ដោយ មាន ឫទ្ធិ
2022.05.29
លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះនៅរាជធានីភ្នំពេញ ខណៈលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបានដឹកនាំហែរក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុករបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក ថាច់ សេដ្ឋា
គណបក្សនយោបាយមួយចំនួនបង្កើនសកម្មភាពធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតទូទាំងប្រទេស ដោយហែរក្បួននិងធ្វើសកម្មភាពតូចៗនៅតាមមូលដ្ឋាន នៅថ្ងៃទី២៩ ខែឧសភា។ ប៉ុន្តែគណបក្សខ្លះបន្តទទួលរងការគំរាមកំហែង បំភិតបំភ័យដដែល ខណៈគណបក្សកាន់អំណាចកំណត់ទិសដៅបង្ហាញពីសមិទ្ធិផល និងចុះបង្រៀនអ្នកបោះឆ្នោតពីវិធីគូសលើសន្លឹកឆ្នោតនៅតាមខ្នងផ្ទះដោយគ្មានឧបសគ្គ។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មានរយៈពេល១៤ថ្ងៃនឹងបិទបញ្ចាប់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។ គណបក្សនយោបាយមួយចំនួនបានបង្កើតសកម្មភាពឃោសនានៅតាមបណ្តាលរាជធានី ខេត្តទូទាំងប្រទេសក្នុងថ្ងៃទី៩ នៃយុទ្ធនាការ ដោយហែរក្បួន ចាក់មេក្រូចល័ត ដើរចែកខិត្តប័ណ្ណតាមភូមិឃុំ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយគណបក្សពួកគេ។
គណបក្សភ្លើងទៀនបន្តហែរក្បួនទ្រង់ទ្រាយធំៗដែលមានអ្នកចូលរួមរាប់ពាន់នាក់ ដូចជានៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល តាកែវ និងខេត្តសៀមរាបជាដើម។ ក្រៅពីនេះសកម្មជនគណបក្សភ្លើងទៀនផ្សេងទៀត ក៏កំពុងមមាញឹកបានចុះផ្សព្វផ្សាយគោលនយោបាយនៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ។
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា សង្កេតឃើញថា អំឡុងពេលឃោសនារកសំឡេងឆ្នោតប្រជាពលរដ្ឋបានចូលរួមហែរក្បួនជាមួយបក្សភ្លើងទៀនកើនឡើងជាលំដាប់ និងទទួលបានការគាំទ្រទូទាំងប្រទេស ខណៈអាជ្ញាធរខេត្តមួយចំនួននៅតែហាមឃាត់សកម្មភាពឃោសនានៅទីប្រជុំជនសំខានៗ។ យ៉ាងណាក្តីលោកបញ្ជាក់ថា អ្នកគាំទ្រទាំងនោះចូលរួមឃោសនាដោយការស្ម័គ្រចិត្ត និងពុំមានផ្តល់លុយកាក់ទិញទឹកចិត្តឡើយ ពីព្រោះពួកគេមិនពេញចិត្តចំពោះការដឹកនាំរបស់គណបក្សកាន់អំណាចកន្លងមកដែលបង្កនូវអំពើអយុត្តិធម៌ក្នុងសង្គម ដូច្នេះពួកគេចង់ឱ្យមានការផ្តាស់ប្តូរតាមរយៈការបោះឆ្នោតខាងមុខនេះ៖ «សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់សូមបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ដើម្បីមានការផ្លាស់ប្តូរនៅថ្នាក់ឃុំ សង្កាត់ ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមប្រកាន់នូវអព្យាក្រឹត្យភាពរបស់ខ្លួន ដើម្បីធានាដល់ដំណើរការបោះឆ្នោតមួយប្រព្រឹត្តទៅប្រកបដោយសុចរិត និងយុត្តិធម៌»។
ចំណែកគណបក្សយុវជនកម្ពុជាដែលបានដាក់បេក្ខជនចូលរួមការបោះឆ្នោតចំនួន១១៤ ឃុំ-សង្កាត់ ភាគច្រើនជាយុវជនជាង៨០ភាគរយវិញ ថ្ងៃទី៩ នៃយុទ្ធនាការនេះ បានហែរក្បូនឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ដោយចាប់ផ្តើមពីទីស្នាក់ការបក្សឆ្ពោះទៅទីតាំងប្រគំតន្រ្តីនៅផ្លូវវេងស្រេង ម្តុំផ្សារត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដោយប្រធានគណបក្ស គឺលោក ពេជ្រ ស្រស់ ដែលមានអ្នកចូលរួមជាង ២ពាន់នាក់ (២០០០)។ អគ្គលេខាធិការគណបក្សយុវជនកម្ពុជាលោក ឆុំ ចាន់ថន លើកឡើងថា ក្រៅពីហែរក្បួន សកម្មជននៅតាមមូលដ្ឋានក៏កំពុងធ្វើសកម្មភាពផ្សព្វផ្សាយពីគោលនយោបាយចំនួន ៧ចំណុច ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែរ៖ «គណបក្សយុវជនកម្ពុជាមិនមែនចង់ឱ្យមានអ្នកចូលរួមជាមួយគណបក្សតែយុវជននោះទេ យើងទទួលទាំងយុវចាស់ យុវនារីទាំងអស់ ហើយអាស្រ័យលើពួកគាត់ចូលរួម តែភាគច្រើន គឺយុវជនចូលរួម»។
ចំណែកគណបក្សកម្ពុជានិយមវិញ បានហែរក្បួនឃោសនាបោះឆ្នោតនៅសង្កាត់បឹងទំពន់២ សង្កាត់រលួស និងសង្កាត់ព្រែកហូរ រាជធានីភ្នំពេញ ដឹកនាំដោយប្រធានគណបក្សលោក យ៉ែម បុញ្ញឫទ្ធិ ដែលមានអ្នកគាំទ្រចូលរួមជិត១រយនាក់។ ប៉ុន្តែសកម្មភាពឃោសនានោះត្រូវបានសកម្មជនគណបក្សប្រជាជនកម្ពុជាតាមរំខាន និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យលើពួកគេ។
ប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សកម្ពុជានិយមលោក សុខ ប៉េងឡុង ប្រាប់ថា លោកសោកស្តាយជាខ្លាំងចំពោះទង្វើរបស់សកម្មជនរបស់គណបក្សកាន់ណាចដែលបង្កបរិយាឃោសនាអាប់អួរ ហើយករណីគណបក្សទាំងនេះលោកនឹងពិនិត្យផ្លូវច្បាប់ដើម្បីប្តឹងបុគ្គលនោះទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតឆាប់ៗនេះ៖ «សកម្មជនគណបក្សប្រជាជនស្រែកថា ចាក់មេក្រូរញេរញ៉ៃ ហើយគាត់ស្រែកឱ្យយើងចេញពីផ្លូវដែលយើងដើរហ្នឹង បើគាត់មកក្នុងនាមជាអាជ្ញាធរអត់អីទេ ហើយអាចសម្របសម្រួលបានក៏ប៉ុន្តែនេះពាក់ស្លាកគណបក្សប្រជាជន ដែលជារូបភាពយើងមិនអាចទទួលយកបានទេ»។
រីឯគណបក្សប្រជាជនកម្ពុជាវិញ អះអាងថា ដោយផ្អែកតាមច្បាប់ និងនីតិវិធីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពួកគេបានកំណត់យុទ្ធនាការហែរក្បួនទ្រង់ទា្រយធំ ចំនួន២ដង គឺថ្ងៃបើកនិងថ្ងៃបិទបញ្ចប់។ អ្នកនាំពាក្យគណបក្សប្រជាកម្ពុជាលោក សុខ ឥសាន លើកឡើងថា គណបក្សកាន់អំណាចបានកំណត់សកម្មភាពឃោសនាតូចៗនៅតាមខ្នងផ្ទះរបស់ពលរដ្ឋ ដើម្បីពន្យល់ពីកម្មវិធីនយោបាយ និងបង្ហាញពីស្នាដៃក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសបង្រៀនពលរដ្ឋពីវិធីគូសនៅលើសន្លឹកឆ្នោតដែលមានរូបស្លាកសញ្ញាបក្ស និងលំដាប់លេខរៀងនៅតាមឃុំ សង្កាត់នីមួយៗ ដើម្បីជៀសវៀងកុំឱ្យខូចសន្លឹកឆ្នោត៖ «ឱ្យគាត់គូសឱ្យចំហ្នឹង ទីមួយពន្យល់អំពីកម្មវិធីនយោបាយរបស់គណបក្សឱ្យគាត់យល់ដឹងអំពីសារៈសំខាន់ដែលកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺជាកម្មវិធីនយោបាយត្រឹមត្រូវដែលគិតគូពីផលប្រយោជន៍ជាតិនិងពលរដ្ឋ ដើម្បីឱ្យគាត់សម្រួចឆន្ទៈទៅគូសលើសន្លឹកបោះឆ្នោតឱ្យត្រឹមត្រូវតាមគោលការណ៍របស់ គ.ជ.ប បានកំណត់»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថា ការឃោសនានៅថ្ងៃទី៩នេះ គណបក្សនយោបាយបានធ្វើសកម្មភាពជួបជុំ និងហែរក្បួនទ្រង់ទ្រាយតូចជាងថ្ងៃបើកយុទ្ធនាការ ហើយសកម្មភាពឃោសនាវិញ ប្រព្រឹត្តទៅដោយមានសន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់ល្អ។ លោកបញ្ជាក់ថា រយៈពេលឃោសនា៨ថ្ងៃនៃយុទ្ធនាការឃោសនាកន្លងមកនោះ គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតទទួលបានបណ្តឹងចំនួន៣៦ករណី ប៉ុន្តែលោកឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភានេះ ខាងលោកមិនទាន់បានទទួលពាក្យបណ្តឹងពីបក្សនយោបាយណាមួយនោះទេ៖ «បើសិនណាជួបបញ្ហាគំរាមកំហែង ឬដោយប្រការណាមួយ ខុសពីនីតិវិធីនៃការឃោសនាបោះឆ្នោត គណបក្សនយោបាយ ឬក៏បុគ្គលអាចធ្វើការប្តឹងជាបឋមទៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី មានប្រសាន៍ថា ក្នុងចំណោមគណបក្សយោបាយដែលចូលបោះឆ្នោតប្រកួតប្រជែងដណ្តើមអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់នេះ គណបក្សភ្លើងទៀនទទួលរងការគំរាមកំហែង និងរារាំងច្រើនជាងបក្សនយោបាយផ្សេងទៀត ដោយសារពួកគេធ្វើសកម្មភាពលេចធ្លោអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ ទោះយ៉ាងណាលោកបញ្ជាក់ថា បញ្ហាទាំងនោះមិនប៉ះពាល់ធ្ងន់ធ្ងរដល់ដល់ដំណើរបោះឆ្នោតនៅឡើយទេ។ ដូច្នេះលោកអំពាវនាវ ដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់អំពើខុសឆ្គងដែលផ្ទុយពីច្បាប់ និងក្រមសីលធម៌៖ «ខ្ញុំសូមអំពាវនាវគោរពបទបញ្ជា នីតិវិធី និងក្រមសីលធម៌ ឃោសនាបោះឆ្នោត ដើម្បីឱ្យដំណើរការរលូតដោយកុំឱ្យមានបញ្ហា ហើយសូមអាជ្ញាធរជួយសម្រួលការងារឃោសនាបោះឆ្នោតរាប់ចាប់ពីការជួយសម្រួលចរាចរណ៍ជាដើម ដើម្បីឱ្យពួកគាត់បានធ្វើសកម្មឃោសនាបោះឆ្នោតឱ្យបានទូលាយដល់អ្នកបោះឆ្នោត»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាខាងមុខ។ ក្នុងនោះគណបក្សនយោបាយចំនួន១៧ បានចូលប្រកួតប្រជែងដណើមយកអាសនៈសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួនជាង ១ម៉ឺន (១១.៦២២) អាសនៈ ហើយប្រជាពលរដ្ឋជាង៩លាន២សែននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត៕
1 comment:
The evil Vietnam had found an absolute faithful slave named Hun Sen to control Khmer people so that Vietnam could implement successfully the Vietnamization of Cambodia.
Now, this crazy dog Hun Sen needs to do whatever it takes to hold on to power such as harassing, intimidating, killing the opposition's members to ensure the win of the elections.
But, if the above measures failed, seizing the power by force would follow.
Khmer people must not abandon their noble struggle to save Cambodia.
Post a Comment