Wednesday, 20 April 2022

ជន​​មិន​​ស្គាល់​​មុខ​​ប៉ង​​សម្លាប់​​ដោយ​​​ជិះ​ម៉ូតូ​បុក​​ផ្តួល​​យុវជន​​បរិស្ថាន​​ម្នាក់​​នៅ​​ភ្នំពេញ​ឱ្យ​រង​របួស​ធ្ងន់


ដោយ ទីន ហ្សាការីយ៉ា
2022.04.19 

ជន​​មិន​​ស្គាល់​​មុខ​​ប៉ង​​សម្លាប់​​ដោយ​​​ជិះ​ម៉ូតូ​បុក​​ផ្តួល​​យុវជន​​បរិស្ថាន​​ម្នាក់​​នៅ​​ភ្នំពេញ​ឱ្យ​រង​របួស​ធ្ងន់

(កណ្តាល) កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ក្នុងពេលចូលរួមទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
រូប៖ ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ

ជន​​មិន​ស្គាល់​មុខ​ម្នាក់​បាន​ជិះ​ម៉ូតូ​បុក​ពេញ​ទំហឹង​លើ​យុវតី​បរិស្ថាន​កញ្ញា សូ មេត្តា នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ។ ជនរង​គ្រោះ​ចាត់​ទុក​ករណី​បុក​ផ្តួល​ម៉ូតូ​នេះ​ គឺ​ចេតនា​​ប៉ុន​ប៉ង​សម្លាប់ ដើម្បី​គំរាមកំហែង បំបាក់​ស្មារតី​របស់​កញ្ញា​ដែល​បន្ត​ការ​ងារ​សង្គម។ សមត្ថ​កិច្ច​ជំរុញ​ឱ្យ​ជនរង​គ្រោះ​ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថិ​កិច្ច​ក្នុង​មូល​ដ្ឋាន និង​ផ្តល់​ព័ត៌​មាន​ពាក់​ព័ន្ធ។ ប៉ុន្តែ​មន្រ្តី​សង្គម​ស៊ីវិល​យល់​ថា ​សមត្ថ​កិច្ច​មាន​តួនាទី​ស្រាវ​ជ្រាវ និង​ស៊ើប​អង្កេតស្វែង​រក​ការ​ពិត​ដោយ​តម្លា​ភាព និង​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ។

យុវតី​​បរិស្ថាន​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ជាង​៥ខែ​ម្នាក់នេះ ត្រូវ​ជន​មិន​ស្គាល់​មុខម្នាក់​ជិះ​ម៉ូតូ​បុក នៅ​ម្តុំ​រង្វង់​មូល​ចោម​ចៅ កែង​ផ្លូវ​វេង​ស្រេង ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រហែល​ម៉ោង​៧ព្រឹក​នៅ​ថ្ងៃទី១៩ ខែមេសា បណ្តាល​ឱ្យ​របួស​ធ្ងន់​ធ្ងរ ត្រង់​ក្បាល ក្រិច​កដៃ និង​ស្មា​ខាង​ឆ្វេង ដែល​បណ្តាល​ឱ្យ​ស្ពឹក​ក្បាល វិល​មុខ និង​ឈឺ​ចាប់ពេញ​រាង​កាយ។ ទោះ​យ៉ាង​ណា​ កញ្ញា​បាន​ទៅ​ពិនិត្យ​និង​ព្យាបាល​ដោយ​គ្រូ​ពេទ្យសិទ្ធិ​មនុស្ស​​អង្គ​​លីកាដូ។ យុវតី​រូប​នេះ​អះអាង​ថា ​ការ​បុក​ផ្តួល​ម៉ូតូ​ពី​ជន​ដៃ​ដល់ គឺជា​អំពើ​ប៉ុន​ប៉ង​សម្លាប់ ពី​ព្រោះ​មុន​កើត​ហេតុ​រូប​នាង​ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​តាម​ឃ្លាំ​មើល​ក្រោយ​​ពេល​បន្ត​ធ្វើ​ការ​ងារ​សង្គម។


សកម្ម​ជន​បរិស្ថាន និង​ជា​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរកញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ប្រាប់​​​​​វិទ្យុ​​​​​អាស៊ី​​​​​សេរី​ថា ​នៅ​ពេល​កញ្ញា​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរត្រឡប់​មក​ពី​ជូន​ប្អូន​ស្រី​ធ្វើ​ការ​រោងច​ក្រ​ស្រាប់​តែ​មាន​បុរស​មិន​ស្គាល់​មុខ​ម្នាក់មាឌ​ធំ ជិះ​ម៉ូតូ​ពាក់​អាវ​យឺត​ដៃ​ខ្លី បាន​បុក​ផ្គួល​ម៉ូតូ​របស់​កញ្ញា​ពី​ក្រោយ​ពេញ​ទំហឹង ត្រង់​ចំណុច​រង្វង់​មូល​ចោម​ចៅ កែង​នឹង​ផ្លូវ​វេង​ស្រេង​ដែល​មាន​អ្នក​ធ្វើ​ដំ​ណើរ​តាម​ដង​​ផ្លូវ​​កក​កុញ។ កញ្ញា​រៀប​រាប់​បន្ត​ថា​ ជន​បង្ក​បាន​សើច​បែប​ឌឺដង​ដាក់​កញ្ញាដោយ​គ្មាន​ការ​ភ័យ​ខ្លាច ហើយ​ក៏​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ទោះបី​អ្នក​ធ្វើ​ដំណើរស្រែក​ឱ្យ​ឈប់​យ៉ាងណា​ក្តី។ កញ្ញា សូ មេត្តា ចាត់​ទុក​​ទង្វើ​បែប​នេះ​ថា ជា​ចេតនា​ប៉ុនប៉ង​ស្លាប់​កញ្ញា ដើម្បី​គំរាម​កំហែង បំភិត​បំភ័យ​ក្រោយ​ពេល​កញ្ញា​បន្ត​ចូល​រួម​ធ្វើកិច្ច​ការ​ងារ​សង្គម៖ «ខ្ញុំ​ដូច​មានហេតុ​ អ្វី​មួយ​​បង្ហាញ​​ប្លែកៗ អាច​ជា​ចេតនា​ធ្វើ​ឱ្យ​យើងបាត់​​បង់​ជា​ជីវិត ឬ​ក៏​គ្រោះ​ថ្នាក់ ដោយ​សារ​ពេល​ហ្នឹង​ឡាន​ម៉ូតូ​ច្រើន ជា​ពិសេស​ឡានធំៗ ចៃដន្យ​ឡាន​ធំ​បើក​ទៅ​មុខ​បន្តិច​ទេ បើ​ម៉ូតូ​មក​មុន​ហ្នឹង​ខ្ញុំ​នឹង​អាច​បាត់​បង់ជីវិត​ដែរ ព្រោះ​ជៀស​គ្នា​តែ​បន្តិច​ទេ បុក​ហ្នឹង​មួយ​ទំហឹង​តែ​ម្តង ហើយ​រត់​ទៅ​បាត់»។

ជុំវិញ​រឿង​នេះ អ្នក​នាំពាក្យ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញលោក សាន សុខ​សីហា អះអាង​ថា រាល់​បណ្តឹង​របស់​ពលរដ្ឋ​សមត្ថកិច្ច​តែង​តែ​យក​ចិត្តទុក​ដាក់​ចុះ​ស្រាវ​ជ្រាវ​ដល់​កន្លែង​កើត​ហេតុ ហើយ​ជន​រង​គ្រោះ​ចាំបាច់​ត្រូវ​សហ​ការជាមួយ​សមត្ថ​កិច្ច​អនុវត្ត​ច្បាប់ ដោយ​ដាក់​ពាក្យ​បណ្តឹង និង​ផ្តល់​ព័ត៌​មាន​ពាក់​ព័ន្ធដើម្បី​សមត្ថ​កិច្ច​ងាយ​ស្រួល​ស្រាវ​ជ្រាវ។ ប៉ុន្តែ​លោក​ចោទ​ថា ​បុគ្គល​មួយ​ចំនួន​តែងតែ​លើក​ឡើង​ថា​ ខ្លួន​ជា​រង​គ្រោះ​នោះ ដើម្បី​បំពុល​សង្គម​ពីព្រោះ​​គ្មាន​ភស្តុតាងច្បាស់​លាស់ ហើយ​ព្យាយាម​គេច​វេស​សហការ​ជា​មួយ​សមត្ថ​កិច្ច៖ «សមត្ថកិច្ច​យើង​អនុវត្ត​ជូន​ប្រជា​ពលរដ្ឋ​ស្មើ​ភាព​គ្នា ហើយករណី​អ្វី​ផ្សេង​សមត្ថ​កិច្ច​នឹង​អនុវត្ត​ជូន មិន​មែន​ចេះ​តែ​លើក​ថា ​មាន​អ្នក​នេះ​តាម មាន​អ្នក​នេះ​ចេះ​អ្នក​នោះ​ចុះ​ទេ អ្នក​ខ្លះ​ជា​ករណី​រឿង​ផ្សេង​ការ​គិត​របស់​គាត់​ចេះតែ​គិត​មក ដើម្បី​ជា​ការ​បំពុល​មួយ​ឱ្យ​ប្រជា​ពលរដ្ឋ​ផ្សេង​មើល​ទៅ​អសន្តិ​សុខ​អី ប៉ុន្តែ​ជា​ទូទៅ​វា​មិន​មាន​ជា​បញ្ហា​ចឹង​ទេ»។

ទោះ​​យ៉ាង​​ណា​​ក្ដី​កន្លង​​មក ជន​​រង​​គ្រោះ​​មួយ​​ចំនួន ដែល​​ជា​​សកម្ម​ជន​​សង្គម និងនយោ​បាយ តែង​បណ្ដឹង ទៅ​​អាជ្ញាធរ​​មាន​​សមត្ថកិច្ច​​ដែរ ប៉ុន្តែ​​មក​​ទល់​​ពេល​​នេះ គ្មាន​​ករណី​​ណា​​មួយ ដែល​​ត្រូវ​​បាន​​អាជ្ញាធរ​​បំបែក ឬ​​បង្ហាញ​​លទ្ធផល​​ស៊ើប​​អង្កេត​គួរ​​ឲ្យ​​ទុក​​ចិត្ត​​បាន​​នោះ​​ទេ។

សមត្ថកិច្ច​​​​រាជ​ធានី​ភ្នំពេញ​​បាន​​ចាប់​ខ្លួន​​កញ្ញា​ សូ មេត្តា​ កាល​ពី​​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​​ខណ្ឌ​​ច្បារ​អំពៅ ​ហើយ​​​​តុលាការ​​​​បាន​​សម្រេច​​​ឃុំ​​​កញ្ញា​​​​​ក្នុង​​ពន្ធនាគារ​​ជាង​​មួយ​​ឆ្នាំ ពី​បទ​​ញុះញង់​​បង្ក​​ឲ្យ​​មាន​​ភាព​​វឹក​វរ​​ធ្ងន់​ធ្ងរ​​ដល់​​សង្គម​​​ ពាក់ព័ន្ធ​​នឹង​​គម្រោង​​ស្នើ​សុំ​​​ធ្វើ​​បាតុ​កម្ម​​នៅ​​ទី​លាន​​ប្រជា​ធិប​តេយ្យ ដើម្បី​​ទាម​ទារ​​ឲ្យ​តុលាការ​​ដោះ​​លែង​​មេ​​សហជីពលោក រ៉ុង ឈុន។ ក្រោយ​ពី​ចេញ​ពី​ពន្ធនា​គារកាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ និង​ក្រោម​បម្រាម​យ៉ាង​តឹង​រ៉ឹង​ពី​តុលា​ការក៏ដោយ កញ្ញានៅ​តែ​​​ប្តេជ្ញា​​​រក្សា​​​ឆន្ទៈ​បន្ត​ការ​ងារ​​សង្គម ដោយ​ចាប់​ផ្តើម​ចេញ​ពី​ការ​ធ្វើ​យុទ្ធនា​ការកោរ​​សក់​​នៅ​​មុខ​​ប្រាសាទ​​អង្គរ​​វត្ត​​បួង​​សួង​​ឲ្យ​​​អាជ្ញាធរ​​ដោះ​លែង​​បុគ្គលិក​​​ក្រុម​​ហ៊ុន​កាស៊ីណូ​​ណាហ្គា​វើលដ៏ យុនា​ការ​ដាក់​ញត្តិ​ស្នើ​មេដឹក​នាំ​រុស្ស៊ី​​បញ្ឈប់​​​ការ​​​ឈ្លាន​ពាន​​លើ​​​អ៊ុយ​ក្រែន​ រួម​ទាំង​សកម្មភាព​​តស៊ូ​​មតិ​​​​ដោយ​​​​សន្តិ​​វិធី​ជាច្រើន​ទៀត​ ដើម្បី​​​រួម​​​ចំណែក​ការ​ពារ​បរិស្ថាន ​​លើក​​​កម្ពស់​​ការ​​​គោរព​​​សិទ្ធិ​​​មនុស្ស និង​​​​លទ្ធិ​​​ប្រជាធិ​បតេយ្យ​នៅ​កម្ពុជា។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូលោក អំ សំអាត សង្កេត​ឃើញ​ថា​ អំពើ​ហិង្សា ការ​គំរាម​កំហែង​ចំពោះ​សកម្ម​ជន​នយោ​បាយ សិទ្ធិមនុស្ស និង​បរិស្ថាន​កន្លង​ទៅ​កម្រ​ឃើញ​អាជ្ញាធរ​វែក​មុខ​ជន​ប្រព្រឹត្ត​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ណាស់។ លោក​ថា ​មូល​ហេតុ​នេះ​ហើយ ដែល​នាំ​ឱ្យ​ជន​រង​គ្រោះទាំង​នោះ​តែង​តែ​ចោទ​ប្រកាន់​អាជ្ញាធរ​ថា​ ខក​ខាន​ស្វែង​រក​យុត្តិធម៌​ដោយ​សារការងារ​របស់​ពួក​គេ។ លោក​បន្ត​ថា​ ដើម្បី​បញ្ចៀស​​ការ​​ចោទ​​ប្រកាន់​នានា អាជ្ញាធរត្រូវ​តែ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ស្រាវ​ជ្រាវ និង​ស៊ើប​អង្កេត​ស្វែង​រក​ការពិត ដើម្បី​ផ្តល់យុត្តិធម៌​ដល់​ជន​រង​គ្រោះ៖ «ការ​ពារ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​មិន​មែន​ថា ​បញ្ហា​កើត​ឡើងហើយ​ប្រជា​ពលរដ្ឋ​រត់​ទៅ​ប្តឹង​ទៀត ទើប​អាជ្ញាធរ​ចាត់​វិធាន​ការ​ទេ ពី​ព្រោះ​កិច្ចការ​ពារ​សន្តិ​សុខ សុវត្ថិភាព របស់​ប្រជាពលរដ្ឋ​ គឺ​ជា​តួនាទី​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ»។

កញ្ញា សូ មេតា ឱ្យ​ដឹង​ថា ​កញ្ញា​នឹង​យក​ករណី​នេះ​ទៅ​ពិភាក្សា​ជា​មួយ​ក្រុម​យុវជន មុន​នឹង​ដាក់ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ដើម្បី​ចាត់​វិធានា​ការ​តាម​ផ្លូវ​ច្បាប់ចំពោះ​ជន​ប្រព្រឹត្ត​នោះ។ យ៉ាង​ណា​កញ្ញា​អះអាង​ថា ​កញ្ញា​នៅ​តែ​រក្សា​ជំហរ​ចូល​រួមសកម្មភាព​ជួយ​សង្គម​ដោយ​មិន​តក់​ស្លុត​ដដែល ទោះ​បី​កញ្ញា​មិន​ទទួល​បានយុត្តិ​ធម៌ ឬ​រង​ការ​លួច​សម្លាប់​ថ្ងៃ​ណា​មួយ​ក៏​ដោយ៕

2 comments:

Anonymous said...

As they say there in the Kingdom of Wonder: accidents do happen, so you locals and/or foreigners, beware! Who benefits from or suffers from it, it's all a matter of opinion...Until next time, please beware of the Khmer armed southpaw tiger TEVADA!!!

Anonymous said...

Tevada Na Kor Dauch Tevada Na. They all lost to Ah Chker Chkuot HYuon's slave Hun Sen.

This policy of impunity will disappear if and only if Khmer people fight for it. No fight, no win.