Thursday, 22 December 2022

អ្នកឃ្លាំមើល​រិះគន់​ថា លោក ហ៊ុន សែន នៅតែ​បង្ហាញ​ជំហរ​នយោបាយ​លម្អៀង​ទៅ​រក​ចិន


Khmer Circle

Aligned to China, subservient towards Vietnam. It's Hun Sen walking his political tightrope of sorts; one that lets him stay on in power and in their favour ahead of rivals and factions within his own party and without, but at the cost of denying democracy and national sovereignty to Cambodia and her long-suffering people; things that do not feature prominently in his thinking or when compared to political self-preservation. Of course, all these implications and concerns matter even less to those two protagonists, bound by their own mutual distrust and ancient animosity.

Meanwhile, Cambodia is eagerly acting out her role as their faithful mistress…   

^^^

ដោយ សុជីវី
2022.12.20

អ្នកឃ្លាំមើល​រិះគន់​ថា លោក ហ៊ុន សែន នៅតែ​បង្ហាញ​ជំហរ​នយោបាយ​លម្អៀង​ទៅ​រក​ចិន 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) នាយករដ្ឋមន្ត្រី​ចិន លោក លី ឃឺឈាំង (Li Keqiang) ក្នុង​ជំនួប​នា​វិមាន​សន្តិភាព កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិន និង​បង្ហាញ​ជំហរ​នយោបាយ​លម្អៀង​ទៅ​រក​ចិន​ជាបន្តបន្ទាប់​មកនេះ ដោយសារ​តែ​លោក​ជិត​ផុត​អាណត្តិ​ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ថា​ចិន​បាន​ជួយ​សេដ្ឋកិច្ច នយោបាយ សង្គម និង​ប្រជាជន​កម្ពុជា​កាន់​តែ​រីកចម្រើន។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២០ ខែធ្នូ​ថា បើ​លោក ហ៊ុន សែន នៅតែ​ឱប​ក្រសោប​ចិន និង​មិន​បាន​អនុវត្ត​គោល​នយោបាយ​អព្យាក្រឹត្យ​ដែល​បាន​កំណត់​ក្នុង​ច្បាប់ នោះ​សហគមន៍​អន្តរជាតិ ជា​ពិសេស លោក​ខាងលិច​អាច​នឹង​មាន​មន្ទិល​កាន់តែ​ខ្លាំង​អំពី​ភាព​ចម្រូងចម្រាស​នៃ​ការ​សាងសង់​មូលដ្ឋាន​ទ័ព​រាម។ ក្រៅ​ពី​នេះ លោក អ៊ុំ សំអាន យល់​ឃើញ​ថា លោក ហ៊ុន សែន ទំនង​ដឹង​ខ្លួន​ឯង​ថា មានតែ​ប្រទេស​ចិន​កុម្មុយនិស្ត​ទេ ដែល​ចាំ​ជួយ​គាំទ្រ​លោក ហ៊ុន សែន គ្រប់​កាលៈទេសៈ បន្ទាប់​ពី​លោក​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ។



    លោក អ៊ុំ សំអាន៖«លោក ហ៊ុន សែន គាត់​សរសើរ​ចិន ឱប​ក្រសោប​ចិន​ទុក​ចិន​ហ្នឹង ចៅហ្វាយ​របស់​ខ្លួន ព្រោះ​គាត់​យល់ថា មាន​តែ​ចិន​មួយ​ទេ ដែល​អាច​អំណាច​ផ្ដាច់ការ​គាត់​បាន ហើយ​ឱ្យ​គាត់​ផ្ទេរ​អំណាច​ដោយ​ជោគជ័យ​ពី​គាត់​ទៅ​កូន​របស់​គាត់​គឺ​លោក ហ៊ុន ម៉ាណែត។ គាត់​កំពុង​ឯកោ​លើឆាកអន្តរជាតិ​ប្រទេស​លោកសេរី​ដូចជា​អាមេរិក (US) សហភាព​អឺរ៉ុប (EU) កំពុង​ដាក់​មក​លើ​រដ្ឋាភិបាល​គាត់ អ៊ីចឹង​មានតែ​ចិន​ជួយ​ការពារ​អំណាច​របស់​គាត់»។

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​បែប​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ទទួល​ពានរង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​កាល​ពី​ថ្ងៃ​ទី១៩ ខែធ្នូ នៅ​រាជធានី​ភ្នំពេញ​ថា ចិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ជាតិ និង​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន អះអាង​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​ចិន រីកចម្រើន​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម រួម​ទាំង​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទេសចរណ៍។

    ៖«បន្ថែម​លើ​នេះ កម្ពុជា​តែង​ទទួល​បាន​នូវ​ការ​ជួយ​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​ជា​បន្តបន្ទាប់​ពី​មិត្ត​ចិន ទាំង​ហិរញ្ញវត្ថុ មិនមែន​ហិរញ្ញវត្ថុ ជាពិសេស​ក្នុង​ពេលវេលា​ដ៏​លំបាក​បំផុត​បណ្ដាល​មក​ពី​ជំងឺ​កូវិដ-១៩»។

លោក ហ៊ុន សែន អះអាង​ទៀត​ថា ជំនួយ​ចិន​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​មាន​តម្លៃ​ធំធេង​ក្នុង​ជួយ​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការ​រាលដាល​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា។

ចំណែក​អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ឃើញ​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន តែងតែ​មាន​ភក្ដីភាព និង​តែង​សរសើរ​ចិន​ក្នុង​វេទិកា​នានា កន្លង​មក​នេះ ព្រោះ​លោក ហ៊ុន សែន ត្រូវការ​ចិន​ជួយ​គាំទ្រ​ក្នុង​ការ​ផ្ទេរ​អំណាច​របស់​លោក។

    លោក គឹម សុខ៖ «លោក ហ៊ុន សែន គាត់​ត្រូវ​ការ​ចាំបាច់ ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ចិន ទោះបី​ពី​ចិន​រដ្ឋាភិបាល ឬ​ពី​ចិន​អ្នក​វិនិយោគ ប្រភេទ​ណា​ក៏​ដោយ ក្នុង​ការ​ជ្រោមជ្រែង​ផែនការ​ផ្ទេរ​អំណាច​ពី​គាត់​ទៅ​កូន​ប្រុស​របស់​គាត់។ ដូច្នេះ មិន​ចម្លែក​ទេ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​គ្រប់​វេទិកា​ទាំងអស់ និង​តួនាទី​ដែល​គាត់​មាន ដើម្បី​បង្ហាញ​ថា គាត់​នៅ​ឱប​ចិន និង​សរសើរ​ចិន​នោះ»។

ចំណែក ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត លោក សេក សុជាតិ មើល​ឃើញ​ថា ទំនាក់ទំនង​កម្ពុជា​ចិន​ក្នុង​របត់​នៃ​មេដឹកនាំ​ទាំងពីរ​ពលរដ្ឋ​ហាក់​ពុំ​មាន​ការ​សាទរ​ច្រើន ព្រោះ​លោក​ថា ជំហរ​នយោបាយ​របស់​មេ​ដឹកនាំ​ឯក​បក្ស​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិន​សព្វថ្ងៃ​នេះ គឺ​ភាគច្រើន​ផ្ដោត​សំខាន់​ជា​មូលដ្ឋាន​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

    លោក សេក សុជាតិ៖ «តាម​រយៈ​ទំនាក់ទំនង នៃ​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​ហ្នឹង មាន​ទំនាក់ទំនង​រហូត​ដល់​មិត្ត​ដែកថែប នេះ​គឺ​ជា​ការ​បង្ហាញ​មួយ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុងនាម​មេដឹកនាំ។ ក៏ប៉ុន្តែ យើង​ត្រូវ​ចាំ ព្រោះ​វា​មិនមែន​ការ​ពេញ​ចិត្ត​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ពេញ​ធឹង​ទេ ពីព្រោះ​ការ​ជួយ​នេះ គឺ​ជួយ​ទៅលើ​មេដឹកនាំ ព្រោះ​យើង​ឃើញ​ទំនាក់ទំនង​មេដឹកនាំ​ទាំងពីរ គឺ​ផ្សារភ្ជាប់​ជាមួយ​នឹង​គ្នា​ដោយ​មេដឹកនាំ​ធ្វើ​មូលដ្ឋាន​ឆ្អឹងខ្នង ដើម្បី​បង្ហាញ​ថា ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា»។

លោក សេក សុជាតិ ជឿជាក់​ថា បើ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញលេញ និង​មាន​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ហើយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ពុំ​មែន​ជា​មេ​ដឹកនាំ​សព្វថ្ងៃ នោះ​ទំនាក់ទំនង​កម្ពុជា​ចិន អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ​នៃ​សមិទ្ធផល​នានា​សម្រាប់​ពលរដ្ឋ​ក្នុង​រូបភាព​ផ្សេងទៀត។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម​កម្ពុជា​រិះគន់​ជា​បន្តបន្ទាប់​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ លោក ហ៊ុន សែន បាន​ដឹកនាំ​កាន់​តែ​ប្រាសចាក​ពី​កន្លង​ប្រជាធិបតេយ្យ និង​បន្ត​អនុវត្ត​នយោបាយ​លម្អៀង​ទៅ​រក​ចិន​ខ្លាំង។ អ្នកឃ្លាំមើល​ថា ការណ៍​ដែល​កម្ពុជា​មិន​អាច​រក្សា​បាន​នូវ​គោល​នយោបាយ​អព្យាក្រឹត្យ​នេះ កម្ពុជា​ក៏​អាច​ប្រឈម​ជួប​បញ្ហា​អស្ថិរភាព​នយោបាយ​ជាតិ ឯករាជ្យជាតិ និង​ខាតបង់​ទាំង​ប្រយោជន៍​ការទូត សេដ្ឋកិច្ច និង​ការ​ទទួល​បាន​ជំនួយ​នានា​ពី​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ៕

No comments: