Wednesday, 3 August 2022

អ្នក​សង្កេត​ការណ៍​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន អាច​នឹង​លើក​ឡើង​ពី​បញ្ហា​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា និង​ក្នុង​តំបន់


Khmer Circle

You know human rights situations in the region must be serious when even Asean states are showing concern!

Has it not always been about club-ability and reaffirming "our common Asian values", after all?

^^^

ដោយ មាន ឫទ្ធិ
2022.08.02
អ្នក​សង្កេត​ការណ៍​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន អាច​នឹង​លើក​ឡើង​ពី​បញ្ហា​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា និង​ក្នុង​តំបន់ 

ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ និង​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្ដីពី​សិទ្ធិមនុស្ស ដឆកនាំ​ដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២ ខែសីហា ឆ្នាំ២០២២។
រូប៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ


មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​លើក​ឡើង​ថា ក្រុម​ប្រទេស​ប្រជាធិបតេយ្យ នឹង​លើក​ឡើង​ពី​បញ្ហា​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បណ្ដា​ប្រទេស​អាស៊ាន ជា​ពិសេស បញ្ហា​នៅ​ភូមា​មក​ជជែក​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន លើក​ទី៥៥ ខាង​នេះ។ កិច្ចប្រជុំ​នេះ​មិន​មាន​តំណាង​របប​សឹក​នៃ​ប្រទេស​មីយ៉ានម៉ា ឬ​ភូមា​ចូលរួម​ទេ។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​លើក​ឡើង​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន លើក​ទី៥៥ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ខាង​មុខ​នេះ នឹង​មាន​ការ​លើក​ឡើង​ពី​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់ និង​ពិភព​លោក រួម​ទាំង​បញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ។ ពួក​គេ​យល់​ថា សហរដ្ឋ​អាមេរិក​អាច​សួរ​នាំ​កម្ពុជា​ជា​ថ្មី​ទៀត​ពី​បញ្ហា​មូលដ្ឋាន​កងទ័ព​ចិន នៅ​កំពង់ផែ​យោធា​ខេត្តព្រះសីហនុ ព្រោះ​ករណី​នេះ​អាច​បង្ក​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់។



ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត នៅ​តែ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ប្រទេស​សមាជិក​អាស៊ាន ជា​ពិសេស បញ្ហា​នៅ​ភូមា។ លោក​យល់​ថា អាស៊ាន គួរ​ពិចារណា ព្យួរ​សមាជិក​ភាព​នៃ​ប្រទេស​ភូមា​ចេញ​ពី​សមាគម​អាស៊ាន​សិន ព្រោះ​ពេល​នេះ​របប​សឹក​ភូមា​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រហូត​មាន​ការ​ប្រហារ​ជីវិត​សកម្មជន​និយម​លទ្ធិ​ប្រជាធិបតេយ្យ ៤នាក់​នៅ​កាល​ពី​ពេល​ថ្មីៗ នេះ ដែល​មិន​សម​ឲ្យ​របប​យោធា​មក​អង្គុយ​កៅអី​នៅ​ក្នុង​សមាគម​ប្រជាជាតិ​មួយ​នេះ​ទេ៖ «មើល​ឃើញ​ថា បញ្ហា​ស្នូល​ប្រជាធិបតេយ្យ​កាន់​តែ​បាត់បង់​អស់​ទៅ ហើយ​ធ្វើ​ឲ្យ​ស្មារតី​អាស៊ាន​តំបន់​អាស៊ាន​មាន​ប្រជាធិបតេយ្យ បញ្ហា​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ កម្ពុជា​យើង​តាំង​ពី​ហ្វីលីពីន ប្រទេស​ថៃ គោល​ការណ៍​ដើម​របស់​យើង អាស៊ាន»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​នេះ អាច​នឹង​មាន​ការ​ជជែក​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់ និង​ពិភពលោក រួមមាន ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​នៅ​ភូមា និង​អ៊ុយក្រែន​ជា​ដើម។ លោក​បន្ត​ទៀត បញ្ហា​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កំពង់ផែ​របស់​កម្ពុជា ក៏​អាច​ត្រូវ​សហរដ្ឋ​អាមេរិក ឬ​សម្ព័ន្ធមិត្ត​អាមេរិក​លើក​ឡើង​ដែរ ព្រោះ​រឿង​នេះ​បើ​កើត​ឡើង​ពិត​មែន​នឹង​បង្ក​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់៖ «រឿង​អសន្តិសុខ​នៅ​ក្នុង​តំបន់​មាន​ការ​ពាក់ព័ន្ធ​គ្នា​ច្រើន តាំង​ពី​ការ​សង្ស័យ​អំពី​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ត្រូវ​ដោះសា​ក៏​ប៉ុន្តែ​ត្រូវ​សម្រួល​ស្ថានការណ៍​ដោយ​ការ​សម្រប​សម្រួល​គ្នា​ទាំង​ជាមួយ​ជប៉ុន​ទាំង​សហរដ្ឋ​អាមេរិក ក្នុង​ការ​កុំ​ឲ្យ​មាន​ការ​សង្ស័យ ដែល​ក្លាយ​ជា​រឿង​ប្រទូស​នៅ​ពេល​កើត​ការ​ពិត​ជាក់​ស្ដែង​ចេញ​មក»។

រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ចាប់​ពី​ថ្ងៃ​ទី២៩ ខែកក្កដា ដល់​ថ្ងៃ​ទី៥ ខែសីហា នៅ​រាជធានី​ភ្នំពេញ។

សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​ឲ្យ​ដឹង​ថា ក្នុង​នោះ​មាន​កិច្ចប្រជុំ ដូចជា កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ជំនួប​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្ដីពី​សិទ្ធិមនុស្ស និង​កិច្ចប្រជុំ​ផ្សេងៗ មួយ​ចំនួន​ទៀត។

ក្រសួង​បរទេស​ឲ្យ​ដឹង​ដែរ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៥៥ នេះ ។

គិត​ត្រឹម​ថ្ងៃ​ទី២ ខែសីហា នេះ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​សមាជិក​អាស៊ាន និង​មន្ត្រី​ការ​បរទេស នៃ​ប្រទេស​មួយ​ចំនួន​ទៀត បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា ជា​បណ្ដើរៗ ហើយ ដើម្បី​ចូលរួម​កិច្ចប្រជុំ​នេះ។

ទាក់ទង​ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ពេល​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ប្រតិកម្ម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សន្ទរី បាន​ទេ នៅ​ថ្ងៃ​ទី២ ខែសីហា។

ទោះ​យ៉ាង​ណា​ក្ដី ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​មិន​មាន​តំណាង​របប​សឹក​ភូមា​ចូលរួម​ទេ ចំណែក​ការ​ជជែក​ស៊ីជម្រៅ​បែប​ណា​លើ​បញ្ហា​ភូមា លោក​ថា លោក​មិន​បាន​ដឹង​ទេ។ លោក ផៃ ស៊ីផាន លើក​ឡើង​ទៀត​ថា កម្ពុជា​នៅ​តែ​បន្ត​ពន្យល់​ទៅ​មិត្ត​បរទេស​ណា ដែល​បន្ត​បារម្ភ​ពី​បញ្ហា​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា​នោះ​ទេ។ លោក​នៅ​តែ​អះអាង​ដដែល​ថា កម្ពុជា​នៅ​តែ​ប្រកាន់​គោល​នយោបាយ​មិន​អនុញ្ញាត​ឲ្យ​មាន​ភាគី​ណា​មួយ​មាន​ឥទ្ធិពល​លើ​កម្ពុជា ឬ​មក​លើ​អាស៊ាន​នោះ​ទេ៖ «យើង​គ្មាន​អ្វី​ក្រៅ​ពី​ពន្យល់​ប្រាប់ ហើយ​ជាក់ស្ដែង​ការ​ពន្យល់​ប្រាប់​របស់​យើង គឺ​ទៅ​តាម​អ្វី​ទៅ​ជា​គោល​នយោបាយ​ការ​បរទេស​របស់​យើង​គឺ យើង​មិន​រំលោភ​លើ​អ្វី ដែល​យើង​ចង់​បាន​ស្ថិរភាព​នយោបាយ ហើយ​នឹង​សន្តិភាព​សណ្ដាប់ធ្នាប់​នៅ​ក្នុង​តំបន់​អាស៊ាន ពីព្រោះ​ក្នុង​តំបន់​អាស៊ាន​គេ​មាន​ច្បាប់​មាន​ទម្លាប់​របស់​អាស៊ាន ដើម្បី​ថែរក្សា​សន្តិភាព​រួម»។

ទាក់ទង​រឿង​នេះ​ដែរ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ដែល​គ្រោង​ចូលរួម​កិច្ចប្រជុំ​នេះ​ដែរ បាន​រំលឹក​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ទាក់ទង​ការ​អភិវឌ្ឍន៍​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ថា កំពង់​នេះ ជា​កំពង់ផែ​ស្នូល​របស់​កម្ពុជា និង​ជា​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ។

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លើក​ឡើង​ពី​កំពង់ផែ​របស់​កម្ពុជា ខណៈ​សហរដ្ឋ​អាមេរិក​តែង​លើក​ឡើង​ពី​បារម្ភ​របស់​ខ្លួន​ទាក់ទង​ព័ត៌មាន​នៃ​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា លើក​ឡើង​ទៀត​ថា លោក​នឹង​មក​ដល់​កម្ពុជា​ថ្ងៃ​ទី៣ ខែសីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ដែល​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន។

លោក​លើក​ឡើង​ទៀត​ថា កិច្ចប្រជុំ​ក្នុង​ពេល​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ប្រឈម​បញ្ហា​ស្មុគស្មាញ ដូច​ជា​បញ្ហា​នៅ​អ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ដើម គឺ​មាន​សារ​សំខាន់​ជា​វេទិកា​មួយ ដើម្បី​បញ្ជាក់ និង​ផ្សព្វផ្សាយ​ពី​តម្លៃ និង​គោលការណ៍ ដែល​សហគមន៍​អន្តរជាតិ​គួរ​តែ​ប្រកាន់​ខ្ជាប់។

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា លើក​ឡើង​ដូច្នេះ នៅ​ក្នុង​សារ​របស់​លោក ដែល​ផ្ញើ​ជូន​កម្ពុជា ដែល​បាន​បង្ហោះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី២ ខែសីហា។

ក្រៅ​ពី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន រូប​នេះ ក៏​គ្រោង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ភាគី​កម្ពុជា​ដែរ ដោយ​មាន​ការ​ជជែក​ពី​ការ​បញ្ជាក់​ឡើង​វិញនូវ​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន។ លោក​ថា ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើក ដំបូង​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ខាង​មុខ​នេះ លោក​នឹង​ភ្លក់​រសជាតិ​ដើម​កំណើត​នៃ​ម្ហូប​ខ្មែរ​អាម៉ុក។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក អែនតូនី ប្ល៊ីងខិន (Antony J.Blinken) នឹង​ធ្វើ​ដំណើរ​ចូលរួម​កិច្ចប្រជុំ​នេះ​ពី​ថ្ងៃ​ទី៣ ដល់​ថ្ងៃ​ទី៥ ខែសីហា។ លោក អែនតូនី ប្ល៊ីងខិន ក៏​គ្រោង​ជជែក​ជាមួយ​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការ​បទេស​កម្ពុជា លោក ប្រាក់ សុខុន ផង​ដែរ។ នៅ​មុន​ដំណើរ​ទស្សនកិច្ច​នេះ មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​របស់​អាមេរិក​សម្រាប់​កិច្ចការ​តំបន់​អាស៊ីបូព៌ា ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ រ៉័យទ័រ (Reuters) ស្រង់​ប្រសាសន៍​ថា រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក អែនតូនី ប្ល៊ីងខិន នឹង​ជំរុញ​ឱ្យ​កម្ពុជា​បើក​ចំហ និង​បង្ហាញ​តម្លាភាព​ជុំវិញ​ភាព​ជា​ដៃគូ​នៃ​សន្តិសុខ​របស់​ប្រទេស​នេះ​ជាមួយ​ប្រទេស​ចិន។ ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​រូប​នេះ ក៏​គ្មាន​គម្រោង​ជួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) នៅ​កម្ពុជា​ទេ។ លោក​ក៏​គ្មាន​គម្រោង​ជួប​ជាមួយ​សមភាគី​កូរ៉េ​ខាង​ជើង ដើម្បី​ជជែក​ពី​បញ្ហា​កូរ៉េ​ខាង​ជើង​នោះ​ទេ។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក បញ្ជាក់​ថា រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក អែនតូនី ប៊្លីងខិន ក៏​គ្មាន​គម្រោង​ជួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) ដែរ៕

1 comment:

Anonymous said...

If they don't discuss about the oppression of the freedom in Cambodia and Myanmar, they should not waste their time gathering.