Saturday, 23 July 2022

កម្មករ​ណាហ្គាវើល៍​ប្ដេជ្ញា​នឹង​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ​ទោះ​ជា​ត្រូវ​សមត្ថកិច្ច​បង្ក្រាប


ដោយ ទីន ហ្សាការីយ៉ា
2022.07.22
កម្មករ​ណាហ្គាវើល៍​ប្ដេជ្ញា​នឹង​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ​ទោះ​ជា​ត្រូវ​សមត្ថកិច្ច​បង្ក្រាប 

កម្មករ​ណាហ្គាវើលដ៍ កញ្ញា ពៅ រស្មី ចូលរួមតវ៉ា និង​រង​ហិង្សា​ពីសំណាក់​សមត្ថកិច្ច​ កាល​ពីថ្ងៃ​ទី២២ កក្កដា ២០២២។
រូប​៖​ ពលរដ្ឋផ្ដល់ឱ្យ


កម្មករ​ណាហ្គាវើល៍ (Naga World) ប្ដេជ្ញា​នឹង​តវ៉ា​ទាមទារ​ដំណោះស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ ទោះ​ជា​អាជ្ញាធរ​រារាំង និង​បង្ក្រាប​យ៉ាង​ណាក្ដី។ ពួកគេ​អះអាង​ថា ក្រសួង​ការងារ និង​សមត្ថកិច្ច​លម្អៀង​ទៅ​ខាង​ភាគី​ថៅកែ ដែល​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត អូស​បន្លាយ​ពេល​វេលា​ជាង ៧ខែ​មក​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។

អាជ្ញាធរ​បង្ក្រាប​លើ​ក្រុម​កូដ​ករ​ណាហ្គា​វើលដ៍​កាន់​តែ​ធ្ងន់ ក្រោយ​មាន​បញ្ជា​ពី​​លោក ហ៊ុន សែន


ដោយ យន់ សាមៀន

អាជ្ញាធរ​ក្រុងភ្នំពេញ បង្ក្រាប​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ (Naga World ) កាន់តែ​ធ្ងន់ធ្ងរ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ក្រោយ​មាន​បញ្ជា​ពី​លោក ហ៊ុន សែន ។ ការ​បង្ក្រាប​នេះ គឺ​ពេល​ក្រុម​កូដករ នៅតែ​ចេញ​មក​តវ៉ា​ដោយ​មិន​រាថយ ទោះបី​អាជ្ញាធរ​បិទផ្លូវ​រារាំង​ដោយ​រនាំង​ដែក និង​ដាក់​ពង្រាយ​កម្លាំង ផ្លាស់ប្ដូរ​គ្នា​មក​ឈរ​យាម​យ៉ាង​តឹងរ៉ឹង​មិន​ឲ្យ​ក្រុម​កូដ​ករ ចូល​ទៅ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅមុខ​ក្រុមហ៊ុន។

ក្រុម​កូដករ​ណាហ្គាវើលដ៍​ប្រមាណ​ជាមួយ​រយ​នាក់ នៅ​រសៀល​ថ្ងៃទី​២២​ខែកក្កដា​បាន​ប្រមូលផ្ដុំ​គ្នា​ដើរ​តម្រង់​ទៅមុខ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ពី​ថៅកែ​។ ក៏ប៉ុន្តែ​ក្រុម​អាជ្ញាធរ បាន​រារាំង​ផ្លូវ​ក្រុម​កូដ​ករ​ដោយ​ទាញ​រនាំង​ដែក​មក​បិទផ្លូវ ដើម្បី​ហាមឃាត់​មិន​ឲ្យ​ក្រុម​កូដ​ករ​ដើរ​ឆ្លងផ្លូវ​ឆ្ពោះ​តម្រង់​ទៅមុខ​ក្រុមហ៊ុន​បាន។

​សម្រែក​កូដករ​ស្រែក​ទាមទារ​រក​ដំណោះស្រាយ​ពី​ក្រុមហ៊ុន៖ «អូយ​ពូ​! កុំ​រុញ​! កុំ​រុញ​! រុញ​ទៅ​ក្រោយ​ន៎​! វាយ​គេ​ធ្វើ​អី»។



ក្រុម​កូដករ​បាន​ស្រែក​ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅ​រក​យុត្តិធម៌ និង​ទទូច​ឲ្យ​ក្រុម​អាជ្ញាធរ មេត្តា​បើក​ផ្លូវ​ឲ្យ​ពួកគាត់ ព្រោះ​នេះ​ជា​ផ្លូវ​សាធារណៈ ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ដើរ​គ្រប់​គ្នា មិន​គួរ​ក្រុម​អាជ្ញាធរ​យក​រនាំង​ដែក​មក​បាំង​ដូច្នេះ​ទេ។

ក្រោយ​ពី​ស្រែក​អង្វរ​ក្រុម​អាជ្ញាធរ​មិន​ព្រម​បើក​ផ្លូវ​ឲ្យ ក្រុម​កូដករ​ដែល​ភាគច្រើន​គឺជា​ស្ត្រី ក៏​បបួលគ្នា​ដើរ​វៀង​ឆ្ពោះ​ទៅ​មុខ​ក្រុមហ៊ុន ស្រាប់តែ​ក្រុម​សមត្ថកិច្ច​ស្ទុះ​មករា​រាំង និង​វាយ​ទាត់​ធាក់​ពួកគាត់​យ៉ាងដំណំ បណ្ដាល​ឲ្យ​កូដ​ករ​មួយចំនួន​រង​របួស​ធ្ងន់ធ្ងរ។ លើស​ពី​នេះ​មាន​សមត្ថកិច្ច​ម្នាក់​ដក​កាំភ្លើង​មក​គំរាម​ក្រុម​កូដករ​ទៀត​ផង។

ស្ត្រី​កូដករ​ណាហ្គាវើលដ៍​ម្នាក់ ដែល​ត្រូវ​អាជ្ញាធរ​វាយ​ចំ​មុខរបួស​ធ្ងន់ កញ្ញា ពៅ រស្មី ប្រាប់​ថា កញ្ញា ខកចិត្ត​ដែល​មន្ត្រីរាជការ​បាន​ទទួល​ប្រាក់​ខែ​ពី​ពលរដ្ឋ បែរជា​វាយដំ​ពួកគាត់​ដូច​សត្វ​ធាតុ ដែល​គ្រាន់តែ​ទាមទារ​ដំណោះស្រាយ​ការងារ​ពី​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ កញ្ញា​ពោល​ទាំង​ទឹកភ្នែក​ថា ក្រុម​អាជ្ញាធរ​បាន​ហក់​មក​វាយ​ក្រុម​ស្ត្រី​កូដករ ឲ្យ​រង​របួស​ធ្ងន់​ជាច្រើន​នាក់ ដោយ​គ្មាន​ញញើត​ដៃ គ្មាន​ចិត្ត​អាណិត​អាសូរ​។ កញ្ញា​បន្ទោស ក្រុម​អាជ្ញាធរ​ថា​គ្មាន​ភាពជា​មនុស្ស​ប្រុស​ក្នុង​ខ្លួន ទើប​ហ៊ាន​លើកដៃ​វាយ​ពួកគាត់ ដែល​សុទ្ធ​តែ​ជា​ស្ត្រី៖ «ខ្ញុំ​នៅតែ​បន្ត​រហូត​មាន​ដំណោះស្រាយ​ទោះ​អ្នកឯង​សម្លាប់​ខ្ញុំ​កណ្ដាល​ទីក្រុង​ក៏​ខ្ញុំ​នៅតែ​បន្ត។ ព្រោះ​វា​ជា​វិវាទ​រឿង​ឆ្នាំងបាយ យើង​មើលឃើញ​ពី​ផល​លំបាក​ថា បើសិនជា​និយោជក​ណាហ្គាវើលដ៍ រំលោភបំពាន​សិទ្ធិ​ការងារ​នេះ​បាន និយោជក​នៅ​ទូទាំង​ប្រទេស នឹង​ធ្វើ​គំរូ​អាក្រក់​ដូច​ថៅកែ​ណាហ្គាវើលដ៍​ដូចគ្នា​។ អីចឹង​បានជា​ពួក​យើង​តវ៉ា​រហូត​ដល់​៧​ខែ ដាច់​បាយ​ដាច់​ទឹក​រង​នូវ​ភាព​អយុត្តិធម៌ រង​អំពើ​ហិង្សា​ជាច្រើន តែ​ពួក​យើង​នៅតែ​បន្ត ទោះ​អ្នកឯង​វាយ​ខ្ញុំ​ឲ្យ​ស្លាប់​នៅ​ទីនេះ ក៏​ខ្ញុំ​នៅតែ​បន្ត​រហូត​ដល់​មាន​ដំណោះស្រាយ»។

ស្រដៀង​គ្នា​នេះ​ដែរ កូដករ​ម្នាក់​ទៀត​គឺ​កញ្ញា រឿន មុំម៉ារីណែត ប្រាប់​អាស៊ីសេរី​ថា ការ​បង្ក្រាប​មក​លើ​ក្រុម​កូដករ​ពី​សំណាក់​អាជ្ញាធរ​នៅថ្ងៃ​នេះ គឺ​គ្មាន​ប្រណី​ដៃ​ឡើយ ដោយ​ក្រុម​អាជ្ញាធរ​បាន​ហក់​មក​វាយ​រួច​បោច​សក់​បោក​ផ្ទប់​ទៅ​លើ​ដី ហើយ​បាន​ហក់​ជាន់​ពី​លើ​រួច​ទាត់​ធាក់​ពួកគាត់​ទៀត​។ កញ្ញា​បញ្ជាក់​បន្ថែម​ថា ក្រុម​កូដករ​រង​របួស​ធ្ងន់​ជាច្រើន​នាក់ ព្រោះ​ក្រុម​អាជ្ញាធរ​ថ្ងៃនេះ បាន​នាំ​កម្លាំង​មក​ច្រើន​លើស​ពី​ធម្មតា និង​បាន​បង្ក្រាប​មក​លើ​ក្រុម​កូដករ​ទាំង​កម្រោល និង​គ្មាន​ការ​យោគយល់ ពេល​ដែល​ក្រុម​កូដករ​ព្យាយាម​ដើរ​សម្រុក​សំដៅ​ទៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​៖ «អូ​!​ថ្ងៃ​ហ្នឹង​ដំណំ​ច្រើន​នាក់​ណាស់​បង​!​ដំណំ​ច្រើន​នាក់ ហើយ​មាន​កូដ​ករ​ស្រី​ម្នាក់​គាត់​ឈាម​មុខ​នៅ​ក្រោម​ភ្នែក គឺ​ឈាម​។ ដូច​នៅ​ក្នុង​ការ​ឡាយ​ខ្ញុំ​អីចឹង ហើយ​យើង​មាន​ទាំង​វីដេអូ មាន​ទាំង​រូបថត​អីចឹង​ទៅណា​បង គឺ​គាត់​ត្រូវ​ខ្លាំង​ដោយសារតែ​គាត់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​វាយ​បោច​សក់​បោក​ដួល​ទៅ​នឹង​ដី ហើយ​...»។

ការប្រើប្រាស់​អំពើ​ហិង្សា​កាន់តែ​ធ្ងន់ធ្ងរ​លើ​ក្រុម​កូដ​ករ​ពេលនេះ គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​៨ ខែកក្កដា បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត ត្រូវ​បង្ក្រាប​លើ​អ្នក​តវ៉ា​តាម​ដងផ្លូវ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដែល​ក្នុង​នោះ​លោក​សំដៅ​ដល់​ក្រុម​កូដករ ណាហ្គាវើលដ៍​ផង​ដែរ​។ លោក ហ៊ុន សែន មិន​បាន​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​តាម​ការ​ទទូច​អង្វរករ​ពី​ក្រុម​កូដករ​នោះ​ទេ ប៉ុន្តែ​លោក​បែរ​ចោទ​ថា ក្រុម​កូដ​ករ​ទាំងនេះ និង​អ្នក​តវ៉ា​ផ្សេងទៀត យក​ដងផ្លូវ​ដើម្បី​ប្រមូល​ផ្តុំ​តវ៉ា​ដោយ​ខុស​ច្បាប់​ទៅ​វិញ។

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​បកស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា បាន​ទេ នៅ​ថ្ងៃទី​២២ ខែ​កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

នាយក​ទទួលបន្ទុក​ទូទៅ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង​ថា ចំពោះ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន និង​កូដករ ដែល​ចេះតែ​អូស​បន្លាយ​ពេល​មក​ជា​ច្រើន​ខែ​នោះ គឺ​មក​ពី​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ មិន​ទាន់​មាន​ឆន្ទៈ​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​បុគ្គលិក​។ លោក​បន្ត​ថា ចំណែកឯ​ក្រុមហ៊ុន​វិញ ក៏​មិន​ទាន់​មាន​ការយោគយល់​ឲ្យ​អស់ពី​សមត្ថភាព ក្នុង​ការ​ទទួលយក​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ដែរ ។ ទោះជា​យ៉ាង​លោក​ស្នើ​ដល់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សហការ​គ្នា ជួយ​រក​ច្រកចេញ​ណាមួយ​ឲ្យ​បាន​សមស្រប​ជូន​ក្រុម​កូដ​ករ ដើម្បី​កុំ​ឲ្យ​មើល​ឃើញ​ថា ពួកគាត់​កំពុង​រង​ភាព​អយុត្តិធម៌​ពី​អ្នកមាន​លុយ មានអំណាច​៖ «បើ​យើង​មើលទៅ​ហាក់ដូចជា​ចង់​ធ្វើបាប ផ្នែក​សេដ្ឋកិច្ច​ទៅលើ​ក្រុម​កូដ​ករ​ណា៎ ពីព្រោះ​កាលដែល​អូស​បន្លាយ​ពេល​យូរ​ទៅ ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​រស់នៅ​របស់​ក្រុម​កូដ​ករ​នោះ​។ អីចឹង​បើ​យើង​មើល​ឆន្ទៈ​នៃ​ការ ពេលវេលា​នៃ​ការ​អូស​បន្លាយ​នេះ វា​ហាក់បីដូចជា​ចង់​ធ្វើ​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​របស់​កូដករ​ហ្នឹង ពីព្រោះ​ពួកគាត់​ធ្វើ​កូដកម្ម​ស្ទើរ​រាល់ថ្ងៃ​អីចឹង​អត់​មាន​ពេលវេលា​សម្រាប់​រកស៊ី»។

ជម្លោះ​រវាង​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ និង​បុគ្គលិក ដែល​ជា​ក្រុម​កូដ​ករ បាន​អូស​បន្លាយ​រយៈពេល​ជាង​៧​ខែ​មក​ហើយ ដោយ​ក្រុម​កូដករ​មិនទាន់​បាន​ទទួល​នូវ​ដំណោះស្រាយ​ណាមួយ​ឲ្យ​បាន​សមរម្យ​ពី​ថៅកែ​ក្រុមហ៊ុន​ទេ ។ រយៈពេល​៧​ខែ មកនេះ អាជ្ញាធរ​មិន​ត្រឹមតែ​មិន​ជួយ​រក​ដំណោះស្រាយ​សមរម្យ​ទេ ថែម​ទាំង​ប្រើ​ហិង្សា ចាប់​ដាក់គុក ដល់​ក្រុម​កូដករ​ទាំងនោះ​ជា​បន្តបន្ទាប់ នៅ​ពេល​ពួកគេ​ចេញ​តវ៉ា​ម្ដងៗ។

ក្រុម​កូដ​រ​នៅតែ​ស្រែក​រក​យុត្តិធម៌​ពី​រដ្ឋាភិបាល​ជានិច្ច ជាពិសេស​លោក ហ៊ុន សែន សុំ​ឲ្យ​លោក​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួកគាត់​ផង បើ​ទោះ​ជា​ការ​ស្រែក​អង្វរករ​របស់​ពួកគាត់​មិន​បាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ក៏​ដោយ៕

No comments: