Sunday, 15 January 2023

ក្រុម​យុវជន​បរិស្ថាន​ពុះពារ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​កោះកុង​ក្រៅ​ទោះ​អាជ្ញាធរ​រារាំង


ដោយ ​ម៉ៅ សុធានី
2023.01.14
ក្រុម​យុវជន​បរិស្ថាន​ពុះពារ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​កោះកុង​ក្រៅ​ទោះ​អាជ្ញាធរ​រារាំង  
ទិដ្ឋភាព​អាជ្ញាធរ​ខណ្ឌ​ទួលគោក​រារាំងការ​​ចែក​ស្ទីកឃ័រ ឬ​ខិត្តប័ណ្ណ​ដល់​សាធារណជន​អំពី​កោះកុង​ក្រៅ នៅថ្ងៃទិ១៤ មករា ២០២៣។
រូប​៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​យុវជន​ការពារ​បរិស្ថាន ព្យាយាម​ចែក​ស្ទីកឃ័រ ឬ​ខិត្តប័ណ្ណ​ដល់​សាធារណជន​អំពី​កោះកុង​ក្រៅ ទោះបី​អាជ្ញាធរ រារាំង​មិន​ឲ្យ​ចែក​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក្ដី។ ពួកគេ ដើរ​ចែកចាយ​ខិត្តប័ណ្ណ​នៅ​ម្ដុំ​ស្តុប​វិទ្យាល័យ​សន្ធរម៉ុក ខណ្ឌ​ទួលគោក ទីក្រុង​ភ្នំពេញ។ អាជ្ញាធរ​តាម​មក​រារាំង​មិន​ឲ្យ​យុវជន​បន្ត​ចែក​ខិត្តប័ណ្ណ​កោះកុង​ក្រៅ​នៅ​ទីនោះ​ទៀត។

ក្រោយពី​អ្នកគ្រប់គ្រង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទួលគោក បិទ​ស្តង់ ឬ​តូប​របស់​ក្រុម​និស្សិត ដែល​ជា​សកម្មជន​បរិស្ថាន មិន​ឲ្យ​លក់​ដូង និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​កោះកុង​ក្រៅ​ក្នុង​ខួបលើកទី៦៣ឆ្នាំ​របស់​សាលា ក្រុម​សកម្មជន​ប្រមាណ២០នាក់ បន្ត​ចែក​ខិត្តប័ណ្ណ​កោះកុង​ក្រៅ​នៅ​ខាង​ក្រៅ​បរិវេណ​របស់​សាលា​វិញ ប៉ុន្តែ​នៅតែ​មាន​ការ​រំខាន​ពី​ក្រុម​អាជ្ញាធរ​ខណ្ឌ​ទួលគោក​ប្រហែល ១០នាក់​ដដែល។

សកម្មជន​បរិស្ថាន និង​ជា​និស្សិតឆ្នាំទី៤ សិក្សា​ផ្នែក​ព័ត៌មានវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ភួន កែវរស្មី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃទី១៤ ខែ​មករា ថា ការ​បិទ​ស្តង់​របស់​ក្រុម​សកម្មជន​បរិស្ថាន ជា​គំរូ​អាក្រក់​មួយ​របស់​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ ព្រោះ​សាលា​ជា​កន្លែង​បណ្ដុះ​ធនធាន​មនុស្ស​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន ប៉ុន្តែ​មក​ហាម​យុវជន​ផ្សព្វផ្សាយ​ពី​បរិស្ថាន​ទៅ​វិញ។ កញ្ញា​បន្ត​ថា កន្លែង​អប់រំ​គួរ​តែ បើក​សិទ្ធិ​ទូលំទូលាយ​ដល់​សិស្ស​និស្សិត​ឲ្យ​ធ្វើ​ប្រយោជន៍​ដល់​សង្គម ហើយ​អាជ្ញាធរ​មិន​គួរ​មក​រឹតត្បិត ដោយ​គ្រាន់តែ​យុវជន​ចែកចាយ​ខិត្តប័ណ្ណ​កោះកុង​ក្រៅ​នោះ​ទេ។

កញ្ញា ភួន កែវរស្មី៖ «ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ផ្សេងៗ​ទៀត មិន​តែ​ខ្ញុំ​ទេ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​សុទ្ធតែ​អាច​ធ្វើ​បាន។ អ៊ីចឹង​ទៅ​យើង​អត់​បង្ហាញ​ថា ការ​គំរាមកំហែង​ទាំងអស់​ហ្នឹង វា​មាន​ផល ឬក៏​វា​មាន​ប្រសិទ្ធភាព​​មក​លើ​យុវជន​ទេ។ គ្រាន់តែ​យើង​គោរព​ការ​សម្រេច​ចិត្ត​របស់​សកលវិទ្យាធិការ ដោយ​មិន​ចង់​មាន​ជម្លោះ​បន្ត ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា យើង​ទទួល​ស្គាល់​ថា​អ្វី​ដែល​ពួក​យើង​ធ្វើ​ហ្នឹង​ជា​រឿង​ខុស​ទេ។ យើង​ខ្លាច​តែ​គាត់​យល់​ថា​អ្វី​ដែល​គាត់​ធ្វើ​ហ្នឹង​ជា​រឿង​ខុស​ចាស»

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ម្នាក់​ទៀត កញ្ញា ធួន ស្រីពៅ ឲ្យដឹង​ថា ទោះជា​មាន​ការ​រារាំង​ពី​អាជ្ញាធរ​មិន​ឲ្យ​ចែក​ស្ទីកឃ័រ​កោះកុង​ក្រៅ​ក៏ដោយ ក៏​ក្រុម​របស់​កញ្ញា​នៅតែ​ចង់​ផ្សព្វផ្សាយ​ពី​ធនធាន​ធម្មជាតិ​មួយ​នេះ​ឲ្យ​ខ្មែរ​បាន​ដឹង​ដែរ។ កញ្ញា​បញ្ជាក់​ថា កញ្ញា​មាន​សិទ្ធិ​គ្រប់គ្រាន់ សម្រាប់​ការ​ជួយ​ថែ​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ ដោយ​មិន​មាន​បុគ្គល​ណា​ម្នាក់​មក​បំបិទ​សិទ្ធិ​កញ្ញា​បាន​ឡើយ។

កញ្ញា ធួន ស្រីពៅ៖ «ពួក​យើង​មាន​ការ​ខក​ចិត្ត​មែនទែន ដោយសារតែ​ពួក​យើង​ជា​និស្សិត​ដែល​រៀន​នៅ​កន្លែង​ហ្នឹង ពួក​យើង​ចុះ​ឈ្មោះ​យក​ស្តង់​ដែល​សាលា​ផ្ដល់​ឲ្យ​យើង ហើយ​យើង​គេ​ចោទ​យើង​ថា​ផ្សព្វផ្សាយ​ពី​នយោបាយ ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។ សួរ​ថា​ស្ទីកឃ័រ​មួយ​នេះ​អាច​ផ្ដួល​រំលំ​ ឬក៏​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​ទៅ​ដល់​សាលា​ឬ​អត់ គ្រាន់តែ​ស្ទីកឃ័រ​មួយ​ដាក់​ថា​ខ្ញុំ​ស្រឡាញ់​កោះកុង​ក្រៅ វា​អត់​មាន​ជា​ការ​ខុស​ទេ។ ហើយ​ពួក​យើង​ប្រើប្រាស់​សិទ្ធិ គឺ​ដើម្បី​ធ្វើ ហើយ​សាកល(វិទ្យាល័យ)ទាំងមូល ក៏​ដូច​ជា​សិស្សានុសិស្ស​ក៏​គាត់​មក​ទទួល​យក​ស្ទីកឃ័រ​ពី​ពួក​យើង​ដែរ។ ពួក​យើង​ក្នុង​នាម​ខ្ញុំ​អ្នក​សិក្សា​នៅ​ទី​នោះ ខ្ញុំ​បាន​ដើរ​ចែក​ស្ទីកឃ័រ​នេះ​ទៅ​ដល់​មិត្តភ័ក្ដិ»

ក្រុម​សកម្មជន​បរិស្ថាន ចែក​ខិត្តប័ណ្ណ​កោះកុង​ក្រៅ​ដល់​និស្សិត និង​ពលរដ្ឋ គ្រប់​ចំនួន ហើយ​ពួកគេ​សង្ឃឹម​ថា ពលរដ្ឋ​នឹង​ចាប់​អារម្មណ៍​កោះកុង​ក្រៅ​កាន់​តែ​ច្រើន និង​រួមគ្នា​ការពារ​កោះកុង​ក្រៅ មិន​ឲ្យ​ធ្លាក់​ទៅ​លើ​ក្រុមហ៊ុន​ឯកជន ឬ​អ្នក​មាន​អំណាច​ណា​មួយ យក​ទៅ​ធ្វើ​រីសត ឬ​តំបន់​ទេសចរណ៍​ផ្ដាច់​មុខ​របស់​គេ ដោយ​មិន​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ប្រយោជន៍​ពី​កោះកុង​ក្រៅ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ពី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ជេត ជាលី និង​អធិការ​នគរបាល​ខណ្ឌ​ទួលគោក លោក សុខ ហេង បានទេ នៅថ្ងៃទី១៤ ខែ​មករា។

មន្ត្រី​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង យល់​ឃើញ​ថា ការ​ដែល​អាជ្ញាធរ និង​អ្នក​គ្រប់គ្រង​សាលា​មិន​ផ្ដល់​សិទ្ធិ​ឲ្យ​និស្សិត​ធ្វើ​សកម្មភាព​បង្ហាញ​ពី​ការ​ស្រឡាញ់​បរិស្ថាន នេះ​ជា​រឿង​មិន​ត្រឹមត្រូវ។ លោក​បន្ត​ថា ស្ថាប័ន​អប់រំ​ជា​កន្លែង​បណ្ដុះបណ្ដាល​យុវជន​ឲ្យ​គិត​ពី​ប្រយោជន៍​សង្គម​ជា​ចម្បង តែ​បែរ​មក​ហាមឃាត់​យុវជន​កំពុង​ធ្វើ​ប្រយោជន៍​ឲ្យ​ជាតិ គឺ​បិទ​សិទ្ធិ​ពួកគេ​ផ្ទុយ​ពី​ច្បាប់។

លោក ហេង គឹមហុង៖ «អាជ្ញាធរ​មូលដ្ឋាន​និង​សាលា​ទាំងអស់ ដែល​ជា​កន្លែង​បណ្ដុះ​ធនធាន​មនុស្ស​ហ្នឹង គួរតែ​បើក​ទូលាយ​ឲ្យ​ក្រុម​មនុស្ស​ហ្នឹង​គាត់​មាន​ការ​គិត។ ជាពិសេស​ក្រុម​អ្នក​ដែល​មាន​ការ​គិត​ផល​ប្រយោជន៍​រួម​សង្គម​ហ្នឹង គួរតែ​ទទួល​បាន​ឱកាស​ឲ្យ​កាន់តែ​ល្អ ឬក៏​ការ​បើក​ទូលាយ​ឲ្យ​មាន​ការ​ពិភាក្សា​ពី​បញ្ហា​ផលប្រយោជន៍​សង្គម បញ្ហា​បរិស្ថាន​ធនធាន​ធម្មជាតិ ដើម្បី​កុំ​ឲ្យ​មនុស្ស​ហ្នឹង​ក្រិន​គំនិត។ ហើយ​បើសិនជា​សាលា​ដើរ​តួនាទី​ជា​កន្លែង​រឹតត្បិត​នៃ​ការ​គិត​មិន​ឲ្យ​មាន​ការ​រីក​ចម្រើន ធនធាន​មនុស្ស​ដែល​ផលិត​មក​មិន​មាន​ភាព​រីក​ចម្រើន​ដែរ​បាទ»

កោះកុង ឬ​អ្នក​ស្រុក​និយម​ហៅថា​កោះកុង​ក្រៅ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង មាន​ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ ទី​រួម​ខេត្ត​កោះកុង។ សកម្មជន​បរិស្ថាន​អះអាង​ថា កោះ​នេះ​មាន​ផ្ទៃ ១០៣គីឡូម៉ែត្រ​ក្រឡា និង​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​ចម្រុះ​រួម​មាន​ព្រៃឈើ ឆ្នេរ​ខ្សាច់​សក្បុស ទឹក​សមុទ្រ​ថ្លា​ឈ្វេង កូន​ភ្នំ ទឹកជ្រោះ ព្រមទាំង​សត្វព្រៃ និង​សត្វ​សមុទ្រ​ជាច្រើន​ប្រភេទ៕


No comments: