Sunday, 12 June 2022

លោក កឹម សុខា បន្ត​ស្ងៀមស្ងាត់​ប៉ុន្តែ​មនុស្ស​ជុំវិញ​ខ្លួន​វាយ​ប្រហារ​លោក សម រង្ស៊ី រឿង​​បោះឆ្នោត


ដោយ យន់ សាមៀន
2022.06.11
លោក កឹម សុខា បន្ត​ស្ងៀមស្ងាត់​ប៉ុន្តែ​មនុស្ស​ជុំវិញ​ខ្លួន​វាយ​ប្រហារ​លោក សម រង្ស៊ី រឿង​​បោះឆ្នោត 

លោក សម រង្ស៊ី (ស្ដាំ) អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA

 

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​ប្រតិកម្ម ចំពោះ​ការ​រិះគន់​របស់​លោក សម រង្ស៊ី ថា លោក មិន​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​៥ មិថុនា គឺជា​កំហុស​របស់​លោក កឹម សុខា​។ ទោះបី លោក កឹម សុខា រក្សា ជំហរ​ស្ងៀមស្ងាត់​ក៏ដោយ ប៉ុន្តែ មនុស្ស​ជុំវិញ​ខ្លួន​លោក កឹម សុខា បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ទៅ​លោក សម រង្ស៊ី រហូត​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី ទៅវិញ​ទេ​ថា ជា​អ្នកធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បែក​បាក់។

អ្នក កឹម សុខា និយម នៅ​ក្រៅ​ប្រទេស​មួយចំនួន កំពុង​បណ្ដាក់​គ្នា​វាយប្រហារ​លោក សម រង្ស៊ី តាម​ហ្វេសប៊ុក និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​។ ខណៈ លោក កឹម សុខា បន្ត​ភាព​ស្ងៀមស្ងាត់ មិនទាន់​តបត​នឹង​លោក សម រង្ស៊ី នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃទី​១១ ខែ​មិថុនា។



មនុស្ស​ជំនិត​លោក កឹម សុខា គឺ លោក មុត ចន្ថា ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា បាន​ក្បត់​ឆន្ទៈ​ប្រជា​ពលរដ្ឋ ដោយ​រត់ចោល​ស្មារតី​បង្រួបបង្រួម និង​បាន​បំភ័ន្ត​បំភ្លៃ​ថា បក្ស​ភ្លើងទៀន និង​បក្ស​សង្គ្រោះ​ជាតី គឺ​តែមួយ​។ អតីត​ប្រធាន​ខុទ្ទកាល័យ លោក កឹម សុខា រូប​នេះ លើកឡើង​ដូច្នេះ​តាមរយៈ​ការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ។ លោក​ថា លោក កឹម សុខា មិន​ទៅ​បោះឆ្នោត ព្រោះ​លោក​មិន​គាំទ្រ​គណបក្ស​នយោបាយ​ប្រកួតប្រជែង​ណាមួយ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង ១៧​បក្ស ។ លោក មុត ចន្ថា យល់​ថា ការ​ដែល​លោក កឹម សុខា មិន​ទៅ​បោះឆ្នោត​ទើប​បណ្ដាល​ឲ្យ​គណបក្ស​ភ្លើងទៀន​ចាញ់ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ យ៉ាងធ្ងន់ធ្ងរ ខុសពី​ការ​រំពឹងទុក​របស់​ក្រុម​លោក សម រង្ស៊ី។

ចំណែក​មនុស្ស​ជំនិត​លោក កឹម សុខា ម្នាក់ទៀត គឺ​លោក មាជ សុវណ្ណារ៉ា បាន​យក​អត្ថបទ​របស់​លោក មុត ចន្ថា ដែល​វាយប្រហារ​លោក សម រង្ស៊ី ទៅ​ចែកចាយ​បន្ត​លើ​ហ្វេសប៊ុក​លោក។

ចំណែក មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ម្នាក់​គឺ​លោក ផែង ហេង ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក​មិនទាន់​ដឹង​ថា លោក កឹម សុខា បញ្ចេញ​ប្រតិកម្ម​បែប​ណា​ចំពោះ​លោក សម រង្ស៊ី ព្រោះ​មួយ​រយៈ​នេះ​លោក​មិន​បាន​ទៅ​ជួប​កូនក្ដី​របស់​លោក​។ អ្នកច្បាប់​រូប​នេះ បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​របស់​លោក​ថា បើ​ផ្អែក​តាមច្បាប់​អ្នកនយោបាយ​ទាំង​ ១១៨​រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុង​នោះ​ក៏​មាន​លោក កឹម សុខា ផង​ដែរ​នោះ​មិន​អាច​ទៅ​បោះឆ្នោត​បាន​ឡើយ៖ «ព្រោះ​អីយើ​ង​មើល​រដ្ឋធម្មនុញ្ញ​គេ​ថា សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត និង​សិទ្ធិ​បោះឆ្នោត ការ​ដក​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​បោះឆ្នោត​នឹង​មាន​កំណត់​ក្នុង​ច្បាប់ យើង​មើល​មក​ក្នុង​ច្បាប់​មានតែ​ច្បាប់​គណបក្ស​នយោបាយ ហើយ​គណបក្ស​នយោបាយ គាត់​សរសេរ​ថា ហាម​ធ្វើ​សកម្មភាព​នយោបាយ​ដល់ពេល​សាលដីកា​គេ​សរសេរ​តាម​ច្បាប់​ហ្នឹង អ៊ីចឹង​សម្រាប់​ខ្ញុំ​ឲ្យ​ខ្ញុំ​បកស្រាយ​ច្បាប់​ខ្ញុំ​គិត​ថា ១១៨​ហ្នឹង​ នៅតែ​អត់​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត»។

ប្រតិកម្ម​ក្រុម​និយម​លោក កឹម សុខា បែបនេះ ក្រោយ​ពេល​លោក សម រង្ស៊ី ថ្លែង​ក្នុង​វិធី​​ផ្សាយ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​៩ ខែមិថុនា ថា លោក កឹម សុខា មិន​ទៅ​បោះឆ្នោត ដូច​ទៅ​នឹង​ការ​បំភ្លេច វីរភាព​របស់​អតីត​អ្នកគាំទ្រ​គណបក្ស សម រង្ស៊ី គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើងទៀន កាលពី​ថ្ងៃទី​​៥ មិថុនា កន្លង​ទៅ៖ «អ៊ីចឹង​ជា​ការ​សោកស្ដាយ ខ្ញុំ​សង្ឃឹមថា គាត់​ (​លោក កឹម សុខា​) ថា ភ្លើងទៀន គ្រាន់បើ​ឆ្ងាយ គ្រាន់​បើ​ជាង​គណបក្ស​ប្រជាជន​ឆ្ងាយ​ណាស់ ជ្រើសរើស​ថា ប្រជាជន​ដូច​ភ្លើងទៀន ភ្លើងទៀន ដូច​ប្រជាជន​ខុស​ធ្ងន់​ណាស់​បាទ ខ្ញុំ​សូម​បញ្ចប់​ត្រឹមតែ​ប៉ុណ្ណឹង​ចុះ​នេះ​ជា​ការ​កត់សម្គាល់​មិនមែន​ជា​ការ​ស្ដីបន្ទោស​ទេ»។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់​ថា ករណី​លោក កឹម សុខា មិន​ទៅ​បោះឆ្នោត និង​ករណី​លោក សម រង្ស៊ី រិះគន់ លោក កឹម សុខា ពី​រឿង​មិន​ទៅ​បោះឆ្នោត​នេះ គឺ​អ្នកនយោបាយ​ជាន់ខ្ពស់​ទាំងពីរ​នេះ មាន​ហេតុផល​រៀងៗ ​ខ្លួន​។ ទោះ​បែប​នេះ លោក​យល់​ថា ប្រសិន​ការ​ប្រឈម​ដាក់គ្នា​របស់​អ្នក​ទាំង​កាន់តែ​ខ្លាំង​ថែមទៀត ដែល​អាច​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​មើលឃើញ​ថា លោក កឹម សុខា និង​លោក សម រង្ស៊ី ដើរ​ដល់​ផ្លូវ បំបែក គឺ​គណបក្សកាន់អំណាច​អាច​នឹង​បន្ធូរបន្ថយ​ការ​ដាក់​បន្ទុក​លើ លោក កឹម សុខា បាន​ខ្លះ​៖ «លោក កឹម សុខា គាត់​ធ្វើ​ហ្នឹង​គាត់​ក៏​មាន​ហេតុផល​តាម​គោលការណ៍​ច្បាប់​ការ​ធ្វើ​ពហិការ​ ដើម្បី​ទាមទារ​រក​ភាព​យុត្តិធម៌​របស់​គាត់​ដែរ ហើយ​លោក សម រង្ស៊ី ហ្នឹង​មាន​ហេតុផល​មួយ​របស់​គាត់​ដែរ បើសិន​លោក កឹម សុខា គាត់​ទៅ​ជួយ​គាំទ្រ ប៉ុន្តែ​គាត់​មិន​ទៅ​ទេ ទុក​ឲ្យ​អ្នកគាំទ្រ​គាត់​ទៅ ក៏​ជា​យន្តការ​មួយ​ឲ្យ​គណបក្ស​ភ្លើងទៀន​ឡើង​ប្រជាប្រិយភាព»។

ទាក់ទង​ការ​យល់​ឃើញ​របស់​អ្នកឃ្លាំមើល​នយោបាយ​បែបនេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន បាន​ទេ​ នៅ​ថ្ងៃទី​១១ ខែ​មិថុនា​។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​លើកឡើង​ជាច្រើន​ដង​ថា រដ្ឋាភិបាល​នឹង​មិន​លូកដៃ​ចូល​កិច្ចការ​តុលាការ​ទេ​។ ទោះ​បី​យ៉ាងណា លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហើយ​ថា លោក​មិន​ជំទាស់​នឹង​លោក កឹម សុខា សុំ​តុលាការ​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ព្យាបាល​ជំងឺ ហើយ​ថា លោក កឹម សុខា​ចេះ​ឆ្លៀតពេល​ចំណេញ​នយោបាយ ពេល​បុណ្យសព​របស់​បងប្រុស​លោក។

លោក ឯម សុវណ្ណារ៉ា បន្ត​ទៀត​ថា នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ លោក កឹម សុខា អាច​នឹង​បញ្ចេញ​ប្រតិកម្ម​ទៅ​លោក សម រង្ស៊ី វិញ​ដើម្បី​បញ្ជាក់​ជំហរ​របស់​ខ្លួន​។ លោក​យល់​ថា សារ​របស់​លោក កឹម សុខា អាច​នឹង​ធ្វើ​ដោយ​ប្រយ័ត្នប្រយែង​ក្នុង​វាយប្រហារ​លើ​លោក សម រង្ស៊ី៖ «ខ្ញុំ​គិតថា សារ​ដែល​គាត់​ (​លោក កឹម សុខា) អាច​ទាញ​ទៅ​ចំណេញ​គាត់​គួរតែ​ប្រើ​យន្តការ​មួយ​ចំនួន ឬក៏​ឈរ​លើ​ស្មារតី​ប្រជាធិបតេយ្យ ប៉ុន្តែ​ដើម្បី​ឲ្យ​គណបក្ស​កាន់អំណាច ​គេ​បន្ធូរបន្ថយ​ទៅ គាត់​បាន​លុះត្រាតែ នៅ​ក្នុង​ខ្លឹមសារ​នោះ​វាយ​ប្រហារ​ទៅ លោក សម រង្ស៊ី ប៉ុន្តែ​បើ​វាយប្រហារ​ខ្លាំងពេក ហើយ​ពុំ​មាន​ហេតុផល ​ឬ​សំអាង​ពិត​ប្រាកដ ខ្ញុំ​គិត​គាត់​អាច​ខាតបង់។ ប៉ុន្តែ​យន្តការ​នេះ​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង អ៊ីចឹង​បាន​គាត់​មិន​ប្រតិកម្ម​ទៅ​ភ្លាមៗ​ ទេ​បាទ»។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើត​ចេញ​ពី​សម្ព័ន្ធភាព​នយោ​បាយ​រវាង​លោក សម រង្ស៊ី គណបក្ស សម រង្ស៊ី និង​លោក កឹម សុខា គណបក្ស​សិទ្ធិមនុស្ស មិនទាន់​អាច​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​វិញ​បាន​នៅ​ឡើយ​ទេ ក្រោយ​ពី​រដ្ឋាភិបាល លោក ហ៊ុន សែន រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧ ពាក់ព័ន្ធ​សំណុំរឿង​ក្បត់ជាតិ លោក កឹម សុខា។ មុន​ការ​បោះឆ្នោត​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ​នេះ ប្រមាណ​ ៣​ខែ ក្រុម​និយម​លោក សម រង្ស៊ី បាន​យក​គណបក្ស​ភ្លើងទៀន ដែល​ជា​អតីត​គណបក្ស សម រង្ស៊ី មក​ចូលរួម​ប្រកួតប្រជែង និង​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ២០% ពី​ការ​បោះឆ្នោត ទោះបី​មាន​ការ​គំរាមកំហែង គាបសង្កត់​និង​ទុក្ខ​បុក​ម្នេញ​គ្រប់​រូបភាព​លើ​សកម្មជន​បក្ស​ភ្លើងទៀន​ក៏ដោយ​។ លោក សម ង្ស៊ី ថា លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​នេះ បង្ហាញថា ការដឹកនាំ​របៀប​ឯក​បក្ស​របស់​គណបក្ស​កាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ពលរដ្ឋ​បោះឆ្នោត​បញ្ចប់ ហើយ​គណបក្ស​ភ្លើង​ទៀន​​មាន​ឱកាស ឈ្នះ​ឆ្នោត​ទទួល​បាន​អាសនៈ​រដ្ឋសភា​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាង​មុខ​នេះ៕

1 comment:

Anonymous said...

after listening to Kem Sokha's sex tape, I completely lost respect on him.

I could not believe he stoop that low. The language of the woman he talked to was junked language and Ah Kem Sokha was the President of the biggest opposition political party.

Therefore, Ah Kem Sokha got a new title: Ah Kanteur Kdor Kley Choy Min Reus Mouk.

Quit from politic Ah Roleuy Kem Sokha.