Wednesday, 9 March 2022

មន្ត្រី​ការទូត​អាល្លឺម៉ង់​អំពាវនាវ​ឲ្យ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គាវើលដ៍ ខណៈ​លោក ស ខេង ចេញ​​មុខ​​ដោះ​​ស្រាយ


ដោយ ខែ សុណង
2022-03-08
លោក គ្រីស្ទៀន បារហ្គើរិ៍ (Christian Barger) ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា។
 រូប៖ German Embassy Cambodia


ស្រប​ពេល​​គ្នា​​នឹង​​លោក​​ឧបនាយករដ្ឋមន្ត្រី ស ខេង ចេញ​មុខ​ដោះស្រាយ​ជម្លោះ​រវាង​កម្មករ​ និង​ថៅកែ​ក្រុមហ៊ុន​​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) នេះ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជាលោក គ្រីស្ទៀន បារហ្គើរិ៍ (Christian Barger) បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ គួរ​វិល​មក​តុចរចា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​នៅ​ក្រុមហ៊ុន​បនល្បែង​មួយ​នេះ។

ការ​អំពាវនាវ​របស់​លោក គ្រីស្ទៀន បាហ្គើរិ៍ ធ្វើឡើង​ចំ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​​អន្តរជាតិ​៨​មីនា។ លោកឯកអគ្គរដ្ឋទូត បាន​ថ្លែងនៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ ដែល​បាន​ចុះផ្សាយ​នៅ​លើ​បណ្ដាញសង្គម​ហ្វេសប៊ុក​ (Facebook) ស្ថានទូត​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៨ ខែមីនា ដោយ​ជំរុញ​ឲ្យភាគី​ពាក់ព័ន្ធ​ទាំង​ចូល​រួម ដោះស្រាយ​ជម្លោះ​នេះ​ដោយ​សន្តិវិធី។

លោកបន្ថែម​ថា បើ​សិន​ជា​ភាគី​ពាក់ព័ន្ធ​នៅ​តែ​បែ​ខ្នង​ដាក់​គ្នា​នោះ ជម្លោះ​នេះ នឹង​មិន​អាច​បញ្ចប់​បាន​ទេ។

លោកឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ បន្ត​នៅក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​ថា ការចរចា​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន​នោះ លុះត្រាតែមាន​ការ​ចូលរួម​ពី​តំណាង​របស់​ក្រុម​កម្មករ​ដែរ ដើម្បី​ឈាន​ទៅ​ដល់​ការ​ស្រុះស្រួល​គ្នាដោយ​សន្តិវិធី និងសុច្ចរឹតភាព ដែល​ជា​ប្រយោជន៍​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។



លោក​រំលឹក​ទៀត​ថា៖ «ថ្ងៃនេះ ជាទិវា​សិទ្ធិនារីអន្តរជាតិ ខ្ញុំសូមបង្ហាញពីសាមគ្គីភាពរបស់យើង​ជាមួយ​ស្ត្រី​គ្រប់រូប​នៅក្នុង​ប្រទេស​កម្ពុជា និងនៅ​លើ​ពិភពលោក។សមភាព​យេនឌ័រ​នៅ​តែជារបៀបវារៈ ឬជា​ចំណុចដ៏សំខាន់ដែល​ត្រូវសម្រេចឱ្យបាន​នៅក្នុងប្រទេស​​របស់​ខ្ញុំ ក៏ដូចជានៅក្នុង​ប្រទេសកម្ពុជា។ ដោយសារកូដករណាហ្គាវើលដ៍ (Naga world) ​ភាគច្រើន​គឺ​ជា​ស្ត្រីនោះ សូមអនុញ្ញាត​ឱ្យ​ខ្ញុំ​បញ្ជាក់​ជា​ថ្មីថា សកម្មភាព​កូដកម្មរបស់​ស្ត្រីវ័យក្មេង​និង​ក្លាហាន​ទាំង​នេះ គ្រាន់តែជា​ការប្រើប្រាស់​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​លើ​បញ្ហា​ប្រឈម និងក្ដីកង្វល់របស់​ពួកគេ​តែ​ប៉ុណ្ណោះ»។

នេះមិនមែន​ជាលើក​ទី​១​ទេ ដែល​ឯកអគ្គរដ្ឋ​ទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​ជម្លោះ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ។ កាលពី​ពេល​ថ្មីៗ​នេះ លោក ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកដែរ​ថា​ ជម្លោះ​ការងារ​នៅ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​នេះ កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង ដែល​ទាមទារ​ឲ្យអាជ្ញាធរ​កម្ពុជា​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ៕

1 comment:

Anonymous said...

Even a tiny problem in Naga world, Ah Kwack Hun Sen has no ability to solve. His actions have only exacerbated the problems.
But that is not surprise because Ah Sen is Ah Lngi Lngeu.