Thursday, 7 July 2022

តំណាង​អយ្យការ​ព្យាយាម​ភ្ជាប់​ករណី​បាតុកម្ម​ហិង្សា​បណ្ដាល​ឲ្យ​បាតុករ​ស្លាប់​ ថា មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា


ដោយ សេក បណ្ឌិត
2022.07.07
តំណាង​អយ្យការ​ព្យាយាម​ភ្ជាប់​ករណី​បាតុកម្ម​ហិង្សា​បណ្ដាល​ឲ្យ​បាតុករ​ស្លាប់​ ថា មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា 

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មេធាវី​រិះគន់​ថា សវនាការ​ជំនុំ​ជម្រះក្ដី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្មាន​ភាព​ជឿនលឿន​ទេ ព្រោះ​តំណាង​អយ្យការ​បន្ត​ចោទសួរ​ពី​ករណី​បាតុកម្ម ទៅ​បាតុកម្ម​មួយ ដែល​មិនមែន​ជា​ការទទួលខុសត្រូវ​របស់​លោក កឹម សុខា​។

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា បើ​សវនាការ​នៅតែ​ដើរ​យឹត​ដូច្នេះ​ទៀត នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព និង​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក កឹម សុខា។សំណុំរឿង​ក្បត់ជាតិ របស់​លោក កឹម សុខា អស់ពី​ការ​សួរ​ដេញដោល​ករណី​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង កាល​ពី​ឆ្នាំ​២០១៣ ពេល​នេះ​តំណាង​អយ្យការ​ប្ដូរ​មក​សួរ​ដេញដោល​ទាក់ទង​ការ​ធ្វើ​បាតុកម្ម​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​វិញ​ម្ដង។ ទោះ​យ៉ាងណា លោក កឹម សុខា នៅតែ​រក្សា​ចម្លើយ​ដដែល គឺ​លោក​ទទួលស្គាល់​តែ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ប៉ុណ្ណោះ ថា ជា​ការ​រៀបចំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំណែក​បាតុកម្ម​នៅ​កន្លែង​ផ្សេង​ពី​នេះ​លោក​មិន​ទទួលខុសត្រូវ​ឡើយ។

សហ​មេធាវី​ការពារ​ក្ដី​ឲ្យ លោក កឹម សុខា គឺ​លោក ចាន់ ចេន ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ចេញពី​បន្ទប់​សវនាការ​ថា ចាប់តាំងពី​សវនាការ​ទី​១ មកដល់​សវនាការ​ទី​៤៧ នេះ​នៅតែ​មាន​ភាព​តានតឹង​គ្នា​រវាង​តំណាង​អយ្យការ និង​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា​។ លោក​បន្ត​ថា ការដែល​តំណាង​អយ្យការ​បាន​ព្យាយាម​យក​ភស្តុតាង​វីដេអូ នៅ​ស្ពាន​ក្បាលថ្នល់ មក​ចោទ​ប្រកាន់​ថា មាន​ទំនាក់ទំនង​នឹង​លោក កឹម សុខា គឺ​មិន​ត្រឹមត្រូវ៖ «ហាក់បីដូចជា​ព្យាយាម​ចង់​ឲ្យ​កូនក្ដី​ខ្ញុំ​មានការ​ទទួលខុសត្រូវ ហើយ​អំបាញ់មិញ​នេះ ខ្ញុំ​បាន​ស្ដាប់​ច្បាស់​គឺ​លោក កឹម សុខា គាត់​បាន​ឆ្លើយ​ថា អត់​មាន​អ្វី​ដែល​ពាក់ព័ន្ធ​ជាមួយ​គាត់​ទេ បាតុកម្ម​ឬក៏​អំពើ​ហិង្សា​ដែល​កើត​នៅ​គេ​ហៅថា ស្ពាន​ក្បាលថ្នល់​បាទ»។



សវនាការ​ជុំ​លើក​ទី​៤៧ នៃ​ការ​សួរដេញដោល​នៃ​សំណុំរឿង​ក្បត់ជាតិ​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា តុលាការ​នៅតែ​រក​មិនទាន់​ឃើញ​ថា រដ្ឋ​បរទេស​ណាមួយ​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅឡើយ​ទេ។

កាលពី​ឆ្នាំ​២០១៣ ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​បាន​បាញ់រះ​លើ​ក្រុម​បាតុករ ដែល​ព្យាយាម​រុញច្រាន​បន្លា​លួស​របស់​សមត្ថកិច្ច​ដាក់​បិទផ្លូវ​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​។ ពេលនោះ បណ្ដាល​ឲ្យ​បាតុករ​ម្នាក់​ស្លាប់ និង​បាតុករ​ជាច្រើន​នាក់​ទៀត​រង​របួស។ មន្ត្រី​សិទ្ធិមនុស្ស រិះគន់​ថា ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ពេល​នោះ​ថា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​មាន​ក្រុមការងារ​លោក​ចូល​ឃ្លាំមើល​តុលាការ​រំលឹក​ថា បាតុកម្ម​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​កាលពី​ឆ្នាំ​២០១៣ ជា​បាតុកម្ម​គ្មាន​មេដឹកនាំ និង​គ្មាន​ប្រធានបទ​ច្បាស់លាស់​នោះ​ទេ​។ លោក​យល់​ថា ករណី​តំណាង​អយ្យការ​ព្យាយាម​យក​អង្គហេតុ​មិន​ពាក់ព័ន្ធ​មក​ចោទសួរ​លោក កឹម សុខា ដដែលៗ​បែប​នេះ ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា និង​អាច​ប្រឈម​ធ្វើ​ឲ្យ​លោក កឹម សុខា បាត់បង់​ឱកាស​ចូលរួម​ធ្វើ​នយោបាយ​សម្រាប់​ឆ្នាំ​២០២៣​ខាងមុខ៖ «ការ​ចាក់​វីដេអូ សូរ​ឡើងវិញ​ដដែល ហើយនឹង​រូបភាព​ភ្ជាប់​ទៅ​នឹង​អំពើ​ហិង្សា​ផ្សេងៗ​យើង​មើល​ហាក់​មិន​មាន​អ្វី​ប្លែក​ហើយ​ជា​រឿង​មួយ​ដែល​បង្ក​ឲ្យ​អូស​បន្លាយ​ពេលវេលា​កាន់តែ​យូរ​តទៅទៀត​ណា»។

ជុំវិញ​ការរិះគន់​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​តុលាការ​សាលាដំបូង​រាជធានី ភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​ទេ​នៅ​ថ្ងៃទី​៦ ខែ​កក្កដា។

ទោះ​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ថ្លែង​ដដែលៗ​ការពារ​ចំណាត់​របស់​តុលាការ​ថា ដំណើរការ​ក្ដី​លោក កឹម សុខា គឺជា​សិទ្ធិ​សម្រេច​របស់​តុលាការ។

​ទោះ​យ៉ាងណា អ្នកឃ្លាំមើល​នយោបាយ​សង្កេត​ឃើញ​នៅ​រយៈពេល​ចុងក្រោយ​នេះ តុលាការ​បាន​យក​បម្រាម​របស់​ខ្លួន​មក​រឹតត្បិត​សកម្មភាព​របស់​លោក កឹម សុខា នៅពេល​លោក កឹម សុខា បាន​ចុះ​ជួប​អ្នកគាំទ្រ​ញឹកញាប់ បាន​និយាយ​ទាក់ទង​រឿង​បោះឆ្នោត និង​រឿង​នយោបាយ​ជាដើម។

សវនាការ​លើក​ទី​៤៧​នេះ មាន​ការ​ដាក់​កម្លាំង​រឹត​បន្តឹង​នៅ​បរិវេណ​តុលាការ ខណៈ​អ្នកគាំទ្រ​លោក កឹម សុខា ប្រមាណ​១០​នាក់ ឈរ​តាមដាន​សវនាការ​នៅ​ក្រៅរបង​តុលាការ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់​ថា លោក កឹម សុខា មិន​គួរ​ពឹងផ្អែក​រក​យុត្តិធម៌​តាម​ផ្លូវការ​កម្ពុជា​តែមួយ​នោះ​ទេ​។ លោក​យល់​ថា លោក កឹម សុខា គួរ​បន្ថែម​សកម្មភាព​ការងារ​ការទូត ឲ្យ​កាន់តែ​ខ្លាំង ដោយ​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ បង្ហាញ​ភាព​ស្អាតស្អំ​របស់​លោក៖ «ខ្ញុំ​គិតថា គ្រាន់តែ​ជំនួប​មន្ត្រី​ទូត​មន្ត្រី​នយោបាយ​នានា​ហ្នឹង មិនទាន់​ពេញលេញ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​គាត់​(​លោក កឹម សុខា​) មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ដោះ​បន្ទុក​លោក កឹម សុខា ទេ គួរតែ​មាន​យន្តការ​ការជំរុញ​ការ​លាង​ជម្រះ ការ​ទម្លាក់​បទ​ចោទ​ហ្នឹង​ឲ្យ​លឿន ឲ្យ​ខ្លាំងក្លា​ជាង​ហ្នឹង»។

បើ​គ្មាន​ការប្រែប្រួល​ទេ តុលាការ​នឹង​បន្ត​ដេញដោល​សួរ​លោក កឹម សុខា បន្ត​ទៀត នៅ​ថ្ងៃ​ពុធ​ទី​១៣ កក្កដា សប្ដាហ៍​ក្រោយ៕

1 comment:

Anonymous said...

I've completely lost trust in this sex maniac Kem Min Sok Heuy Kha. His determination to have more Kanduoy has severely alianated Khmer people.

York Ah Kha Touv Sngor Kor York Touv. He is no longer relevent to Khmer people's struggle for freedom.