Sunday, 12 June 2022

អ្នកប្រឆាំង​ថា​សម្ដី​របស់​លោក ហ៊ុន សែន គ្មាន​ឥទ្ធិពល​លើ​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា


ដោយ ម៉ៅ សុធានី
2022.06.11
អ្នកប្រឆាំង​ថា​សម្ដី​របស់​លោក ហ៊ុន សែន គ្មាន​ឥទ្ធិពល​លើ​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង (Min Aung Hlaing)។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​បក្ស​ប្រឆាំង ថា​សារ​ដាស់តឿន​របស់​លោក ហ៊ុន សែន គឺជា​រឿង​ល្អ តែ​គ្មាន​ឥទ្ធិពល​ទៅលើ​មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ឡើយ​។ ការ​លើកឡើង​របស់​ពួកគាត់​បែប​នេះ គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ដល់​មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing) ឱ្យ​បញ្ឈប់​ការ​កាត់ទោស​ប្រហារជីវិត​ដល់​អ្នក​នយោបាយ​ប្រឆាំង​ជាបន្ទាន់​។ លោក ហ៊ុន សែន ថាបើ​លោក មីន អ៊ុងលាំង នៅតែ​បន្ត​ផែនការ​ប្រហារជីវិត​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​រីក​រាលដាល​ពេញ​សហគមន៍​អន្តរជាតិ។ មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណបក្សប្រឆាំង លើកឡើង​ថា ក្នុងនាម​កម្ពុជា​ជា​ប្រធាន​ប្តូរ​អាស៊ាន គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស​ក្នុង​តំបន់​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ប៉ុន្តែ​កម្ពុជា ក៏​ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​នេះ​ជា​គំរូ​ផង​ដែរ។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា លើកឡើង​ថា ក្នុងនាម​កម្ពុជា​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន មេដឹកនាំ​កម្ពុជា​មិនទាន់​ធ្វើជា​គំរូ​ល្អ ក្នុង​ភាព​អ្នកដឹកនាំ​ប្រទេស​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​មាន​ស្មារតី​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​។ លោក​បន្ត​ថា ការ​លើកឡើង​របស់​មេ​ដឹកនាំ​កម្ពុជា ក្នុង​ការ​ជំរុញឱ្យ​របប​សឹក​យោធា​មីយ៉ាន់ម៉ា ឬ​ភូមា លោក មីន អ៊ុងលាំង បញ្ឈប់​ការ​កាត់ទោស​ប្រហារជីវិត​ដល់​អ្នកនយោបាយ​ប្រឆាំង​នេះ នឹង​មិន​អាច​ជះឥទ្ធិពល​ឱ្យ​មាន​ការ​កែប្រែ​ស្ថានការណ៍​នៅ​ភូមា​មាន​ការ​វិវត្តន៍​ជា​ដុំកំភួន​នោះ​ទេ។



បន្ថែម​ពី​នេះ លោក ថាច់ សេដ្ឋា លើកឡើង​ថា ទោះ​កម្ពុជា​មិន​ស្ថិត​ក្នុង​របប​សឹក​បង្ហូរ​ឈាម ប៉ុន្តែ​កម្ពុជា​កំពុង​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​មាន​ការ​ចាប់ខ្លួន​មនុស្ស ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​កាន់អំណាច​ដាក់​ពន្ធនាគារ​តាម​ទំនើងចិត្ត​។ លោក​មើល​ឃើញ​ថា ស្ថានភាព​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​ដែរ៖ «ភូមា​ក្រុមប្រឆាំង ត្រង់​ប្រហារជីវិត​ជា​រឿង​មួយ ប៉ុន្តែ​នៅតែ​មាន​ការ​ចាប់​ចង​ដដែល ដូច​ចាត់ទុកថា​ប្រឆាំង​ខ្លួន​ក្នុង​របប​សឹក​នេះ​។ យើង​មិនមែន​ជា​របប​សឹក​ទេ ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ ប៉ុន្តែ យើង​ក៏​មាន​អ្នក​ជាប់ទោស​ច្រើន​ដែរ ដោយសារតែ ការ​បញ្ចេញមតិ​ដូចជា ការ​បង្ហោះ​ហ្វេសប៊ុក (Facebook) អីហ្នឹង​ជាដើម​។ ដូច្នេះ ដើម្បី​ឱ្យ​គេ​ស្ដាប់ ឱ្យ​គេ​ធ្វើតាម​យើង ជា​គំរូ​កម្ពុជា​ត្រូវតែ​ដើរ​តួនាទី​ហ្នឹង​មុនគេ​។ ដោះលែង អ្នក​នយោបាយ​ទាំងអស់ អ្នក​ទោស​មនសិការ ទាំង​សង្គម​ស៊ីវិល ទាំងអស់​ខ្ញុំ​ថា ជា​ការ​បង្ហាញ​ឥរិយាបថ​ដ៏​ល្អ​មួយ សម្រាប់​ជា​គំរូ​ដល់​គេ»។

លិខិត​ចុះ​កាល​ពី​ថ្ងៃទី ១០ ខែ​មិថុនា ផ្ញើ​ជូន​លោក មីន អ៊ុងលាំង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន និង​ជា​សមាជិក​អាស៊ាន​ទាំងអស់ ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​ការ​កាត់ទោស​ប្រហារជីវិត ដល់​ក្រុម​សកម្មជន និង​អ្នកនយោបាយ​ប្រឆាំង​នៅ​ភូមា​។ លោក ហ៊ុន សែន ព្រមាន​ថា ការ​អនុវត្តន៍​ទោស​ប្រហារជីវិត​នេះ នឹង​នាំ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ពី​សហគមន៍​អន្តរជាតិ និង​ជា​ការ​បំផ្លិចបំផ្លាញ​ដល់​កិច្ច​ខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ដើម្បី​នាំមក​សុខ​សន្តិភាព​ដល់​ពលរដ្ឋ​មីយ៉ាន់ម៉ា ឬ​ភូមា តាមរយៈ​កិច្ចព្រមព្រៀង​លើ​គោលការណ៍​រួម​៥​ចំណុច របស់​សមាគម​អាស៊ាន។ លោក ហ៊ុន សែន រំពឹង​ថា មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង នឹង​ពិចារណា​ឡើងវិញ​អំពី​ផែនការ​កាត់ទោស​ប្រហារជីវិត​ដល់​ក្រុម​អ្នក​ប្រឆាំង។

អ្នកនាំពាក្យ​របស់​របប​សឹក​ភូមា លោក ហ្សរ មិន ទុន (Zaw Min Tun) កាល​ពី​ពេល​ថ្មីៗ​នេះ​ឱ្យដឹង​ថា អ្នកនយោបាយ​៤​នាក់ ដែល​នឹង​ត្រូវ​ប្រហារជីវិត ដោយ​ការ​ព្យួរ​ក​នេះ រួមមាន អតីត​សមាជិកសភា​មក​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ របស់​លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) អតីត​មេ​ចលនា​និស្សិត សកម្មជន​ដើម្បី​លទ្ធិ ប្រជាធិបតេយ្យ និង​អតីត​អ្នកចម្រៀង Hip Hop។

អស់​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ កិច្ចព្រមព្រៀង​រួមគ្នា​៥​ចំណុច​របស់​អាស៊ាន​រួម​ទាំង​កិច្ច​ខិតខំ​របស់​មេដឹកនាំ​កម្ពុជា​ផង ដើម្បី​ជួយ​ឱ្យ​ប្រទេស​ភូមា ឬ​មី​យ៉ាន់​ម៉ា (Myanmar) វិលត្រឡប់​ទៅ​រក​ប្រជាធិបតេយ្យ​និង​ប្រក្រតីភាព​វិញ​នោះ មិនទាន់​ទទួល​បាន​ជោគជ័យ​នោះ​ទេ​។ ក្រុម​អ្នកឃ្លាំមើល​ថា មេដឹកនាំ​រដ្ឋប្រហារ លោក មីន អ៊ុង​លាំង មិនបាន​អនុវត្ត​តាម​គោលការណ៍​របស់​សហ​ជិក​អាស៊ាន​ទាំង​៥​ចំណុច​នេះ​ឡើយ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត សាទរ​ចំពោះ​លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ការ​ជំរុញឱ្យ​មេដឹកនាំ​មីយ៉ាន់ម៉ា កែប្រែ​ស្ថានការ​ផ្តន្ទាទោស​ប្រហារជីវិត​ដល់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​នេះ​។ ទោះ​យ៉ាងណា លោក​មើល​ឃើញ​ថា ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​កាន់តែ​ធ្ងន់ធ្ងរ​អំពី​ការ​ធ្វើ​គំរាមកំហែង​លើ​ពលរដ្ឋ​ភូមា​ដែល​មាន​និន្នាការ​ប្រឆាំង​។ បន្ថែម​នេះ លោក អំ សំអាត យល់​ថា កម្ពុជា​ខ្លួនឯង ក៏​គួរតែ​មាន​ការផ្សះផ្សា​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស ដោះលែង​អ្នកទោស​មនសិការ សកម្មជន​សង្គម និង​មានការ​កែប្រែ​ស្ថាន​ការ​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​បច្ចុប្បន្ន៖ «​អ៊ីចឹង​បើសិនជា​កម្ពុជា​យើង អ្នកនយោបាយ​ទាំងអស់ វិល​ទៅ​រក​វប្បធម៌​សន្ទនា ដើម្បី​ធ្វើការ​ចរចា បញ្ចប់​នូវ​វិបត្តិ​។ ហ្នឹង ក៏​វា​គំរូ​ល្អ​បន្ថែម​ទៀត បង្ហាញ​ទៅ​ប្រទេស​ភូមា អាច​នឹង​ងាក​មក​ការចរចា ការបញ្ឈប់​សង្គ្រាម»។

ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អស់​រយៈពេល ១​ឆ្នាំ​មកនេះ ក្រុម​យោធា​ភូមា​បាន​បើក​សង្គ្រាម​ពេញទំហឹង​ប្រឆាំង​នឹង​ពលរដ្ឋ​ភូមា​ដែល​មិន​ពេញ​ចិត្តនឹង​ការដឹកនាំ​ខុសច្បាប់​របស់​ខ្លួន​។ ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​បាន​ហៅ​ទង្វើ​របស់​ក្រុម​យោធា​ភូមា​នេះ​ថា​ជា «​អំពើ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ និង​កំពុង​រីក​រាលដាល​» ដែល​អាច​ចាត់ទុកថា​ជា «​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​»៕

3 comments:

Anonymous said...

Hun Sen told Min Aung Hlaing not to kill Myanmar people because killing is Hun Sen's specialty. So, don't try killing people, you cannot beat me.

Anonymous said...

This evil couple should be punished by God and go to hell together.

Anonymous said...

Murderers!