2022.12.26
ក្រុមអង្គការសង្គមស៊ីវិល បានប្រកាសអាសន្នបង្ហាញពីការផុតពូជសត្វផ្សោតដ៏កម្រ ក្នុងអាងទន្លេមេគង្គខេត្តក្រចេះ។ ការលើកឡើងនេះ ក្រោយពីសត្វផ្សោតជាង ១០ក្បាលទៀត ងាប់ជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២២នេះ ដោយសារភាពធូររលុងនៃការអនុវត្តច្បាប់នេសាទ ហើយទាមទារឱ្យអាជ្ញាធររដ្ឋាភិបាលប្រញាប់ពង្រឹងអនុវត្តច្បាប់នេសាទ។
ប្រជាសហគមន៍នេសាទព្រែកកាំពី និងក្រុមអង្គការសង្គមស៊ីវិល ព្រួយបារម្ភជាថ្មីទៀត ពីការកើនឡើងបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សផ្សោត និងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ។
របាយការណ៍អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា WWF បង្ហាញថា សត្វផ្សោតសរុប១១ក្បាល បានងាប់នៅក្នុងឆ្នាំ២០២២ នេះ គិតត្រឹមថ្ងៃទី២៤ ខែធ្នូ។ រីឯសត្វផ្សោតដែលងាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានសរុប ២៩ ក្បាល។
អតីតឆ្មាំទន្លេ និងជាប្រជាសហគមន៍នេសាទព្រែកកាំពី លោក ណាក់ ហឿង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែធ្នូ ថា ពេលនេះបទល្មើសនេសាទឆក់ក្តៅ និងត្រជាក់ បន្តកើនឡើងយ៉ាងពេញទំហឹង ក្នុងតំបន់អភិរក្សផ្សោតព្រែកកាំពី បង្កគ្រោះថ្នាក់ខ្លាំងដល់ផ្សោតរស់នៅ និងរកចំណី។ លោកថា កន្លងទៅ ក្រុមជនល្មើសប្រើឧបករណ៍អគ្គិសនីឆក់ត្រី អាចចាប់ត្រីមេពូជធំៗ ក្នុងតំបន់អភិរក្សយ៉ាងហោចណាស់៥០គីឡូក្រាម ដោយប្រើពេលត្រឹមតែមួយម៉ោង ហើយការនេសាទខុសច្បាប់ទាំងនេះ បានគំរាមកំហែងធ្ងន់ធ្ងរដល់ជីវិតផ្សោត។ លោកបារម្ភថា សត្វផ្សោតនឹងផុតពូជ បង្កប៉ះពាល់ធ្ងន់ដល់វិស័យទេសចរក្នុងតំបន់ ប្រសិនបើរដ្ឋាភិបាលនៅតែបណ្តែតបណ្តោយឱ្យកើតមានបទល្មើសនេសាទដដែលៗ៖
«គ្នាវាឆក់វានិយាយថា ប៉ះមួយលោតដូចត្រីសណ្ដាយ ប៉ះផ្សោតធំៗ បើប៉ះតូចដឹងតែងាប់ បើប៉ះបបែលជាង ១០០ គីឡូហើយ។ តិចទៀតរលាយហើយ បើគេធ្វើម៉ាកហ្នឹង បង្ក្រាបហ្នឹងដូចអត់មានទៅណាសោះ អ្នកឆក់នៅតែឆក់ អ្នកដាក់មង នៅតែដាក់មង មិនដឹងគិតម៉េចវិញឥលូវ»។
កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ សត្វផ្សោតមួយក្បាលទៀតបានងាប់អណ្តែតទឹក ក្នុងអាងទន្លេមេគង្គ ក្បែរកោះទ្រង់ ទល់មុខក្រុងក្រចេះ ចម្ងាយប្រមាណ១០គីឡូម៉ែត្រ ប៉ែកខាងក្រោមអន្លង់កាំពី។ សត្វផ្សោតដែលងាប់នេះ ជាផ្សោតញីពេញវ័យមានប្រវែងជិត ២ម៉ែត្រ (១៩៦ សង់ទីម៉ែត្រ) មានអាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ និងមានទម្ងន់ ៩៣ គីឡូក្រាម។
មន្ត្រីរដ្ឋបាលជលផលសន្និដ្ឋានថា មូលហេតុនៃការងាប់ផ្សោតនេះ ដោយសារជាប់មង អ្នកនេសាទ ក៏ប៉ុន្តែប្រជាសហគមន៍ព្រែកកាំពី មិនជឿលើការអះអាងនេះទេ ដោយពួកគាត់ស៊ើបដឹងថា ផ្សោតបន្តងាប់ ដោយសារត្រូវអគ្គិសនីឆក់របស់ក្រុមជនល្មើស បណ្ដាលឱ្យរបួសអណ្ដែតមកប៉ះមងអ្នកនេសាទតាមបណ្ដោយទឹកទន្លេមេគង្គហូរចុះក្រោម។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីប្រធានឆ្មាំទន្លេ និងជាអនុប្រធានរដ្ឋបាលជលផលខេត្កក្រចេះ លោក ម៉ុក ពន្លក បាននៅឡើយទេ នៅថ្ងៃទី២៦ ខែធ្នូ ដោយទូរសព្ទហៅចូលច្រើនដងតែគ្មានអ្នកលើក។ ចំណែកអភិបាលខេត្តក្រចេះ លោក វ៉ា ថន ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
ប៉ុន្តែជំនប់ទី១ ឃុំសំបុក លោក ទុយ សុវណ្ណា ទទួលស្គាល់ថា សត្វផ្សោតងាប់ជាបន្តបន្ទាប់ គឺជាប់ពាក់ព័ន្ធបទល្មើសនេសាទ ឆក់ក្តៅ និងត្រជាក់ នៅទីតាំងសំខាន់ៗ ដែលផ្សោតរស់នៅ និងឆ្លងកាត់។ លោកថា កន្លងទៅ លោកកាន់តួនាទីជាមេឃុំ បានបង្កើតប្រជាការពារភូមិជាង ១០ នាក់ ដាក់វេនគ្នាចុះល្បាតជាប្រចាំ ដោយឃាត់ចាប់ជនសង្ស័យ និងរឹបអូសឧបករណ៍នេសាទខុសច្បាប់ជាច្រើនករណីក៏ប៉ុន្តែក្រោយពីលោកបានផ្លាស់ប្តូរតំណែង វិធានការនេះ បានរំសាយ ធ្វើឱ្យបទល្មើសនេសាទកើនឡើងច្រើន។
លោកបារម្ភថា កន្លងទៅ អាជ្ញាធរឃុំបានបញ្ជូនឈ្មោះ ជនសង្ស័យជិត ២០ នាក់ទៅ តុលាការ ពាក់ព័ន្ធករណី ឆក់ត្រីខុសច្បាប់ តែពេលនេះជនសង្ស័យទាំងនោះ អាចនឹងវិលមកប្រកបរបរខុសច្បាប់ដដែលៗ បង្កគ្រោះថ្នាក់ខ្លាំងដល់សត្វផ្សោត៖
«ការពិតឥលូវបទល្មើសនេសាទច្រើន បើតាមរបាយការណ៍ពលរដ្ឋរាយការណ៍។ អ្នកដាក់មងទៅវាជាប់ផ្សោត ខ្ញុំស្តាយ គឺស្តាយណាស់ តែខ្ញុំនិយាយអត់ចេញ»។
អង្គការWWF-កម្ពុជាបន្តអំពាវនាវជាថ្មីទៀតឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងអនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើនការល្បាតទាំងពេលថ្ងៃ និងយប់ ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់ ហើយត្រូវធានាថា សត្វកម្រទាំងនោះ នឹងជៀសផុតពីការស្លាប់។
នាយកអង្គការ WWF-កម្ពុជា លោក សេង ទៀក បានថ្លែងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែធ្នូថា ប្រសិនបើស្ថានភាពវិបត្តិនេះបន្តកើតឡើងទៀត ចំនួនសត្វផ្សោតអាចប្រឈមបាត់បង់ទាំងស្រុងនាពេលខាងមុខ។
លោកបញ្ជាក់ថា ពុំមានជម្រើសផ្សេងទៀត ក្រៅពីការអនុវត្តច្បាប់តឹងរ៉ឹងជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុងនូវសកម្មភាពខុសច្បាប់គ្រប់ទម្រង់ ក្នុងតំបន់ដែលសត្វផ្សោតរស់នៅ។ លោកស្នើឱ្យមន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ ត្រូវមានវត្តមានរយៈពេល ២៤ ម៉ោងមួយថ្ងៃ ឱ្យទៀងទាត់ ដោយចុះល្បាតទាំងថ្ងៃ/ទាំងយប់។ រីឯក្រុមជនល្មើស អាជ្ញាធរ ត្រូវដាក់ពិន័យឲ្យធ្ងន់ធ្ងរ ដើម្បីព្រមានដល់អ្នកនេសាទផ្សេងទៀត។
អង្គការ WWF-កម្ពុជា បន្ថែមថា រដូវប្រាំងគិតចាប់ពីខែធ្នូដល់ ខែឧសភា ជារយៈពេលមួយដ៏ចាំបាច់ផ្តោតការយកចិត្តទុកដាក់ការពារសត្វផ្សោត ហើយនៅគ្រាទឹកស្រក សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នាស្វែងរកចំណី ក្នុងតំបន់អន្លង់ទឹកជ្រៅ នៃដែនអភិរក្សផ្សោត។ ប្រការនេះ បង្កលក្ខណៈងាយស្រួល ដល់ក្រុមជនល្មើសលបឆក់ត្រី ប៉ះពាល់ដល់ការរស់នៅរបស់ផ្សោត។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការបណ្តាញការពារទន្លេបី លោក លាង ប៊ុនលាភ ផ្តល់ទស្សនៈថា អាជ្ញាធរខេត្តក្រចេះ និងឆ្មាំអភិរក្សត្រូវរកមធ្យោបាយល្បាតគ្រប់ពេលវេលា និងអនុវត្តច្បាប់ឱ្យម៉ឹងម៉ាត់ ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់៖
«ការស្លាប់ហ្នឹង គឺមានរងគ្រោះច្រើន ដោយសាររឿងដាក់មង និងរកស៊ីរបស់ផ្សោត នៅក្នុងអន្លង់ផ្សោត និងទីកន្លែងរកស៊ី។ រឿងសំខាន់ការពារសម្បត្តិកម្រ អាជ្ញាធរត្រូវប្រឹងប្រែងអស់លទ្ធភាព ដល់ទីកន្លែងស្នូលដល់ផ្សោតរស់នៅ»។
ប្រជាសហគមន៍នេសាទព្រែកកាំពីប៉ាន់ប្រមាណថា ពេលនេះទន្លេមេគង្គខេត្តក្រចេះ មានសត្វផ្សោតរស់នៅ ចន្លោះពី ៥០ ទៅ ៦០ក្បាល។ សត្វផ្សោតទាំងអស់នោះ កំពុងតែរស់នៅក្នុងអន្លង់អភិរក្ស ៥ទីតាំងផ្សេងគ្នា រួមមាន អន្លង់ខ្សាច់ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្ដៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពី ក្នុងអាងទន្លេមេគង្គ៕
1 comment:
Everything is gone under Ah Kwack Hun Sen and Ah Kwen Heng Samrin.
Post a Comment