Thursday, 28 July 2022

ក្រុម​អ្នក​ជំនាញ៖ ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​នឹង​ធ្វើ​បក្ស​កាន់​អំណាច​រង្គោះរង្គើ​ផ្ទៃក្នុង និង​រារាំង​ដល់​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន


ដោយ មាន ឫទ្ធិ
2022.07.28
ក្រុម​អ្នក​ជំនាញ៖ ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​នឹង​ធ្វើ​បក្ស​កាន់​អំណាច​រង្គោះរង្គើ​ផ្ទៃក្នុង និង​រារាំង​ដល់​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន 

សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រី​កម្ពុជា ឬ S.3052 មាន​ឈ្មោះ​ជា​ផ្លូវការ​ថា «ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ២០២២» និងលោក អេដវឺត ម៉ារឃីយ៍ (Sen. Markey, Edward J.) សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​កាន់​អំណាច ​គឺ​គណបក្ស​ប្រជាធិបតេយ្យ ប្រចាំ​រដ្ឋម៉ាស្សាឈូសេត (Massachusetts) ដែលបាន​ស្នើ​ច្បាប់​នេះ​ឡើង កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក


ក្រុម​អ្នក​ជំនាញ​វាយតម្លៃ​ថា ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​របស់​អាមេរិក​មក​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា នឹង​ធ្វើ​ឱ្យ​ផ្ទៃក្នុង​របស់​គណបក្ស​កាន់អំណាច​រង្គោះរង្គើ ហើយ​អាច​រារាំង​ដល់​ផែនការ​ផ្ទេរ​អំណាច​​នាយករដ្ឋមន្ត្រី​ត​វង្សត្រកូល​របស់​លោក ហ៊ុន សែន ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ ការវាយតម្លៃ​នេះ​កើតមានឡើង​ស្រប​ពេល​ដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​របស់​អាមេរិក​កំពុង​ពន្លឿន​ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដោយសារតែ​ពួកគេ​ពាក់ព័ន្ធ​នឹង​អំពើ​រម្លាយ​លទ្ធិ​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស និង​អំពើពុករលួយ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បង្ហាញ​សុទិដ្ឋិនិយម​រួម​គ្នា​ថា សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​របស់​អាមេរិក​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា អាច​នឹង​ត្រូវ​អនុម័ត​រួច​ឆ្លងផុត​ដល់ដៃ​ប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​ក្លាយ​ជា​ច្បាប់​ផ្លូវការ​នៅមុន​ការបោះឆ្នោត​ជាតិ​នៅ​កម្ពុជា ខែកក្កដា ឆ្នាំ២០២៣ ខាង​មុខ។ សេចក្ដី​ស្នើ​ច្បាប់​នេះ​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ២០២២ ឬ S.3052 ដែល​បច្ចុប្បន្ន​ឆ្លងផុត​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​ដ៏​មាន​ឥទ្ធិពល​របស់​ព្រឹទ្ធសភា​អាមេរិក និង​កំពុង​បញ្ជូន​បន្ត​មក​ឱ្យ​ព្រឹទ្ធសភា​ពេញអង្គ​អនុម័ត។


អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) លោក វណ្ណ ប៊ុណ្ណា យល់​ថា ប្រសិនបើ​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ​ចេញ​រួច ច្បាប់​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ផ្ទៃក្នុង​របស់​បក្ស​កាន់អំណាច​ប្រេះឆា ហើយ​នឹង​ប៉ះពាល់​ដល់​​ផែនការ​ផ្ទេរ​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក៖ «បើសិនជា​ច្បាប់​ហ្នុង​អាច​ចេញ​រួច តិច ឬ​ច្រើន វា​អាច​ប៉ះពាល់​ទៅដល់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​ដែរ បើ​សិន​ជា​ច្បាប់​នេះ​ដាក់ទណ្ឌកម្ម​ទៅលើ​បុគ្គល ជាពិសេស​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់។ កាល​ណា​ប៉ះពាល់ មន្ត្រី​នៅ​ក្នុង​គណបក្ស​ប្រជាជន​ប្រហែលជា​មិន​សប្បាយចិត្ត​ទៅលើ​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន។ នៅ​ពេល​ណា​មានការ​ផ្ទេរតំណែង វា​ជា​ហេតុ​មួយ​ដែរ​នៃ​ច្បាប់​នោះ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ការ​បង្កក​ទ្រព្យសម្បត្តិ ឬក៏​ការ​បិទ​ទិដ្ឋាការ​ជា​ដើម។ អ៊ី​ចឹង​ទេ តិច ឬ​ច្រើន វា​ជា​សញ្ញា​សួរ​មួយ​ដែរ​ក្នុង​ផល​ប៉ះពាល់​ទៅ​ដល់​ការ​ផ្ទេរ​តំណែង ជាពិសេស​បើសិនជា​អវត្តមាន​លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន គឺ​វា​អាច​អនាគត​ទៅ​ធ្វើ​ឱ្យ​មាន​ការ​ប្រេះឆា​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន»។

ការវាយតម្លៃ​ពី​ឥទ្ធិពល​នៃ​សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​បក្ស​កាន់​អំណាច និង​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន នេះ ក៏​ត្រូវ​បាន​អ្នក​ជំនាញ​កិច្ចការ​បរទេស​មួយ​រូប​ទៀត ចែក​រំលែក​នូវ​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ។ ព្រឹទ្ធបុរស​ជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ អារីហ្សូណា ស្តេត (Arizona State University) បណ្ឌិត អៀ សុផល ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថា លោក​គិត​ថា​វា អាច​ទៅ​រួច ដែល​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden) នឹង​ចុះ​ហត្ថលេខា​ប្រកាស​ឱ្យ​ប្រើប្រាស់​ច្បាប់​នេះ​ជា​ផ្លូវការ​នៅ​មុន​ថ្ងៃ​ទី៨ ខែវិច្ឆិកា នៅ​ពេល​ដែល​មាន​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក។ លោក​ពន្យល់​ច្បាស់​ណាស់​ថា ព្រឹទ្ធសភា​អាមេរិក​គិតគូរ​កាន់​តែ​ខ្លាំង​អំពី​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​របប​ក្រុង​ភ្នំពេញ ពីព្រោះ​ស្ថាប័ន​កំពូល​អាមេរិក​នេះ​លែង​មាន​ការ​អត់ធ្មត់​ទៀត​ហើយ ហើយ​ឆ្នាំនេះ​នឹង​ក្លាយ​ជា​ឆ្នាំ ដែល​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ​ចេញរួច ដោយ​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា និង​រដ្ឋសភា​របស់​អាមេរិក គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ។

បណ្ឌិត អៀ សុផល វាយ​តម្លៃ​ថា ប្រសិនបើ​សេចក្ដី​ស្នើ​ច្បាប់​នេះ​ចេញ​រួច នោះ​ច្បាប់​នេះ​នឹង​ផ្លាស់ប្ដូរ​ក្ដី​រំពឹង​នានា​អំពី​ការ​បន្ត​ជីវិត​របស់​របប​ដឹក​នាំ​បច្ចុប្បន្ន​នៅ​កម្ពុជា និង​ការ​បន្ត​អំណាច​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣ ខាង​មុខ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ប្រតិកម្ម​តប​ជុំវិញ​ការវាយតម្លៃ​របស់​ក្រុម​អ្នក​ជំនាញ​ទាំងនេះ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី២៧ ខែកក្កដា។

ក៏ប៉ុន្តែ កន្លង​ទៅ ភ្លាមៗ ក្រោយ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​បាន​សម្រេច​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​នេះ​ទៅ​ឱ្យ​ព្រឹទ្ធសភា​ពេញ​អង្គ​របស់​អាមេរិក​អនុម័ត ស្ថាប័ន​ព្រឹទ្ធសភា​ឯក​បក្ស​របស់​កម្ពុជា​បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​ចោទ​ថា ការ​អនុម័ត​របស់​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក គឺ​ជា​ការ «ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង» របស់​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ និង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា។

ទោះ​យ៉ាង​ណា ក្រុម​អ្នក​ជំនាញ​មួយ​ចំនួន​មិន​យល់​ស្រប​តាម​ការ​ចោទ​ប្រកាន់​របស់​ស្ថាប័ន​ព្រឹទ្ធសភា​ឯក​បក្ស​នៅ​កម្ពុជា​នេះ​ទេ។ ពួក​គេ​ថា ប្រសិនបើ​គ្មាន​ការ​រម្លាយ​លទ្ធិប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទេ នោះ​សហរដ្ឋអាមេរិក​ក៏​ទំនង​ជា​មិន​ងាយ​នឹង​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​ដូច្នេះ​ដែរ។ ក្រៅ​ពី​នេះ បញ្ហា​ដែល​កម្ពុជា​បង្ហាញ​ជំហរ​មិន​ច្បាស់លាស់​ជុំវិញ​ការ​រក្សា​អព្យាក្រឹត្យ​នៅ​ក្នុង​គោល​នយោបាយ​ការ​បរទេស ជាពិសេស ការ​លម្អៀង​ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត​ខ្លាំង ក៏​បាន​រួមចំណែក​ជំរុញ​ឱ្យ​ស្ថាប័ន​ធ្វើ​ច្បាប់​របស់​អាមេរិក​នាំគ្នា​គិតគូរ​ពន្លឿន​ដំណើរការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ​កាន់​តែ​ឆាប់។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ថា ការណ៍​ដែល​កម្ពុជា​ខ្លួន​ឯង​បង្ក​ឱ្យ​មាន​ការ​សង្ស័យ​អំពី​វត្តមាន​របស់​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម និង​គោល​នយោបាយ​​ការ​បរទេស​មិន​ច្បាស់លាស់​របស់​កម្ពុជា កំពុង​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​មួយ​ជំរុញ​ឱ្យ​ក្រុម​អ្នក​ធ្វើ​ច្បាប់​អាមេរិក​បង្កើន​ល្បឿន​នៃ​ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ៖ «ដោយសារ​តែ​ជំហរ​គោល​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​ហាក់​ដូច​ជា​នៅ​ស្រពិចស្រពិល យើង​មិន​ឈរ​ជំហរ​កណ្ដាល​ពិត​ប្រាកដ ទ្រឹស្ដី​ឬ​គោល​នយោបាយ​ការ​បរទេស​កម្ពុជា ឬ​នៅ​ក្នុង​ច្បាប់​កម្ពុជា​ដែល​ចុះសន្ធិសញ្ញា អនុសញ្ញា​ជាមួយ​អន្តរជាតិ យើង​ប្រកាស​ថា យើង​អព្យាក្រឹត្យ ក៏​ប៉ុន្តែ ឥរិយាបថ​នយោបាយ​ ឬ​ក៏​អាកប្បកិរិយា​នយោបាយ​របស់​យើង​គឺ​ យើង​លំអៀង​ទៅ​ខាង​ចិន នេះ​ទី​មួយ។ ទីពីរ ដែល​យើង​មាន​សង្ស័យ​រឿង​បញ្ហា​នៅ​ក្នុង​សមុទ្រ​រាម ផែ​រាម​របស់​យើង​ដែល​ត្រូវ​គេ​សង្ស័យ​ថា អាច​បង្ក​ឱ្យ​ចិន កងទ័ព​ចិន​ប្រើប្រាស់។ ដោយ​ឡែក ចំណែក​មួយ​ទៀត​ដែល​សំខាន់​ដែល​ធ្វើ​ឱ្យ​ច្បាប់​នេះ​អាច​ដើរ​ទៅ​មុខ​លឿន គឺ​ពលរដ្ឋ​កម្ពុជា ដែល​នៅ​ក្រៅ​ប្រទេស មាន​ការ​ជជែក ឬ​ជំរុញ​ទៅ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក»។

សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រី​កម្ពុជា ឬ S.3052 មាន​ឈ្មោះ​ជា​ផ្លូវការ​ថា «ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ២០២២»។ សេចក្ដី​ស្នើ​ច្បាប់​នេះ ដំបូង​ឡើយ​មាន​ឈ្មោះ​ថា «ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ២០២១»។ ក៏​ប៉ុន្តែ បន្ទាប់​ពី​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​សម្រេច កាល​ពី​ថ្ងៃទី១៩ ខែកក្កដា បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​នេះ​ទៅ​ព្រឹទ្ធសភា​ពេញអង្គ​ដើម្បី​អនុម័ត សេចក្ដី​ស្នើ​ច្បាប់ ត្រូវ​បាន​កែ​ឈ្មោះ​មក​ជា «ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ២០២២» វិញ។

សេចក្ដី​ស្នើ​ច្បាប់​នេះ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​កាន់​អំណាច​​គឺ​ គណបក្ស​ប្រជាធិបតេយ្យ ប្រចាំ​រដ្ឋម៉ាស្សាឈូសេត (Massachusetts) លោក អេដវឺត ម៉ារឃីយ៍ (Sen. Markey, Edward J.) កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២១។ សេចក្ដី​ស្នើ​ច្បាប់​នេះ ទទួល​បាន​ការ​គាំទ្រ​ធ្វើជា​សហប្រធាន (Cosponsor) ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាធិបតេយ្យ (១២នាក់) និង​គណបក្ស​សាធារណរដ្ឋ (៣នាក់) សរុប​ចំនួន ១៥នាក់។

ខ្លឹមសារ​កំណែ​ចុងក្រោយ​នៃ​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ដាក់​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ពេញ​អង្គ​អនុម័ត ចែង​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​សំដៅ​ទៅ​លើ​មន្ត្រី​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ឬ​អតីត​កាល​ក្នុង​ជួរ​រដ្ឋាភិបាល យោធា ឬ​កង​កម្លាំង​សន្តិសុខ ឬ​បុគ្គល​បរទេស​ទាំង​ឡាយ​ណា ដែល​ប្រធានាធិបតី​អាមេរិក​កំណត់​ថា មាន​ពាក់ព័ន្ធ​នឹង​ទង្វើ​ចំនួន ៤ នៅ​កម្ពុជា។ ទង្វើ​ទីមួយ គឺ​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ជា​ចម្បង​ក្នុង​ការ​រម្លាយ​លទ្ធិ​ប្រជាធិបតេយ្យ។ ទីពីរ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ទីបី ពាក់ព័ន្ធ​នឹង​នឹង​អំពើពុករលួយ​ធ្ងន់ធ្ងរ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ។ និង​ទីបួន ពាក់ព័ន្ធ ឬ​ផ្តល់​ការ​គាំទ្រ​ដល់​ការ​បង្កើត​ឱ្យ​មាន​នូវ​ការ​សាងសង់ ឬ​បរិវេណ​នានា ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ឬ​ក្រុមហ៊ុន ដែល​មាន​ចំណង​ទាក់ទង​ទៅ​នឹង​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​កម្ពុជា។

ក្រៅ​ពី​នេះ សេចក្ដី​ស្នើ​ច្បាប់​នេះ ក៏​មាន​បន្ថែម​នូវ​ការ​រក​ឃើញ​មួយ​ចំនួន​ទៀត ដូចជា ករណី​រដ្ឋាភិបាល​រំលោភ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ករណី​ដែល​កម្ពុជា​រុះរើ​ទីតាំង​អគារ​មិត្តភាព​វៀតណាម​នៅ​ក្នុង​បរិវេណ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ទំនាស់​ជាមួយ​មន្ត្រី​យោធា​ចិន​នៅ​ទីនោះ និង​ករណី​បើក​ការដ្ឋាន​សាងសង់​ឱ្យ​ចិន​​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ដែល​ត្រូវ​បាន​រាយការណ៍​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន​អាច «ប្រើប្រាស់​ផ្ដាច់មុខ​ទីតាំង​ភាគ​ខាង​ជើង​នៃ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ខណៈ​វត្តមាន​របស់​ពួកគេ​នៅតែ​ត្រូវ​បាន​លាក់កំបាំង» ជាដើម។ សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ដដែល​នេះ ក៏​មាន​បន្ថែម​កថាខណ្ឌ​មួយ​ចំនួន​ទៀត ដែល​តម្រូវ​ឱ្យ​កម្ពុជា​បញ្ឈប់​នូវ​រាល់​ការ​ផ្តល់​ការ​គាំទ្រ​ណាមួយ​ដល់​របប​ផ្តាច់ការ ដែល​ធ្វើ​ឱ្យ​ទន់ខ្សោយ​ដល់​សកម្មជន​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់ ជាពិសេស​ទំនាក់ទំនង​ជាមួយ​ក្រុម​យោធា​ភូមា​ដែល​បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ខុសច្បាប់​កាលពី​ខែកុម្ភៈ ឆ្នាំ២០២១ ជា​ដើម។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ព្រមាន​ថា សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ អាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ទម្រង់​ស្រដៀង​គ្នា​នៃ​វិបត្តិ​នៅ​ប្រទេស​ស្រីលង្កា​ដែរ ខណៈ​កម្ពុជា​កំពុង​រង​នូវ​ឥទ្ធិពល​នៃ​ការ​កើន​ឡើង​ខ្ពស់​បំផុត​នៃ​អតិផរណា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ អ្នក​ជំនាញ​រូប​នេះ គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ​រឹតតែ​ធ្វើ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន (Washington) មិន​ពេញ​ចិត្ត​ថែម​ទៀត ក្រោយ​ពី​បាន​ឈាន​ទៅ​ចាប់​ពលរដ្ឋ​សញ្ជាតិ​ខ្មែរ​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ម្នាក់ គឺ​កញ្ញា សេង ធារី ដាក់គុក និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ជិត​ដាច់ស្រយាល​ជិត​ព្រំដែន​ឡាវ (Lao)។ លោក​ថា អ្វី​ដែល​​នៅ​មិន​ទាន់​កើត​មាន​នៅ​កម្ពុជា​នា​ពេល​នេះ​គឺ ការ​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ​ ដូចដែល​របប​សឹក​ភូមា​បាន​ធ្វើ។ ក៏ប៉ុន្តែ លោក​ថា កម្ពុជា​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ ខណៈ​ករណី​អំពើ​ឃាតកម្ម​នយោបាយ ឬ​ការវាយប្រហារ​ដោយ​អាថ៌កំបាំង​មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​ទី​សាធារណៈ​នៅតែ​បន្ត​កើតមាន​ដោយ​គ្មាន​ដំណោះស្រាយ៕

1 comment:

Anonymous said...

Just remember that the Law of Kdor Ah Hun Sen, which emanated from Ah Hun Sen's stinky mouth, is above the constitution.

To stop the Law of Kdor Ah Hun Sen, Khmer people need to wage a nationwide peaceful protest to reform the NEC before the 2023 election, otherwise Ah Chker Chkuot Hun Sen will continue his reign of terror.