទៀនយ៉ាងសស្រាក់សស្រាំ និងពេញចិត្តចូលរួមបន្តសកម្មភាពនយោបាយជាមួយគណបក្សនេះ ដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងពិតប្រាកដមួយនៅកម្ពុជា។ លោកបន្ថែមថា ភាពអំណោយផលមួយទៀត គឺគណបក្សភ្លើងទៀន មានរចនាសម្ព័ន្ធមូលដ្ឋានស្រាប់ ព្រមទាំងមានបេក្ខជនពីគណបក្សនយោបាយផ្សេងៗ រួមទាំងពីគណបក្សប្រជាជនកម្ពុជាផង មកចូលរួមឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ឲ្យគណបក្សភ្លើងទៀន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គិតមកត្រឹមម៉ោង៥:៣០ នាទីល្ងាចថ្ងៃទី៦ ខែមីនា គណបក្សនយោបាយ ដែលបានដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅអាណត្តិនេះមានចំនួន ១៧ គណបក្ស ក្នុងចំណោម ៤៥ គណបក្ស។
ក្នុងចំណោមនោះ មានតែ៤គណបក្សប៉ុណ្ណោះ ដែលមានបេក្ខជនឈរឈ្មោះនៅគ្រប់ ២៥ ខេត្តក្រុង។ ក្នុង ៤ គណបក្សនោះ មានគណបក្សតែ ២ប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលដាក់បេក្ខជនបាន គ្រប់ ១០០% និងគណបក្សភ្លើងទៀន បានដាក់បេក្ខជនជិតគ្រប់ ១០០% នៅខ្វះពីរបីឃុំនៅតំបន់ដាច់ស្រយាលខ្លាំង ដូចជា នៅខេត្តរតនៈគិរី និងមណ្ឌលគិរី។ គណបក្សដែលដាក់បេក្ខជនបានច្រើនបន្ទាប់ពីគណបក្សភ្លើងទៀន គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។
ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕
No comments:
Post a Comment