2022.12.23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកអ្នកនិយាយថា កម្ពុជាចេះតែក្រទៅៗ គឺជាការប្រមាថមើលងាយជាតិសាសន៍ខ្លួនឯង។ អ្នកវិភាគថា សេដ្ឋកិច្ចកម្ពុជានៅមិនទាន់ដើរឆ្ងាយពីបន្ទាត់ភាពក្រីក្រទេ បន្ទាប់ពីវិបត្តិកូវីដ-១៩ ខណៈបំណុលបរទេស និងអតិផរណានៅតែកើនឡើង។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវមួយខ្សែ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអំពីអ្នករិះគន់ទៅលើការដឹកនាំរបស់លោកដែលថាមិនបានធ្វើឱ្យកម្ពុជារីកចម្រើន និងចេះតែក្រទៅៗ ថាបានមើលងាយ ប្រមាថជាតិសាសន៍ខ្លួនឯង។ លោកថែមទាំងបបួលអ្នកទាំងនោះស្បថ ពីភាពខុសគ្នានៃការរស់នៅក្នុងរបបខ្មែរក្រហម ប្រៀបធៀបនឹងការដឹកនាំរបស់លោកក្នុងពេលបច្ចុប្បន្នទៀតផង។
លោក ហ៊ុន សែន៖ «ខ្ញុំមិនយល់ ហើយក៏សុំថាអ្នកនិយាយបែបនេះ តើហ៊ានស្បថទេ? ថាស្បថឱ្យរន្ទះបាញ់ ឬឱ្យអីឱ្យតែស្បថ។ ស្បថឱ្យងាប់តៃហោង ស្បថរបៀបម៉េច ស្បថទេ? ថាអ្នកឯង ពួកក្រុមអ្នកឯងនេះ កាលពីឆ្នាំ៧៩ រកតែស្បែកជើងពាក់ក៏មិនបានដែរ។ ឥឡូវអ្នកឯងមានឡានជិះលើផ្លូវដ៏ល្អហើយ អ្នកឯងថាកាន់តែក្រទៅៗ អ្នកឯងហ៊ានស្បថទេ?»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរចេញពីភូមិគ្រឹះរបស់លោកនៅក្រុងព្រះសីហនុ និងមកដល់វេទិកាជាមួយរថយន្ត ម៉េកសឺដេស (Mercedes MAYBACH gls) ស៊េរីឆ្នាំ២០២២ តម្លៃប្រមាណជិតកន្លះលានដុល្លារ ដោយមានមន្ត្រីតូចធំចាំទទួល អមជាមួយចម្រៀងស្វាគមន៍លោក។
ទាក់ទិនរឿងនេះ អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ធ្នូ ថា ផ្អែកលើទិន្នន័យ នៃការវាយតម្លៃកម្រិតនៃភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា មានចំនួនច្រើនជាងទិន្នន័យរបស់រដ្ឋាភិបាលទៅទៀត។ លោកបញ្ជាក់ថា កំណើនចំនួនប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស និងប្រជាពលរដ្ឋដែលខ្ចីលុយពីធនាគារ តែគ្មានលទ្ធភាពសង ជាភ័ស្ដុតាងដ៏សាមញ្ញមួយដែលបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅមិនទាន់លូតលាស់ ក្លាយជាប្រទេសអ្នកមាន ដែលអាចឱ្យមេដឹកនាំមានមោទនភាពឡើយ។
លោក ហ៊ុន សែន៖ «បច្ចុប្បន្នយើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ យើងអត់មានលទ្ធភាពផ្គត់ផ្គង់ពលរដ្ឋដែលអត់ការងារធ្វើផង។ ហើយពលរដ្ឋដែលអត់ការងារធ្វើ រដ្ឋអត់លទ្ធភាពរកការងារឱ្យពលរដ្ឋ ឱ្យយុវជនទេជាពិសេស មិនបានឈឺឆ្អាលដល់ហ្នឹងទេ។ យើងថាយើងចេញផុតពីបន្ទាត់នៃភាពក្រីក្រ ប៉ុន្តែលទ្ធភាពជួយពលរដ្ឋហ្នឹងវាអត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការជួយគាំពារឬក៏ផ្គត់ផ្គង់ពលរដ្ឋទេ»។
ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍ថ្មីមួយ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ថា ប្រជាជនកម្ពុជាជិតកន្លះលាននាក់ (៤៦០.០០០) បន្ថែមទៀតបានធ្លាក់ខ្លួនក្រីក្រក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ក្រោយការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។ ទោះបីរដ្ឋាភិបាលបញ្ចេញបញ្ចប់ថវិកាជាតិដើម្បីទ្រទ្រង់ជីវភាពពលរដ្ឋក៏ដោយ ក៏មិនអាចស្ដារជីវភាពប្រជាពលរដ្ឋបានឡើយ ព្រោះ អំណោយទាំងនោះអាចជួយប្រជាពលរដ្ឋបានតែមួយផ្នែកតូច ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ អង្គការលីកាដូ (LICADHO) និងអង្គការសមធម៌កម្ពុជា សហការជាមួយនឹងអង្គការ ហ្វីអាន (FIAN)ប្រទេសអាល្លឺម៉ង់(Germany) បានចេញផ្សាយរបាយការណ៍រកឃើញថា ប្រជាពលរដ្ឋខ្មែរជាង ១៦ម៉ឺននាក់ (១៦៧.០០០នាក់) កំពុងលក់ដី ដើម្បីបង់សងកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញដែរថា អ្នកខ្ចីប្រាក់ជាច្រើនបានរងគ្រោះពីការរំលោភលើសិទ្ធិមនុស្ស ហើយពួកគេទាំងនោះជាញឹកញាប់ត្រូវកាត់បន្ថយបរិភោគអាហារ និងបញ្ឈប់ការសិក្សារបស់កូនៗ ហើយបង្ខំឱ្យទៅធ្វើការដើម្បីរកប្រាក់មកសងបំណុលធនាគារ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មើលឃើញថា ប្រជាជនដែលមានជីវភាពក្រីក្រមានចំនួនច្រើន ដោយសារកម្ពុជានៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឡើយ។ លោកបន្តថា ថ្វីត្បិតកម្ពុជាមានការអភិវឌ្ឍ មានផ្លូវថ្នល់ សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏ពិតមែន តែលុយដែលបានមកនោះជាកម្ចីបរទេស ហើយកម្ពុជាក៏នឹងត្រូវប្រឈមនឹងការសងបំណុលទាំងនោះផងដែរ។
លោក យង់ គឹមអេង៖ «អ៊ីចឹងទាំងអស់នេះ យើងឃើញថាជាបញ្ហាមួយដែរ។ បើសិនជានៅពេលដែលកម្ពុជាត្រូវសងបំណុលគេ វាអាចនឹងប៉ះពាល់ទៅដល់ការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋដែរ»។
អ្នកឃ្លាំមើលយល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន ដែលចាត់ទុកអ្នកនិយាយថា កម្ពុជាចេះតែក្រទៅ គឺជាការប្រមាថជាតិសាសន៍ខ្លួនឯងនោះ ទំនងលោកចង់យកគ្រួសារលោក តំណាងឱ្យប្រទេសកម្ពុជាទាំងមូល ដែលគ្រួសារលោកដែលកំពុងរស់នៅបែបអភិជន មានទ្រព្យសម្បត្តិហូរហៀរសឹងមិនគួរឲ្យជឿ បើធៀបនឹងប្រាក់ខែរបស់លោក។ ម្យ៉ាងវិញទៀត បើទោះបីជាលោក ហ៊ុន សែន អះអាងថា កម្ពុជាក្រោមការដឹកនាំរបស់លោក មានការអភិវឌ្ឍរីកចម្រើនក្តី ក៏រដ្ឋាភិបាលលោកបច្ចុប្បន្ននេះ បង្កើនការចែកប័ណ្ណក្រីក្រដល់ប្រជាពលរដ្ឋទៅវិញ ហើយការចែកប័ណ្ណក្រីក្រនេះ ក៏ជារបៀបទិញសន្លឹកឆ្នោតពីប្រជាពលរដ្ឋដែរ ដើម្បីឲ្យលោក បន្តក្ដោបក្ដាប់អំណាចតវង្សត្រកូលតទៅ៕
No comments:
Post a Comment