ដោយ ទីន ហ្សាការីយ៉ា
2022.05.05
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ពលរដ្ឋពីរក្រុមនឹងជួបជុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ក្នុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមកចូលរួមកិច្ច កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២ ថ្ងៃទី១៣ ឧសភានេះ។ ពលរដ្ឋទាំងពីរក្រុមនេះគឺក្រុមម្ខាងនឹងធ្វើបាតុកម្មប្រឆាំងនឹងលោកហ៊ុន សែន ដែលដឹកនាំប្រទេសបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ រីឯក្រុមមួយទៀត ជាក្រុមស្វាគមន៍លោក ហ៊ុន សែន មកចូលរួមកិច្ចប្រជុំកំពូលពិសេសនេះ។
ក្រុមអ្នកវិភាគលើកឡើងថា ទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខិតខំកៀរគរមនុស្សឲ្យមករង់ចាំទទួលស្វាគមន៍លោក នៅរដ្ឋធានីវ៉ាស៊ីនតោនបែបណាក្ដី ក៏មិនអាចបិទបាំងអំពើរំលោភសិទ្ធិមនុស្ស ការធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ និងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាបានដែរ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា គណបក្សប្រឆាំង និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាមបង្ហាញកម្លាំងគាំទ្ររៀងៗខ្លួន ក្នុងពេលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅពេលខាងមុខនេះ។ លោកបណ្ឌិត សេង សារី សង្កេតឃើញថា កម្លាំងដែលនឹងប្រមូលផ្តុំគ្នាបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន ជាក្រុមប្រជាពលរដ្ឋឈឺចាប់និងចង់ឲ្យលោក ហ៊ុន សែន ដឹកនាំដើរលើគន្លងប្រជាធិបតេយ្យត្រឹមត្រូវវិញ។ ប៉ុន្តែសំរាប់លោ ហ៊ុន សែន វិញ ទោះជាខិតខំប្រមូលមនុស្ស ឲ្យមកទទួលលោកច្រើនកុះករយ៉ាងណាក្ដី ក៏មិនអាចបិទបាំងការពិត ដែលកំពុងកើតឡើងនៅកម្ពុជាសព្វថ្ងៃនេះបានដែរ៖ «ស្ថានភាពកើតមាននៅកម្ពុជា ថៃ ឡាវ ភូមានេះ ជាស្ថានភាពកើតឡើងពិតប្រាកដមួយ ដែលមានទាំងរបាយការណ៍របស់សង្គមស៊ីវិលជាតិ អន្តរជាតិនានា។ ដូច្នេះ ការបាតុកម្មប្រឆាំងបាតុកម្មនេះ គ្មានប្រសិទ្ធភាពអ្វីឬបង្ហាញថាប្រទេសនៅក្នុងតំបន់គោរពសិទ្ធិមនុស្សនោះទេ»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង បានរៀបចំកម្លាំងរៀងៗខ្លួន ក្នុងពេលកិច្ចប្រជុំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក បានខិតជិតមកដល់នេះ។ លោក ហ៊ុន សែន បានប្រកាសអួតអាង កាលពីពេលថ្មីៗនេះថា ឲ្យតែលោកមានបេសកកម្មនៅក្រៅប្រទេសគឺមានប្រជាពលរដ្ឋជាច្រើនទៅទទួលស្វាគមន៍លោក។ សំរាប់ផែនការ ទៅចូលរួមកិច្ចប្រជុំអាស៊ាន អាមេរិកនេះវិញ លោកអះអាងថា នឹងមានពលរដ្ឋខ្មែរជាង១ពាន់នាក់ នឹងរង់ចាំទទួលស្វាគមន៍លោក៖ «ល្ងាចថ្ងៃទី១០ ខ្ញុំទៅដល់ ថ្ងៃទី១០-១១ ខ្ញុំធ្វើការជាមួយប្រជាពលរដ្ឋខ្មែរ យើងនៅទីនោះ ដែលអាចនឹងមានការជួបជុំប្រមាណជាង ១ពាននាក់ ព្រោះកន្លែងដាក់មានតែប៉ុណ្ណឹង ត្រលប់មកវិញថ្ងៃទី១៥ មកដល់ខ្មែរវិញ»។
អ្នកជំនាញច្បាប់និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិ កញ្ញា សេង ធារី ដែលជាពលរដ្ឋខ្មែរអាមេរិកកាំងផងនោះ លើកឡើងថា កញ្ញាមិនជឿថា ពលរដ្ឋខ្មែរអាមេរិកកាំងមកទទួលលោកដោយស្ម័គ្រចិត្ត គោរពលោក ហ៊ុន សែននោះឡើយ ដោយសារតែរបបរបស់លោកបានធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋដូចសព្វថ្ងៃនេះ។ កញ្ញាបញ្ជាក់ថា មានខ្មែរអាមេរិកកាំងមួយចំនួនដែលមកទទួលលោក ហ៊ុន សែន នេះ គឺជាក្រុមពលរដ្ឋដែលទទួលបានផលប្រយោជន៍ពីលោក ហ៊ុន សែន តែប៉ុណ្ណោះ៖ «ខ្ញុំស្គាល់ខ្មែរអាមេរិកកាំង ខ្ញុំដឹងថា សកម្មជនគណបក្សប្រឆាំងជាអ្នកស្ម័គ្រចិត្ត ចាយលុយខ្លួនឯង។ រីក្រុមលោក ហ៊ុន សែនវិញ ឃើញថាមានរូបភាពច្រើនតែរូបភាពនេះ គឺមានការកៀរគរឲ្យលុយកាក់ ចំណាយសព្វបែបយ៉ាងដើម្បីឲ្យមានមនុស្សច្រើនទៅទទួលលោក ហ៊ុន សែន នេះដែរ»។
ទោះបីជាលោក ហ៊ុន សែន ហាក់ចង់បង្ហាញប្រជាប្រិយភាពរបស់លោក តាមរយៈមានអ្នកទទួលស្វាគមន៍លោកច្រើន ក្នុងពេលលោកមានបេសកកម្មនៅក្រៅប្រទេសបែបនេះក្ដី តែក្រុមអ្នកវិភាគអះអាងថា ពុំមែនមានន័យថា លោក ហ៊ុន សែន ជាមេដឹកនាំមានប្រជាប្រិយភាព និងប្រជាពលរដ្ឋគោរពស្រឡាញ់ពិតប្រាកដនោះទេ។ លើសពីនេះទៀត លោក ហ៊ុន សែន ក៏មិនអាចបន្លំភ្នែកមហាជន និងសហគមន៍អន្តរជាតិថា លោកជាមេដឹកនាំដែលមានគុណធម៌ និងបើកលំហសិទ្ធិសេរីជូនប្រជាពលរដ្ឋដូចដែលរបបរបស់លោកនៅបន្ទរតាមគ្នាថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ និងមានសន្តិភាពនោះឡើយ។
គិតចាប់តាំងពីឆ្នាំ២០១៧មក របបលោក ហ៊ុន សែន បានរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋសព្វបែបយ៉ាង ទោះជាសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញក៏ដោយ។ ក្រៅពីនេះទៀតរដ្ឋាភិបាលរបស់លោក បានបង្ក្រាបសកម្មជនសង្គម សកម្មជនគណបក្សប្រឆាំងនិងថែមទាំងចាប់ក្រុមអ្នករិះគន់ដាក់ពន្ធនាគារឥតស្រាកស្រាន្តឡើយ។
កាលពីដើមឆ្នាំ២០២២ ក្រោយពីលោក ហ៊ុន សែន បានធ្វើជាប្រធានប្ដូរវេនអាស៊ានភ្លាមលោក ទៅចាប់ដៃជាមួយមេដឹកនាំយោធាភូមា លោក ម៊ីន អ៊ុងលាំង (Min Aung Hlaing) ភ្លាម។ លោកទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកដំបូងនេះ ទទួលរងការរិះគន់ជាច្រើនពីសហគមន៍ជាតិ និងអន្តរជាតិ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) ធ្លាប់លើកឡើងថា ថា ការសម្រេចចិត្តដោយឯកតោភាគីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈប្រធានប្តូរវេនអាស៊ានទៅជួបលោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលជាមេដឹកនាំយោធាផ្ដាច់ការកាលពីដើមខែមករានោះ គឺជាការប្រមាថមើលងាយ ពលរដ្ឋមីយ៉ាន់ម៉ាដែលប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះដំណើរទស្សនកិច្ចនេះ។
ប្រធានកិច្ចការស្ត្រីនៃគណបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរិក អ្នកស្រី ធិត គីមហ៊ុន មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងរៀបចំធ្វើបាតុកម្មរួមគ្នាជាមួយពលរដ្ឋភូមា (Burma) ឡាវ(Lao) និងថៃ(Thailand) ដែលនឹងមានអ្នកចូលរួមប្រមាណ ១ពាន់នាក់ នៅថ្ងៃទី១២ឧសភា ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ អ្នកស្រីអះអាងថា ការធ្វើបាតុកម្មនេះ ដើម្បីឲ្យកិច្ចប្រជុំពិសេសនេះ លើករបៀបវារៈស្ដីពី សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ” មកជជែក។ អ្នកស្រីបន្ថែមថា ពលរដ្ឋប្រទេសនៅក្នុងអាស៊ាន ដែលប្រមូលគ្នាធ្វើបាតុកម្មនេះ គឺមកចូលរួមដោយស្ម័គ្រចិត្ត និងមកពីបណ្ដារដ្ឋផ្សេងៗគ្នា៖ «យើងកំពុងតែដំណើរការល្អ យើងបានជួបជុំជាមួយជនជាតិភូមា ដែលយើងនឹងជួបជុំគ្នាធ្វើមហាបាតុកម្មនៅថ្ងៃទី១២នេះ»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) អញ្ជើញលោក ហ៊ុន សែន ឲ្យទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា។ កិច្ចប្រជុំនេះគឺចំខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ានអាមេរិកដែរ។
លោក បណ្ឌិត សេង សារី បន្ថែមថា ពលរដ្ឋទាំងពីក្រុម ម្ខាងបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន និងម្ខាងទៀតទទួលស្វាគមន៍លោក ហ៊ុន សែននោះ នឹងមានឥទ្ធិពលអ្វីលើកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិកឡើយ ប៉ុន្តែសហរដ្ឋអាមេរិកមានគោលនយោបាយការបរទេសជាក់លាក់ និងមានភ្នាក់ងាររបស់ខ្លួនច្បាស់លាស់ ដែលធ្វើការវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិងនៅប្រទេសតំបន់អាស៊ានទាំងមូល៖ «អាមេរិកមិនពឹងលើរូបភាពមួយចំនួនដែលគេកសាងឡើងតាមរូបភាពនយោបាយទេ ជាទូទៅអាមេរិកពឹងលើរបាយការណ៍ស្រាវជ្រាវ និងរបាយការណ៍អ្នកជំនាញពិតប្រាកដ»។
ក្រុមអ្នកវិភាគព្យាករណ៍ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិកនេះ នឹងលើកយកបញ្ហាសិទ្ធិមនុស្ស ប្រជាធិតេយ្យ និងបញ្ហាឯករាជ្យភាពរបស់ប្រធានអាស៊ានយកមកជជែក ដើម្បីជំរុញឲ្យប្រទេសបំផ្លាញប្រជាធិបតេយ្យដូចជាកម្ពុជា និងមីយ៉ាន់ម៉ាជាដើម ឲ្យវិលមកដើរលើមកគន្លងប្រជាធិបតេយ្យត្រឹមត្រូវវិញ។ ម្យ៉ាងវិញទៀត ទោះជាលោក ហ៊ុន សែន ខិតខំប្រមូលមនុស្សឲ្យមកទទួលស្វាគមន៍លោកច្រើនកុះករយ៉ាងណាក្ដី ដរាបណាលោកហ៊ុន សែន មិនកែប្រែឥរាយបថដឹកនាំឲ្យល្អវិញទេនោះ លោកក៏មិនអាចស្ដារប្រជាប្រិយភាពនៅក្នុងតំបន់ និងអន្តរជាតិបានដែរ៕
1 comment:
Ah Heum Hun Sen.
Post a Comment