Thursday, 21 July 2022

មន្ត្រី​ក្រសួង​កសិកម្ម​ថា បទល្មើស​ព្រៃឈើ​បន្ត​កើតមាន​ព្រោះ​ខ្វះ​មន្ត្រី​ល្បាត​ព្រៃឈើ


Khmer Circle

More absurd excuses from the very people who are supposed to safeguard the environment. 

So far none of the culprits involved in this organised crime have ever been caught or punished except poor villagers caught collecting fire woods. Instead, environmental activists have frequently been threatened and jailed for trying to monitor the forests which is what these state ministry officials are meant to do in the first place?

The entire country is indeed literally for sale.

$$$ 

ដោយ អាស៊ីសេរី
2022.07.20

មន្ត្រី​ក្រសួង​កសិកម្ម​ថា បទល្មើស​ព្រៃឈើ​បន្ត​កើតមាន​ព្រោះ​ខ្វះ​មន្ត្រី​ល្បាត​ព្រៃឈើ 

រូបភាព​សកម្មជនព្រៃឈើ​ចុះល្បាតការពារព្រៃ និង​ប្រទះ​ឃើញ​ឈើ​ត្រូវ​ជនល្មើស។
រូប​៖ ហ្វេសប៊ុក​លោក ហេង ស្រស់

នៅក្នុង​សន្និសីទ​ស្ដីពី​សមិទ្ធផល​ក្រសួង​កសិកម្ម​រយៈពេល​៥​ឆ្នាំ ប្រធាន​រដ្ឋបាល​ព្រៃឈើ​លោក កែវ អូម៉ាលីស្ស ថ្លែង​ថា បទល្មើស​ព្រៃឈើ​នៅ​កែវសីមា ស្រែ​ពក បន្ត​កើតមាន​ព្រោះ​ខ្វះ​កម្លាំង​មន្ត្រី​ល្បាត​ព្រៃ​។ មន្ត្រី​សង្គម​ស៊ីវិល​មិន​យល់​ស្រប​ចំពោះ​ការ​លើកឡើង​នេះ​ទេ និង​ថា ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់​មិន​អាច​បញ្ឈប់​បាន គឺ​ដោយសារតែ​អំពើពុករលួយ​ជា​ប្រព័ន្ធ​ទៅវិញ​ទេ។

ប្រធាន​រដ្ឋបាល​ព្រៃឈើ​លោក កែវ អូ​ម៉ាលី​ស្ស ថ្លែងថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​កែវ​សីមា និង​ស្រែ​ពក បន្ត​កើតមាន​ព្រោះ​ខ្វះ​កម្លាំង​មន្ត្រី​ល្បាត​ព្រៃ​។ លោក​បាន​ថ្លែង​បែបនេះ​ក្នុង​ស​ន្និសិទ​ស្ដីពី សមិទ្ធផល​ក្រសួងកសិកម្ម​រយៈពេល​៥​ឆ្នាំ ដែល​ធ្វើឡើង​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១៩ កក្កដា៖ «ចំនួន​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ទីនោះ គឺ​មាន​ចំនួន​តិច អានេះ​ជា​បញ្ហា​ប្រឈម​កន្លងមក មួយទៀត​គឺ​បញ្ហា​ជាប់​ព្រំដែន​នេះ តំបន់​កែវ​សីមា និង​តំបន់​ស្រែ​ពក​នេះ ព្រំប្រទល់​ជាប់​នឹង​វៀតណាម​ហ្នឹង រាប់រយ គីឡូម៉ែត្រ ជាប់​ផ្ទាល់​តែម្ដង អ៊ីចឹង​នៅ​រដូវ​ខែប្រាំង​នេះ​គឺថា ការ​ធ្វើ​ដំណើរ​ឆ្លង​តែ​បន្តិច​ដល់​ហើយ អញ្ចឹង​បទល្មើស​មាន​ភាព​លំបាក​ក្នុង​ការ​ទប់ស្កាត់​មែនទែន​នៅ​ក្នុង​រដូវប្រាំង រដូវភ្លៀង​យើង​ដើរ​អត់​ដល់ ក៏​ជា​ការ​លំបាក​មួយទៀត​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​នេះ»។



ជុំវិញ​ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នេះ ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គីមហុង យល់ឃើញ​ថា ការ​លើកឡើង​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ពិតប្រាកដ​ដែល​បណ្ដាល​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​នោះ​ទេ​។ លោក​ប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​ថា បញ្ហា​ចម្បង​ដែល​បណ្ដាល​ឱ្យ​បទល្មើស​នៅតែ​កើតមាន គឺ​បណ្ដាលមកពី​អំពើពុករលួយ​ជា​ប្រព័ន្ធ​ទៅវិញ​ទេ​។ លោក​បន្ថែម​ថា ការ​បង្កើន​ចំនួន​មន្ត្រី​អនុវត្ត​ច្បាប់ ឬ​ចុះ​ល្បាត​ព្រៃ នឹង​នៅតែ​មិនអាច​កាត់បន្ថយ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ឡើយ ប្រសិនបើ​ក្រសួង​ពាក់ព័ន្ធ​មិន​អាច​ធ្វើ​ឱ្យ​មន្ត្រី​ទាំងនោះ​ធ្វើការ​ដោយ​ភាពស្មោះត្រង់ និង​មាន​ទំនួល​ខុសត្រូវ​ពិតប្រាកដ​៖ «យើង​ធ្លាប់​បាន​រក​ឃើញ ហើយ​យើង​ធ្លាប់​បាន​ជួប​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០០​នាក់ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ជិត​៥០​ភាគរយ បាន​លើកឡើង​ថា ខ្លួន​បានឃើញ​មានការ​ប្រព្រឹត្តិ​អំពើពុករលួយ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​។ ទន្ទឹម​ជាមួយគ្នា​ហ្នឹង​ដែរ យើង​ឃើញ​ថា​អង្គការ​អន្តរជាតិ​មួយចំនួន​ដូចជា អង្គការ​លើកលែង​អន្តរជាតិ (Amnesty International) ឬក៏ USAID ក៏​ធ្លាប់​លើកឡើង​អំពី​កត្តា​បារម្ភ អើ​អំពី​ការប្រព្រឹត្តិ​អំពើពុករលួយ​នៅក្នុង​តំបន់ការពារធម្មជាតិ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ការ​បាត់បង់​ព្រៃឈើ​នេះ​ដែរ​បាទ»។

​របាយការណ៍​របស់​អ្នកឃ្លាំមើល​ព្រៃឈើ​រកឃើញ​ថា ក្រុម​ឧកញ៉ា​មួយចំនួន ជា​ឈ្មួញ​រកស៊ី​ឈើ​ធំៗ និង​ជា​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល នៅតែ​បន្ត​រកស៊ី​កាប់​ឈើ​យ៉ាង​សស្រាក់សស្រាំ​ដដែល ព្រមទាំង​គ្មាន​ចំណាត់ការ​ច្បាប់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ​ទេ​។ ពួក​អ្នកឃ្លាំមើល​ថា គឺ​រដ្ឋាភិបាល​ផ្ទាល់​តែម្ដង ដែល​តែង​ចេញមុខ​ការពារ​អ្នក​ជួញ​ឈើ​ខុសច្បាប់ របស់​ក្រុម​ឧកញ៉ា និង​ក្រុមហ៊ុន​ឯកជន​ទាំងនោះ។

ទាក់ទង​ជាមួយ​ការ​លើកឡើង​នេះ សកម្មជន​ការពារ​ព្រៃ​ឡង់ លោក ថោង កុយ ប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​ថា ក្រសួង​ពាក់ព័ន្ធ​គួរ​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍​ចូលរួម​ជួយ​ល្បាត​ព្រៃ​ដើម្បី​ទប់​ស្ដា​ឲត់​បទ​ល្មើស​កាប់​ព្រៃឈើ ជាជាង​បន្ថែម​មន្ត្រី​អនុវត្ត​ច្បាប់ ព្រោះ​កន្លងមក ការ​ដឹកឈើ​ខុសច្បាប់​ចេញពី​ព្រៃ​តែង​មាន​ការ​ឃុបឃិត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​៖ «មន្ត្រី​នៅ​ហ្នឹង​គាត់​ក៏​ជា​ឈ្មួញ គាត់​ក៏​អ្នកទិញ ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​ខុសច្បាប់​ដែរ ដឹក​មក​អ៊ីចឹង​ហើយ​ក៏​មាន​ឈ្មួញ​ពី​ក្រៅ​ទៅ​ដឹក​ចេញ​មក​ដើម្បី​ចែកចាយ​ទៅកាន់​ដេប៉ូ​ផ្សេងៗ ហើយក៏​មានការ ដូច​បង​ធ្លាប់​ដឹង​ហើយ មានការ​កាង​ការ​អី​អញ្ចឹង​ដូច​អ្នកកាសែត​ទៅ​អ៊ីចឹង មាន​មន្ត្រី​ណាមួយ​កាង​រត់​ផ្លូវ រត់​អី​អញ្ចឹង អាហ្នឹង​រឿង​ហ្នឹង​គឺ​មាន ដូច​អត់​មាន​ថា​ស្រាកស្រាន្ត​ណា នៅតែ​មាន​ជា​ហូរហែ»។

របាយការណ៍​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ) រកឃើញ​ថា ការ​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ បង្កើត​ឱ្យ​មាន​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​លុបបំបាត់​ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​។ របាយការណ៍​ដដែល​បញ្ជាក់​ថា នៅ​កម្ពុជា​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​បាន​បាត់បង់​ព្រៃឈើ​ប្រមាណ ៦៤%​នៃ​គម្រប​ព្រៃឈើ​ចាប់​តាំងពី​ឆ្នាំ​២០១១ រហូត​បច្ចុប្បន្ន៕

1 comment:

Anonymous said...

Of course. Because your employees just got paid without going to work.