2022-03-02
ក្រសួងមហាផ្ទៃ បានប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិចេញពីបញ្ជីគណបក្សនយោបាយ។ នៅក្នុងប្រកាសកាលពីថ្ងៃទី២ ខែមីនា ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ក្រសួងនេះអះអាងថា ការលុបឈ្មោះគណបក្សបេះដូងជាតិ គឺធ្វើឡើងតាមបទបញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ។
មុននឹងឈានដល់ការលុបឈ្មោះនេះ ក្រសួងមហាផ្ទៃកាលពីខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចបដិសេធការសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយសម្អាងថា«មានការផ្ដិតមេដៃជំនួស ក្លែងបន្លំអត្តសញ្ញាណបុគ្គល ការផ្ដិតមេដៃធ្វើឲ្យខូចគុណភាពដើម្បីបង្កើនចំនួនអ្នកគាំទ្រ និងលក្ខន្តិកៈគណបក្សផ្ទុយនឹងច្បាប់ស្ដីពីគណបក្សនយោបាយ» ជាដើម។ ប៉ុន្តែស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក ថាការសម្រេចរបស់ក្រសួងមហាផ្ទៃនៅពេលនោះ មិនបានឈរលើអង្គហេតុ និងអង្គច្បាប់។ ក្រោយមក ដោយមិនសុខចិត្ត លោកបានដាក់ពាក្យប្តឹងទៅតុលាការកំពូលដែរ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១។ លោកប្រាប់វិទ្យុអាស៊ីសេរីកាលពីពេលនោះ ថាបើតុលាការពិនិត្យពិចារណាតាមអង្គហេតុ និងអង្គច្បាប់ លោកមានសង្ឃឹមជានិច្ច។ ប៉ុន្តែបើតុលាការពិនិត្យពិចារណាតាមឥទ្ធិពលនយោបាយ លោកមានសង្ឃឹមតិចតួចណាស់។
កាលលោកដាក់ពាក្យប្តឹងក្រសួងមហាផ្ទៃទៅតុលាការកំពូលនេះ លោកក៏រងការគំរាមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ថាបើក្រសួងប្តឹងបកវិញ នោះលោក សៀម ភ្លុក នឹងជាប់គុក។ តុលាការកំពូល កាលពីខែធ្នូ ឆ្នាំ២០២១ បានសម្រេចតាមក្រសួងមហាផ្ទៃ ដោយបដិសេធពាក្យបណ្តឹងរបស់គណបក្សបេះដូងជាតិ។ សេចក្តីសម្រេចនោះបិទផ្លូវតវ៉ា។
គណបក្សបេះដូងជាតិ ជាគណបក្សមួយក្នុងចំណោមគណបក្សនយោបាយទាំង៧ ដែលកើតចេញពីមន្ត្រីគណបក្សសង្គ្រោះជាតិ។ ទោះជាលុបឈ្មោះគណបក្សបេះដូងជាតិ ក្រសួងមហាផ្ទៃបានបង្ហាញបញ្ជីគណបក្សនយោបាយជាផ្លូវការនៅក្រសួងមហាផ្ទៃ គិតត្រឹមចុងខែមករា ឆ្នាំ២០២២ ថាមានចំនួន ៤៥ គណបក្សឯណោះ៕
No comments:
Post a Comment