2022.05.23
ក្រុមអ្នកស្រឡាញ់ព្រៃឈើខកចិត្តចំពោះមន្រ្តីបរិស្ថានខេត្តក្រចេះដែលបណ្តែតបណ្ដោយឱ្យបទល្មើសដឹកឈើចេញពីតំបន់ព្រៃឡង់ និងការរំលោភយកដីធ្វើចម្ការយ៉ាងអាណាធិបតេយ្យដោយគ្មានការបង្រ្កាបណាមួយឱ្យបានត្រឹមត្រូវ។ ក្រុមយុវជនទាំងនោះមើលឃើញថា មន្រ្តីបរិស្ថាន អសមត្ថភាព និងគ្មានឆន្ទៈការពារព្រៃអភិរក្សមួយនេះឱ្យបានគង់វង្ស ខណៈបទល្មើសព្រៃឈើកើនឡើង។
ក្រុមអ្នកស្រឡាញ់ព្រៃឈើលើកឡើងថា ព្រៃឡង់ស្ថិតក្នុងខេត្តក្រចេះ គឺជាតំបន់ដែលមានបទល្មើសព្រៃឈើខ្លាំងជាងបណ្ដាខេត្តផ្សេងៗ ហើយបទល្មើសទាំងនោះកើតចេញពីអំពើពុករលួយរបស់មន្រ្តីបរិស្ថានបានឃុបឃិតគ្នាជាមួយជនល្មើស។ ការលើកឡើងនេះក្រោយពីយុវជនជាង៣០នាក់បានធ្វើយុទ្ធនាការជិះកង់ជុំវិញព្រៃឡង់ និងព្រៃព្រះរការប្រទះឃើញមានការដឹកចេញតាមរយៈគោយន្តឆ្លងកាត់ទីស្នាក់ការបរិស្ថានដោយគ្មានអាជ្ញាធរណាអើពើទប់ស្កាត់ឡើយ។
យុវជនដែលបានចូលរួមជិះកង់លោក អួត ឡាទីន ប្រាប់វិទ្យុអាសេរីនៅថ្ងៃទី២២ ខែឧសភាថា កំឡុងពេលដែលយុវជនកំពុងជិះកង់ឆ្លងកាត់ឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ ឆ្ពោះទៅភ្នំជីខេត្តកំពង់ធំ បានជួបប្រទះឃើញការដឹកឈើឈ្លីកនិងសុក្រំ ជាង៦០កំណាត់នៅតំបន់ចំនួន៣ផ្សេងៗគ្នាយកមករក្សាទុកនៅព្រៃសហគមន៍ប្រាសាទតាខ្មៅ និងសោមទីប៉ូ (ភូមិឧបសម្ព័ន្ធពីភូមិយាវ) ស្រុកសំបូរ។ លោកបន្តថា ឈើទាំងនោះមានប្រវែងចន្លោះពី៥ ទៅ៦ម៉ែត្រ និងមានមុខកាត់ ចន្លោះពី៣តឹក ទៅ៤តឹក។
លោក អួត ឡាទីន បន្ថែមថា តំបន់ព្រៃឡង់ខេត្តក្រចេះ មានចំណុចផ្សេងទៀត ក្រៅពីបទល្មើសព្រៃឈើ ក៏មានការចូលកាប់ទន្រ្ទានយកដីធ្វើចម្ការពីសំណាក់ប្រជាពលរដ្ឋនិងអ្នកមានអំណាចដែរ។ លោកថាតំបន់ទាំងនោះគឺនៅចំណុចតំបន់ប្រាំដំ ខេត្តក្រចេះ រហូតដល់ជិតភ្នំជីខេត្តកំពង់ធំ ដែលមានទំហំដីរាប់ពាន់ហិកតា ត្រូវបានជនខិលខូចរំលោភយក៖ «សម្រាប់មន្រ្តីបរិស្ថានបើមិនមានការប្រព្រឹត្តអំពើពុករលួយទេ ខ្ញុំគិតថាឈើនៅតំបន់ព្រៃឡង់មិនអាចដឹកចេញបានទេ ព្រោះដឹកច្រកណាក៏មានទីស្នាក់ការបរិស្ថានដែរ ត្រូវឆ្លងកាត់ទីស្នាក់ការបរិស្ថានដែរ។ អ៊ីចឹងខ្ញុំផ្ទាល់គិតថា ទំនងជាប្រព្រឹត្តអំពើពុករលួយ ឃុតឃិតគ្នារវាងមន្រ្តីបរិស្ថាន និងអ្នករកស៊ីឈើដោយខុសច្បាប់ មានទាំងឈ្មួញខាងក្រុមហ៊ុនផង និងឈ្មួញខាងក្រៅផង»។
លោកបន្តថា ការមិនអើពើរបស់មន្រ្តីបរិស្ថាននេះ ដោយសារតែពាក់ព័ន្ធអសមត្ថភាព និងគ្មានឆន្ទៈពិតប្រាកដក្នុងការបង្រ្កាបជនល្មើស ដែលធ្វើឱ្យជនទាំងនោះចេះតែប្រព្រឹត្តបទល្មើសព្រៃឈើតាមអំពើចិត្តដោយមិនខ្លាចច្បាប់។ លោកស្នើឱ្យក្រសួងបរិស្ថានគួរតែពង្រឹងឡើងវិញចំពោះមន្រ្តីមូលដ្ឋានត្រូវមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ មិនគួរយកតំបន់ព្រៃអភិរក្សជាកន្លែងប្រព្រឹត្តបទល្មើសនោះទេ។តំបន់ព្រៃឡង់មានផ្ទៃដីប្រមាណ៥០ ម៉ឺនហិកតា ដោយគ្រប់ដណ្តប់ខេត្តចំនួន៤ គឺព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ តំបន់ព្រៃឡង់ ត្រូវបានរដ្ឋាភិបាល់កំណត់ជាតំបន់ការពារ កាលពីឆ្នាំ២០១៦។
អង្គការលើកលែងទោសអន្តរជាតិ ហៅថា Amnesty International ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ពាន់ហិកតាក្នុងដែនជម្រកសត្វព្រៃធំៗចំនួន២ គឺព្រៃឡង់ និងព្រៃព្រះរកា ត្រូវបានកាប់បំផ្លាញ តាមរយៈការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។ នៅក្នុងរបាយការណ៍ដដែល បានថែមទាំងចោទប្រកាន់ចំៗទៅលើអាជ្ញាធរពាក់ព័ន្ធ និងជាពិសេស មន្ត្រីក្រសួងបរិស្ថានថា មិនបានអើពើនឹងការរាយការណ៍បទល្មើសពីប្រជាពលរដ្ឋនិងថា ពេលខ្លះ មន្ត្រីក្រសួងបរិស្ថានទាំងនោះ បានចុះទៅស៊ើបអង្កេត ប៉ុន្តែគ្រាន់តែទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។
ចំណែកយុវតីម្នាក់ទៀតគឺ ធួង ស្រីពៅ ដែលចូលរួមយុទ្ធនាការជិះកង់ជុំវិញព្រៃឡង់ដើម្បីបរិស្ថានអស់រយៈពេល១០ថ្ងៃ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១០ ដល់២០ ខែឧសភា បានឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ទើបបញ្ចប់កាលពីថ្មីៗនេះ ឱ្យអាស៊ីសេរីដឹងថា កញ្ញាតក់ស្លុតយ៉ាងខ្លាំងដែលប្រទះឃើញបទល្មើសដឹកឈើចេញពីតំបន់ព្រៃឡង់។ យុវតីរូបនេះបន្តថា បើសិនជាបទល្មើសនៅតែបន្តបែបនេះ ព្រៃឡង់នឹងក្លាយជាទីវាលរហោឋាន ហើយបាត់បង់ឈើប្រណិតៗនៅពេលខាងមុខ៖ «ជាសារក៏ដូចជាការសំណូមពរដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធទាំងអស់ហ្នឹង សូមចូលរួមឱ្យសកម្មប្រកបដោយភាពស្មោះត្រង់ យុត្តិធម៌ សមធម៌ ចូលរួមការពារធនធានធម្មជាតិ បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ជៀសវាំងការប្រព្រឹត្តអំពើពុករលួយការស៊ីសំណូកសូកប៉ាន់ ពីបុគ្គល ក្រុម ឬក៏ឈ្មួញអ្នកមានអំណាចណាម្នាក់ឡើយ។ មួយទៀត បើសិនជានៅបន្តឱ្យមានសកម្មភាពកាប់បំផ្លាញ់ព្រៃឈើដោយអនាធិបតេយ្យបែបនេះទៀត សម្រាប់ខ្ញុំ គិតថា ព្រៃឡង់ ក៏ដូចធនធានធម្មជាតិវានឹងបាត់បង់ឆាប់នៅពេលខាងមុខ»។
វិឡុអាសេរីមិនអាចទាក់ទង អភិបាលរងខេត្តក្រចេះលោក ប៉ែន លីណាត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២២ ខែឧសភា ដោយទូរសព្ទចូលតែគ្មានអ្នកទទួល។ ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃទី២២ ខែឧសភានេះ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ ធ្លាប់ឱ្យវិទ្យុអាស៊ីសេរីដឹងថា បទល្មើសនៅតំបន់ព្រៃឡង់មិនមានទ្រង់ទ្រាយធំដូចមុននោះទេ។
សេចក្តីថ្លែងការណ៍របស់ក្រុមបណ្តាញសហគមន៍ព្រៃឡង់ ចុះកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពី «សកម្មភាពកាប់បំផ្លាញព្រៃឈើ និងការកាប់រានដីព្រៃល្មើសច្បាប់នៅក្នុងតំបន់ព្រៃឡង់» បានឱ្យដឹងថា បទល្មើសនៅតំបន់ព្រៃឡង់ មានការកាប់បំផ្លាញដើមជ័រច្បោះ និងដើមឈើធំៗ ដោយអនាធិបតេយ្យ រួមដឹកឈើទាំងនោះយកឱ្យក្រុមហ៊ុន Think Biotech Co.,Ltd ស្ថិតក្នុងខេត្តក្រចេះ ក្រុមហ៊ុន Thy Nha Co.,Ltd Development and Investment និងក្រុមហ៊ុន PNT ស្ថិតក្នុងខេត្តព្រះវិហារ និងសកម្មភាពការដឹកជញ្ជូនឈើជាច្រើនគោយន្តក្នុងមួយថ្ងៃៗ។
ពាក់ព័ន្ធនឹងបញ្ហានេះ សហរដ្ឋអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២១ បានប្រកាសបញ្ចប់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ក្រោមគម្រោងព្រៃឡង់បៃតងដោយលើកហេតុផលថា «បញ្ហាមិនត្រូវបានដោះស្រាយ» ដែលបណ្ដាលឱ្យបទល្មើសចេះតែបន្តកើតមានកាន់តែខ្លាំង។ សកម្មជនព្រៃឈើនៅតែបន្តទទូចឱ្យក្រសួងបរិស្ថាន ពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹង និងលុបបំបាត់ ក្រុមហ៊ុនរកស៊ីឈើដោយខុសច្បាប់៕
No comments:
Post a Comment