Saturday, 2 July 2022

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់ លោក ហ៊ុន សែន ថា គ្មាន​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​ប្រេង សាំង​ឡើង​ថ្លៃ


Khmer Circle: Well, he's not there to solve your problems!

^^^

ដោយ ម៉ៅ សុធានី
2022.07.01
ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់ លោក ហ៊ុន សែន ថា គ្មាន​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​ប្រេង សាំង​ឡើង​ថ្លៃ 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​​មីទ្ទិញ​ខួប​គណបក្សប្រជាជនកម្ពុជា លើកទី៧១ កាល​ពីថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ប្រជាពលរដ្ឋ និង​មន្ត្រី​សហជីព រិះគន់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រេង​ឥន្ធនៈ ដែល​មាន​តម្លៃ​បន្ត​ហក់​ឡើង​ខ្ពស់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពលរដ្ឋ ជាពិសេស​អ្នក​ដែល​ប្រកប​របរ​រត់​ម៉ូត​ឌុប។ ពួកគាត់​ទាមទារ​ដល់ លោក ហ៊ុន សែន ឱ្យ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ជៀសវាង​និយាយ​ត្រឹមតែ​ពាក្យ​សូម​ទោស​ទៅ​កាន់​ពលរដ្ឋ ដើម្បី​គេចវេះ​ដោះស្រាយ​ទុក្ខ​កង្វល់​ពលរដ្ឋ។

ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ រត់​ម៉ូតូឌុប​ត្អូញត្អែរ​ពី​ការ​ប្រឈម​បញ្ហា​ក្នុង​គ្រួសារ និង​បញ្ហា​គ្មាន​ប្រាក់ចំណូល​សម្រាប់​ដោះស្រាយ​បំណុល​ធនាគារ ស្រប​ពេល​ដែល​រដ្ឋាភិបាល​គ្មាន​ភាព​ច្បាស់លាស់ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រេង​ឥន្ធនៈ ដែល​បន្ត​ឡើងថ្លៃ​យ៉ាង​គំហុក។



​ពលរដ្ឋ​ដែល​ប្រកប​របរ រត់​ម៉ូតូ​កង់​បី​ម្នាក់​ក្នុង​ខេត្ត​សៀមរាប លោក សឿង ស្រ៊ន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១ កក្កដា​ថា បញ្ហា​ប្រេងសាំង និង​ហ្គាស ឡើងថ្លៃ​នេះ បាន​ធ្វើ​ឱ្យ​លោក​ប្រឈម​បញ្ហា​ជីវភាព​ក្នុង​គ្រួសារ​យ៉ាង​ខ្លាំង​។ លោក​បន្ត​ថា ក្នុង​មួយថ្ងៃ​រក​បាន​ប្រាក់​ពី ៤​ម៉ឺន (៤០.០០០) ទៅ ៥​ម៉ឺន​រៀល (៥.០០០០) តែប៉ុណ្ណោះ ដែល​ចំណូល​នេះ​លោក​ត្រូវ​បែង​ចែង​ចំណាយ​ថ្លៃ​ហ្គាស ម្ហូប​អាហារ​ប្រចាំថ្ងៃ និង​សន្សំ​សម្រាប់​បង់​ធនាគារ​ប្រចាំ​ខែ​ស្ទើរតែ​មិន​គ្រប់​។ ក្រៅ​ពី​នេះ លោក​ព្រួយ​បារម្ភ​ថា បើ​កូនៗ និង​សមាជិកគ្រួសារ​របស់​លោក​មាន​ជំងឺ លោក​ក៏​គ្មាន​ប្រាក់​បម្រុង​សម្រាប់​ព្យាបាល​នោះ​ដែរ៖ «​បើ​និយាយ​ទៅ​ជួប​ការ​លំបាក​ច្រើន​ណាស់​។ ដូចជា ពួក​ខ្ញុំ សឹងតែ​រក​មួយថ្ងៃ​មិន​គ្រប់​មួយថ្ងៃ​ទេ បើ​និយាយ​ទៅ​ប្រឈម​មុខ​នឹង​បញ្ហា បង់​រំលស់​កង់​បី​គេ យក​មក​រកស៊ី​។ បញ្ហា​ទី​២ បង់ថ្លៃ​ផាស​អាប់ (Pass App) ទប់ទល់​គ្រួសារ​ផង​។ បើ​អ៊ីចឹង គឺ​និយាយ​ឱ្យ​ចំ​ទៅ​ពិបាក​ណាស់ ក្នុង​ការ​រស់នៅ​រាល់ថ្ងៃ​នេះ ប្រឈម​មុខ​ខ្លាំង​មែនទែន​។ រាល់ថ្ងៃ ដូច​គ្រួសារ​ខ្ញុំ​ប្រសិនបើជា​ឈឺ វា​រឹត​តែ​ពិបាក​មិនដឹង​គិត​ទៅ​ផ្លូវ​ណា​រាល់ថ្ងៃ​ហ្នឹង»។

រីឯ អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ទៀត​នៅ​ខេត្ត​ព្រះសីហនុ លោក វ៉ាន វ៉ាត់ ឱ្យ​ដឹង​ថា ស្របពេល​បញ្ហា​ប្រេងសាំង និង​ហ្គាស​ឡើងថ្លៃ លោក​មិន​សូវ​មាន​ភ្ញៀវ​ដឹក​ដូច​មុន​នោះ​ទេ​។ លើស​ពី​នេះ លោក​ថា ស្ទើរ​គ្រប់​តំបន់​ក្នុង​ក្រុងព្រះសីហនុ មាន​ជនជាតិ​ចិន​ច្រើន​បាន​ដណ្ដើម​ប្រកប​របរ រត់​ម៉ូតូ​កង់​បី​នេះ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​រត់​ម៉ូតូ​កង់​បី​ប្រឈម​បញ្ហា​ជីវភាព​គ្រួសារ និង​ខ្វះខាត​ថវិកា​សម្រាប់​បង់​បំណុល​ធនាគារ​ប្រចាំខែ៖ «​តាម​ថ្ងៃ​ណា​ភ្ញៀវ​មក​ច្រើន ឬ​មក​តិច វា​អាច​លើស​ពី ១០​ដុល្លា ថ្ងៃ​ខ្លះ​។ ប៉ុន្តែ យើង​ដឹង​ហើយ​ថា ទំនិញ​ទីផ្សារ​នៅ​ស្រុក​ខ្មែរ យើង​បាន​មួយថ្ងៃ​ត្រឹមតែ ១០​ដុល្លា វា​ពិបាក​ដែរ​បង់ថ្លៃ​កូន​ទៅ​រៀន​។ បើ​និយាយ​រឿង​ហូបចុក​វិញ ត្បិតត្បៀត​ណាស់ មិនអាច​ទៅ​ទិញ សាច់គោ​អី​កន្លះ​គីឡូ បង្គា​កន្លះ​គីឡូ មួយ​គីឡូ​អី គ្រឿង​សមុទ្រ យើង​មិន​ដែល ហ៊ាន​ហូប​ទេ យើង​សន្សំសំចៃ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់ទៀត​ដែល​ប្រកប​របរ​រត់​ម៉ូតូឌុប​ក្នុង​ខេត្តកំពត លោក មាស វាសនា បញ្ជាក់​ថា ក្នុង​មួយថ្ងៃ​លោក​រក​ចំណូល​បាន​ខ្ពស់​បំផុត​ត្រឹមតែ ៣​ម៉ឺន (៣០.០០០) រៀល ដែល​ធ្វើ​ឱ្យ​លោក​មិនអាច​ទប់ទល់​ថ្លៃ​សាំង និង​ម្ហូបអាហារ​ប្រចាំ​បាន​ឡើយ​។ លោក​បន្ត​ថា តម្លៃ​ប្រេងសាំង​នៅតែ​បន្ត​ហក់​ឡើងថ្លៃ​បែបនេះ លោក​នឹង​សម្រេចចិត្ត​ផ្លាស់​មុខរបរ​ទៅជា​អ្នកនេសាទ ឬ​កម្មករ​សំណង់​វិញ ដើម្បី​អាច​រក​ប្រាក់​ចំណូល​បាន​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​។ ទោះជា​យ៉ាងណា លោក​ស្នើ​ដល់​រដ្ឋាភិបាល​ថា គួរតែ​មាន​ចំណាត់ការ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ ជៀសវាង​និយាយ​ដោះសា​ម្តង​ហើយ​ម្ដងទៀត ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រកប​របរ​រត់​ម៉ូតូ​នៅតែ​បន្ត​រង​ទុក្ខ​លំបាក៖ «​ជីវភាព​ខ្ញុំ​អ្នក​រត់​កង់​បី ទាក់ទង​នឹង​ហ្គាស។ បើ​សាំង និង​ហ្គាស ឡើងថ្លៃ​គឺ​ដាច់​បាយ​ហើយ​។ សំណូមពរ​ឱ្យ​រដ្ឋាភិបាល ជួយ​មើល​រាស្ត្រ​ខ្មែរ​ផង​។ ដល់ពេល​ក្រោយ​បោះឆ្នោត​ហើយ​ចប់​សាំង​ឡើងថ្លៃ កាលពី​មិនទាន់​បោះឆ្នោត​ហ្នឹង​រៀង​ចុះ​តិច​។ ឥឡូវ​បោះឆ្នោត​ហើយ សាំង​កាន់តែ​ឡើងថ្លៃ​។ ក្រុមហ៊ុន ផាស​អាប់ (Pass App) នេះ​ស៊ី​កាត់​ភាគរយ​ទៅ ហើយ​ក្រុមហ៊ុន ហ្គាស ចែក​គ្នា​ស៊ី​ដឹង​ម៉េច​ទេ​។ យើង​ចេះតែ​រកស៊ី​តក់ៗ​ទៅ»។

ដោយឡែក អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ទៀត ក្នុង​ក្រុង​ប៉ោយប៉ែត​ឯនោះ​វិញ​គឺ លោក ឥន្ទ ជីវ័ន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ខណៈ​ថ្លៃ​សាំង និង​ទំនិញ​ស្ទើរ​គ្រប់មុខ​បន្ត​ឡើងថ្លៃ​យ៉ាង​គំហុក លោក​រក​ចំណូល​បាន​តិចតួច​បំផុត ដោយ​លោក​ត្រូវ​រក​ការងារ​ធ្វើជា​អ្នក​អូស​រទេះ​បន្លែ នៅ​ពេល​យប់​ក្នុង​ផ្សារ​ទីក្រុង​ប៉ោយប៉ែត​បន្ថែម​ទៀត​។ លើស​ពី​នេះ លោក​បន្ត​ថា កូនៗ​របស់​លោក​ចំនួន ៣​នាក់ ត្រូវ​យក​ទៅ​ផ្ញើ​នឹង​ជីដូន​ចាស់ជរា​នៅ​ឯ​ស្រុកកំណើត ខេត្ត​កំពង់ចាម ដើម្បី​ឱ្យ​ពួកគេ​បាន​រៀនសូត្រ និង​ដើម្បី​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ម្ហូបអាហារ​ប្រចាំថ្ងៃ៖ «កាលណា ការណ៍​ដែរ​សាំង ឡើងថ្លៃ​ទៀត វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ មិន​ថា​តែ​ខ្ញុំ​ទេ​បងប្អូន រត់​ម៉ូតូឌុប ឬ​អាជីវករ ទាំង​ការ​ធ្វើ​ដំណើរ​តាមផ្លូវ បើ​សាំង​ឡើងថ្លៃ​ក៏​គាត់​ពិបាក​ដែរ គាត់​រក​ចំណូល​បាន​តិចតួច​ដូច​ខ្ញុំ​ដែរ​ហ្នឹង​។ រក​មិនបាន​រអ៊ូ​ម្នាក់ៗ គ្រប់គ្នា បើ​សាំង​ឡើងថ្លៃ​អ៊ីចឹង»។

ការ​ត្អូញត្អែរ​របស់​ប្រជា​ពលរដ្ឋ​នេះ ក្រោយពី​តម្លៃ​ប្រេងឥន្ធនៈ​បាន​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស ដោយ​តម្លៃ​ប្រេងសាំង​ទៀតសោត​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់។

​ការ​បញ្ចេញ​ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ជាថ្មី​ថា បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ​មិនមែន​កើតឡើង​នៅ​កម្ពុជា​ឡើយ គឺ​កើតឡើង​ជុំវិញ​ពិភពលោក ដែល​មាន​បណ្ដាល​មក​ពី​សង្គ្រាម​រវាង​រុស្ស៊ី (Russia ) និង​អ៊ុយក្រែន (Ukraine)​។ លោក ហ៊ុន សែន ក៏បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព ឱ្យ​មាន​ការប្រើប្រាស់​រថយន្ត​ដែល​ប្រើ​ថាមពល​អាគុយ ឬ​ហ្គាស​វិញ​។ ទោះជា​យ៉ាងណា លោក​មិន​បាន​លើក​យក​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឡើយ៖ «​ប្រសិនជា​បងប្អូន​យល់​ថា ចាំបាច់ អ្នក​ដែល​មាន​លុយ មាន​កាក់ ល្មមៗ គួរតែ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ពី​ឥឡូវ​ទៅ នោះ​គឺ​ការប្រើប្រាស់​ឡាន​ធុងអាគុយ ឡាន​អាគុយ​វិញ​។ អាហ្នឹង​ជា​ការ​កាត់បន្ថយ យើង​នៅតែ​បន្ត​ធ្វើ​ដំណើរ​បាន​គ្រាន់តែ​យឺត​ជាង​។ ប៉ុន្តែ ម៉ូតូ​ប្រហែល​អត់​មាន​ប្រើ​អាគុយ​ទេ​វើយ ហើយ​ម៉ូតូ​នៅ​ប្រទេស​យើង​ដូច​ប្រមាណ ៤​លាន​គ្រឿង​នោះ​។ មួយថ្ងៃ​ប្រើ​តែ​មួយ​លីត្រ ក្នុង​មួយ​គ្រឿង គឺ​អស់ ៤​លាន​លីត្រ​ទៅ​ហើយ​។ នៅ​ឡាវ (Laos) ក៏​ខ្វះ​ប្រេង នៅ​ស្រី​លង្កា (Sri Lanka) ក៏​ខ្វះ​ប្រេង​។ យើង​មិនទាន់ ដល់​ថ្នាក់​ខ្វះ​ប្រេង​ទេ តែ​ពេល​ណាមួយ បម្រុង​ទុក អាច​នឹង​មាន​ការ​លំបាក មាន​លុយ​ហើយ​ទិញ​ប្រេង​មិន​បាន​ទៀត​។ សុំ​ការយោគយល់ អធ្យាស្រ័យ»។

ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​១ ខែ​កក្កដា បាន​ចេញ​សេចក្តី​ជូនដំណឹង​ពី​ការ​កំណត់​ថ្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែ​កក្កដា ថា ចំពោះ​សាំង​ធម្មតា ត្រូវ​លក់​ក្នុង​តម្លៃ ៥.៨០០​រៀល​ក្នុង​មួយ​លីត្រ និង​ចំពោះ​ប្រេងម៉ាស៊ូត ត្រូវ​លក់​តម្លៃ ៦.២០០​រៀល ក្នុង​មួយ​លីត្រ។ ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា តម្លៃ​នេះ​ជា​ការ​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មានការ​ចូលរួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​នៅ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​។ ទោះជា​បែបនេះ​ក្តី មកដល់ពេលនេះ ពលរដ្ឋ​ឱ្យ​ដឹង​ថា តម្លៃ​សាំង​បាន​ហក់​ឡើង​ក្នុង​តម្លៃ​ជាង ៦​ពាន់ (៦.៣០០) រៀល ក្នុង​មួយ​លីត្រ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន លើកឡើង​ថា បញ្ហា​ប្រេងសាំង​ហក់​ឡើងថ្លៃ​ខ្ពស់ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ជួប​បញ្ហា​ជីវភាព​គ្រួសារ​។ លោក​បន្ត​ថា ទោះបីជា​តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង​ខ្ពស់​បណ្តាល​មក​ពី​សង្គ្រាម​រវាង​រុស្ស៊ី (Russia ) និង​អ៊ុយក្រែន (Ukraine) ក្តី រដ្ឋាភិបាល​គួរ​មាន​បញ្ចុះ​ពន្ធ​នាំចូល និង​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ ដើម្បី​កាត់បន្ថយ​ការ​លំបាក​ប្រជាពលរដ្ឋ៖ «យើង​បាន​ស្ដាប់ លោកនាយក​រដ្ឋមន្ត្រី ថ្លែង​នៅ ស្វីស (Switzerland) កន្លង​មក ដែល​ធ្វើការ​លើកឡើង ថា​ថ្លៃ​សាំង​នៅ​អឺរ៉ុប (EU) ក៏​ថ្លៃ​ដែរ​។ ការពិត​ការ​លើកឡើង​នេះ មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​យើង​ដឹង​ហើយ​ថា សាំង​ឡើង​មែន តែ​ផលទុន​សរុប​ប្រចាំឆ្នាំ ឬ (GDP) ប្រជាពលរដ្ឋ​ប្រទេស​គេ​ហ្នឹង វា​ខ្ពស់​ជាង​កម្ពុជា​យើង​។ កម្ពុជា ផលទុន​សរុប​ប្រចាំឆ្នាំ​របស់​ប្រជាពលរដ្ឋ​តិច ហើយ​ថ្លៃ​សាំង​មាន​ប្រហាក់ប្រហែល​គ្នា​។ អ៊ីចឹង​មាន​ផល​ប៉ះពាល់ ធ្ងន់ធ្ងរ​សម្បើម​ណាស់ រដ្ឋាភិបាល​គួរតែ​មាន​វិធានការ ឬមួយ​កុំ​យកពន្ធ ទៅលើ​ប្រេងឥន្ធនៈ»។

លោក រ៉ុង ឈុន បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​រៀបចំ​គោលនយោបាយ ក្នុង​ការ​ដោះស្រាយ​ទុក្ខ​របស់​ពលរដ្ឋ​ឱ្យ​មាន​ភាព​ច្បាស់លាស់​ជាង​ពេល​បច្ចុប្បន្ន មិន​គួរ​ថ្លែង​ត្រឹមតែ​ពាក្យ​សូមទោស​ទៅកាន់​ពលរដ្ឋ ហើយ​ទុកចោល​បញ្ហា​ករណី​តម្លៃ​ប្រេងសាំង​បន្ត​ហក់​ឡើង​ខ្ពស់ មិន​ព្រម​ដោះស្រាយ​បែបនេះ​ឡើយ​។ លោក​បន្ថែម​ទៀត ថា បើ​រដ្ឋាភិបាល នៅតែ​មិន​ខ្វាយខ្វល់ ដោះស្រាយ​តម្លៃ​ប្រេងឥន្ធនៈ​ឱ្យ​មាន​តម្លៃ​សមរម្យ​នោះ​ទេ លោក​នឹង​ពិភាក្សា ជាមួយ​ថ្នាក់ដឹកនាំ​សហភាព​សហជីព និង​សមាជិក​ផ្សេងទៀត ប្រមូល​ផ្តុំ​គ្នា​សម្ដែង​មតិ ដើម្បី​ជំរុញ​ដល់​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ប្រេងសាំង​នេះ​ឱ្យ​នៅ​តម្លៃ​ទាប​សមរម្យ ដើម្បី​សម្រួល​ការ​លំបាក​របស់​ប្រជាពលរដ្ឋ៕

1 comment:

Anonymous said...

This devil Hun Sen does not know how to make money for living.
In the past, the west help him a lot. Then, no freedom for Khmer people, less aid.

Presently, he owes a lot of money, especially to China.

He has no money to alleviate the pain arisen from inflation.

It seems like when this one eyed monster Hun Sen goes to hell, Cambodia might be finished too due to his ignorance and stupidity.