ដោយ សុជីវី
2023.01.19
(ឆ្វេង) លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងស្ដាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ហៅតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូប ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ឱ្យវិលចូលស្រុកវិញ ដោយពុំមានការចាប់ខ្លួននោះទេ ប្រសិនបើលោកផ្ដាច់ខ្លួនពីលោក សម រង្សី ។ អ្នកជំនាញផ្នែកនយោបាយថា ការប្រកាសរបស់លោក ហ៊ុន សែន នេះ គ្រាន់តែជាវោហារសាស្ត្រនយោបាយមិនអាចឱ្យធ្វើឱ្យមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិមួយចំនួន ជឿទុកចិត្តបាននោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស ថា លោកនឹងលើកលែងទោសឲ្យ លោក ហូរ វ៉ាន់ ប្រសិនបើមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ ផ្ដាច់ខ្លួនចេញពី លោក សម រង្សី ។
លោក ហ៊ុន សែន ដែលធ្លាប់បញ្ជាឱ្យតុលាការចាត់វិធានការលើលោក ហូរ វ៉ាន់ ម្ដងរួចទៅហើយ ដោយចោទថា លោកជាអ្នក នៅពីក្រោយហេតុការណ៍ដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មនៅមុខស្ថានទូតចិន ប្រចាំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០២២ នោះ ពេលនេះ លោក បែរជាក្រឡះសម្ដី ហៅលោក ហូរ វ៉ាន់ ឱ្យវិលចូលស្រុកវិញ ដោយពុំមានការចាប់ខ្លួននោះឡើយ។
លោក ហ៊ុន សែន៖ «សូម្បីតែកូនអាវ៉ាន់ ក៏រក្សាទុកនៅក្នុងក្រសួង ដូចជា កូនអាវ៉ាន់ធ្វើជាអនុប្រធានៗ ក្រុមការងារបក្សភ្លើងទៀននៅភ្នំពេញ។ អាវ៉ាន់ អញផ្ដាំទៅអើយមកស្រុកមក ហ្អែងទៅតាមគេធ្វើអី មកអញលើកលែងទោសឲ្យតែឯងចង់មក ព្រោះសេចក្ដីត្រូវការរបស់ខ្ញុំ ខ្ញុំកម្ចាត់តែអាអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់ទេ ក្រៅពីនោះផ្ដាច់ខ្លួនចេញមក លើកលែងទោសឲ្យ និយាយគ្នាឲ្យច្បាស់ៗ»។
ក្រៅពីនេះ លោក ហ៊ុន សែន ក៏ឆ្លៀតឱកាសតាមទម្លាប់របស់លោកនិយាយបង្កាច់បង្ខូចថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផ្សេងទៀតពីរឿងល្បែង និងរឿងស្នេហាលួចលាក់ ព្រមទាំងព្រមានដល់អ្នកដែលរិះគន់លោក តាមបណ្ដាញសង្គម ឲ្យប្រុងប្រយ័ត្នខ្លួនទៀតផង។ លោក ថែមទាំងបញ្ជាទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកបច្ចេកវិទ្យា ឲ្យតាមដានអ្នកដែលរិះគន់ ឬជេរប្រមាថលោកនោះ នៅក្រៅប្រទេស ឬនៅក្នុងប្រទេស ហើយបើរកឃើញថា នៅក្រៅប្រទេស ត្រូវបន្ដស្រាវជ្រាវដល់ក្រុមគ្រួសារថែមទៀត។
ទាក់ទងនឹងការប្រកាសឱ្យមន្រ្តីជាន់ខ្ពស់បក្សសង្គ្រោះជាតិរូបនេះ ចូលស្រុកវិញ លោក ហូរ វ៉ាន់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែមករា ថា លោកមិនអាចផ្ដល់ការឆ្លើយតប ជុំវិញការប្រកាសរបស់លោក ហ៊ុន សែន បាននៅឡើយទេ។
លោក ហូរ វ៉ាន់៖ «អត់ទេ! ខ្ញុំអត់ទាន់បានស្ដាប់ផង។ បើខ្ញុំស្ដាប់សិនបានមានចម្លើយ សុំទោស។ ខ្ញុំពិចារណាមើលសិន ព្រោះការសម្រេចនេះគឺ ការសម្រេចក្នុងជីវិតរបស់ខ្ញុំ ព្រោះខ្ញុំក៏ជាអ្នកស្រឡាញ់ជីវិត ស្រឡាញ់សង្គម ស្រឡាញ់ប្រទេសជាតិដែរ»។
អ្នកវិភាគនយោបាយ លើកឡើងថា សាររបស់លោក ហ៊ុន សែន នេះ មិនមែនជារឿងត្រឹមត្រូវនោះឡើយ ព្រោះជាការគំរាមកំហែង និងជាបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញថា ការថ្លែងរបស់លោក ហ៊ុន សែន រួមនឹងសារគំរាមមកលើអ្នកនយោបាយនេះធ្វើឱ្យមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិមួយចំនួន រួមនឹង លោក ហូរ វ៉ាន់ កាន់តែមិនជឿទុកចិត្ត។ លោករំលឹកថា កន្លងទៅលោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសឱ្យអ្នកគាំទ្ររបស់ លោក សម រង្សី ក្រោយពីមានព្រឹត្តការណ៍៩វិច្ឆិកា ឱ្យចូលស្រុកវិញ ហើយលោកធានាថា ពុំមានការចាប់ខ្លួននោះឡើយ ប៉ុន្តែ អ្នកដែលបានវិលចូលតាមការហៅ របស់លោក ហ៊ុន សែន មួយចំនួន ត្រូវបានតុលាការចេញដីកាចាប់ដាក់ពន្ធនាគារ ពេលមកដល់ប្រទេសកម្ពុជាភ្លាមៗ។
លោក ឯម សុវណ្ណារ៉ា៖ «បើយើងមើលពីរបរខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យពេលឡើងកាន់តំណែង ក៏ធ្លាប់អំពាវនាវឱ្យសកម្មជន ឬក៏បញ្ញវន្តដែលនៅបរទេសហ្នឹងឱ្យចូលមកជួយកសាងប្រទេស តែដល់ពេលចូលមក ក៏ចាប់ដាក់គុក រហូតដល់សម្លាប់បាត់បង់ជីវិត ហ្នឹងជាករណីមួយ ដែលអ្នកនយោបាយមិនជឿជាក់ទេ ព្រោះរបត់នយោបាយ និងស្ថានភាពជាក់ស្ដែង។ បច្ចុប្បន្នហ្នឹង វាអត់ស៊ីគ្នា។ អ៊ីចឹង ការអំពាវនាវនេះ មិនមានប្រសិទ្ធិឱ្យអ្នកក្រៅប្រទេសចូលមកទេ»។
លោក ហូរ វ៉ាន់ ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិរាប់សិបនាក់ ដែលត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន ប្រើតុលាការជាអាវុធ ផ្ដន្ទាទោសជាច្រើនករណី ដោយសារការអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន។ តុលាការបានកាត់ទោសកំបាំងមុខឲ្យលោកជាប់ពន្ធនាគារ ២០ខែ ពាក់ព័ន្ធនឹងការចោទថា នៅក្រោយខ្នងនៃការតវ៉ាដាក់ញត្តិរបស់ក្រុមស្ត្រីក្លាហាននៅមុខស្ថានទូតចិន កាលពីឆ្នាំ២០២០ និងកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារជាង ២០ឆ្នាំ ពាក់ព័ន្ធនឹងផែនការវិលចូលស្រុក មិនបានសម្រេចរបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩។
ទោះជាយ៉ាងណាក្ដី សហគមន៍ជាតិ និងអន្តរជាតិ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុបជាដើម ចាត់ទុកថា ការកាត់ទោសទ្រង់ទ្រាយធំជាបន្តបន្ទាប់លើថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងនេះ ធ្វើឡើងដោយខ្វះមូលដ្ឋានច្បាប់ និងតែងតែជំរុញឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ងាកមកបើកលំហនយោបាយ គោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីឈានទៅរកការផ្សះផ្សាជាតិឡើងវិញ៕
No comments:
Post a Comment