ដោយ យន់ សាមៀន
2022.07.24
សកម្មជនបក្សភ្លើងទៀន លោក អៀ ចាន់ណា។
RFA
ប្រពន្ធសកម្មជនបក្សភ្លើងទៀន លោក អៀ ចាន់ណា ទាមទារទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងប្ដីលោកស្រី។ ចំណែកមន្ត្រីសង្គមស៊ីវិល រិះគន់ថា ការចាប់ខ្លួនលោក អៀ ចាន់ណា មានចរិតនយោបាយ និងជំរុញទៅតុលាការពិចារណាឡើងវិញផ្ដល់សេរីភាពជូនលោក អៀ ចាន់ណា ឡើងវិញ។
ប្រពន្ធលោក អៀ ចាន់ណា គ្មានជំនឿលើប្រពន្ធយុត្តិធម៌នៅកម្ពុជាថា អាចនឹងផ្តល់យុត្តិធម៌លោកប្តីលោកស្រីបានទេ។ លោកស្រី ទូច ធីតា ប្រពន្ធលោក អៀ ចាន់ណា គ្រោងពឹងពាក់មេធាវីនៅប្រទេសន័រវែស (Norway) ដើម្បីស៊ើបអង្កេតករណីចោទប្រកាន់ប្ដីលោកស្រី និងប្ដឹងទាមទារស្នើបញ្ជូន លោក អៀ ចាន់ណា មកកាត់ក្ដី ឬជាប់ឃុំនៅប្រទេសនៅប្រទេសន័រវែសវិញ ព្រោះលោក អៀ ចាន់ណា មានសញ្ជាតិន័រវែស៖ «ខ្ញុំកំពុងស្វែងរកមេធាវីនៅក្រៅព្រោះអីខ្ញុំគិតថា ប្រហែលអាចជួយបានច្រើន មេធាវីន័រវែសអាចធ្វើការបានត្រង់បាន ចាន់ណា គាត់មានសញ្ជាតិពាក់កណ្ដាលនៃជនជាតិន័រវែស អ៊ីចឹងជនជាតិន័រវែសក៏ត្រូវមានសិទ្ធិពាក់កណ្ដាលស៊ើបរឿងក្ដីហ្នឹងដែរតើរឿងក្ដីហ្នឹងយុត្តិធម៌ ឬមិនយុត្តិធម៌ ហើយត្រូវធ្វើបែបស្នើសុំនៅក្រៅតវ៉ារឿងក្ដី»។
ប្រពន្ធលោក អៀ ចាន់ណា អះអាងទៀតថា ទោះប្ដីកំពុងជាប់ពន្ធនាគារ ដែលតម្រូវឲ្យលោកស្រីរ៉ាប់រងគ្រប់យ៉ាងទាំងធ្វើការរកលុយនិងធ្វើចិញ្ចឹមតែម្នាក់ឯង ប៉ុន្តែ លោកស្រីនៅតែព្យាយាមទាមទាររកយុត្តិធម៌ឲ្យប្ដីទាល់តែបាន។
លោកស្រី ទូច ធីតា ឲ្យដឹងទៀតថា លោកស្រី តែងផ្ញើអ៊ីមែលទៅក្រសួងការបរទេសន័រវែស និងស្ថានទូតប្រទេសនេះប្រចាំទីក្រុងបាងកក ប្រទេសថៃ ស្ទើររាល់ថ្ងៃ ហើយពួកគេបានឆ្លើយតបថា ពួកគេបានទាក់ទងទៅរដ្ឋាបាលកម្ពុជារួចហើយ ប៉ុន្តែភាគីកម្ពុជា មិនបានឆ្លើយតបអ្វីនោះទេ។
ទាក់ទងរឿងនេះដែរ ប្រធានសមាគមពុទ្ធសាសនិកជនខ្មែរនៅប្រទេសន័រវែស លោក ម៉ែន ណាត ឲ្យដឹងថា ពេលនេះសមាគមកំពុងធ្វើញត្តិដាក់ទៅក្រសួងការបរទេសន័រវែសឲ្យអន្តរាគមន៍៖ «មកដល់ថ្ងៃហ្នឹងយើងសោកសៅដែរដោយសារសង្គមយើងរដ្ឋាភិបាល អយុត្តិធម៌ចាប់មនុស្សល្អ ចាប់មនុស្សស្លូតត្រង់ទៅដាក់គុកអ៊ីចឹងគ្នាគ្មានកំហុសអី ដោយសារបញ្ហានយោបាយលោក អៀ ចាន់ណា និងអ្នកដទៃទៀតក្ដីសុទ្ធតែពលរដ្ឋខ្មែរទេ កុំចងអាឃាតខ្មែរគ្នាឯង ដោះលែងឲ្យមានសេរីភាព ទម្លាក់ចោលការចោទប្រកាន់ឲ្យអស់ទៅ»។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លោក អៀ ចាន់ណា ពីបទរួមគំនិតក្បត់ ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីឆ្នាំ២០២០ និងពេលបន្តបន្ទាប់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ទោះយ៉ាងណា ដីកានេះត្រូវបានតុលាការបង្ហាញក្រោយពេលសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនលោក អៀ ចាន់ណា កាលថ្ងៃ៣០ ខែឧសភា។ បច្ចុប្បន្នលោក កំពុងជាប់ឃុំនៅគុកព្រៃស រង់ចាំសវនាការ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការអត្ថាធិប្បាយពីប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងមេធាវីការពារក្ដីលោក អៀ ចាន់ណា គឺលោកមេធាវី សំ សុគង់ បានទេនៅថ្ងៃទី២៣ ខែកក្កដា។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការចាប់ខ្លួន លោក អៀ ចាន់ណា ព្រោះតុលាការមានភស្តុតាងគ្រប់គ្រាន់។ លោកថា លោក អៀ ចាន់ណា មានការជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាមក្រៅច្បាប់តាំងពីមុនការបោះឆ្នោតឃុំសង្កាត់៖ «អ៊ីចឹងទេ ខ្ញុំយល់ថា គេមានហេតុផល គេមានឯកសារ គេមានដីកាពីតុលាការហើយបានជាសមត្ថកិច្ចលោកបំពេញតួនាទី និងភារកិច្ចរបស់លោក ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះសាមីជន»។
ពាក់ព័ន្ធនឹងរឿងនេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា ការចោទប្រកាន់ លោក អៀ ចាន់ណា ធ្វើឡើងក្រោយពេលលោក ចូលរួមជាមួយបក្សភ្លើងទៀន។ លោករិះគន់ថា តុលាការប្រើស្តង់ដារពីរ ក្នុងការចាប់ខ្លួននិងចោទប្រកាន់ លោក អៀ ចាន់ណា៖ «ករណីចោទប្រកាន់ពីកន្លងមកអនុវត្តលើរូបគាត់(លោក អៀ ចាន់ណា) ក្នុងខណៈដែលអ្នកផ្សេងទៀតដែលជាសកម្មជននយោបាយ ដូចគ្នាដែលមកប្រទេសកម្ពុជា ហើយមិនត្រូវរងការចាត់វិធានការទេ ក្នុងខណៈអ្នកទាំងនោះមិនធ្វើសកម្មភាពនយោបាយ អ៊ីចឹង យើងពិនិត្យឃើញថា ជាការអនុវត្តមួយមិនត្រឹមត្រូវតាមច្បាប់ទេ»។
លោក អៀ ចាន់ណា បានភៀសខ្លួនទៅប្រទេសន័រវែស កាលពីឆ្នាំ២០០៥ ព្រោះរដ្ឋាភិបាល លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញលោកដោយសារតែលោកសំដែងមតិរឿងព្រំដែនខ្មែរនិងប្រទេសវៀតណាម។ លោកក៏ធ្លាប់មានទំនាក់ទំនងជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ មួយចំនួន និងបង្ហាញជំហរគាំទ្រលោក សម រង្ស៊ី ផងដែរ ហើយលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនពេលលោកទៅកម្ពុជាដើម្បីចូលរួមឃោសនាបោះឆ្នោតឃុំសង្កាត់៕
1 comment:
The Law of Kdor Ah Hun Sen ( stemmed from Ah Sen's mouth } routinely persecutes Khmer people patriots such as Ea Chan Na, Seng Theary, etc...
Post a Comment