ដោយ ខែ សុណង
2022.04.22
សមាជិកគ្រួសារលើករូបថតរបស់សកម្មជនបក្សប្រឆាំង កាលពីកំពុងជាប់ពន្ធនាគារ គឺលោកស្រី លឹម សាន ក្នុងអំឡុងពេលទាមទារអាជ្ញាធរឱ្យដោះលែង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សភ្លើងទៀនម្នាក់ទៀតគឺ អ្នកស្រី លឹម សាន ត្រូវជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូបុកផ្តួលបណ្តាលឱ្យរង របួសធ្ងន់ធ្ងរ នៅផ្លូវលំចូលវត្តគល់ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ជនរងគ្រោះចាត់ទុកករណីបុកផ្ដួលម៉ូតូនេះ គឺជាចេតនាប៉ុនប៉ងសម្លាប់ ដើម្បីគំរាមកំហែងផ្នែកនយោបាយមុនការបោះឆ្នោត។ សមត្ថកិច្ចជំរុញឱ្យជនរងគ្រោះដាក់ពាក្យប្តឹង និងសហការផ្តល់ភស្តុតាង។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលមើលឃើញថាមូលហេតុដែលជនរងគ្រោះមិនទំនុកចិត្តលើសមត្ថកិច្ចកន្លងមក ដោយសារសមត្ថកិច្ចមិនបានអនុវត្តកាតព្វកិច្ចគួរឱ្យទុកចិត្តបាន។
ស្ត្រីសកម្មជនបក្សភ្លើងទៀន ដែលទើបចេញពីពន្ធនាគារ គឺលោកស្រី លឹម សាន កំពុងបន្តសម្រាកពិនិត្យ និងព្យាបាលមុខរបួសនៅក្នុងមន្ទីរពេទ្យមួយ នៅថ្ងៃទី២២ ខែមេសា បន្ទាប់ពីលោកស្រី ត្រូវបានជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូបុកចំពាក់កណ្ដាលម៉ូតូលោកស្រីបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្លូវលំ ចូលទៅវត្តគល់ទទឹងប្រហែល២០០ម៉ែត្រ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី១៤ ខែមេសា។ ស្រ្តីរូបនេះចាត់ទុកករណីនេះ គឺជារឿងនយោបាយ ដើម្បីគំរាមកំហែង បំបាក់ស្មារតីសកម្មជនគណបក្សភ្លើងទៀន និងទប់ស្កាត់សកម្មភាពចេញតវ៉ាប្រឆាំងអំពើអយុត្តិធម៌ក្នុងសង្គម។
សមាជិកក្រុមស្រ្តីថ្ងៃសុក្រ និងជាបេក្ខជនក្រុមប្រឹក្សាឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ នៃគណបក្សភ្លើងទៀន លោកស្រី លឹម សាន ប្រាប់វិទ្យុអាស៊ីសេរីថា ចំថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរមានជនមិនស្គាល់មុខ ២នាក់បានជិះម៉ូតូបុកផ្តួលចំពាក់កណ្ដាលម៉ូតូរបស់លោកស្រីបណ្ដាលឱ្យលោកស្រី និងចៅម្នាក់រង របួសធ្ងន់ និងសន្លប់នៅនឹងកន្លែង ដែលពេលនោះជនល្មើសបានជិះម៉ូតូរត់គេចខ្លួនបាត់។ លោកស្រីឱ្យដឹងថា រហូតមកដល់ពេលនេះ លោកស្រីនៅឈឺចាប់មុខរបួសខ្លាំងផ្នែកខាងស្ដាំនៃរាងកាយ ដូចជា ត្រង់ក្បាល ស្មា និងជើង ដោយត្រូវការពិនិត្យ និងព្យាបាលពីគ្រូពេទ្យជាប្រចាំ។ សកម្មជនរូបនេះ បញ្ជាក់ថា គាត់នឹងមិនប្តឹងប៉ូលិសដូចលើកមុនទេ ដោយសារលោកស្រីគ្មានជំនឿថា ប៉ូលិសអាចរកយុត្តិធម៌ជូនសកម្មជននយោបាយបាន៖ « ជាឃាតកម្មមួយនេះកុំឱ្យបងប្អូនយើងហ៊ានតស៊ូមតិ អ៊ីចឹងទៅ ធ្វើខ្ញុំមួយដើម្បីឱ្យបងប្អូនផ្សេងទៀតកុំឱ្យគេមានទឹកចិត្តជួយសង្គមជាតិ ពីថ្ងៃនោះមកខ្ញុំនៅតែមិនអស់ចិត្ត ហើយខ្ញុំចាត់ទុកការគំរាមកំហែងខ្លាំងបំផុត តាមគំរាម តាមសម្លាប់បំបាត់មាត់ តាមធ្វើបាបគ្រប់រូបភាព រឿងអយុត្តិធម៌ហួសក្រៃលែងហើយ »។
ជុំវិញរឿងនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់វិទ្យុអាស៊ីសេរីថា កន្លងមកអាជ្ញាធរពុំដែលផ្អឹបសំណុំរឿងរបស់ពលរដ្ឋណាម្នាក់ទុកចោលនោះទេ។ លោកបន្តថា ករណីខ្លះសមត្ថកិច្ចជំនាញត្រូវការពេលវេលាស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានច្បាស់លាស់ ហើយក៏មិនអាចធ្វើតាមការចង់បានរបស់ជនរងគ្រោះនោះដែរ។ លោកជំរុញជនរងគ្រោះដាក់ពាក្យបណ្ដឹង សហការផ្តល់ព័ត៌មានមកសមត្ថកិច្ច ដើម្បីងាយស្រួលស្រាវជ្រាវករណីទាំងនោះ៖ «បើមានករណីអ្វីកើតឡើងសូមឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅដាក់ពាក្យបណ្ដឹង ទីមួយសូមឱ្យមានការជឿទុកចិត្តទៅលើសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ ទីពីរផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពីការសាកសួររបស់សមត្ថកិច្ច ពីព្រោះការផ្តល់ចម្លើយរបស់ជនរងគ្រោះ គឺជាចំណុចមួយសំខាន់ណាស់ ដែលសមត្ថកិច្ចអាចឈានទៅរកការស្រាវជ្រាវ ឃាត់ខ្លួន ឬចាប់ខ្លួនជនសង្ស័យ ឬជនបង្ក»។
ជនរងគ្រោះអះអាងថា ពួកគាត់ មិនមានជំនឿថា សមត្ថកិច្ចអាចផ្តល់យុត្តិធម៌បានឡើយ ព្រោះកន្លងមក បើទោះជាពួកគាត់ ព្យាយាមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក្ដី តែជាក់ស្ដែងមកទល់ពេលនេះ គ្មានករណីណាមួយ ដែលត្រូវបានអាជ្ញាធរបង្ហាញលទ្ធផលស៊ើបអង្កេតគួរឲ្យទុកចិត្ត ដើម្បីផ្តល់ទំនុកចិត្ត និងបញ្ចៀសការចោទប្រកាន់លើអាជ្ញាធរពាក់ព័ន្ធរឿងនយោបាយបានទេ។
លោកស្រី លឹម សាន គឺជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅឃុំកំពង់ស្វាយ និងបច្ចុប្បន្នជាបេក្ខជនក្រុមប្រឹក្សាលេខរៀងទី២ នៃគណបក្សភ្លើងទៀន នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកស្រីតែងចូលរួមសកម្មភាពជាមួយក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំតវ៉ាបញ្ចេញមតិដោយសន្តិវិធីនៅតាមស្ថាប័ននានា ដើម្បីទាមទារឲ្យតុលាការដោះលែងអ្នកទោសនយោបាយ ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំពី២០២០ លោកស្រី លឹម សាន ក៏ធ្លាប់ត្រូវបានជនស្លៀកពាក់ស៊ីវិល៣នាក់ ជិះម៉ូតូ២គ្រឿងដេញបុកម្ដងរួចមកហើយ ក្រោយពីគាត់ចេញពីកន្លែងជួបជុំតវ៉ាជាមួយក្រុមស្រ្តីថ្ងៃសុក្រ។ មួយខែក្រោយមកសមត្ថកិច្ចបានចាប់ខ្លួនលោកស្រី នៅមុខស្ថានទូតចិនប្រចាំក្រុងភ្នំពេញ ហើយតុលាការបានឃុំខ្លួនលោកស្រីដាក់ពន្ធនាគារជាងមួយឆ្នាំ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការទាមទារឱ្យចិនគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា។ ទោះជារងការធ្វើទុក្ខបុកម្នេញយ៉ាងនេះក្ដី ក្រោយពីចេញពីពន្ធនាគារលោកស្រីប្ដេជ្ញាបន្តសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងប្រមូលផ្ដុំគ្នាតវ៉ាស្ទើររាល់សប្ដាហ៍ជាមួយក្រុមគ្រួសារបក្សប្រឆាំងដែលកំពុងជាប់ឃុំ ដើម្បីដាក់ញត្តិនៅតាមស្ថានទូតប្រទេសប្រជាធិបតេយ្យ និងនៅមុខតុលាការក្រុងភ្នំពេញដដែល។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា អាជ្ញាធរមានកាតព្វកិច្ចការពារសន្តិសុខ សុវត្ថិភាព ដល់ពលរដ្ឋគ្រប់រូប ដោយគ្មានរូបភាពគំរាមកំហែង និងបំភិតបំភ័យ ដែលធានាដោយរដ្ឋធម្មនុញ្ញ ជាពិសេស បេក្ខជនរបស់គណបក្សនយោបាយអំឡុងពេលបោះឆ្នោត។ យ៉ាងណាក្ដី មន្ត្រីសង្គមស៊ីវិលរូបនេះមើលឃើញថា បទល្មើសដែលកើតលើសកម្មជននយោបាយជាហូរហែកន្លងមក សមត្ថកិច្ចហាក់មិនយកចិត្តទុកដាក់ដោះស្រាយ ឬបង្ហាញលទ្ធផលស្រាវជ្រាវណាមួយធ្វើឱ្យជនរងគ្រោះ និងមហាជនគួរឱ្យទំនុកចិត្តនៅឡើយទេ ផ្ទុយទៅវិញសមត្ថកិច្ចតែងតែឆ្លើយយករួចខ្លួន ដោយគ្មានការទទួលខុសត្រូវ៖ «អាជ្ញាធរត្រូវតែខិតខំវែកមុខឱ្យឃើញនូវបញ្ហាហ្នឹង បើមិនដូច្នេះទេ មហាជនក្ដី ជាពិសេសក្រុមសកម្មខាងផ្នែកនយោបាយគេនឹងដាក់ការសង្ស័យទៅលើករណីគំរាមកំហែងផ្នែកនយោបាយ ពីព្រោះពួកគាត់គឺជាសកម្មជននយោបាយសកម្មដែលឈានដល់ការប្រកួតប្រជែងដណ្ដើមអំណាចក្រុមប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះ»។
នៅពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង សុទ្ធតែណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមត្រូវការពារសុវត្ថិភាពបេក្ខជនឈរឈ្មោះ និងបង្កបរិយាកាសឲ្យបានល្អជៀសវាងអំពើហិង្សាទាំងរាងកាយ និងពាក្យសម្ដី ដើម្បីធានាឲ្យការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទោះបីជាលោក ហ៊ុន សែន ប្រកាសបែបនេះក្តី ប៉ុន្តែមកទល់ពេលនេះ មានសកម្មជនគណបក្សភ្លើងទៀនចំនួន ៦នាក់ហើយ ក្នុងនោះរួមទាំងសាច់ញាតិរបស់ពួកគេផង ត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារ ហើយសកម្មជនជិត ១០នាក់ទៀត ត្រូវតុលាការកោះហៅទៅបំភ្លឺពីបទញុះញង់ និងបទក្លែងឯកសារដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។ ទន្ទឹមនឹងនេះ អនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក ជឿន សារឹម បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយគ្រួសារជនរងគ្រោះសង្ស័យថា ជាប់ពាក់ព័ន្ធរឿងនយោបាយ។ ក្រៅពីនេះសកម្មជន និងបេក្ខជនបក្សនេះជាច្រើននាក់ទៀត ត្រូវបានជនមិនស្គាល់មុខប៉ុនប៉ងធ្វើបាបដោយគប់ដុំថ្មចូលក្នុងផ្ទះ និងដេញធាក់ផ្ដួលម៉ូតូគំរាមកំហែង និងរារាំងបេក្ខជនបក្សភ្លើងទៀនគ្រប់រូបភាពដែរ ខណៈដែលគណបក្សមួយនេះ មានលទ្ធភាពដាក់បេក្ខជនស្ទើរគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេសដូចគណបក្សកាន់អំណាច និងកំពុងធ្វើសកម្មភាពលេចធ្លោនៅតាមមូលដ្ឋាន។
ក្រុមអង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍បោះឆ្នោតវាយតម្លៃថា បើបរិយាកាសនយោបាយនៅតែស្ថិតក្នុងភាពអាប់អួបែបនេះ នឹងមិនអាចធានាថា ការបោះឆ្នោតនៅពេលខាងមុខ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ៕
2 comments:
This is part of Ah Prett Hun Sen's thank you peace.
Whoever threatens Hun Sen's power must be destroyed.
My suggestion for Khmer/Cambodian Opposition Supporters should spend more time to watch out the unknow suspects who try to cause troubles and stay alerts. So, keep an eye on the bad guys and stay quiet and report and let the Khmer Opposition Supporters know in advance before it is too late. Get the the f**kng unknow suspects right away before Khmer Opposition Supports get hurts.
We should know the secret plans from Ah Jongrai Hun Sen and his innercircles to hurt and destroy the Khmer Opposition/Democracy supporters.
Thank you
Post a Comment