ដោយ សុជីវី
2022.06.08
គណៈប្រតិភូចិន ដឹកនាំដោយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា គឺលោក វ៉ាង វិនធាន (Wang Wentian) និងភាគីកម្ពុជា ដឹកនាំដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ រួមគ្នាចុះបឋមសិលាបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង កំពង់ផែកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ក្រោមជំនួយឥតសំណងរបស់ចិន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក Tea Banh
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងក្រសួងការបរទេសកម្ពុជា បានប្រតិកម្មការចោទប្រកាន់ដែលថា កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ ដើម្បីអនុញ្ញាតឱ្យមានវត្តមានចិនសាងសង់មូលដ្ឋានទ័ពនៅសមុទ្ររាម។ ប្រតិកម្មមន្រ្តីរដ្ឋាភិបាលនេះ ធ្វើឡើងក្រោយពីមន្រ្តីសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ប្រទេសចិនកំពុងលួចសាងសង់មូលដ្ឋានកងទ័ពជើងទឹកដោយសម្ងាត់នៅកម្ពុជាសម្រាប់បម្រើឱ្យវិស័យយោធាចិនផ្តាច់មុខ។
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ប្រកាសថា ទីតាំងកំពង់ផែរាមជាទីកន្លែងមួយតូច និងមានជម្រៅត្រឹមតែ ៧ម៉ែត្រ ហើយថា ការចោទប្រកាន់ក្នុងទម្រង់ដដែលនេះ កាន់តែធ្វើឱ្យកម្ពុជារងនូវភាពអយុត្តិធម៌។ លោកអះអាងថា ការរួមចំណែកកសាងទំនើបកម្មរាម ក្រោមជំនួយឥតសំណងរបស់ចិននេះ គឺកម្ពុជាបានធ្វើសេចក្ដីសម្រេចដោយខ្លួនឯង ដើម្បីពង្រីកសក្ដានុពលទីតាំងកងទ័ពជើងទឹកកម្ពុជា មិនបានផ្តល់ការគ្រប់គ្រងផ្ដាច់មុខឱ្យយោធាចិន ដូចការចោទប្រកាន់ឡើយ៖ «ផែរាមនេះ ការធ្វើទំនើបកម្មរាមនេះ ប្រគល់ភារកិច្ចផ្ដាច់មុខ ទៅឱ្យកងទ័ពប្រជាជនចិនប្រើប្រាស់ គ្មានទេ។ រឿងទាំងហ្នឹងអត់មានទល់តែសោះ ហើយយើងចេះតែម៉ៃយក តាមដែរខ្លួនចង់បាន ចង់ឱ្យទៅរបៀបហ្នឹង។ ទៅមិនរួចទេ មិនមែនទៅបានទេ ទៅមិនរួចហ្មង វាមិនមែនទៅរួចទេ ព្រោះនេះ គឺជាដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជា មានសិទ្ធពេញលេញទាំងអស់ ក្នុងការសម្រេចធ្វើរបៀបណា ធ្វើទំនើបកម្មកម្រិតណា ធ្វើបានប៉ុន្មាន ដូចខ្ញុំបាននិយាយ តាមលទ្ធភាព»។
លោក ទៀ បាញ់ លើកឡើងបែបនេះ ក្នុងពេលដែលលោក និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) បានចូលរួមពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង ដែលជាជំនួយឥតសំណងរបស់ចិន នៅកំពង់ផែកងទ័ពជើងទឹករាម នៅថ្ងៃទី៨ ខែមិថុនា។
ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី៧ មិថុនា រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន ក៏បានច្រានចោលចំពោះសំណួររបស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី (Australia) អ្នកស្រី ផិននី វ៉ុង (Penny Wong) ដែលអ្នកស្រីបានលើកឡើង ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីវត្តមានយោធាចិននៅមូលដ្ឋានកំពង់ផែរាមនេះដែរ។ លោក ប្រាក់ សុខុន អះអាង ប្រាប់អ្នកស្រី ផិននី វ៉ុង ថ្លែងថា កម្ពុជាតែងប្រកាន់ខ្ជាប់ខ្លួនក្នុងការអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ ដោយមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋាន ឬកងទ័ពបរទេសណាមួយមកតាំងនៅលើទឹកដីកម្ពុជាបានឡើយ។ លោក ប្រាក់ សុខុន អះអាងទៀតថា ការកែប្រែលម្អមូលដ្ឋានកងទ័ពជើងទឹករាមនេះ ធ្វើឡើងក្នុងបុព្វហេតុពង្រឹកសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដើម្បីការពារបូរណាភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។
ប្រតិកម្មពីសំណាក់រដ្ឋមន្រ្តីក្រសួងការពារជាតិ និងក្រសួងការបរទេសបែបនេះ គឺធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញរបស់សហរដ្ឋអាមេរិក បានលើកឡើង ប្រាប់កាសែត ឌឹ វ៉ាស៊ីងតោនប៉ុស្តិ៍ (The Washington post) ចេញផ្សាយកាលពីថ្ងៃទី៦ មិថុនា ដោយបន្តចោទប្រកាន់ថា ប្រទេសចិនកំពុងលួចសាងសង់មូលដ្ឋានកងទ័ពជើងទឹកដោយសម្ងាត់នៅកម្ពុជាសម្រាប់បម្រើឱ្យវិស័យយោធាផ្តាច់មុខ។ មន្ត្រីអាមេរិករូបនោះបន្តថា ការបង្កើតមូលដ្ឋានទ័ពជើងទឹករបស់ចិននៅកម្ពុជា នឹងក្លាយជាមូលដ្ឋានកងទ័ពរបស់ចិនទីមួយក្នុងតំបន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងជាមូលដ្ឋានកងទ័ពទីពីរនៅលើពិភពលោករបស់ចិន ដែលជាផ្នែកនៃយុទ្ធសាស្ត្ររបស់ក្រុងប៉េកាំងក្នុងការកសាងបណ្តាញមូលដ្ឋានយោធាជុំវិញពិភពលោកគាំទ្រដល់សេចក្តីប្រាថ្នារបស់រដ្ឋាភិបាលចិន ដើម្បីក្លាយជាមហាអំណាចពិតប្រាកដមួយនៅលើសកលលោក។
ទោះបីជាយ៉ាងណា លោក ទៀ បាញ់ បន្ថែមថា ការបើកការដ្ឋានសាងទំនើបកម្មកំពង់ផែរាមនេះ កម្ពុជា និងអ្នកជំនាញបច្ចេសទេសខាងភាគីចិន នឹងចាប់ផ្ដើមការសាងសងនៅថ្ងៃក្នុងរយៈពេលឆាប់ៗ ខាងមុខ ដោយលោកក៏បានអំពាវនាវឱ្យគ្រប់ភាគីចូលត្រួតពិនិត្យក្នុងការដ្ឋានកំពុងសាងសង់។ លោក ទៀ បាញ់ បញ្ជាក់ថា នៅពេលបញ្ចប់ការសាងសង់ កម្ពុជានឹងមិនអាចអនុញ្ញាឱ្យភាគីណាមួយចុះត្រួតពិនិត្យ នៅតំបន់ផែរាមនេះទៀតបានឡើយ ដោយសារតែអាចមានការនាំចូលអាវុធធុនធ្ងន់ សម្រាប់ការពារដែនអធិបតេយ្យ។ លោក ទៀ បាញ់ លើកឡើងបន្តថា ការធ្វើទំនើបកម្មកំពង់ផែនៅទីតាំងកំពង់ផែរាមនេះ គឺស្ថិតក្នុងដែនសមត្ថកិច្ច និងការរៀបចំប្រព័ន្ធយោធាកងទ័ពជើងទឹកកម្ពុជា មិនគួរមានការចោទប្រកាន់នានាពីសំណាក់មជ្ឈដ្ឋានខាងក្រៅដែរនាំមានការរំខានឡើយ។
អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិ កញ្ញា សេង ធារី លើកឡើងថា ការចាប់ផ្ដើមសាងសង់មូលដ្ឋានកងទ័ព ដោយភាគីកម្ពុជា និងចិន មិនទាន់លាងជម្រះមន្ទិលសង្ស័យបែបនេះ កម្ពុជាកាន់តែប្រឈមការទទួលរងទណ្ឌកម្មផ្សេងៗ ជាបន្តបន្ទាប់ទៀត។ កញ្ញា សេង ធារី យល់ថា ការបង្ហាញភស្តុតាងពីក្រុមអ្នកស្រាវជ្រាវអាមេរិក ក្នុងការចោទប្រកាន់របបក្រុងភ្នំពេញ ចំពោះវត្តមានយោធាចិននេះ គឺគេធ្វើឡើងដោយមានរបាយការណ៍ និងមានមូលដ្ឋានច្បាស់លាស់។ កញ្ញាថា ការបង្ហាញព័ត៌មានមិនគួរឱ្យទុកចិត្ត វាជារឿងទូទៅសម្រាប់របបផ្ដាច់ការទៅហើយ ប៉ុន្តែកញ្ញាព្រួយបារម្ភថា បើកម្ពុជាគ្មានឆន្ទៈក្នុងការលាងជម្រះមន្ទិលសង្ស័យពីវត្តមានមូលដ្ឋានចិន ហើយបញ្ហាទាំងនេះអាចកើតមាននៅពេលអនាគត នោះកម្ពុជានឹងផុងខ្លួនធ្លាក់ក្នុងរបត់នយោបាយកាន់តែអាក្រក់បន្ថែមទៀត៖ «បើអ៊ីចឹងការបដិសេធ ជាធម្មតាទេ ព្រោះយើងកំពុងរស់នៅក្រោមការគ្របដណ្ដប់ ដោយរបបភូតភរ។ អ្វីដែរចេញពីមាត់ ពីរបបផ្ដាច់ការ យើងមានភាពសង្ស័យជានិច្ច យើងអត់មានជំនឿ។ អត់មានជំនឿ មកពីយើងមានបទពិសោធន៍ យូរអង្វែងជាមួយនឹង របបផ្ដាច់ការដែលចេះតែភូតភរ ដល់យើងម្ដងហើយម្ដងទៀត។ អ្វីដែរ គាត់ [ភាគីចិន] និយាយបង្វែរដែន ជាការគ្រប់ដណ្ដប់លើសភាពការណ៍គ្រោះថ្នាក់ដល់កម្ពុជា ក្លាយជាសមរភូមិយោធា រវាងមហាអំណាចម្ដងទៀត។ ជាសង្គ្រាមត្រជាក់លើកទីពីរ»។
ទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន ដែលបានចូលរួមពិធីសម្ភោធការដ្ឋាននោះថ្លែងប្រាប់កាសែតក្នុងស្រុកថា គម្រោងផែនការនៅទីតាំងមូលដ្ឋានទ័ពរាមនេះ គឺជាកិច្ចសហប្រតិបត្តិការគម្រូ ដើម្បីរក្សាសន្តិភាពក្នុងតំបន់ និងមានការផ្តល់ផលប្រយោជន៍ឱ្យគ្នារវាងប្រទេសចិន និងកម្ពុជា។ លោកបន្តថា ការចូលរួមផ្តល់ជំនួយមកកម្ពុជាក្នុងការធ្វើទំនើបកម្មនេះ ចិនក៏មិនមានបំណងពង្រីកអំណាចណាមួយនោះដែរ។
អ្នកជំនាញកិច្ចនយោបាយអន្តរជាតិយល់ថា ទោះជាមន្រ្តីរដ្ឋាភិបាលកម្ពុជា និងលោក វ៉ាង វិនធាន ព្យាយាមបកស្រាយ ត្រឹមតែការលើកឡើងជាសាធារណៈបែបនេះក្ដី ក៏មិនអាចលាងជម្រះមន្ទិលសង្ស័យពីសហរដ្ឋអាមេរិកបានដែរ។ កាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ ថ្មីៗ នេះ ក៏បានស្រង់សម្តីអតីតទីប្រឹក្សាមេបញ្ជាការអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក អេរ៊ីក សេយើរស៍ (Eric Sayers) ដែលបានមានប្រសាសន៍ថា ការសាងសង់ជាសម្ងាត់របស់ចិននៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ មានភាពស្រដៀងគ្នានឹងវិធីសាស្ត្រ ដែលចិនបានធ្វើនៅលើប្រជុំកោះស្រ្ពែតលី (Spratly Islands) នៅតំបន់ជម្លោះដណ្តើមអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង ចាប់តាំងពីឆ្នាំ២០១៥ មក។ លោកថា កាលនោះដំបូងឡើយចិន ក៏បានអះអាងដែរថាការសាងសង់កោះសម្បនិមិត្តនៅលើតំបន់ទាំងនោះគឺ ដើម្បីបម្រើឱ្យគោលដៅរក្សាសន្តិភាព ដោយបានសន្យាថា មិនបម្រើឱ្យវិស័យយោធាទេ។ ក៏ប៉ុន្តែ ក្រោយមក នៅពេលដែលអ្វីៗ ហួសពេលទៅហើយ គេបានឃើញនៅការធ្វើយោធូបនីយកម្មជាអចិន្ត្រៃយ៍ និងមិនអាចកែប្រែបាននៅតំបន់ទាំងនោះ។
បន្ថែមពីនេះ កាលពីចុងសប្តាហ៍មុន មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំង ក៏បានបញ្ជាក់ប្រាប់កាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ ដែរថា កាលពីឆ្នាំកន្លងទៅ អាគារមិត្តភាពវៀតណាម ដែលសាងសង់ដោយវៀតណាមនៅក្នុងទីតាំងកំពង់ផែកងទ័ពជើងទឹករាមនេះ ក៏ត្រូវបានផ្លាស់ប្តូរចេញពីកំពង់ផែកងទ័ពជើងទឹករាម ដើម្បីបញ្ចៀសកុំឱ្យមានទំនាស់ជាមួយមន្ត្រីយោធាចិននៅកំពង់ផែកងទ័ពជើងទឹករាមនេះ។ មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងដដែល ក៏បានទម្លាយប្រាប់កាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ ដែរថា ស្ថានីយបច្ចេកវិទ្យាប្រព័ន្ធផ្កាយរណបកំណត់ទីតាំង ឈ្មោះបៃឌូ (BeiDou Navigation Satellite System) របស់ចិន ត្រូវបានតម្លើងនៅចំណែកមួយ ដែលគ្រប់គ្រងដោយកងទ័ពចិននៅក្នុងកំពង់ផែជើងទឹករាម។ ប្រព័ន្ធផ្កាយរណបកំណត់ទីតាំង ឈ្មោះបៃឌូ របស់ចិន គឺជាប្រព័ន្ធកំណត់ទីតាំងជាក់លាក់ជាសាកល (GPS) របស់ចិន ដើម្បីជួយសម្រួលដល់ការចល័តទីតាំងទ័ព និងកំណត់គោលដៅបាញ់កាំជ្រួច។
រដ្ឋាភិបាលលោក ហ៊ុន សែន រងការចោទប្រកាន់ថា បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនកុម្មុយនិស្ត ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងនៅលើទឹកដីខ្មែរ។ សារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិក ឌឹ វ៉លស្ទ្រីត ជ័រណល (The Wall Street Journal) បានរាយការណ៍កាលពីខែកក្កដា ឆ្នាំ២០១៩ ថា កិច្ចព្រមព្រៀងសម្ងាត់នោះ មានការអនុញ្ញាតឱ្យកងទ័ពចិនគ្រប់គ្រងកំពង់ផែទ័ពជើងទឹករាមផ្ដាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តបានរៀងរាល់ ១០ឆ្នាំម្ដង។ ថ្វីដ្បិតតែរដ្ឋាភិបាលកម្ពុជា និងចិន បានចេញមុខបដិសេធរឿងនេះក្តី ប៉ុន្តែខាងភាគីទាំងពីរមិនដែលបង្ហាញភស្តុតាង និងព័ត៌មានដែលអាចគួរឱ្យជឿជាក់បាននោះឡើយ។ លើសពីនេះទៀត មូលដ្ឋានទ័ពជើងទឹករាមដែលត្រូវបានគេសង្ស័យអំពីវត្តមានយោធារបស់ចិនជាច្រើនឆ្នាំមកហើយនោះ បានប្រែប្រួលខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សំណង់ថ្មីៗ មួយចំនួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត បានលេចចេញជារូបរាងឡើង ខណៈមន្ត្រីកម្ពុជា វាយកម្ទេចអគារដែលជំនួយរបស់អាមេរិកដោយគ្មានជូនដំណឹងជាមុន ព្រមទាំងមានសកម្មភាពបូមខ្សាច់ស្ដារជម្រៅទឹកសមុទ្រនៅមូលដ្ឋានកងទ័ពជើងទឹករាមជាដើម៕
1 comment:
That's Ah Roleuy Hun Sen's success. He owed China so much because he screwed up the economy by alienating the EU and the US.
Ah Sdach Chkuot Sihanouk province, Koh Kong, and Kampot are collateral for China's debt.
Keep going Ah Lngi Lngeu Hun Sen. Kanduoy Meh Vear an 8th grader became the Foreign Minister, and Prime Minister. Look at the result: simply catastrophic.
Post a Comment