ដោយ មួង ណារ៉េត
2022.04.22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងអភិបាលខេត្តកំពត លោក ម៉ៅ ធនិន (ស្ដាំ)។
រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន
អាណាព្យាបាលសិស្សថា អភិបាលខេត្តកំពតលោក ម៉ៅ ធនិន កំពុងចង់លាងខួរក្បាលក្មេងជំនាន់ក្រោយ ឲ្យលុងជឿរឿងប្រវត្តិសាស្ត្រទឹកដី និងនយោបាយបែបប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយ ដោយយកសាលារដ្ឋធ្វើជាឧបករណ៍ឃោសនា។
អាណាព្យាបាលសិស្សនៅខេត្តកំពត ដែលសុំមិនបញ្ចេញឈ្មោះ ព្រោះព្រួយបារម្ភអំពីការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២១ ខែមេសា ថាពួកគាត់មិនគាំទ្រចំពោះការយករូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅដាក់តាំងតាមសាលារដ្ឋនៅក្នុងខេត្តនេះនោះទេ ព្រោះសាលាសាធារណៈទាំងនោះ មានព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែរួចទៅហើយ។
ពួកគាត់ចាត់ទុកការដាក់តាំងរូបព្រះមហាក្សត្រ និងសម្តេចម៉ែតាមសាលារដ្ឋក្នុងខេត្តនេះ និងនៅខេត្តដទៃទៀត គឺជាការសមរម្យ និងគ្រប់គ្រាន់ណាស់ទៅហើយ ព្រោះព្រះអង្គទាំងពីរនេះ គឺជានិមិត្តរូបនៃកម្ពុជា ដូចមានចែងក្នុងបាវចនា ដែលដាក់ថា ជាតិ សាសនា ព្រះមហាក្សត្រ
ពួកគាត់បន្ថែមថា ចេតនាណាមួយ ដែលចង់យករូបបុគ្គលផ្សេង ទៅដាក់តាំងនៅតាមអគារសាធារណៈនេះ គឺគ្មានអ្វីក្រៅពីការចង់កេងចំណេញនយោបាយ និងលាងខួរក្បាលក្មេងជំនាន់ក្រោយតែប៉ុណ្ណោះ៖ «គាត់មានគំនិតបំណងមួយធ្វើដើម្បីឲ្យទាក់ទាញដល់សិស្សានុសិស្សមួយចំនួន ដែលចូលដល់វ័យគ្រប់អាយុការ ឬមិនទាន់គ្រប់អាយុក្តី ដើម្បីឲ្យឪពុកម្តាយអ៊ីចឹងទៅ យល់ថា គាត់មានគុណបំណាច់ធំធេង»។
ប្រតិកម្មនេះ ធ្វើឡើងជាកើយឆ្លើយតបទៅនឹងសាររបស់អភិបាលខេត្តកំពតលោក ម៉ៅ ធនិន ដែលជាក្មួយប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមីនា បញ្ជាឲ្យនាយកសាលាទាំងបឋម និងមត្តេយ្យ ទិញរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់តាមអគារសាលារៀន ដោយលោកអះអាងថា ដើម្បីណែនាំប្រាប់កូនសិស្សឲ្យបានដឹងអំពីរឿងរំដោះទឹកដី៖ «ទៅវិញទិញរូបសម្ដេចយើងសម្ដេចតេជោ រ៉ាយរ៉ាប់ប្រាប់ថា ណែទឹកដីយើង ពីមុនមកវាស្មើសូន្យ ក្រោមសូន្យ យើងបានក្រោយរំដោះឆ្នាំ១៩៧៩ តែបើប្អូនមិនបានកើតមុនថ្ងៃ៧៩ ទេ កើតក្រោយឆ្នាំ៧៩ លោកយាយលោកតាប្រាប់មកថាអ៊ីចឹង។ ពីមុនមកអត់មានទេ ឥឡូវហ្នឹង យើងមានអ៊ីចឹង ដោយសារ អ្នកហ្នឹង ដោយសារ សម្ដេចសំខាន់ណាស់!»។
ការណ៍ដែលអភិបាលខេត្តបញ្ជាឲ្យនាយកសាលាដាក់តាំងរូបលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតាមសាលារដ្ឋបែបនេះ ក៏រងការរិះគន់ពីមន្ត្រីអប់រំយ៉ាងចាស់ដៃដែរ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី ថា គ្មានច្បាប់ឬគោលការណ៍ណាមួយ ដែលតម្រូវឲ្យធ្វើដូច្នេះបាននោះឡើយ។ អ្នកស្រីចាត់ទុកសាររបស់លោក ម៉ៅ ធនិន ថាជាការយកមុខ ដើម្បីផ្គាប់ចិត្តលោក ហ៊ុន សែន បើទោះបីជាទង្វើបែបនេះមិនត្រឹមត្រូវតាមច្បាប់ និងជាការប្រមាថដល់អង្គព្រះមហាក្សត្រក៏ដោយ៖ «គាត់ធ្វើយកមុខយកមាត់ ថាគាត់ជាអ្នកដើរតាមអីៗអ៊ីចឹងទៅ! បើនិយាយពីគោលការណ៍ ព្រះរាជាណាចក្រកម្ពុជា បានន័យថាយើងនៅមានស្តេច។ បើសិនជាយើងអត់ដាក់រូបព្រះមហាក្សត្រ បានន័យថាហាក់បីដូចជាប្រទេសយើងបាត់ស្តេចហើយ មិនអ៊ីចឹង?»។
អ្នកឃ្លាំមើលសង្គមឯណោះ លោកបែរជាមិនភ្ញាក់ផ្ញើលនឹងសាររបស់លោក ម៉ៅ ធនិន ទៅវិញ ព្រោះលោកថា នោះអាចជាការធ្វើតេស្តសាកល្បង ដើម្បីស្ទង់មើលប្រតិកម្ម ពីមហាជនរឿងយករូបលោក ហ៊ុន សែន ទៅដាក់តាំងក្នុងសាលារដ្ឋនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសន័រវេ (Norway) ថា លោក ហ៊ុន សែន ចង់បានតំណែងធំលើសស្តេចនេះយូរហើយ៖ «លោក ហ៊ុន សែន គំនិតរបស់គាត់ហ្នឹង គាត់ចង់ធ្វើស្តេចក្នុងសម័យទំនើបហ្នឹងផង! មែនទែននោះ! ហើយអាចបញ្ជាស្តេចបានទៀតផង! ប៉ុន្តែលោក ហ៊ុន សែន គ្រាន់តែជាធ្វើតេស្តសាកល្បងពីមួយជំហានទៅមួយជំហាននោះទេ»។
ចំពោះរឿងទឹកដី ដែលលោក ម៉ៅ ធនិន ឲ្យគ្រូប្រាប់សិស្សថាបើកុំតែបានលោក ហ៊ុន សែន ប្រទេសយើងនឹងគ្មានទឹកដីនោះ អ្នកឃ្លាំមើលបញ្ហាព្រំដែនរូបនេះក៏ហួសចិត្ត និងចាត់ទុកថារឿងនេះ គឺជាការកុហកបោកប្រាស់ ឲ្យក្មេងជំនាន់ក្រោយយល់ខុសអំពីប្រវត្តិសាស្ត្រ៖ «និយាយអារឿងទឹកដីកម្រិតសូន្យ ហើយឡើងមកល្អប្រសើរដល់សព្វថ្ងៃនេះ អាហ្នឹងគឺជាការពន្លើសប្រវត្តិសាស្ត្រ។ ប្រវត្តិសស្ត្រអត់អាចអ៊ីចឹងឯណា! មិនដឹងថា គាត់យល់ប្រវត្តិសាស្ត្រខ្មែរបានកម្រិតណាទេ ប៉ុន្តែ ក្នុងន័យនេះអ្វីៗ គឺគាត់ចង់ឲ្យគេស្គាល់តែ ហ៊ុន សែន ម្នាក់ សូម្បីតែអតីតព្រះមហាក្សត្រ ក៏ត្រូវគាត់ផាត់ចោលដែរ ថាគ្មានបានជួយអ្វីច្រើនជាង ហ៊ុន សែន ទេ»។
ក្រៅពីបញ្ជាឲ្យនាយកសាលាយករូបថតលោក ហ៊ុន សែន ទៅដាក់តាំងតាមសាលារដ្ឋនេះ លោក ម៉ៅ ធនិន ថែមទាំងបង្គាប់ឲ្យគ្រូទាំងអស់លើករូបថតនោះ រួចឧស្សាហ៍បង្រៀនប្រាប់សិស្សឲ្យដឹងគុណលោក ហ៊ុន សែន រឿងសាងសង់សាលារៀនផងដែរ៖ «ថា សម្តេច តេជោ ជាអ្នកសាលារាប់ម៉ឺនដំបូលសាលាទូទាំងប្រទេស។ យកពាក្យបងទៅគិត។ នេះហើយគឺជាមនសិការ ដែលយើងចូលរួមការកសាងការពារនូវសន្តិភាព»។
តាំងពីក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ប្រទេសម្ចាស់ជំនួយគ្រប់ទិសទី ផ្តល់ជំនួយឥតសំណងដល់ប្រជាពលរដ្ឋខ្មែរ គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីកសាងប្រទេស។ ជាមួយគ្នានេះ កម្ពុជាបានខ្ចីលុយបរទេសជិត ១០ពាន់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសឡើងវិញ ក្នុងនោះក៏រួមមានទាំងសាលារៀន និងគ្រឹះស្ថានអប់រំរដ្ឋផង។ អ្នកដែលត្រូវសងបំណុលទាំងនេះ គឺប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែ សាលារដ្ឋជាច្រើន ដែលសាងសង់ដោយជំនួយ និងប្រាក់កម្ចីទាំងនោះ បែរជាដាក់ឈ្មោះលោក ហ៊ុន សែន និងមន្ត្រីគណបក្សកាន់អំណាច តែងតែជំរុញឲ្យពលរដ្ឋអរគុណលោក ហ៊ុន សែន ជាប់មិនដាច់។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ថា ការចាប់បង្ខំឲ្យប្រជាពលរដ្ឋដឹងគុណមន្ត្រីសាធារណៈ ដែលជាអ្នកបម្រើរាស្ត្រ ស៊ីប្រាក់ខែរាស្ត្របែបនេះ គឺជារឿងមិនត្រឹមត្រូវទាល់តែសោះ។ លោកបន្តថា នាយករដ្ឋមន្ត្រី ហ៊ុន សែន មានករណីយកិច្ច និងកាតព្វកិច្ចក្នុងការបម្រើរាស្ត្រ ដែលមិនត្រូវចាប់បង្ខំឲ្យរាស្ត្រដឹងគុណនោះទេ។
ជាងនេះទៅទៀត លោកថា សាលារៀនរដ្ឋដែលកម្ពុជាខ្ចីប្រាក់បរទេសក្នុងនាមប្រជាជនទាំងមូល ដើម្បីយកមកកសាង គឺមិនគួរដាក់ឈ្មោះបុគ្គលនោះដែរ៖ «អ្នកដែលសងត្រឡប់ទៅវិញនោះមិនមែនតែនាយករដ្ឋមន្ត្រី គាត់អ្នកសងតែម្នាក់គាត់ឯណា គឺកាតព្វកិច្ចគ្រូបង្រៀន មន្ត្រីរាជការ ប្រជាពលរដ្ឋ ដែលជាម្ចាស់បំណុល ដែលជាអ្នកសងត្រឡប់ទៅវិញ។ ដូច្នេះវាអត់ថា មានគុណស្រ័យអ្វីនោះទេ ហើយភារកិច្ចនាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិលោកដឹកនាំត្រូវតែកសាង។ អ្នកឡើងមកបន្ទាប់មកទៀត នឹងកសាងបន្តបន្ទាប់ទៅទៀត»។
ជុំវិញការបង្គាប់បញ្ជាឲ្យនាយកសាលាដាក់តាំងរូបលោក ហ៊ុន សែន នៅតាមសាលារដ្ឋនេះ មន្ត្រីក្រសួងអប់រំ ស្នើឲ្យវិទ្យុអាស៊ីសេរីសួរផ្ទាល់ទៅគណៈគ្រប់គ្រងសាលារដ្ឋនៅខេត្តកំពត។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២១ ខែមេសា ថា ក្រសួងបានណែនាំអំពីការប្រើប្រាស់រូបភាព នៅក្នុងថ្នាក់រៀននេះរួចហើយ៖ «ក្នុងការទទួលអំណោយសប្បុរសធម៌ ក៏ដូចរូបភាពទាក់ទងនឹងសប្បុរសជនដែលមានការពាក់ព័ន្ធ ដូចនេះនៅក្នុងការសម្រេចចិត្តប្រើប្រាស់រូបនានា គឺជាការទទួលខុសត្រូវផ្ទាល់របស់គ្រឹះស្ថានសាធារណៈ និងឯកជននៅទូទាំងប្រទេស»។
ពេលដែលវិទ្យុអាស៊ីសេរី សុំបញ្ជាក់ពីលោក រស់ សុវាចា ថា តើក្រសួងមានគោលការណ៍ឲ្យដាក់តាំងរូបលោក ហ៊ុន សែន តាមសាលារដ្ឋដែរ ឬយ៉ាងណា លោកមិនឆ្លើយសំណួរនេះទេ។ តែយ៉ាងណា បើតាមសម្ដីរបស់មន្ត្រីក្រសួងអប់រំរូបនេះ គ្មានការណែនាំណាមួយរបស់ក្រសួង ដែលបង្គាប់ឲ្យសាលារដ្ឋ ត្រូវតែដាក់តាំងរូបលោក ហ៊ុន សែន នោះទេ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីមន្ត្រីអប់រំខេត្តកំពត បាននៅឡើយទេ។ ប៉ុន្តែ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត លោក តាក ហាប់ ប្រាប់សារព័ត៌មានក្នុងស្រុក (VOD) ថា ការណែនាំរបស់លោក ម៉ៅ ធនិន នេះ គឺមិនខុសនោះទេ។ ប៉ុន្តែលោកថា ការដាក់ឬមិនដាក់រូបលោក ហ៊ុន សែន តាមសាលារៀនរដ្ឋ គឺអាស្រ័យលើនាយកសាលារដ្ឋនីមួយៗ។ ជាមួយគ្នានេះ លោកថា មកដល់ពេលនេះ មិនទាន់មានការណែនាំពីក្រសួងអប់រំ ឲ្យដាក់តាំងរូបលោក ហ៊ុន សែន នេះនៅឡើយ។
ក្រៅពីរឿងនេះ អភិបាលខេត្តកំពតរូបនេះ ធ្លាប់ធ្វើរឿងភ្ញាក់ផ្អើលមួយរឿងទៀត ដោយធ្លាប់បញ្ជាឱ្យប្រធានមន្ទីរព័ត៌មាន តម្រូវឱ្យអ្នកកាសែតសុំការអនុញ្ញាតពីអាជ្ញាធរជាមុនសិន ទើបអាចចុះយកព័ត៌មានក្នុងភូមិសាស្ត្រខេត្តនេះបាន។ ជំហរនេះរងការរិះគន់ជុំទិសពីអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ។ សូម្បីតែរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ក៏ថាការលើកឡើងរបស់លោក ម៉ៅ ធនិន នេះ គឺជារឿងមិនត្រឹមត្រូវនោះដែរ ព្រោះពលរដ្ឋមានសិទ្ធិ មិនបាច់ជូនដំណឹងអភិបាលខេត្តនោះឡើយ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការជុំវិញរឿងនេះ ពីអភិបាលខេត្តកំពត លោក ម៉ៅ ធនិន បាននៅឡើយទេ។
អ្នកឃ្លាំមើលសង្គមថា លោក ម៉ៅ ធនិន ហ៊ានធ្វើអ្វីស្រេចតែអំពើចិត្តបែបនេះ ក៏ប្រហែលមកពីអាងខ្នងលោក ហ៊ុន សែន ដែលលោកជាក្មួយប្រសារនោះឯង។ ប៉ុន្តែពួកគាត់ស្នើឲ្យអភិបាលខេត្តរូបនេះ សុំទោសជាសាធារណៈចំពោះកំហុសឆ្គងនេះ។ ពួកគាត់ថា បើមិនដូច្នេះទេ ក្រសួងមហាផ្ទៃ ឬស្ថាប័នពាក់ព័ន្ធ គួរតែចាត់ការលោក ម៉ៅ ធនិន តាមវិន័យរដ្ឋបាល ដើម្បីកុំឲ្យមានរឿងដូច្នេះកើតមានតទៅទៀត ឬរដ្ឋាភិបាលគួរមានការស្រាយបំភ្លឺណាមួយជុំវិញរឿង ដើម្បីឲ្យអស់មន្ទិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
Crazy Leader can get along only with crazy subordinates.
Ah Chkuot Trov Knear Neung Ah Chkuot !!
Post a Comment