Friday, 1 July 2022

ជន​ពុករលួយ និង​ជាប់ឃុំ​នៅ​ចិន​ក្លាយ​ជា​អ្នក​ការទូត​ខ្មែរ


Khmer Circle

Well, ever heard of leading through examples? The PM himself and most of his trusted cronies are hardly whiter than white in the corruption stake while most of the leading figures in business and finance [such as Nagaworld and Sokha enterprises] are closely affiliated to or in bed with them.

^^^

ដោយ យ៉ង ចាន់តារា
2022.06.30
ជន​ពុករលួយ និង​ជាប់ឃុំ​នៅ​ចិន​ក្លាយ​ជា​អ្នក​ការទូត​ខ្មែរ 

លិខិត​ឆ្លងដែន​ការទូត​ខ្មែរ ដែល​លោក វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) ប្រើប្រាស់​តាំង​ពី​ឆ្នាំ​២០១៥។
Photo supplied by source


ក្រុម​អ្នក​តាមដាន​ស្ថានការណ៍ និង​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ឡើងវិញ​អំពី​ការ​ផ្ដល់​សញ្ជាតិ និង​តួនាទី ជាន់ខ្ពស់​ដល់​ជនបរទេស។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ក្រោយពី​របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ​បង្ហាញ​ថា ជនជាតិ​ចិន​ម្នាក់​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ពន្ធនាគារ និង​រឿង​អាស្រូវ​ពុករលួយ​កម្រិត​អន្តរជាតិ បាន​ក្លាយជា​មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​មាន​លិខិតឆ្លងដែន​ការទូត​កាន់​នៅក្នុង​ដៃ។ ទោះបីជា​យ៉ាងណា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្លែង​ក្នុង​ន័យ​ទូលាយ​ថា ការ​ផ្ដល់​សញ្ជាតិ និង​តួនាទី​ដល់​ជនបរទេស​នោះ ច្រើន​តែ​ធ្វើឡើង​តាម​នីតិវិធី​ត្រឹមត្រូវ។

កម្ពុជា​ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន ហាក់​បាន​ក្លាយជា​ឋានសួគ៌​សម្រាប់​ជនបរទេស ជាពិសេស​ជនជាតិ​ចិន ដែល​មាន​ប្រវត្តិ​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​បន្តសកម្មភាព និង​មុខ​ជំនួញ​មិន​ត្រឹមត្រូវ​របស់​ពួកគេ។ មួយ​ក្នុង​ចំណោម​ករណី​ជាច្រើន​ដែល​វិទ្យុ​អាស៊ីសេរី​បាន​រក​ឃើញ គឺ​បុរស​ម្នាក់​មាន​ឈ្មោះ វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) បាន​ប្រែធាតុ​របស់​ខ្លួន​ពី​អ្នក​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​ចិន ក្លាយជា​មន្ត្រី​ការទូត​កម្ពុជា​។ អ្នកសង្កេតការណ៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា នេះ​ជា​រឿង​ដ៏​អាម៉ាស់ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើបអង្កេត និង​បកស្រាយ​រឿង​នេះ​ឱ្យ​បាន​ច្បាស់​ជូន​សាធារណជន។



អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែង​ថា ការ​ផ្ដល់​សញ្ជាតិ និង​តួនាទី​ដល់​ជនបរទេស​ដែល​មាន​រឿងអាស្រូវ​ពុករលួយ​ខ្នាត​ធំ​បែបនេះ​បង្ហាញថា រដ្ឋាភិបាល​កម្ពុជា​កំពុង​លើកទឹកចិត្ត​ដល់​ជនបរទេស​ដែល​មាន​លុយ ឬ​និយាយ​ជា​សាមញ្ញ​ថា យក​លុយ​ជាធំ ជាជាង​គិត​ពី​ច្បាប់ កេរ្តិ៍ឈ្មោះ និង​មុខមាត់​របស់​ជាតិ។ លោក​បន្ត​ថា ការ​ដែល​សហគមន៍​អន្តរជាតិ​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ក្នុង​បញ្ជី​នៃ​ប្រទេស​មាន​អំពើពុករលួយ​ខ្ពស់ និង​ស្ថិត​ក្នុង​បញ្ជី​ហានិភ័យ​នៃ​ក្រុម​ប្រទេស​លាងលុយកខ្វក់ មួយ​ផ្នែក​ក៏​មកពី​ករណី​បែប​នេះ​ដែរ៖ «ចិន​ជា​ប្រទេស​កុម្មុយនីស្ត​ផង ចិន​បាន​អនុវត្ត​ច្បាប់​ទៅ​ដល់​បុគ្គល​ម្នាក់​ហ្នឹង​នៅក្នុង​ប្រទេស​ចិន មាន​ន័យថា បុគ្គល​ម្នាក់​ហ្នឹង​ជា​បុគ្គល​ដែល​អស់សាច់​ហើយ​។ វា​គួរតែ​ត្រូវ​បាន​កម្ពុជា​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ចាប់​បញ្ជូន​បុគ្គល​ហ្នឹង​ទៅ​ប្រទេស​ចិន​ថែម​ទៅទៀត ប៉ុន្តែ​វា​បែរជា​មិន​កើត​ឡើង​នៅក្នុង​រូបភាព​បែប​ហ្នឹង បែរជា​កម្ពុជា​ទទួល​ស្វាគមន៍​យ៉ាង​ឱឡារិក​ថែមទៀត​ចំពោះ​បុគ្គល​ដែល​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​ហ្នឹង​។ មួយទៀត​ខ្ញុំ​មើល​ឃើញ​ថា វា​ឆ្លុះបញ្ចាំង​ថា កន្លងមក​ដែល​អន្តរជាតិ​រិះគន់​ចំពោះ​ភាព​អសកម្ម ឬ​ភាព​អវិជ្ជមាន​នានា​ទៅលើ​រដ្ឋាភិបាល​ហ្នឹង គឺជា​រឿង​មួយ​ដែល​ត្រឹមត្រូវ»។

ស្រដៀង​គ្នា​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា ការ​ផ្ដល់​សញ្ជាតិ និង​តួនាទី​ដល់​ជនបរទេស​ដែល​មាន​ប្រវត្តិ​មិនល្អ​បែបនេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខមាត់​ប្រទេស។ ម្យ៉ាងវិញទៀត ករណី​នេះ​ឆ្លុះបញ្ចាំង​ពី​ភាព​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​សញ្ជាតិ​របស់​កម្ពុជា។ លោក​យល់​ថា ការ​ទទួល​បាន​សញ្ជាតិ លិខិតឆ្លងដែន​ការទូត និង​មុខងារ​ជា​មន្ត្រី​ក្រសួង​ការបរទេស​ដោយ​ជនជាតិ​ចិន​ដែល​មាន​ប្រវត្តិ​មិនល្អ​បែបនេះ អាច​មាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ស៊ើបអង្កេត​រឿង​នេះ និង​អនុវត្ត​តាមច្បាប់ ដើម្បី​ស្ដារ​កេរ្តិ៍ឈ្មោះ និង​បំបាត់​មន្ទិលសង្ស័យ​របស់​សាធារណជន៖ «វា​ជា​ភាព​អាម៉ាស់​ទៅដល់​មុខ​មាត់​របស់​កម្ពុជា។ វា​ហាក់ដូចជា​គេ​មើល​មក​កម្ពុជា គឺជា​កន្លែង​ដែល​ផ្ដល់​តួនាទី ផ្ដល់​មុខងារ​ឱ្យ​ឧក្រិដ្ឋជន​អ៊ីចឹង​។ អ៊ីចឹង​យើង​គួរតែ​មាន​ការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ផ្ដល់​លិខិតឆ្លងដែន​ប្រភេទ​[​ការទូត​]​ហ្នឹង​ទៅ​ដល់​ជនបរទេស​ណាមួយ ឬក៏​ឧក្រិដ្ឋជន​ទាំងអស់​នេះឯង​។ ហើយ​យើង​ដឹង​ហើយ អ្នក​ទាំងអស់​នេះ បើ​យក​[​លិខិតឆ្លងដែន​]​ទៅ​ប្រើ​ប្រាស់​ឱ្យ​មាន​បញ្ហា គឺ​បញ្ហា​ហ្នឹង​នឹង​ប៉ះពាល់​មក​ដល់​មុខ​មាត់​កម្ពុជា​យើង​ហ្នឹងឯង អ៊ីចឹង​គួរតែ​មាន​ការ​ប្រយ័ត្នប្រយែង ហើយ​ពិនិត្យមើល​ឡើងវិញ​ទៅ»។

ប្រតិកម្ម​របស់​អ្នក​តាមដាន​ស្ថានការណ៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​ក្រោយ​ពេល​វិទ្យុ​អាស៊ីសេរី​បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ ដោយ​លាតត្រដាង​ករណី​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ វ៉ាង យ៉ាវហ៊ុយ ធ្លាប់​ពន្ធនាគារ​នៅ​ប្រទេស​ចិន និង​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ក្នុង​អំពើពុករលួយ តែ​បែរជា​ក្លាយជា​មន្ត្រី​ការទូត​កម្ពុជា និង​ធ្លាប់​ធ្វើការ​ផ្ទាល់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ។

លោក វ៉ាង យ៉ាវហ៊ុយ ស្ថិត​នៅ​ក្នុង​ពិភព​ជំនួញ​ដែល​ប្រឡាក់​ប្រឡូក​ដោយ​រឿងអាស្រូវ​សូកប៉ាន់ ពុករលួយ និង​ធ្វើ​ពាណិជ្ជកម្ម​លាក់​មុខ​។ ក្នុង​រយៈពេល​ជាង​១០ ឆ្នាំ​មកនេះ លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​ខ្នាត​ធំ​ជាច្រើន​ករណី​។ ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​២០១១ ក្រុមហ៊ុន​មួយ​របស់លោក​ឈ្មោះ ហ្សុ​ង​ហ៊ុយ (Zhonghui) បាន​ធ្វើ​អាជីវកម្ម​រ៉ែ​ទង់ដែង​នៅ​ប្រទេស​ហ្សំ​បៀ (Zambia) ស្ថិត​ក្នុង​ទ្វីបអាហ្វ្រិក ដោយ​មិនបាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន (EIA) នោះ​ឡើយ ហើយ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​សូកប៉ាន់​មន្ត្រី​នៃ​ប្រទេស​ហ្សំបៀ​ជា​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ។

ចូល​មកដល់​ខែមិថុនា ឆ្នាំ ២០១២ លោក វ៉ាង យ៉ាវ​ហ៊ុយ ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ឃុំខ្លួន​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​អំពើ​សូកប៉ាន់ និង​ការ​លាង​លុយកខ្វក់​។ កាសែត South China Morning Post រាយការណ៍​ថា លោក​បាន​ផ្ដល់​សំណូក​ដល់​អនុប្រធាន​ធនាគារ​កសិកម្ម​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ យ៉ាំង គុន (Yang Kun) ចំនួន​ជាង ៦​សែន​ដុល្លារ​អាមេរិក​ចន្លោះ​ពី​ឆ្នាំ ២០០៨ ដល់​២០១០ ហើយ​ជា​ថ្នូរ​មកវិញ មន្ត្រី​ចិន​រូប​នោះ​បាន​រៀបចំ​ប្រាក់​កម្ចី ២​រយ ម្ភៃ​លាន​ដុល្លារ (២២០) ឱ្យ​ក្រុមហ៊ុន​របស់​លោក​។ អនុប្រធាន​ធនាគារ​កសិកម្ម​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​រូប​នោះ​បាន​សារភាព​ទោសកំហុស ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ទោះជា​យ៉ាងណា លោក វ៉ាង យ៉ាវ​ហ៊ុយ មិន​ត្រូវ​បាន​ចោទប្រកាន់​នោះ​ទេ ហើយ​អំឡុង​ពេល​ដែល​គូកន​របស់​លោក គឺ​លោក យ៉ាំង គុន ត្រូវ​បាន​គេ​ដាក់ទោស​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៥ នោះ លោក​បាន​ទទួល​សញ្ជាតិ​ខ្មែរ​ជិត​មួយឆ្នាំ​ទៅ​ហើយ។

លោក វ៉ាង យ៉ាវហ៊ុយ ទទួល​បាន​សញ្ជាតិ​ខ្មែរ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៣ ដោយមាន​លោក ហ៊ុន សែន ជា​អ្នក​លើក​សំណើ​ទៅ​ព្រះមហាក្សត្រ​។ លោក​បាន​ប្រើប្រាស់​ឈ្មោះ​ខ្មែរ​ថា វណ្ណ សុខា (Wan Sokha)​។ លោក វ៉ាង យ៉ាវហ៊ុយ ឬ វណ្ណ សុខា ត្រូវ​បានតែងតាំង​ជាទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខែ​កក្កដា ឆ្នាំ ២០១៥ ហើយ​តាមរយៈ​តួនាទី​នេះ លោក​ទទួល​បាន​លិខិតឆ្លងដែន​ការទូត​។ អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ភរិយា​របស់​លោក ឡាវ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ម្ចាស់​ក្រុមហ៊ុន​ស៊ូ​កា​គូ (Shukaku Inc.) ដែល​បូម​ខ្សាច់​លុប​បឹងកក់​នោះ គឺជា​បុគ្គល​ដែល​ត្រូវ​ទាក់ទង​សម្រាប់​កិច្ចការ​បន្ទាន់​របស់ លោក វ៉ាង យ៉ាវហ៊ុយ។

គេ​មិនដឹង​ថា តើ​បុគ្គល​ដែល​មាន​ប្រវត្តិ​អាស្រូវ​ដូច លោក វ៉ាង យ៉ាវហ៊ុយ នេះ អាច​ក្លាយទៅជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន បាន​ដោយ​របៀប​ណា​នោះ​ទេ​។ ឯ​រឿង​អ្នកស្រី ជឹង សុភាព មានឈ្មោះ​ក្នុង​បញ្ជី​ទំនាក់ទំនង​ទៅកាន់​លោក វ៉ាង យ៉ាវហ៊ុយ នោះ ក៏​មិន​មាន​អ្នកណា​ដឹង​ច្បាស់​ដែរ​។ ក៏ប៉ុន្តែ អ្វី​ដែល​គេ​ដឹង​ច្បាស់​នោះ គឺ​លោក វ៉ាង យ៉ាវហ៊ុយ និង​អ្នកស្រី ជឹង សុភាព មាន​ផល​ប្រយោជន៍​ត្រួតស៊ីគ្នា ទាំង​នៅ​កម្ពុជា និង​នៅ​ទ្វីបអឺរ៉ុប។

អ្នកស្រី ជឹង សុភាព គឺជា​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​មួយ​ឈ្មោះ ចេដាប់ប៊ិលយូ​ផែហ្កាស៊ឺស (JWPegasus) ដែល​វិនិយោគ​លើ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​ស៊ីប (Cyprus)​។ អ្នក​វិនិយោគ​ដំបូង​គេ ៤​នាក់​នៃ​ក្រុមហ៊ុន JWPegasus នេះ មាន ៣​នាក់ ជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក វ៉ាង យ៉ាវហ៊ុយ ក្នុង​នោះ​ក៏​មាន​ម្នាក់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដែរ។ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៦ កាសែត​ក្នុងស្រុក​របស់​ប្រទេស​ស៊ីប​បាន​រាយការណ៍​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សញ្ជាតិ​ស៊ីប ក្នុង​នោះ រួម​មាន អ្នកស្រី ជឹង សុភាព និង​ស្វាមី ព្រមទាំង​កូន ២​នាក់ លោក វ៉ាង យ៉ាវហ៊ុយ និង​គូកន​ទាំង ៣​នាក់​នោះ​ឯង​។ ពួកគេ​ទាំង​៨ នាក់ សុទ្ធតែ​ទទួល​បាន​សញ្ជាតិ​ស៊ីប​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

មកដល់​ត្រឹម​នេះ លោក វ៉ាង យ៉ាវហ៊ុយ លែង​ជាទី​ប្រឹក្សា​របស់​លោក ហ៊ុន សែន តទៅ​ទៀត​ហើយ ហើយក៏​លែង​មាន​ឈ្មោះ​អ្នកស្រី ជឹង សុភាព ជា​បុគ្គល​ដែល​ត្រូវ​ទាក់ទង​នៅ​លើ​លិខិតឆ្លងដែន​របស់​លោក​ត​ទៅទៀត​ដែរ​។ នៅ​ខែមករា ឆ្នាំ​២០១៦ លោក​ទទួល​បាន​លិខិតឆ្លងដែន​ការទូត​ថ្មី​មួយទៀត​ជាមួយនឹង​តួនាទី​ថ្មី គឺ​អនុប្រធាន​បេសកកម្ម (Minister-Counselor) នៃ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​សិង្ហបុរី។ លោក វ៉ាង យ៉ាវហ៊ុយ ឬក៏ វណ្ណ សុខា នៅ​បន្ត​កាន់​តួនាទី​នេះ​នៅឡើយ រហូត​មក​ទល់​ពេល​នេះ។

ក្នុង​ឆ្នាំ​២០១៧ ពេល​កំពុង​កាន់​តួនាទី​ជា​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​សិង្ហបុរី លោក​បាន​បង្កើត​ក្រុមហ៊ុន​យ៉ាងតិច​ចំនួន​ពីរ ដោយ​មួយ​ក្នុងចំណោម​នោះ គឺ​ក្រុមហ៊ុន Asia Pacific Energy Holdings​។ អ្នកស្រី ជឹង សុភាព គ្រប់គ្រង​ភាគហ៊ុន ៤០% នៃ​ក្រុមហ៊ុន​មួយ​នេះ ខណៈ​ភាគហ៊ុន ៦០% ទៀត​ទំនងជា​របស់​លោក វ៉ាង យ៉ាវហ៊ុយ។ ក្រុមហ៊ុន​Asia Pacific Energy Holdings គឺជា​ក្រុមហ៊ុន​សាជីវកម្ម​មេ​នៃ​ក្រុមហ៊ុន Cambodian Natural Gas Corp Ltd ដែល​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​រយៈពេល ១០​ឆ្នាំ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន សម្រាប់​ការ​នាំ​ចូល និង​ចែកចាយ​ឧស្ម័ន​ធម្មជាតិ​រាវ​នៅ​កម្ពុជា។

ជាងនេះ​ទៅ​ទៀត នៅ​ចុងឆ្នាំ​២០១៧ ដដែល​នោះ លោក វ៉ាង យ៉ាវហ៊ុយ ត្រូវ​បាន​គេ​ជឿ​ថា បាន​ទិញ​ភាគហ៊ុន​ជិត ២៥% របស់​ក្លឹប​បាល់ទាត់ ប៊ឺមីងហ៊ែម ស៊ីធី (Birmingham City) ស្ថិត​ក្នុង​លី​គ​អាជីព​លំដាប់​ទី​ពីរ​នៅ​ប្រទេស​អង់គ្លេស​។ ថ្វីដ្បិត​តែ​ការទិញ​ភាគហ៊ុន​នោះ​មិន​ឃើញ​មានឈ្មោះ លោក វ៉ាង យ៉ាវ​ហ៊ុយ យ៉ាងណាក្ដី ក៏​ភស្តុតាង​ជាច្រើន​បង្ហាញថា ម្ចាស់​ក្រុមហ៊ុន​ដែល​ទិញ​ក្លឹប​បាល់ទាត់ Birmingham City នោះ គឺជា​មនុស្ស​ជំនិត​ដែល​តែង​ឈរឈ្មោះ​ជា​ម្ចាស់​កម្មសិទ្ធិ​ឱ្យ​លោក​ជានិច្ច។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​លោក វ៉ាង យ៉ាវហ៊ុយ និង​អ្នកស្រី ជឹង សុភាព ដើម្បី​សាកសួរ​រឿង​នេះ​បាន​នៅឡើយ​ទេ។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ថ្លែង​ថា ការ​ផ្ដល់​សញ្ជាតិ និង​លិខិតឆ្លងដែន​ការទូត​ដល់​លោក វ៉ាង យ៉ាវហ៊ុយ ហាក់​មាន​ភាព​មិនប្រក្រតី ពីព្រោះ​បុរស​ចិន​រូប​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​អន្តរជាតិ​។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បើក​ការស៊ើបអង្កេត​រឿង​នេះ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ទាំងឡាយ និង​ដើម្បី​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ៖ «​ខ្ញុំ​មានការ​ព្រួយបារម្ភ ព្រោះ​យោង​តាម​របាយការណ៍​ផ្សេងៗ​ហ្នឹង គឺ​ឃើញថា បុគ្គល​ហ្នឹង​គាត់​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​នៅ​ក្រៅ​ប្រទេស រួម​ទាំង​ប្រទេស​ចិន​ដែរ​។ ជាប់​ពាក់ព័ន្ធ​ទាំង​រឿង​ស៊ីសំណូកសូកប៉ាន់ ពុករលួយ​ជាដើម ហើយ​ស្ថិតនៅ​ក្នុង​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​បរទេស​ច្រើន ហើយដោយ​ឡែក​គាត់​បែរជា​ទទួល​បាន​សញ្ជាតិ​កម្ពុជា​ទៅវិញ​។ អ៊ីចឹង​ខ្ញុំ​គិតថា នេះ​ជា​ការ​បារម្ភ​មួយ​សម្រាប់​កម្ពុជា​យើង ដែល​យើង​មាន​ការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បុគ្គល​ដែល​មាន​ការសង្ស័យ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​បរទេស​ផ្សេងៗ»។

ឆ្លើយតប​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា លោក​មិន​ធ្លាប់​ដឹង និង​មិន​ធ្លាប់​ស្គាល់​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ដែល​មាន​ឈ្មោះ វ៉ាង យ៉ាវហ៊ុយ ឬ វណ្ណ សុខា នេះ​ទេ។ ក៏ប៉ុន្តែ​លោក​អះអាង​ថា ជាទូទៅ ការតែងតាំង​ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី​ត្រូវធ្វើ​ឡើង​ស្របតាម​នីតិវិធី​ត្រឹមត្រូវ​។ នៅពេល​អាស៊ីសេរី​សួរ​ថា តើ​រដ្ឋាភិបាល​នឹង​ស៊ើបអង្កេត​ករណីនេះ​ដែរ ឬទេ​? លោក ផៃ ស៊ីផាន បង្វែរ​សំណួរ​នេះ​ទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការបរទេស​វិញ៖ «​នៅ​ក្នុង​ករណី​នេះ ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​ជាទូទៅ​មុននឹង​អ្នកណា​ស្នើសុំ​ទៅជា​ទីប្រឹក្សា​របស់​សម្ដេច របស់​រដ្ឋមន្ត្រី​ណា​ម្នាក់ ទាល់តែ​មានការ​ពិនិត្យ​មើល​ថា តើ​ជន​នោះ​ធ្លាប់ធ្វើ​ពិរុទ្ធជន​ដែរឬទេ​? ត្រូវ​សុំ​សំបុត្រ​ថ្កោលទោស អាហ្នឹង​ជាទូទៅ​។ [​សំណួរ​៖ ឯកឧត្តម! ខាង​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​មានការ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ចំពោះ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស ជាពិសេស​ការដែល​គាត់​បាន​សញ្ជាតិ​ហើយ គាត់​បានទទួល​ឋានៈ​ជាទី​ប្រឹក្សា ឬក៏​ឋានៈ​អ្វី​ក្នុង​ជួរ​រដ្ឋាភិបាល​ទៀត​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ទាំងអស់​ហ្នឹង​។ តើ​ចំណុច​នេះ​រដ្ឋាភិបាល​នឹង​ពិចារណា​យ៉ាងម៉េច​វិញ​?] អាហ្នឹង​ទាល់តែ​សួរ​ទៅ​ខាង​ក្រសួង​មហាផ្ទៃ តើ​លក្ខខណ្ឌ​នៃ​ទីប្រឹក្សា​ហ្នឹង​គេ​មាន​លក្ខខណ្ឌ​អ្វីខ្លះ ទីមួយ​។ ទី​ពីរ រឿង​ទទួល​បាន​លិខិតឆ្លងដែន​ការទូត​ហ្នឹង សួរ​ខាង​ក្រសួង​ការបរទេស​។ ប៉ុន្តែ​មុន​នឹង​គេ​ចេញ​ឱ្យ​ហ្នឹង គេ​ប្រយ័ត្នប្រយែង​ណាស់ គេ​ស៊ើបអង្កេត​មើល​ត្រឹមត្រូវ​របស់​គេ​ណាស់»។

​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។

ទោះជា​យ៉ាងណា អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែង​ថា អាជ្ញាធរ​កម្ពុជា​មិន​គួរ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​លោក វ៉ាង យ៉ាវហ៊ុយ នេះ តាំងតែ​ពី​ដំបូង​មក​ម្ល៉េះ ពីព្រោះ​បុគ្គល​រូប​នេះ​មាន​ប្រវត្តិ​មិនល្អ​ឡើយ​។ លោក​ជឿ​ថា ជនជាតិ​ចិន​រូប​នេះ​ប្រាកដជា​ប្រើប្រាស់​សញ្ជាតិ និង​លិខិតឆ្លងដែន​ការទូត​ខ្មែរ ដើម្បី​ធ្វើ​អាជីវកម្ម​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គប្បី​ពិនិត្យ​ករណីនេះ និង​អនុវត្ត​វិធានការ​នានា ដូចជា ការ​ដកហូត​សញ្ជាតិ និង​បណ្ដេញ​ចេញពី​កម្ពុជា ជាដើម៖ «​កាលណា​ប្រើប្រាស់​សញ្ជាតិ​ចិន​ហើយ គឺ​មិនអាច​ទៅ​រក​ស៊ី​បានទេ​។ ខ្ញុំ​គិតថា ចិន​ចំណុច​នេះ ក៏​គេ​មានការ​អនុវត្ត​តឹងតែង​ដែរ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​។ អ៊ីចឹង​ហើយ​ខ្ញុំ​គិតថា បុគ្គល​ហ្នឹង​គឺ​នឹង​ប្រើប្រាស់​ឈ្មោះ​ជា​ខ្មែរ សញ្ជាតិ​ជា​ខ្មែរ ដើម្បី​ទៅ​រក​ស៊ី​។ អ៊ីចឹង​យើង​មើលឃើញ​ពីរ​ចំណុច​ហ្នឹង ដែល​ថា​ទីមួយ [​រដ្ឋាភិបាល​]​កម្ពុជា​មានការ​បំពាន​ទៅលើ​ច្បាប់​ខ្លួនឯង​ផង និង​ទី​ពីរ [​រដ្ឋាភិបាល​]​កម្ពុជា​បាន​ធ្វើ​ឱ្យ​អាប់ឱន​កិត្តិយស ដោយសារតែ​បុគ្គល​ដែល​ជា​ជនល្មើស​នៅក្នុង​ប្រទេស​មួយ ហើយ​បាន​ប្រើប្រាស់​ឈ្មោះ និង​សញ្ជាតិ​កម្ពុជា​ដើម្បី​ទៅ​រក​ស៊ី​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ហ្នឹង»។

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រង​ការរិះគន់​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ការ​ផ្ដល់​សញ្ជាតិ និង​លិខិតឆ្លងដែន​ដល់​ជនបរទេស​មួយចំនួន ដែល​មាន​ប្រវត្តិ​មិនល្អ ដូចជា ជន​ប្រព្រឹត្ត​អំពើពុករលួយ និង​ឧក្រិដ្ឋជន ជាដើម​។ ម្យ៉ាងវិញទៀត ជនបរទេស​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​កម្ពុជា​អាច​ទទួល​បាន​លិខិតឆ្លងដែន​ការទូត ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ធ្វើ​ពាណិជ្ជកម្ម​បាន​ដោយ​សេរី​ទៀត​ផង​។ ជា​ឧទាហរណ៍ អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ា់ត់ (Yingluck Shinawatra) ធ្លាប់​មាន​ប្រវត្តិ​កាន់​លិខិតឆ្លងដែន​ការទូត​របស់​កម្ពុជា ដើម្បី​ធ្វើ​ដំណើរ និង​ចុះបញ្ជី​ជា​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​មួយ​កន្លែង​នៅ​ទីក្រុង​ហុងកុង (Hong Kong) កាលពី​ខែ​សីហា ឆ្នាំ​២០១៨។

ទាក់ទង​នឹង​ករណី​របស់​លោក វ៉ាង យ៉ាវហ៊ុយ នេះ​វិញ ការ​លាក់បាំង​ព័ត៌មាន គួបផ្សំ​នឹង​ការ​ជាប់​ជំពាក់​របស់​បុ​គ្គល​រូប​នេះ​ទៅ​នឹង​រឿងអាស្រូវ​ពុករលួយ​ខ្នាត​ធំ​យ៉ាងតិច​ចំនួន​ពីរ​ផង​នោះ នាំ​ឱ្យ​មាន​ចំណោទ​ពីរ​យ៉ាង​ទៅកាន់​រដ្ឋាភិបាល លោក ហ៊ុន សែន​។ ទីមួយ តើ​ហេតុអ្វី​បានជា​មេដឹកនាំ​កម្ពុ​ជា​មាន​ភាព​បើក​ចំហរ​ចំពោះ​ជន​អាថ៌កំបាំង​ប្រភេទ​នេះ​? និង​ទី​ពីរ តើ​ក្រុម​មេដឹកនាំ​សព្វថ្ងៃ​អនុញ្ញាត​ឱ្យ​ជន​ទាំងនេះ​មាន​ឥទ្ធិពល​ដល់​កម្រិត​ណា​ដើម្បី​ទិញដូរ​នៅក្នុង​ប្រទេស​កម្ពុជា?៕

No comments: