Monday, 6 June 2022

លទ្ធផល​បឋម៖ បក្ស​ភ្លើងទៀន​មាន​ប្រៀប​ជាង​បក្ស​កាន់អំណាច​តែ ៤ឃុំ​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស ខណៈ​ការបោះឆ្នោត​រង​ការរិះគន់​ថា អាក្រក់​ជាង​ពេល​ណាៗ​ទាំងអស់


ដោយ មាន រិទ្ធិ
2022.06.05
លទ្ធផល​បឋម៖ បក្ស​ភ្លើងទៀន​មាន​ប្រៀប​ជាង​បក្ស​កាន់អំណាច​តែ ៤ឃុំ​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស ខណៈ​ការបោះឆ្នោត​រង​ការរិះគន់​ថា អាក្រក់​ជាង​ពេល​ណាៗ​ទាំងអស់ 

ពលរដ្ឋបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅខេត្តបាត់ដំបងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២
រូប៖ ពលរដ្ឋ


លទ្ធផល​បឋម​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប គិត​ត្រឹម​យប់ថ្ងៃទី០៥ ខែមិថុនា ឱ្យ​ដឹង​ថា នៅ​ទូទាំង​ប្រទេស គណបក្ស​ភ្លើងទៀន​កំពុង​មាន​ប្រៀប​ជាង​បក្ស​កាន់​អំណាច​តែ ៤ឃុំ​ប៉ុណ្ណោះ។ ការ​បោះឆ្នោត​នេះ​រង​នូវ​ការរិះគន់​ថា ធ្វើឡើង​ក្នុង​ស្ថានភាព អាក្រក់​ជាង​ពេល​ណាៗ​ទាំង​អស់។

ឃុំ​ទាំង៤​ដែល​គណបក្ស​ភ្លើងទៀន​កំពុង​មាន​ប្រៀប​លើ​គណបក្ស​កាន់អំណាច​នៅ​ទូទាំង​ប្រទេស ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង ១.៦៥២ ដែល​គណបក្ស​នេះ​អាច​ឈ្នះ​តំណែង​មេឃុំ រួមមាន ៣ឃុំ​នៅ​ខេត្ត​កំពង់ធំ គឺ​ឃុំ​ចំណា​លើ​នៅ​ស្រុក​ស្ទោង ឃុំ​ដូង និង​ឃុំ​ក្រយា​នៅ​ស្រុក​ប្រាសាទបល្ល័ង្គ និង​១ឃុំ​នៅ​ខេត្ត​កំពង់ចាម គឺ​ឃុំ​ផ្តៅជុំ​ក្នុង​ស្រុក​ជើងព្រៃ។ ក្រៅពីនោះ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​នាំមុខ​ទាំងស្រុង។ នេះ​បើ​យោង​តាម​លទ្ធផល​បឋម​ប្រកាស​ដោយ គ.ជ.ប គិត​ត្រឹម​យប់ថ្ងៃទី៥ ឈាន​ចូល​ព្រឹក​ថ្ងៃទី៦ ខែមិថុនា។ ពុំ​មាន​គណបក្ស​ដទៃ​ទៀត​ណា​មួយ ទទួល​បាន​សំឡេងឆ្នោត​នាំ​មុខ​បក្ស​កាន់អំណាច​នៅ​តាម​ឃុំ-សង្កាត់​ដទៃទៀត​នៅ​ទូទាំង​ប្រទេស​ឡើយ។


រីឯ ឃុំ-សង្កាត់​ដែល​គណបក្ស​ភ្លើងទៀន​ធ្លាប់​សង្ឃឹម​ច្រើន​ថា​នឹង​អាច​ឈ្នះ​គណបក្ស​កាន់អំណាច​ ដូចជា​នៅ​សង្កាត់​អូចារ ក្រុង​បាត​ដំបង ខេត្តបាត់ដំបង​របស់​បេក្ខជន​ល្បី​ឈ្មោះ​ដែល​ជា​អតីត​មេឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នក​ស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​របស់​កូនស្រី​អតីត​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ លោក ចៅ វាសនា គឺ​កញ្ញា ចៅ រតនៈ និង​ឃុំ​សង្កាត់​ដទៃទៀត ដូចជា​នៅ​ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម​របស់​បេក្ខជន លោក គង់ រ៉ៃយ៉ា គណបក្ស​ភ្លើងទៀន​ពុំបាន​ឈ្នះ​បក្ស​កាន់​អំណាច​នោះ​ទេ។ ក៏ប៉ុន្តែ គណបក្ស​នេះ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​នៅ​លេខរៀង​ទីពីរ​បន្ទាប់ពី​បក្ស​កាន់​អំណាច នៅ​ស្ទើ​គ្រប់​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។

ដោយឡែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) របស់​លោក យ៉េង វីរៈ ទទួល​បាន​សំឡេង​គាំទ្រ​ទីពីរ​បន្ទាប់​ពី​គណបក្ស​កាន់អំណាច​នៅ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ​នៅ​ខេត្ត​រតនគិរី។ គណបក្ស​នេះ ក៏​ទទួល​បាន​សំឡេង​ប្រដំប្រសង​ទីបី​បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​នៅ​ឃុំ​បរខាំ ស្រុក​អូរយ៉ាដាវ​ដដែល។ គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​សំឡេង​គាំទ្រ​ទីពីរ​បន្ទាប់​ពី​គណបក្ស​កាន់អំណាច​នៅ​ឃុំ​កោះស្នែង ស្រុក​បរីអូរស្វាយសែនជ័យ​ក្នុង​ខេត្ត​ស្ទឹងត្រែង។ រីឯ គណបក្ស​ខ្មែរួប​រួម​ជាតិ​របស់​លោក ញ៉ឹក ប៊ុនឆៃ ទទួល​បាន​សំឡេង​ទីពីរ​បន្ទាប់​ពី​បក្ស​កាន់អំណាច​នៅ​ឃុំប៉ឹស២ ស្រុក​ក្រូច​ឆ្មារ ខេត្ត​ត្បូង​ឃ្មុំ។

នៅ​ភ្នំពេញ និង​ខេត្ត​សំខាន់ៗ​ដទៃ​ទៀត​ដូចជា​ខេត្ត​កណ្តាល តាកែវ ស្វាយរៀង ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ និង​ខេត្តសៀមរាប ជាដើម គណបក្ស​ប្រជាជន​កម្ពុជា​សុទ្ធតែ​ទទួល​បាន​សំឡេងឆ្នោត​នាំ​មុខ​គេ។

ទោះជាយ៉ាងណា គ.ជ.ប នៅ​ពុំ​ទាន់​ប្រកាស​ឱ្យ​ដឹង​ពី​លទ្ធផល​នៃ​ការបែងចែក​អាសនៈ​សម្រាប់​តំណែង​មេឃុំ ឬ​ចៅសង្កាត់ ជំទប់ទី១ ឬចៅសង្កាត់រងទី១ និងជំទប់ទី២ ឬចៅសង្កាត់រងទី២ សម្រាប់​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ​គិត​ត្រឹម​យប់ថ្ងៃទី៥ ខែមិថុនា។ បើ​តាម គ.ជ.ប លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នេះ​នឹង​ត្រូវ​ប្រកាស​ផ្សាយ​នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខ។

ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី០៥ ខែមិថុនា ថា មាន​ពលរដ្ឋ​ជិត ៧៨% ឬ​ស្មើ​នឹង​ជាង ៧លាន​១សែន​នាក់​បាន​ចេញ​ទៅ​បោះឆ្នោត ក្នុងចំណោម​ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ជាង ៩លាន​២សែននាក់ ខណៈ​តួលេខ​នេះ​អាច​កើន​ឡើង​បន្ថែម​ទៀត។ ផ្អែក​តាម​តួ​លេខ​នេះ ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​អាណត្តិ​នេះ បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ១២% បើ​ធៀប​នឹង​ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​នៅមុន​ពេល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​អាណត្តិ​ទី៤ ដែល​មាន​រហូតដល់​ជាង ៩០%។

បើ​តាម​លោក ប្រាជ្ញ ចន្ទ ដដែល មាន​ការិយាល័យ​បោះឆ្នោត​ប្រមាណ ៣០ការិយាល័យ​ក្នុងចំណោម​ការិយាល័យ​បោះឆ្នោត​សរុប​ជាង ២ម៉ឺន៣ពាន់​ការិយាល័យ ត្រូវ​បាន​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កន្លែង​ក្បែរ​ៗនោះ​ ដោយសារ​ការ​បារម្ភ​ពី​បញ្ហា​បាក់​ច្រាំង​​ទន្លេ។ លោក ប្រាជ្ញ ចន្ទ វាយ​តម្លៃ​ថា ទោះបី​មាន​បញ្ហា​រំខាន​ខ្លះៗ​ដែល​បង្កឡើង​ដោយ​កត្តា​អាកាសធាតុ​ក៏ដោយ ក៏​ដំណើរ​ការ​នៃ​ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្តទៅ​ជា​ប្រក្រតី​ដូច​តាម​ការ​គ្រោង​ទុក​ក្នុង​បរិយាកាស​មួយ​ដែល​លោកហៅ​ថា​មាន​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​ល្អ។

ផ្ទុយពី​ការ​អះអាង​នេះ អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់​វិទ្យុអាស៊ីសេរី កាលពី​យប់​ថ្ងៃទី០៥ ខែមិថុនា ថា ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិទី៥នេះ ប្រព្រឹត្តទៅ​ក្នុង​ស្ថានភាព «អាក្រក់​ជាង​ពេល​ណាៗ​ទាំងអស់»៖«យើង​ឃើញ​លទ្ធផល​ម្តងនេះ វា​ដូចជា​អាក្រក់​មែន​ទែន​សម្រាប់​ការបោះឆ្នោត ព្រោះ​យើង​ឃើញ​តាំង​ពី​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ រហូតមកដល់​បោះឆ្នោត រាប់​សន្លឹក​ឆ្នោត វា​ស្ថិត​នៅ​ក្នុង​គំនាប ក្នុង​ការ​គំរាម​កំហែង ហើយ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការបោះ​ឆ្នោតនេះ ដូចជា​មិនបាន​ប្រព្រឹត្តទៅ​ដោយសេរី និង​យុត្តិធម៌​ទេ។ ខ្ញុំ​ធ្លាប់​តែ​ចូលរួម​ជា​រៀងរាល់​អាណត្តិ ឃើញថា​ម្តងនេះ​អាក្រក់​ជាង​ពេលមុនៗ»។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់នេះ សម្រាប់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន វិញ លោក​អះអាង​ថា ការ​បោះឆ្នោត​នេះ គឺ​ជា​ការ​បោះឆ្នោត «ដ៏​ល្អ​បំផុត» ។ លោក​ជំរុញ​ឱ្យ​គណបក្ស​ភ្លើងទៀន​ដាក់ពាក្យ​ប្តឹង​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំងនោះ៖ «ចំពោះ​គណបក្ស​ប្រឆាំង​ដែល​និយាយ​ថា ជា​ការបោះឆ្នោត​ដ៏​អាក្រក់​បំផុត​សម្រាប់​គាត់ អា​ហ្នុង​គឺជា​ការបោះឆ្នោត​ត្រឹមត្រូវ ដ៏​ល្អ​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ការណ៍​ដែល​ចោទ​ឡើង​ថា​មាន​ភាព​មិន​ប្រក្រតី​ដោយ​ប្រការ​ណា​មួយ សួរ​ថា​តើ​គណបក្ស​ប្រឆាំង ឬ​គណបក្ស​ប្រកួតប្រជែង​មានបាន​ដាក់ពាក្យ​ប្តឹង​តាម​នីតិវិធី​ទៅ គ.ជ.ប ដែរឬទេ? បើ​អត់​ដាក់​ពាក្យ​ប្តឹង​ទេ បាន​សេចក្តី​ថា​បាតុភាព​អសកម្ម​ដែល​កើត​ឡើង​នោះ​គឺ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់ ហើយ​យើង​អាច​ចាត់ទុកថា​ជា​ការ​ប្រឌិត​នូវ​ព័ត៌មាន​សិប្បនិម្មិត​ប៉ុណ្ណោះ»។

ទោះជាយ៉ាងណា នៅ​មុន​ការបោះឆ្នោត​នេះ ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​សម្ដែង​ការ​ព្រួយ​បារម្ភ ដោយសារ​តែ​ឃើញ​មាន​លំនាំ​នៃ​ការ​គំរាមកំហែង ការ​បំភិតបំភ័យ និង​ការ​ចាប់​ខ្លួន​បេក្ខជន​មួយ​ចំនួន​ដាក់​ពន្ធនាគារ។ យ៉ាងហោចណាស់ មាន​បេក្ខជន និង​សកម្មជន​គណបក្ស​ភ្លើងទៀន​ចំនួន ៦នាក់​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នៅមុន និង​ក្នុងអំឡុងពេល​យុទ្ធនាការឃោសនា​បោះឆ្នោត។

ស្រដៀង​គ្នា​នេះ អង្គការ​សមាជិក​សភា​អាស៊ាន (APHR) ក៏​បាន​​ថ្កោលទោស​ចំពោះ​យុទ្ធនាការ​យាយី និង​បំភិតបំភ័យ​លើ​សមាជិក​គណបក្ស​ប្រឆាំង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​នេះ​ដែរ ជាពិសេស ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​បេក្ខជន​គណបក្ស​ភ្លើង​ទៀន។ សមាជិក​សភា​ម៉ាឡេស៊ី និង​ជា​សមាជិក​នៃ​អង្គការ APHR អ្នកស្រី ម៉ារៀ ជិន អាប់ឌុលឡា (Maria Chin Abdullah) លើក​ឡើង​ថា វា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក្នុង​បរិយាកាស​មួយ ដែល​ពោរពេញ​ទៅ​ដោយ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​នយោបាយ​ប្រឆាំង។ អ្នកស្រី​បន្ត​ថា ថ្វីបើ​គណបក្ស​ចំនួន១៧ ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្ដី ដំណើរ​ការ​ទាំងមូល​មិន​អាច​ចាត់​ទុក​ថា ជា​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ និង​ពហុបក្ស​បាន​ឡើយ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន មិន​ព្រម​ឱ្យ​អ្នក​ដែល​អាច​តតាំង​យក​អំណាច​ពី​ពួក​គេ ធ្វើ​យុទ្ធនាការ​ឃោសនា​បាន​ដោយ​សេរី និង​មាន​សុវត្ថិភាព​នោះ។

ដោយឡែក អតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃ និង​ជា​សមាជិក​អង្គការ APHR លោក កាសិត ភីរម្យ(Kasit Piromya) លោក​សរសេរ​នៅក្នុង​អត្ថបទ​មួយ​ចុះផ្សាយ​ជា​ភាសា​អង់គ្លេស​នៅ​លើ​គេហទំព័រ​អន​ឡាញ ឈ្មោះ ឌឹ ឌីប្លូម៉ាត

 (The Diplomat) កាលពីថ្ងៃទី០១ ខែមិថុនា ថា ពិភពលោក​មិន​ត្រូវ​ភាន់ច្រឡំ​ដោយសារតែ​ភាព​ពហុ​បក្ស​ដែល​មាន​តែ​សម្បក​ក្រៅ​នៅ​កម្ពុជា​នោះ​ទេ។ លោក​ផ្តល់​អនុសាសន៍​ថា ប្រទេស​ក្នុង​តំបន់ និង​ដៃគូ​ដទៃទៀត​ចាំបាច់​ត្រូវ​បញ្ជូន​សារ​ឱ្យ​ច្បាស់​ទៅ​កម្ពុជា​ថា ការបោះឆ្នោត​មិន​ត្រឹម​ត្រូវ​បែប​នេះ នឹង​មិន​ត្រូវ​បាន​គេ​ទទួលស្គាល់​នូវ​ភាព​ស្របច្បាប់​ដល់​​គណបក្ស​កាន់អំណាច​នោះ​ទេ ជាពិសេស​ក្នុង​ពេល​ដែល​សេរីភាព​ជា​មូល​ដ្ឋាន និង​សិទ្ធិមនុស្ស​ត្រូវ​បាន​គណបក្ស​នេះ​យក​មក​ជាន់ឈ្លី​ស្ទើរ​តែ​ជា​រៀងរាល់​ថ្ងៃ​នោះ៕

1 comment:

Anonymous said...

we knew that ah yuon's slave Hun Sen would do whatever necessary to hold on to power so that he could serve his master Yuon.

But we have no choice. We must participate in the election to keep the spirit of nationalism, and the movement for democracy alive.

Hopefully, Ah Roleuy Hun Sen would die this year or next year. Then we would see some light on our struggle.

The popular revolution or the struggle with arms would empower Ah Chker Chkuot Hun Sen and the evil Vietnam to massively kill Khmer people one more time. In addition, the chance to win in the revolution is absolutely zero.