ដោយ ម៉ៅ សុធានី
2022.12.22
អ្នកស្រី សោម ចន្ធូ (ស្ដាំ) ទើបស្លាប់ដោយសារជំងឺ ខាងស្តាំគឺជាស្វាមីដែលជាសកម្មជនបក្សប្រឆាំងលោក សុខ ចន្ថា អតីតក្រុមប្រឹក្សាខេត្តព្រៃវែង គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំករណីនយោបាយ។
Photo Provided
គ្រួសារសកម្មជនបក្សប្រឆាំងលោក សុខ ចន្ថា ដែលជាប់ឃុំក្នុងពន្ធនាគារ ប្រឈមជីវភាពលំបាក ក្រោយពីម្ដាយស្លាប់ ខណៈឪពុកកំពុងជាប់ឃុំក្នុងពន្ធនាគារ ហើយបន្សល់កូន៣នាក់នៅកំព្រា។ មន្ត្រីសង្គមស៊ីវិលយល់ថា តុលាការគួរបន្ធូរបន្ថយទោស និងដោះលែងគ្រួសារអ្នកជាប់ឃុំនយោបាយ ដើម្បីអោយពួកគាត់បានជួបជុំគ្រួសារឡើងវិញ។
កូនរបស់សកម្មជនបក្សប្រឆាំង លោក សុខ ចន្ថា កំពុងរៀបចំបុណ្យអោយម្ដាយ អ្នកស្រី សោម ចន្ធូ ដែលបានស្លាប់ដោយសារជំងឺប្រចាំកាយកាលថ្ងៃទី២០ ធ្នូ ។ ពួកគាត់ឱ្យដឹងថា បន្ទាប់ពីម្ដាយស្លាប់ទៅ ជីវភាពគ្រួសារជួបលំបាក ព្រោះគ្មានអ្នករកប្រាក់ផ្គត់ផ្គង់គ្រួសារ ដោយសារឪពុកក៏ជាប់ពន្ធនាគារ ហើយក្លាយជាកូនកំព្រាគ្មានទីពឹង ម្យ៉ាងប្អូនស្រីខ្វះភាពកក់ក្ដៅ។ ពួកគេបារម្ភជីវភាពនាថ្ងៃខាងមុខ និងសង្ឃឹមថា តុលាការនឹងដោះលែង លោកឪពុកឆាប់ៗ ដើម្បីមករស់នៅជុំគ្រួសារ និងមើលថែកូនៗ។ កូនអ្នកស្រី សោម ចន្ធូ សោកស្ដាយ ដែលថ្ងៃជូនដំណើរម្ដាយជាលើកចុងក្រោយ តែគ្មានវត្តមានលោកឪពុក។
ពិធីបុណ្យសព អ្នកស្រី សោម ចន្ធូ មានសាច់ញាតិ និងប្រជាពលរដ្ឋចូលរួមជាង១រយនាក់ (១៤០) សពត្រូវបានដង្ហែទៅបូជានៅវត្តទួលសមាធិ ក្នុងភូមិ ៥ ឃុំព្រែកសាយខ ស្រុកពាមរ ខេត្តព្រៃវែង។
កូនប្រុសសកម្មជនបក្សប្រឆាំងជាប់ឃុំ លោក សុខ ចន្ថា គឺលោក សុខ ចំរើន ប្រាប់វិទ្យុអាស៊ីសេរី ថ្ងៃទី២១ ធ្នូ ថា លោកឈឺចាប់ដែលឪពុកត្រូវបានចាប់ដាក់ពន្ធនាគារ ហើយម្ដាយក៏ស្លាប់ចោលលោក និងប្អូនៗ។ លោកបន្តថា លោក និងម្ដាយតែងនាំគ្នាដើរលក់សណ្ដែកដីស្ងោរ ដើម្បីសន្សំប្រាក់ទិញអង្ករ និងសម្ភារៈមួយចំនួនយកទៅសួរសុខទុក្ខឪពុកនៅពន្ធនាគារត្រពាំងផ្លុង។ លោកបន្ថែមថា អ្នកម្ដាយរបស់លោក រាល់ថ្ងៃសុក្រ តែងនាំទៅស្រែកទាមទារឱ្យដោះលែងលោកឪពុក ដើម្បីឱ្យមករស់នៅជុំគ្រួសារវិញ។ លោក សុខ ចំរើន ថា ការចោទប្រកាន់ឪពុករបស់លោកថាក្បត់ជាតិ ជារឿងអយុត្តិធម៌។ លោកបញ្ជាក់ថា ក្រោយពីរៀបចំបុណ្យសពម្ដាយរួច លោកនៅតែបន្តទៅទាមទារអោយតុលាការដោះលែងឪពុករបស់លោកចេញពីពន្ធនាគារ ដូចដែលម្ដាយធ្លាប់ធ្វើកន្លងមក។
លោក សុខ ចំរើន៖ «ប៉ានៅក្នុងគុក ហើយម៉ែនៅខាងក្រៅ ហើយមិនទាន់ដឹងអ្វីផង ម៉ែគាត់លាចាកលោកពីកូនបាត់ទៅហើយ។ រាល់ថ្ងៃនេះខ្ញុំនៅក្នុងផ្ទះនៅតែ៣នាក់បងប្អូនមីងម៉ាងៗ មើលហៃគាត់ផ្ដែផ្ដាំឱ្យខ្ញុំមើលបងប្អូន។ ហៃនិយាយពីការឈឺចាប់ៗបងវាលើសពីការគិតទៀតណាបង គាត់វាលឿនពេក។ ខ្ញុំខំប្រាប់គាត់អោយតស៊ូ ម៉ែៗតស៊ូឡើងណាម៉ែណា ប៉ាមិនទាន់ចេញពីគុកទេម៉ែ ខំប្រឹងឡើងម៉ែ តិចទៀតប៉ានិងបានចេញហើយ។ ដល់ពេលគាត់ឆ្លើយតបខ្ញុំវិញ គាត់ថា ម៉ែទៅលែងរួចហើយកូន ម៉ែហត់ណាស់ៗ ម៉ែដើរស្រែកតវ៉ាសុំឱ្យគេជួយ គាត់ថាគាត់ហត់គាត់ គាត់ទៅលែងរួច ដល់ពេលហើយបេះដូងគាត់លែងដំណើរការ»។
លោក សុខ ចន្ថា និងលោកស្រី សោម ចន្ធូ មានកូន៣នាក់ប្រុស២នាក់ និងស្រីម្នាក់ ដែលរស់នៅជុំគ្នាក្នុងផ្ទះក្បែរស្ពានអ្នកលឿង នៅខេត្តព្រៃវែង។
ក្រោយពីអត់មានឪពុកម្ដាយ ជីវភាពពួកគាត់កាន់តែលំបាកព្រោះប្រាក់ព្យាបាលជំងឺអ្នកម្ដាយអស់ និងត្រូវរកប្រាក់មកចំណាយបុណ្យសពម្ដាយ និងត្រៀមសម្រាប់បុណ្យខួប៧ថ្ងៃនាពេលខាងមុខបន្ថែមទៀត។
ចំណែកក្រុមស្ត្រីថ្ងៃសុក្រម្នាក់ កញ្ញា ហេង បូរី ថ្លែងថា ជារឿងសង្វេគ និងរន្ធត់ចិត្តបំផុត ដែលទទួលដំណឹងបាត់បង់លោកស្រី សោម ចន្ធូ។ កញ្ញាថា លោកស្រីជាមនុស្សល្អ ទោះបីគាត់ជាស្ត្រីម្នាក់មិនសូវមានចំណេះដឹងខ្ពង់ខ្ពស់ ប៉ុន្តែគាត់មានឆន្ទៈ និងមនសិការហ៊ានលះបង់ ដើម្បីគ្រួសារ និងយុត្តិធម៌សង្គម ។ កញ្ញាបន្តថា គាត់តែងចែករំលែក និងយកអាសាអ្នកជុំវិញខ្លួន ហើយមិនដែលទុកអ្នកដទៃចោលឡើយ ក្នុងពេលដែលអាជ្ញាធរបង្ក្រាបម្ដងៗ។
កញ្ញា ហេង បូរី៖ «ពួកខ្ញុំពិតជាមានការរន្ធត់យ៉ាងខ្លាំង វាហាក់ដូចជាលឿនពេក ដែលត្រូវបាត់បង់រូបគាត់ទៅ ទាំងដែលពួកយើងខំតស៊ូជាមួយគ្នារយៈពេលជិត៣ឆ្នាំមកហើយ ។ ហៃគាត់ទៅបាត់ទាំងដែលគាត់មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ ហៃខ្ញុំយល់ថារដ្ឋាភិបាល គួរតែដោះលែងប្ដីរបស់គាត់ ដូចជាអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពមកវិញ ពីព្រោះពួកគាត់សុទ្ធតែជាបុគ្គលស្អាតស្អំ មិនមានទោសកំហុសដូច ដែលតុលាការបានចោទប្រកាន់នោះទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ប្លង់ សំណាង និងអ្នកស្រី ស្រេង សូយ៉េត ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេថ្ងៃទី២១ ធ្នូ ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យដឹងថា ទិដ្ឋភាពនយោបាយ និងផ្លូវច្បាប់ គឺដាច់ដោយឡែកពីគ្នា ព្រោះតុលាការអនុវត្តទៅតាមច្បាប់។ លោកថា ការយល់ឃើញថា ករណីទាំងនេះជារឿងនយោបាយ គឺជាការយល់ឃើញ ប៉ុន្តែមិនមែនជាការអនុវត្តច្បាប់។
លោក សុខ ឥសាន៖ «បើយើងនិយាយអ៊ីចឹង វាហាក់ដូចជាការ ដែលគាត់ដាក់លក្ខខណ្ឌមកលើរដ្ឋាភិបាល ឬមកលើតុលាការ បើមិនដោះលែងទេ គាត់តវ៉ាតទៅទៀត។ មានអ្នកណាបិទសិទ្ធិគាត់ អាហ្នឹងជាសិទ្ធិនយោបាយរបស់គាត់ទេ បើគាត់តវ៉ា គាត់តវ៉ាទៅឱ្យតែតវ៉ាត្រូវច្បាប់ តែបើតវ៉ាមិនត្រូវច្បាប់រឿងតែប៉ុណ្ណឹង»។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ករណីនេះគួរឱ្យអាណិតអាសូរ ចំពោះក្រុមគ្រួសារលោក សុខ ចន្ថា ដែលបាត់បង់ប្រពន្ធ។ លោកថា លោកស្រី សោម ចន្ធូ ជួបការលំបាកច្រើន ដោយត្រូវចិញ្ចឹមកូន និងធ្វើដំណើរទៅសួរសុខទុក្ខប្ដីនៅឯពន្ធនាគារផ្លូវឆ្ងាយ ខណៈខ្លួនមានជំងឺប្រចាំកាយទៀត។ លោកបន្តថា រដ្ឋាភិបាល និងតុលាការគួរបន្ធូរបន្ថយទោស និងដោះលែងពួកគាត់ ដើម្បីបានជួបជុំគ្រួសារ និងធ្វើការងាររកប្រាក់ចំណូលចិញ្ចឹមកូនៗ។
លោក អំ សំអាត៖ «ខ្ញុំយល់ថាដើម្បីបញ្ចប់វិបត្តិនយោបាយ ក៏ដូចជាភាពរងគ្រោះ នៃសកម្មជននយោបាយតទៅទៀត វាមានតែអ្នកនយោបាយខ្មែរទាំងអស់ ត្រូវតែមានការជជែកគ្នា តាមការបន្ត នៃវប្បធម៌សន្ទនា ឬក៏ការជជែកគ្នាដោយការគោរពគ្នាទៅវិញទៅមក ការប្រកាន់នូវឧត្ដមគតិរបស់ខ្លួន ដោយតម្កល់នូវឧត្ដមប្រយោជន៍ជាតិ ឧត្ដមប្រយោជន៍ប្រជាពលរដ្ឋជាធំ ដើម្បីបញ្ចប់នូវវិបត្តិដែលសេសសល់ហ្នឹង ក៏ដូចជាបំបាត់នូវវប្បធម៌ នៃការរងទុក្ខ នៃសកម្មជននយោបាយតទៅទៀត»។
កន្លងមក សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង លោក សុខ ចន្ថា ត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួន នៅផ្ទះរបស់លោកកាលពីថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០២០ ដោយចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងរួមគំនិតក្បត់»។ តុលាការបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ ជាមួយសកម្មជនបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀត ប៉ុន្តែទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារចំនួន ៣ឆ្នាំ ៨ខែ ហើយទោសនៅសល់ត្រូវបានព្យួរ។
សាច់ញាតិ និងសង្គមស៊ីវិលសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាល និងអ្នកនយោបាយខ្មែរ ពន្លឿនបញ្ចប់វិបត្តិនយោបាយ កុំឱ្យសកម្មជន និងអ្នកពាក់ព័ន្ធរងគ្រោះកាន់តែច្រើន និងទាមទារឱ្យដោះលែងអ្នកទោសមនសិការ ដែលជាប់ឃុំដោយអយុត្តិធម៌នៅពន្ធនាគារ ដើម្បីស្ដារមុខមាត់កម្ពុជាលើឆាកអន្តរជាតិឡើងវិញ៕
1 comment:
This one eyed monster Hun Sen is heartless even though he used to be a poor man who stole chickens for living.
Post a Comment