Saturday, 18 June 2022

លោក ថាច់ សេដ្ឋា និង​បេក្ខជន​ជាប់​ឆ្នោត​ប្ដេជ្ញា​ចិត្ត​បម្រើ​ពលរដ្ឋ​ឲ្យ​អស់ពី​ចិត្ត


ដោយ ជាតិ ចំណាន
2022.06.18
 

លោក ថាច់ សេដ្ឋា និង​បេក្ខជន​ជាប់​ឆ្នោត​ប្ដេជ្ញា​ចិត្ត​បម្រើ​ពលរដ្ឋ​ឲ្យ​អស់ពី​ចិត្ត

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា (រូប​កណ្ដាល)។
រូប៖ ហ្វេសប៊ុក​គណបក្ស​ភ្លើងទៀន


អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា និង​បេក្ខជន​ជាប់ឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ប្ដេជ្ញាចិត្ត​ថា នឹង​យក​មុខ​តំណែង​ដែល​ពលរដ្ឋ​បោះឆ្នោត​ឲ្យ ទៅ​បម្រើ និង​ដោះស្រាយ​រាល់​បញ្ហា ដែល​ប្រជា​ពលរដ្ឋ​ជួបប្រទះ ដូចជា បញ្ហា​គ្រឿងញៀន សុខុមាលភាព និង​ការ​សិក្សា​អប់រំ​ជា​អាទិ៍។អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ថា ក្រោយពី​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ លោក និង​មេភូមិ ឃុំ​សង្កាត់ របស់​បក្ស​ភ្លើងទៀន​ទាំងអស់ នឹង​ខិតខំ​អភិវឌ្ឍ​ភូមិ​ឃុំ ឲ្យ​មានការ​រីកចម្រើន ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ទប់ស្កាត់​ការ​លុប​បឹង​ធម្មជាតិ​ជាដើម។


ថ្លែង​ក្នុង​ការ​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​គណបក្ស​ភ្លើងទៀន និង​ពលរដ្ឋ​អ្នកគាំទ្រ នៅ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ព្រឹក​ថ្ងៃទី​១៧ ខែ​មិថុនា អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ថា មូលហេតុ​ដែល​ប្រជាជន​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើងទៀន ដោយសារ​ប្រជាជន​ជឿទុក​ចិត្ត ។ លោក​ថា គណបក្ស​នយោបាយ​ទាំងអស់​នឹង​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើងទៀន​។ លោក​បញ្ជាក់​ថា ចំណុច​សំខាន់​របស់​មេដឹកនាំ គឺ​ត្រូវ​ផ្ដល់​សិទ្ធិ​គ្រប់គ្រាន់​ដល់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញមតិ​។ លោក​បន្ថែម​ថា បើ​គណបក្ស​ភ្លើងទៀន​ជាប់​ក្នុង​ការ​បោះឆ្នោត​តំណាងរាស្ត្រ​ខាងមុខ គឺ​ប្រជាពលរដ្ឋ​អាច​រិះគន់​រដ្ឋាភិបាល​តាម​អំពើ​ចិត្ត ដោយ​គ្មាន​ការ​ភ័យខ្លាច​ពី​ការ​ចាប់​ចង​ឡើយ ហើយ​គណបក្ស​ភ្លើងទៀន​នឹង​ចាត់ទុក​ផល​លំបាក​ពលរដ្ឋ ជា​បញ្ហា​ចម្បង​របស់​បក្ស​៖ «ព្រោះ​អាហ្នឹង​មិនមែន​បំបាត់​ភាព​ក្រ​ទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រ​រហូត​។ អីចឹង​ចំណែក​អា​ប័ណ្ណ​ក្រីក្រ ធ្វើ​ឲ្យ​ក្រ ចង្អុលមុខ​ថា យើង​អ្នកក្រ​ទៀត ដូច្នេះ​យើង​ត្រូវតែ​បំបាត់​ភាព​ក្រីក្រ​ចេញ កុំ​ចង់​ក្រ ដូច្នេះ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ អត់​ត្រូវការ​ប័ណ្ណ​ក្រីក្រ​នោះ​ទេ ហើយ​មិន​បាច់​អ្នក​ឯង​មក​សម្លុត​ទេ។ ឥឡូវ​យើង​មើល​ឃើញ​ទាំងអស់គ្នា ហើយ​រាល់​តែ​អាណត្តិ​ហ្នឹង អាណត្តិ​នេះ​ដូច​មាន​ភាព​ធ្ងន់ធ្ងរ។ ប៉ុន្តែ​ការ​កត់​សម្គាល់ ដែល​យើង​ធ្លាប់​ចូល​ប្រកួតប្រជែង​នយោបាយ​ពី​ការ​បោះឆ្នោត...»។

ប្រហាក់​ប្រហែលគ្នា​នេះ​ដែរ ជំទប់​ទី​ពីរ​របស់​គណបក្ស​ភ្លើងទៀន ដែល​ទើបនឹង​ជាប់ឆ្នោត​ឃុំ​រំចេក ខេត្ត​ត្បូងឃ្មុំ លោក ណាក់ ណាច អាយុ​២៧​ឆ្នាំ ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក​នឹង​ខិតខំ​បំពេញ​ភារកិច្ច​បម្រើ​ពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ និង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ លោក​បន្ត​ថា បញ្ហា​ប្រឈម​បច្ចុប្បន្ន​របស់​ពលរដ្ឋ​គឺ ការរំលោភ​ដីធ្លី​ពី​អ្នក​មាន​អំណាច ភាព​អសន្តិសុខ​ក្នុង​សង្គម មាន​គ្រឿងញៀន​រីក​រាលដាល​ពេញ​សង្គម​ដោយមាន​ការ​ទប់ស្កាត់​តិចតួច ។​លោក​ថា លោក​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា ឲ្យ​ពលរដ្ឋ​ទទួល​បាន​នូវ​ការ​ថែទាំ​ផ្នែក​សុខុមាលភាព និង​ចំណុច​សំខាន់​គឺ​ការ​សិក្សា​អប់រំ​របស់​ក្មេង​ជំនាន់​ក្រោយ ព្រោះ​កុមារ​គឺជា​ទំពាំង​ស្នង​ឫស្សី របស់​ប្រទេសជាតិ​៖ «បើ​និយាយ​ទៅ ក្រោយ​ពី​ការ​បោះឆ្នោត ពួកគាត់​តែងតែ​ស្នើសុំ​ឲ្យ​មានការ​ដោះស្រាយ​ទាក់ទង​នឹង​ករណី​ផ្សេងៗ មាន​ភាព​អយុត្តិធម៌ ហើយនឹង​ដោះស្រាយ​ទាក់ទិន​នឹង​ករណី​គ្រឿងញៀន នៅ​មូលដ្ឋាន​ហ្នឹង គឺ​... ហើយនឹង​គាត់​ស្នើសុំ​ឲ្យ​ធ្វើការ​ដោយ​ភាពស្មោះត្រង់​មិន​ក្បត់ឧត្ដមគតិ​អីចឹង​ណា​បង»។

លោក ថាច់ សេដ្ឋា និង​បេក្ខជន​ជាប់ឆ្នោត​ទាំង​អស់​នៃ​គណបក្ស​ភ្លើង​ទៀង​សង្ឃឹម​យ៉ាង​មុតមាំ​ថា គណបក្ស​នយោបាយ​ទាំងអស់​នឹង​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជាង​មួយ​លាន​នាក់ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើងទៀន និង​ស្នើ​កុំ​ឲ្យ​មានការ​អូសទាញ ឬក៏​គំរាមកំហែង​បេក្ខជន​គណបក្ស​ភ្លើងទៀន ពី​ក្រុម​អ្នក​មកពី​គណបក្សកាន់អំណាច។ គណបក្ស​ភ្លើងទៀន​បាន​ជាប់ឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដោយមាន​អាសនៈ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចំនួន​១០២​កៅអី និង​បាន​អាសនៈ​ជាង​ពីរ​ពាន់​កៅអី នៅ​រាជធានី ខេត្ត ក្រុង ទូទាំង​ប្រទេស៕

1 comment:

Anonymous said...

Transparency and a neutral NEC is not in Ah Prett Hun Sen's dictionary.
C'est moi le coq.

Just imagine, in 1993, with the UN's presence, Ah Chker Chkuot Hun Sen did not accept the result of the election.

In 2013, Hun Sen just let Ah Whisky Khiev Kanharith declared that the CPP got 68, and the CNRP got 55. It seemed like they did not need to count the votes. They just gave the number of the seats to the CNRP they wanted to give.

In 2023, even if we get a credible NEC, who will stop Ah Hun Sen from issuing the number of the seats he wanted to give to other political parties?

People must find a way to prevent Ah Chker Chkuot Hun Sen from using his mouth to overrule the law. For example, the result of the election must be issued by the NEC after counting justly the votes, not by the sex maniac Khiev Kanharith, etc...