2022.06.01
បេក្ខជនមេឃុំគណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា អំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.បលុបចោលសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលតម្រូវឲ្យលោកបង់ផាកពិន័យ៥លានរៀលចូលរដ្ឋ។ មន្ត្រីសង្គមស៊ីវិល យល់ថា ផ្អែកតាមច្បាប់និងសកម្មភាពរបស់លោក គង់ រ៉ៃយ៉ា គឺគ្មានកំហុសនោះទេ ដូច្នេះគ.ជ.ប គួរតែបញ្ចប់រឿងនេះ។
បេក្ខជនមេឃុំស្តៅរបស់គណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា សង្ឃឹមថា ប្រសិនបើគ.ជ.ប បំពេញការងារដោយវិជ្ជាជីវៈនិងតាមគោលការណ៍ច្បាប់ពិតប្រាកដនោះ លោកនឹងទទួលបានយុត្តិធម៌ដោយរួចផុតពីការបង់ផាកពិន័យជាប្រាក់៥លានរៀល។ ក្តីសង្ឃឹមរបស់លោក គង់ រ៉ៃយ៉ា បែបនេះ គឺស្របពេលគ.ជ.ប ចេញលិខិតកោះហៅលោកចូលរួមដោះស្រាយ នៅថ្ងៃទី២ ខែមិថុនា បន្ទាប់ពីលោកបានដាក់បណ្តឹងជំទាស់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។
លោក គង់ រ៉ៃយ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែមិថុនា ថា លោក នឹងចូលរួមដោះស្រាយតាមលិខិតកោះហៅរបស់គ.ជ.ប។ លោកបញ្ជាក់ថា សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលតម្រូវឲ្យលោកបង់ប្រាក់ពិន័យចូលរដ្ឋចំនួន៥លានរៀល គឺជារឿងអយុត្តិធម៌ ។ លោកទទូចឲ្យគ.ជ.ប លុបចោលសេចក្តីសម្រេចនេះវិញ ដើម្បីបញ្ចៀសការរិះគន់ និងការដាក់សម្ពាធពីសហគមន៍អន្តរជាតិ៖ «ខ្ញុំយល់ថា បើគ.ជ.ប មានភាពឯករាជ្យ ប្រាកដជាទទួល សំណូមពររបស់ខ្ញុំនេះដើម្បីលុបចោលការផាកពិន័យជាថវិកាចំនួន៥លាន។ ខ្ញុំបារម្ភពី ឯករាជ្យរបស់គ.ជ.បដែរថា បើសិនជាខាងសហគមន៍អឺរ៉ុបរកឃើញថា ការបោះឆ្នោត ឃុំសង្កាត់ឆ្នាំ២០២២ មិនមានតម្លាភាព សេរី និងយុត្តិធម៌ទេ ដូច្នេះប្រទេសកម្ពុជា ប្រឈមការដកការអនុគ្រោះពន្ធEBA១០០ភាគរយ ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច ប្រទេសកម្ពុជា និងប្រជាពលរដ្ឋ»។
កាលពីថ្ងៃទី២៨ ខែឧសភា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម លោក យឹម សុធានី បានសម្រេចរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនមេឃុំគណបក្សភ្លើងទៀនទាំង១៥នាក់នៅស្រុកកងមាសដដែល ប៉ុន្តែសម្រេចផាកពិន័យតែលោក គង់ រ៉ៃយ៉ា ម្នាក់ឯង ចំនួន ៥ លានរៀន។ សេចក្តីសម្រេចនេះ ក្រោយពីដោះស្រាយបណ្តឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា ដែលបានស្នើសុំឲ្យគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមដកបេក្ខជនមេឃុំគណបក្សភ្លើងទៀនចំនួន ១៥ នាក់ រួមមានទាំងលោក គង់ រ៉ៃយ៉ា។ ក្រៅពីនេះ តំណាងគណបក្សប្រជាជនកម្ពុជា ទាមទារឲ្យផាកពិន័យម្នាក់ៗជាប្រាក់ ២០ លានរៀល និងផាកពិន័យគណបក្សភ្លើងទៀនចំនួន ៣០លានរៀល ពាក់ព័ន្ធនឹងការចោទថា លោក គង់ រ៉ៃយ៉ា ចែកលុយជាសាធារណៈ ជូនសកម្មជនរបស់ខ្លួន។
ទោះជាយ៉ាងណា លោក គង់ រ៉ៃយ៉ា យល់ថា តំណាងគណបក្សប្រជាជនកម្ពុជា ប្តឹងពួកលោកនេះ ព្រោះព្រួយបារម្ភខ្លាចចាញ់ការបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខ ។ លោកបញ្ជាក់ថា ក្នុងនាមលោកប្រធានក្រុមទ្រទ្រង់ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្តៅ គឺលោក មានសិទ្ធិចែកលុយនិងសម្ភារៈដល់បេក្ខជនមេឃុំបក្សភ្លើងទៀនទាំងនោះ ដើម្បីឲ្យពួកគាត់ប្រើប្រាស់សម្រាប់ឃោសនារកសំឡេងឆ្នោត ពោលគឺមិនមែនជាការទិញទឹកចិត្ត ឬសន្លឹកឆ្នោតពីពលរដ្ឋនោះទេ។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានគណៈកម្មាធិការអព្យាក្រិតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា និចហ្វិច លោក សំ គន្ធាមី មើលឃើញថា ការប្តឹងផ្តល់លោក គង់ រ៉ៃយ៉ា និងបេក្ខជនបក្សភ្លើងទៀនផ្សេងទៀតនេះ គឺអាច ពាក់ព័ន្ធនឹងការច្រណែនលើប្រជាប្រិយភាពរបស់បេក្ខជនមេឃុំទាំងនោះ។ លោកយល់ថា គ.ជ.បគួរតែលុបចោលការផាកពិន័យនេះ ព្រោះផ្អែកតាមច្បាប់និងសកម្មភាពរបស់លោក គង់ រ៉ៃយ៉ា ពុំចាត់ចូលក្នុងអំពើល្មើសច្បាប់បោះឆ្នោតនោះទេ៖ «បើឲ្យបេក្ខជនគេ ជាមន្ត្រី ជាបេក្ខជនស្រាប់ហើយ ចាំបាច់ទិញស្អី បើគេបេក្ខជនក្រុមប្រឹក្សាឃុំស្រាប់ហើយ មានអីត្រូវទិញ។ អានេះ គេផ្តល់លុយធ្វើការសម្រាប់ឃោសនាតើ។អាហ្នឹងអត់មានអីខុសទេ។ និយមន័យទិញសន្លឹកឆ្នោតអត់មានអ៊ីចឹងទេ ក្នុងផ្លូវច្បាប់ដូច្នេះអត់មានអីខុសច្បាប់ទេ។ គួរតែ គ.ជ.ប ហ្នឹង ពិនិត្យទៅបើឃើញ ដូចសម្ដីអ៊ីចឹងមែនគឺបញ្ចប់ទៅរឿងហ្នឹងទម្លាក់ចោលទៅ»។
កន្លងមក គណបក្សដែលរងការរិះគន់រឿងចែកលុយនិងអំណោយដូចជាសារ៉ុង ប៊ីចេង ជាដើមដល់ពលរដ្ឋម្ចាស់ឆ្នោតខ្លាំងជាងគេក្នុងរដូវកាលបោះឆ្នោតនោះ គឺគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ។ លើសពីនេះ គណបក្សកាន់អំណាច ថែមទាំងបង្ខំឲ្យពលរដ្ឋដែលបានអំណោយហើយ ត្រូវស្បថថា នឹងបោះឆ្នោតឲ្យបក្សខ្លួន និងព្រមានបង្កសង្គ្រាមទៀតផង ប្រសិនបើចាញ់ឆ្នោត។ អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង អះអាងថា បើទោះបីជាទង្វើរបស់គណបក្សប្រជាជនកម្ពុជា បំពានច្បាប់ បោះឆ្នោតធ្ងន់ធ្ងរបែបណាក្តី ប៉ុន្តែគ.ជ.ប ដែលជាសមាសភាពថ្នាក់ដឹកនាំភាគច្រើនចេញមកពីជួរមន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា ហាក់មើលមិនឃើញ និងមិនចាត់វិធានការតាមផ្លូវច្បាប់ឡើយ៕
1 comment:
This NEC is Yuon's tool to control the outcome of the election, because Ah Lngi Lngeu Hun Sen is Yuon's slave.
Post a Comment