ដោយ ជី វិតា
2022.04.16
ក្រុមមេដឹកនាំរបបខ្មែរក្រហម ប៉ុល ពត (ពីឆ្វេងរូបទី១) នួន ជា (ពីឆ្វេងរូបទី២) សុន សេន (ពាក់វ៉ែនតា)។
រូបថតឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា
នៅថ្ងៃទី១៧ មេសានេះ កាលពី ៤៧ឆ្នាំមុន កងទ័ពឧទ្ទាមខ្មែរក្រហមដឹកនាំដោយ សាឡុត ស ឬ ប៉ុល ពត វាយដណ្ដើមបានទីក្រុងភ្នំពេញពីរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោក សេនាប្រមុខ លន់ នល់។ ពេលឡើងកាន់អំណាចភ្លាម ខ្មែរក្រហមពុំបានចាប់ផ្ដើមផ្សះផ្សាជាតិ ក្រោយសង្គ្រាមបង្ហូរឈាមខ្មែរគ្នាឯងរយៈពេលជាង ៥ឆ្នាំនោះទេ។ ផ្ទុយទៅវិញ ខ្មែរក្រហមបានបណ្ដេញមនុស្សចេញពីទីក្រុង និងសម្លាប់អតីតទាហាន និងមន្ត្រីនៃរដ្ឋការនៃរបបមុន។ ពួកគេបានសាបព្រោះមនោគមន៍វិជ្ជាជ្រុលនិយមនៃបដិវត្តន៍កុម្មុយនិស្ត ដោយបញ្ឆេះកំហឹង និងលាបពណ៌ខ្មែរគ្នាឯងឱ្យមានការស្អប់ខ្ពើមគ្នា។ ខ្មែរក្រហមបានហៅអ្នកដែលមានមតិផ្ទុយពីខ្លួនថា ជាខ្មាំងបដិវត្តន៍ ឬជាសត្រូវរបស់ប្រជាជន។ កាន់តែគ្រោះថ្នាក់ទៅទៀតនោះ គឺខ្មែរក្រហមបានប្រៀបប្រដូចមនុស្ស ដែលខ្លួនមិនពេញចិត្តជាសត្វតិរច្ឆាន ជាមេរោគដែលត្រូវកម្ចាត់ចោល។
តើការលាបពណ៌ និងការប្រៀបប្រដូចមនុស្សជាមេរោគចង្រៃ អាចបង្កគ្រោះថ្នាក់បែបណាដល់សង្គមជាតិ?
តែក្នុងរយៈពេលជិត ៤ឆ្នាំ ក្រោយឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ធ្វើឱ្យបាត់បង់ជីវិតមនុស្សជិត ២លាននាក់។ ទោះមានភស្តុតាងបញ្ជាក់ពីឧក្រិដ្ឋកម្មក្រោមការគ្រប់គ្រងរបស់ខ្លួនក្ដី ក៏មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម មិនដែលទទួលស្គាល់ថា មានការកាប់សម្លាប់ប្រជាជនខ្លួនឯងនោះទេ ប៉ុន្តែពួកគេទទួលស្គាល់ថា មានការសម្លាប់ខ្មាំងបដិវត្តន៍ ជាមេរោគចង្រៃ ដែលត្រូវបោសសម្អាតចេញពីសង្គមកម្ពុជា។
ខ្មែរក្រហមបានបែងចែកខ្មាំងជាពីរប្រភេទ គឺខ្មាំងខាងក្នុង និងខ្មាំងខាងក្រៅ។ ខ្មាំងខាងក្នុង គឺប្រជាជនខ្មែរខ្លួនឯង ដែលមិនយល់ស្របតាមមាគ៌ាបដិវត្តន៍នៃបក្សកុម្មុយនិស្តកម្ពុជា។ រីឯខ្មាំងខាងក្រៅវិញ គឺសំដៅដល់ជនបរទេស ដូចជា វៀតណាម និងចក្រពត្តិអាមេរិក ជាដើម។ គណបក្សកុម្មុយនិស្តកម្ពុជា ដែលជាអង្គការដឹកនាំកំពូលនៃរបបខ្មែរក្រហម តែងបារម្ភអំពីអ្វីដែលពួកគេហៅថា "ខ្មាំងស៊ីរូងផ្ទៃក្នុង"។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ ឱ្យដឹងថា កម្មាភិបាលខ្មែរក្រហមបានយកពាក្យខ្មាំងនេះមកបកស្រាយ និងអនុវត្តតាមអំពើចិត្ត បណ្ដាលឱ្យមនុស្សស្លូតត្រង់រាប់ម៉ឹននាក់ត្រូវបានចោទប្រកាន់ លាបពណ៌ និងសម្លាប់ចោល៖ «ពាក្សថា ខ្មាំងហ្នឹងវាមានន័យទូលំទូលាយ វាបណ្ដាលឱ្យអ្នកខាងក្រោមហ្នឹងយកបកស្រាយទៅតាមខ្លួនគិតឃើញនៅក្នុងមូលដ្ឋាន ហើយដើម្បីការតួនាទីតំណែងរបស់ខ្លួនដែរ។ អញ្ចឹងហើយបានពាក្យ ថាខ្មាំងនេះត្រូវបានមើលឃើញច្រើនសឹងតែគ្រប់ប្រជាជនទាំងអស់ ជាពិសេសអ្នកដែលជម្លៀសចេញពីទីក្រុងភ្នំពេញគឺជាខ្មែរតែម្ដង។ ម្លោះហើយអនុញ្ញាកម្មាភិបាលថ្នាក់ក្រោមហ្នឹងចាប់ចង សួរចម្លើយ ធ្វើទារុណកម្មចំពោះជនដែលគិតផ្ទុយពីខ្លួន។ ខ្មែរក្រហមដឹងទុកជាមុនថា មានប្រជាជនជាច្រើនមិនពេញចិត្តនឹងបដិវត្តន៍ អញ្ចឹងចាត់វិធានការរហូតដល់សម្លាប់បុគ្គលនោះ ឬប្រជាជននោះតែម្ដង ពីព្រោះខ្មែរក្រហមគិតថា ខ្មាំងមិនមែនមានន័យថា ប្រជាជនកម្ពុជាទេ»។
អតីតប្រធានសភាប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ លោក នួន ជា មុនសាលាក្ដីខ្មែរក្រហមចាប់ខ្លួន នៅឆ្នាំ២០០៧ លោកតែបាននិយាយប្រាប់អ្នកកាសែត Journeyman TV នៅផ្ទះរបស់លោកក្នុងខេត្តប៉ៃលិនថា ការសម្លាប់ខ្មែរគ្នាឯងនៅពេលនោះ ពិតជាកើតមាន ប៉ុន្តែពួកគេជាខ្មាំង ដែលក្បត់ជាតិខ្លួនឯង។ លោក នួន ជា និយាយទាំងមោទនភាពថា កម្ពុជារស់មកដល់សព្វថ្ងៃ គឺដោយសារខ្មែរក្រហមបានបោសសំអាតពួកក្បត់ទាំងនោះ៖ «ខ្ញុំមិនហៅកម្មាភិបាលអីទៀតទេពីព្រោះពួកនេះវាក្បត់ ជាភ្នាក់ងាររបស់បរទេស។ ប៉ុល ពត គាត់មិនមែនជាឃាតកទេ គាត់សម្លាប់ ដោះស្រាយមនុស្សដែលក្បត់ជាតិ ក្បត់ប្រជាជន លក់ដីឱ្យបរទេស [តើ] ដឹងជំហរវៀតណាមច្បាស់ទេ? ប៉ុន្មានរយឆ្នាំហើយដែលគេចង់លេបយកកម្ពុជា? បើទុកពួកហ្នឹង បាត់ប្រទេសជាតិ ស្លាប់ប្រជាជន គ្មានកម្ពុជាសល់មកដល់ឥឡូវទេ។ ខ្ញុំដូចគ្មានការសោកស្ដាយទេ ខ្ញុំសោកស្ដាយជាតិខ្ញុំជាង ស្ដាយមាគ៌ា ស្ដាយគោលជំហររបស់កម្ពុជាប្រជាធិបតេយ្យ ខ្ញុំស្ដាយ»។
មេដឹកនាំកំពូលខ្មែរក្រហម តែងសង្ស័យថា ការធ្វើបដិវត្តន៍សង្គមនិយមមិនសូវចម្រើនទៅមុខនោះ គឺដោយសារតែមានចលនារំខានរបស់ខ្មាំងខាងក្រៅ និងខ្មាំងខាងក្នុង ដែល ប៉ុល ពត ហៅថា "ក្បាលយួនខ្លួនខ្មែរ" ឬពពួកសត្វតិរច្ឆាន ដែលត្រូវបោសសម្អាត។ ក្នុងពេលថ្លែងសុន្ទរកថា ទៅកាន់សមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមកពីតាមបណ្ដាខេត្ត នៅក្នុងខែធ្នូ ឆ្នាំ១៩៧៦ នាទីក្រុងភ្នំពេញ ប៉ុល ពត បានថ្លែងសារដ៏គួរឱ្យព្រឺព្រួច ថាពួកយើងត្រូវបង្កើនកម្ដៅដើម្បីដុតកម្ទេចខ្មាំងលាក់មុខ៖ «បក្សរបស់យើងមានជំងឺផ្ទៃក្នុងជាយូរឆ្នាំមកហើយ គឺតាំងពីសម័យតស៊ូមកម្ល៉េះ។ នោះក៏ដោយសារតែកម្ដៅបដិវត្តន៍របស់យើងនៅពេលនោះមិនទាន់ក្ដៅពេញ ទើបយើងមិនអាចស្វែងរកឃើញមេរោគចង្រៃទាំងនោះ។ ឥឡូវនេះ ក្នុងគ្រាដែលបដិវត្តន៍សង្គមនិយមរបស់យើងរុលទៅមុខ យើងអាចមើលឃើញមេរោគចង្រៃអាក្រក់ទាំងនោះ។ ប្រសិនបើយើងកប់មេរោគចង្រៃទាំងនោះ ពួកវានឹងបង្កភាពស្អុយរលួយចេញពីក្នុងមកបំផ្លាញយើងទៀត។ ពួកវានឹងបំផ្លាញសង្គម បំផ្លាញបក្ស និងបំផ្លាញកងទ័ពរបស់យើង”។ ខ្សែក្បត់ដែលយើងទើបបានកម្ទេចថ្មីៗនេះ ពួកវាបានមានផែនការសម្ងាត់តាំងពីនៅសម័យតស៊ូមកម្ល៉េះ [ប៉ុន្តែ] ក្នុងឆ្នាំ១៩៧៦ ពេលដែលបដិវត្តន៍វណ្ណៈរបស់យើងមានសន្ទុះខ្លាំងក្លា ទើបធ្វើឱ្យមេរោគចង្រៃជាច្រើនទាំងនោះងើបក្បាលឱ្យយើងឃើញ ដែលយើងត្រូវកម្ទេចចោល»។
ទស្សនាវដ្ដីនៃរបបកម្ពុជាប្រជាធិបតេយ្យ ឈ្មោះ «ទង់បដិវត្តន៍» បានចេញផ្សាយមួយខែម្ដង គឺសម្រាប់អប់រំបំពាក់បំប៉នស្មារតីកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បញ្ជាក់ថា ទស្សនាវដ្ដីនេះ តែងមានសំណេរប្រៀបប្រដូចខ្មាំង ឬមនុស្ស ដែលខ្មែរក្រហមមិនពេញចិត្តទៅនឹងសត្វធាតុ ដែលទុកក៏មិនចំណេញ ដកចេញក៏មិនខាត៖ «សៀវភៅទង់បដិវត្តន៍ដែលខ្ញុំអាន សរសេរពាក្យធ្ងន់ៗណាស់បាទក្នុងការហៅមនុស្សម្នាក់ យើងស្ដាប់ទៅយើងគិតថា ហៅមនុស្សជាសត្វមិនមែនហៅមនុស្សទេ ជាសត្វតិរច្ឆានអីចឹងគឺមាន។ ហើយក្នុងការប្រើពាក្យសំដីទៅលើអ្នកទោសដែលជាស្ត្រីអីហ្នឹងក៏ដូចគ្នាដែរ ក្នុងក្រសែភ្នែករបស់ឌុចហ្នឹងគឺជាមនុស្សមមិនល្អ គឺជាដង្កូវរបស់សង្គម ជាមូលហេតុដែលធ្វើបដិវត្តន៍បរាជ័យ អញ្ចឹងត្រូវកម្ចាត់ចោល»។
ការប្រៀបប្រដូចមនុស្សទៅជាសត្វតិរច្ឆាន ឬជាមេរោគចង្រៃអ្វីមួយ គឺជាការបន្ទាបបន្ថោកតម្លៃមនុស្សឱ្យស្មើនឹងសត្វធាតុ ធ្វើឱ្យបាត់បង់ភាពថ្លៃថ្នូរជាមនុស្ស។ ប្រវត្តិសាស្ត្របង្ហាញថា នៅពេលអាជ្ញាធររដ្ឋ ឬបុគ្គលស្ថិតក្នុងអំណាចរដ្ឋ ចាត់ទុកមនុស្សក្រុមណាមួយ ដែលខ្លួនមិនពេញចិត្តថា ជាសត្វធាតុនោះ វាតែងបណ្ដាលឱ្យកើតមានអំពើហិង្សានិងការកាប់សម្លាប់ ពីព្រោះពួកគេប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងធនធានរដ្ឋ ដើម្បីឃោសនាញុះញង់ឱ្យមានការស្អប់ខ្ពើម ឈានដល់ការកម្ទេច ឬបំបាត់ក្រុមមនុស្ស ដែលពួកគេហៅថា ជាសត្វតិរច្ឆាន ឬអមនុស្សនោះ។
មេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ អាឌុល ហ៊ីត្លែរ (Adolf Hitler) ដែលយល់ថា ជនជាតិអាល្លឺម៉ង់ជាកំពូលមនុស្សនោះ បានឃោសនាឱ្យមានការរើសអើងស្អប់ខ្ពើមជនជាតិជ្វីស (Jewish) ដោយហៅជនជាតិជ្វីសថា ជាសត្វកណ្ដុរ ជាមេរោគវីរុស និងជាសត្វល្អិតស្មោកគ្រោក ដែលចង្រៃ ហើយបើទុកនៅ នឹងធ្វើឱ្យប្រទេសជាតិអាល្លឺម៉ង់ចុះទន់ខ្សោយ។ កងកម្លាំងសន្តិសុខអាល្លឺងម៉ង់ ក្រោមការដឹកនាំរបស់ អាឌុល ហ៊ីត្លែរ ពីឆ្នាំ១៩៣៣ ដល់ ឆ្នាំ១៩៤៥ បានសម្លាប់ជនជាតិជ្វីស (Jewish) សរុបចំនួនប្រមាណ ៦លាននាក់។
នៅប្រទេសរ្វាន់ដា (រវ៉ាន់ដា) (Rwanda) ឯណោះវិញ ជម្លោះជាតិសាសន៍ និងការបន្ទាបបន្ថោកមនុស្សទៅនឹងសត្វតិរច្ឆាននេះ ក៏បានឈានដល់ការសម្លាប់មនុស្សរង្គាលដែរ ដែលភាគច្រើននៃជនរងគ្រោះ គឺជនជាតិភាគតិចទុតស៊ី (Tutsi)។ ជនជាតិហ៊ូទូ (Hutu) ដែលដឹកនាំប្រទេសរ្វាន់ដា បានឃោសនា និងចលនាឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ទុតស៊ី ដោយហៅជនជាតិមួយនេះថា ជា ‘សត្វកន្លាត’។ នៅឆ្នាំ១៩៩៤ ដោយមានការបើកដៃ និងចូលរួមយ៉ាងសកម្មពីភ្នាក់ងាររដ្ឋផង ប្រជាជនហ៊ូទូ បានសម្លាប់ជនជាតិភាគតិចទុតស៊ី ជិត ១លាននាក់ តែក្នុងរយៈពេលប្រមាណ ១០០ថៃ្ង ពីព្រោះពួកគេគិតថា ខ្លួនសម្លាប់សត្វកន្លាត មិនមែនសម្លាប់មនុស្សទេ។
ការប្រៀបប្រដូចមនុស្សទៅនឹងសត្វតិរច្ឆាន ឬការលាបពណ៌គ្នា ដើម្បីកេងចំណេញនយោបាយនេះ មិនមែនកើតមានតែក្នុងអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងបច្ចុប្បន្នកាលនេះ ក៏កំពុងកើតមានដែរ។ ជាក់ស្ដែង ក្នុងការរកហេតុផលសមស្របមួយ ដើម្បីចូលឈ្លានពានប្រទេសអ៊ុយក្រែន យកមកធ្វើជាប្រទេសរណបរបស់ខ្លួន ប្រធានាធិបតីប្រទេសរុស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បានចោទថ្នាក់ដឹកនាំរដ្ឋាភិបាលអ៊ុយក្រែន ថា ជាពួកណាស្ស៊ី ជាទាហារបស់ អាឌុល ហ៊ីត្លែរ (Adolf Hitler) ដែលគំរាមកំហែងដល់ប្រទេសរុស្សី។ ប៉ុន្តែការចោទប្រកាន់នេះ ហាក់ដូចគ្មានអ្នកណាជឿឡើយ ពីព្រោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) មិនត្រឹមតែមិនមែនជាភ្នាក់ងារណាស្ស៊ីរបស់ អាឌុល ហ៊ីត្លែរ ប៉ុណ្ណោះទេ ប៉ុន្តែគ្រួសារដូនតារបស់លោកថែមទាំងស្លាប់ក្រោមស្នាដៃរបស់ទាហាន អាឌុល ហ៊ីត្លែរ ក្នុងសង្គ្រាមលោកលើកទី២ ទៀតផង ពីព្រោះគ្រួសាររបស់លោក ហ្សេឡេនស្គី ជាជនជាតិជ្វីស (Jewish) ដែល អាឌុល ហ៊ីត្លែរ លាបពណ៌ថា ជាសត្វកណ្ដុរ និងជាមេរោគវីរូស។
ចំណែកនៅកម្ពុជាបច្ចុប្បន្នវិញ ក៏មានការលាបពណ៌ និងប្រៀបប្រដូចមនុស្សទៅនឹងសត្វតិរច្ឆានដែរ។ ក្នុងការធ្វើទុកបុកម្នេញ និងដាក់ក្រុមអ្នកនយោបាយបក្សប្រឆាំងឱ្យកាន់តែនៅឯកោ រដ្ឋាភិបាលកម្ពុជា ហៅមន្ត្រី និងសកម្មជនបក្សប្រឆាំង ដែលរិះគន់ និងមិនព្រមចុះចូលជាមួយបក្សកាន់អំណាច ថាជាពួកឧទ្ទាមទីក្រុង ឬក្រុមឧទ្ទាមក្រៅច្បាប់។ រីឯការបន្ទាបបន្ថោកមនុស្សជាសត្វធាតុវិញ ថ្មីៗ នេះ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បានហៅពលរដ្ឋខ្មែរ ដែលចេញតវ៉ាជាប្រចាំ ដើម្បីរកយុត្តិធម៌ឱ្យខ្លួនឯងផង និងសង្គមផងនោះថា ជាមេរោគចង្រៃ។ ចុះផ្សាយនៅថ្ងៃទី២៩ មីនា ក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្លួនឈ្មោះ Kosal Chum អមដោយរូបថតបាតុករមួយក្រុមតូច ដែលមានកញ្ញា សេង ធារី ឈរសំដែងមតិនៅខាងមុខតុលាការក្រុងភ្នំពេញផងនោះ លោក ជុំ កុសល ប្រៀបប្រដូចបាតុករអហិង្សាទាំងនោះជាមេរោគសង្គម ដែលមិនអាចទុកឱ្យនៅតទៅទៀតទេ៖ «វីរុសកូវីដ១៩ ទោះបីជាវាមានឥទ្ធិពលក្នុងការចម្លង និងកាចសាហាវយ៉ាងណា ក៏នឹងចុះខ្សោយបន្តិចម្ដងៗ ដោយសារប្រសិទ្ធភាពវ៉ាក់សាំង និងឈានទៅបាត់សូន្យពីផែនដីបាន។ ប៉ុន្តែពពួកមេរោគសង្គមប្រភេទនេះ ត ពូជ មិនចេះចប់ បង្កការរំខានគ្រប់ពេលវេលាឲ្យតែគេមានឱកាស។ មេរោគនេះ មិនអាចបណ្ដែតបណ្ដោយឲ្យរំខានក្នុងសង្គមបានទេ ព្រោះគោលបំណងសំខាន់របស់វា គឺទៅបំផ្លាញសង្គមតែម្ដង។ ដូច្នេះ គួរតែរកវិធីការពារវាកុំឲ្យវារីកសាយភាយធំបាន»។
ប្រហែលមកពីមន្ត្រីរាជការស្អប់ខ្ពើមអ្នកតវ៉ាតាមផ្លូវថ្នល់ រហូតដល់ប្រមាថពួកគាត់បែបនេះហើយ ទើបអ្នកតវ៉ាគ្រប់ប្រភេទចេះតែត្រូវកងកម្លាំងសន្តិសុខរំខានយាយី វាយដំឥតស្រាកស្រាន្ដ និងមានរហូតដល់ចាប់ដាក់គុកទៀតផង។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ តែងលើកទឹកចិត្តពលរដ្ឋខ្មែរឱ្យរៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីយល់ដឹងពីទង្វើ និងភាសាហិង្សារបស់ខ្មែរក្រហម ដើម្បីជួយគ្នាទប់ស្កាត់ កុំឱ្យអំពើអាក្រក់របស់ខ្មែរក្រហមកើតឡើងម្ដងទៀត។ ទោះយ៉ាងណា លោកចាត់ទុកសំដីដ៏មានគ្រោះថ្នាក់របស់លោក ជុំ កុសល មិនតំណាងឱ្យរដ្ឋាភិបាលកម្ពុជាទេ តែជាភាសាដែលលោកថា មិនគួរចេញពីមាត់មន្ត្រីរាជការទេ។ លោកបញ្ជក់ថា ភាសាបែបបញ្ឆេះកំហឹង និងបណ្ដុះការស្អប់ខ្ពើមគ្នា គួរត្រូវចៀសវាង ព្រោះការប្រៀបប្រដូចមនុស្សទៅនឹងមេរោគចង្រៃបែបនេះ មានតែប្រើក្នុងសម័យខ្មែរក្រហមទេ៖ «ពាក្សទាំងអស់ហ្នឹងវាសម័យឥឡូវគេថា ចរិតអន់បាទ ហាហា! នៅកន្លែងធ្វើការខ្ញុំ កាលណាមិនពេញចិត្តទៅលើការអីមួយគេច្រើនថា ចរិតអន់។ បាទ ការអប់រំជាងរឿងសំខាន់ សេចក្ដីថ្លៃថ្នូរ ប៉ុន្តែក៏គង់នៅមានមួយចំនួនតូចបាទដែលការអប់រំហ្នឹងវានៅខ្សោយក៏វាមានខ្លះដែរ។ ប៉ុន្តែជារួមខ្ញុំគិតថា ក្រៅពីខ្មែរក្រហមគ្មាននរណាដូចខ្មែរក្រហមទាល់តែសោះក្នុងពិភពលោកនេះ ដែលប្រើបប្រាស់ភាសាជាតិ បញ្ចូលមនោគមន៍វិជ្ជា ដុតកំហឹងឱ្យមនុស្សស្អប់គ្នា សម្លាប់គ្នា អញ្ចឹងចូរជួយគ្នាកែសម្រួលសង្គមយើង។ អញ្ចឹងហើយបានជាខ្ញុំតែរម្លឹកថា អ្នករស់រានមានជីវិតដល់ប្រាំលាននាក់សូមឱ្យមេត្តាប្រាប់រឿងរ៉ាវរបស់ខ្លួនទៅកូនចៅឬអ្នកជិតខាង ពីព្រោះវាសំខាន់ណាស់ក្នុងការជួយដល់សង្គមយើង។ បាទ គាត់អាចប្រាប់ថាសម័យខ្មែរក្រហម គេនិយយអញ្ចេះ ប្រើពាក្សអសុរស គ្មានសិលធម៌ មិនគោរពចាស់ទុំ»។
នៅក្រោមរបបកុម្មុយនិស្តផ្ដាច់ការខ្មែរក្រហម ជីវិតពលរដ្ឋខ្មែរបាត់អស់សេចក្ដីថ្លៃថ្នូរក្នុងភាពជាមនុស្ស។ ដោយគ្មានស្ថាប័នតុលាការផង ពលរដ្ឋខ្មែរដែលត្រូវបានប្រៀបប្រដូចជាសត្វតិរច្ឆាន និងលាបពណ៌ថា ជាភ្នាក់ងារសម្ងាត់បម្រើផលប្រយោជន៍ឱ្យបរទេសនោះ ត្រូវបានគេយកទៅប្រហារជីវិតយ៉ាងងាយស្រួល។
មេធាវីការិយាល័យក្រុមអ្នកច្បាប់ និងទីប្រឹក្សាអម រិន្ទ លោក សុក សំអឿន សរសេរសារនៅលើហ្វេសប៊ុករបស់លោកឈ្មោះ អម រិន្ទ ថាមានពាក្យខ្មែរមួយឃ្លាពោលថា៖ «បើចង់វ៉ៃឆ្កែ ឲ្យថា ឆ្កែហ្នឹងឆ្កួត។ ដល់សម័យ ប៉ុល ពត បើគេចង់សម្លាប់នរណា គេចោទថា អ្នកនោះជា សេអ៊ីអា ឬ កាហ្សេបេ! តាមពិតសុទ្ធតែជាវប្បធម៌លាបពណ៌»។
លោកបន្តថា៖ «ហេតុដូចនេះហើយ បានជារដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ កំណត់ថា កម្ពុជាត្រូវប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស និងធានាសិទ្ធិមនុស្ស ដែលមានចែងក្នុងឧបករណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ»។
របបខ្មែរក្រហមដែលចាប់ផ្ដើមពីខែមេសា ឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជិត ២លាននាក់ស្លាប់ដោយសារការសម្លាប់ ការអត់អាហារ ជំងឺ និងការងារបាក់កម្លាំង។ មានតែអតីតមេដឹកនាំខ្មែរក្រហម ៣នាក់ប៉ុណ្ណោះ ដែលសាលាក្ដីខ្មែរក្រហមបានជំនុំជម្រះចប់ពេញលេញ និងកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ អ្នកទាំងបីនាក់នោះ មានលោក ខៀវ សំផន ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងពន្ធនាគារ និងពីរនាក់ទៀត ដែលបានស្លាប់កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ ទៅហើយនោះ គឺ លោកនួន ជា និង កាំង ហ្កេចអ៊ៀវ ហៅ ឌុច៕
5 comments:
Puok Ah Roleuy Khmer Krohom have inadvertently or intentionally played Yuon's game that led to 3 million Khmer death.
These devils Khmer Rouge even copied the Chinese's caps.
Why isn't Hun Sen in the picture? We know he was the evil Yuon puppet and part of the Khmer Rouge.
I think there are alot of inconsistency on how the Khmer Rough was portray because they lost. Just look at the taliban. China, Russia, US, UK and others are moving to recognize them as legitimate no matter what they have done or how bad they are. Had the Khmer Rouge won, would they have been accused of their crimes? I don't think so. The US,UK, and China would have recognize them as legitimate. The Khmer Rouge wanted the evil Yuon out which is a good thing. A better understanding of the Khmer Rouge and how accurate they were portray because they lost need investigating. You can even look at the Russian and Ukraine conflict and what crimes have been committed. Just don't lose.
This must be a good Photoshop...Why? Was Hun Sen there among those commies leaders back then?
Hun Sen at that time was a small dog. That's why there was no Hun Sen's picture. He committed an act of treason by colluding with the evil Yuon to topple Pen Sovann, who was at that time refused to execute Yuon's orders.
This devil Hun Sen was never afraid to kill Khmer people and destroy Cambodia to please his master Yuon.
Post a Comment