Sunday, 8 January 2023

សង្គម​ស៊ីវិល​ស្នើ​លោក ហ៊ុន សែន បើក​លំហ​ប្រជាធិបតេយ្យ​ដើម្បី​ធានា​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ


ដោយ យ៉ង ចាន់តារា
2023.01.07
សង្គម​ស៊ីវិល​ស្នើ​លោក ហ៊ុន សែន បើក​លំហ​ប្រជាធិបតេយ្យ​ដើម្បី​ធានា​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ​អាវខៀវកាន់សន្លឹកឆ្នោត) និង​ភរិយា​ អ្នកស្រី ប៊ុន រ៉ានី (ឆ្វេង) នៅ​ថ្ងៃ​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី៥ នាខេត្ត​កណ្ដាល ថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក ហ៊ុន សែន

 

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឱ្យ​លោក ហ៊ុន សែន បើក​លំហ​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​បញ្ឈប់​សកម្មភាព​គំរាមកំហែង​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​គណបក្ស​នានា​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល ដើម្បី​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​ដោយ​ប្រព្រឹត្តិ​ដោយ​សេរី និង​យុត្តិធម៌។ ពួកគាត់​អះអាង​ថា សង្គម​ស៊ីវិល និង​សកម្មជន​បក្ស​ប្រឆាំង តែងតែ​គោរព​ច្បាប់ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ទៅវិញ​ទេ ដែល​តែងតែ​រក​លេស​ធ្វើ​ទុក្ខបុកម្នេញ និង​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោក ហ៊ុន សែន ស្នើ​សុំ​ឱ្យ​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល គោរព​ច្បាប់​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន លើក​ឡើង​ថា ដើម្បី​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស ជាជាង​គំរាម​កំហែង និង​បន្ត​លាប​ពណ៌​ពួកគាត់​ថា មិន​បាន​គោរព​ច្បាប់។



អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុមហ្វ្រេល (Comfrel) លោក កន សាវាង្ស ថ្លែង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែ​ឈប់​លាប​ពណ៌​មក​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ដោយ​ឯករាជ្យ ក្នុង​ការ​សង្កេត​ការណ៍​បោះឆ្នោត ពីព្រោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​តែង​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មិន​ដែល​រំលោភ​ច្បាប់​ឡើយ។ លោក​បន្ថែម​ថា ក្រុម​អាជ្ញាធរ​នៅ​តាម​ខេត្ត​មួយ​ចំនួន បាន​គំរាម​កំហែង​លើ​ជន​បង្គោល​ដែល​ស្ម័គ្រចិត្ត​សង្កេត​ការ​បោះឆ្នោត​ឱ្យ​អង្គការ ខុមហ្វ្រេល រហូត​ដល់​ធ្វើ​ឱ្យ​ពួកគេ​ចិត្ត​មួយ​ចំនួន មិន​ហ៊ាន​សង្កេត​ការណ៍ ការ​បោះឆ្នោត​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា លោក កន សាវាង្ស គាំទ្រ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់​ស្កាត់​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គណបក្ស​កាន់​អំណាច និង​បាន​ធ្វើ​សកម្មភាព​រំលោភ​លើ​តួនាទី​របស់​ក្រុម​ការងារ​រៀប​ចំ​ការ​បោះឆ្នោត។

    លោក កន សាវាង្ស៖ «មាន​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​គាត់​លើក​ឡើង​ថា ទៅ​ធ្វើ​ការងារ​អី​ជាមួយ​ពួក​បដិវត្ត​ពណ៌ ជាមួយ​អង្គការ​ប្រឆាំង​រដ្ឋាភិបាល។ ទម្រង់​បែប​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ដំណើរ​ការ​ហ្នឹង (បោះឆ្នោត) មិន​មាន​ភាព​ជឿជាក់​បាន​ទេ ព្រោះ​ទម្រង់​បែប​នេះ គឺ​ជា​ទម្រង់​ដែល​រុញ​ច្រាន​ឱ្យ​មាន​ការ​មិន​សុខ​ចិត្ត​ពី​ការ​ចូលរួម​របស់​ដៃ​គូរ​ប្រកួត​ប្រជែង​ហ្នឹង​ថែម​ទៀត»។

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បែបនេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​គំរាម​កំហែង និង​អំពាវ​នាវ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​គោរព​ច្បាប់ ដើម្បី​ធានា​ឱ្យ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ ប្រព្រឹត្តិ​ទៅ​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌។ លោក ហ៊ុន សែន បញ្ចេញ​សារ​បែប​នេះ​នៅ​ក្នុង​ពេល​លោក​ប្រារព្ធ​ទិវា​ជ័យជម្នះ ៧ មករា នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅថ្ងៃទី០៧ មករា។

    លោក ហ៊ុន សែន៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ អង្គការ​នានា​នៃ​សង្គម​ស៊ីវិល ប្រព័ន្ធ​ព័ត៌មាន អាជ្ញាធរ និង​កង​កម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់​ថ្នាក់ គោរព​ខ្ជាប់ខ្ជួន តាម​គោលការណ៍​ច្បាប់ ហើយ​រួបរួម​ទាំងអស់​គ្នា ក្នុង​ការ​ពង្រឹង​បរិយាកាស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត ប្រកប​ដោយ​លក្ខណៈ​អព្យាក្រឹត គ្មាន​ការ​គំរាម​កំហែង និង​សុវត្ថិភាព ដើម្បី​ធានា​ឱ្យ​ការ​បោះឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌»។

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន បែប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្រាន់​តែ​ជា​ចេតនា​ចង់​បំភ័ន្ត​សាធារណៈ​ជន​តែ​ប៉ុណ្ណោះ ពីព្រោះ​កន្លង​ទៅ ក្រុម​អង្គការ​សង្គម​ស៊ីវិល អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​សារព័ត៌មាន​ឯករាជ្យ មិន​អាច​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ពេញលេញ​បាន​ឡើយ ដោយសារ​តែ​ការ​គំរាម​កំហែង​ពី​សំណាក់​ក្រុម​អាជ្ញាធរ។ លើស​ពី​នេះ​ទៅទៀត អ្នក​នយោបាយ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល មើល​ឃើញ​ថា ក្រុម​អាជ្ញាធរ និង​គណបក្ស​កាន់​អំណាច​ទៅ​វិញ​ទេ ដែល​តែងតែ​បំពាន​ច្បាប់​បោះឆ្នោត ហើយ​ធ្វើ​បាប​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ។

ជុំវិញ​រឿង​នេះ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន ខណ្ឌ​ពោធិ៍សែនជ័យ លោក នល់ ពង្សធារិទ្ធ ថ្លែង​ថា ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣​នេះ មាន​ការ​ទទួល​ស្គាល់​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ និង​អង្គការ​អន្តរជាតិ លោក ហ៊ុន សែន ត្រូវតែ​បើក​លំហ​លទ្ធិ​ប្រជាធិបតេយ្យ និង​បញ្ឈប់​ការ​គំរាម​កំហែង​លើ​សកម្មជន​បក្ស​ប្រឆាំង​តទៅ​ទៀត។ ជាមួយ​គ្នា​នេះ លោក​ទទូច​សុំ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាប់​ជន​ដៃ​ដល់​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក និង​សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត ដើម្បី​បង្ហាញ​គំរូ​ភាព​នៅ​ក្នុង​ការ​លើក​កម្ពស់ ការ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​សុចរិត និង​យុត្តិធម៌។

    លោក នល់ ពង្សធារិទ្ធ៖ «ខ្ញុំ​សូម​ទទូច​ឱ្យ​រដ្ឋាភិបាល មុន​នឹង​ធ្វើ​រឿង​អ្វី​មួយ​ដែល​ទាក់ទង​នឹង​ការ​គំរាម​កំហែង ការ​ចាប់ចង សូម​ឱ្យ​ពិនិត្យ​ទៅ​លើ​ផ្លូវ​ច្បាប់​ឱ្យ​បាន​ច្បាស់​លាស់ ទី១។ ទី២ ខ្ញុំ​ចង់​ឱ្យ​រាជរដ្ឋាភិបាល​បើក​លំហ​ប្រជាធិបតេយ្យ សុំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ប្រើ​សិទ្ធិ​ស្មើៗ​គ្នា​ក្នុង​ការ​ចូល​រួម​គាំទ្រ​គណបក្ស​នយោបាយ កុំ​គិត​ថា​គេ​ចូល​រួម​គណបក្ស​ប្រឆាំង គេ​ចូលរួម​គណបក្ស​ជំទាស់ ថា​គេ​ខ្មាំង អត់ទេ អត់​មាន​គេ​ខ្មាំង​ទេ ខ្មែរ​ដូច​តែ​គ្នា​ទេតើ»។

កាល​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២២ កន្លង​ទៅ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ព្រម​ទាំង​ក្រុម​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត បាន​ណែនាំ និង​ក្រើន​រំលឹក​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ស្រប​ទៅ​តាម​ច្បាប់​ជាតិ​និង​អន្តរជាតិ ដើម្បី​ធានា​ឱ្យ​ការ​បោះឆ្នោត​អាច​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ក៏​ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​វាយ​តម្លៃ​ជា​ទូទៅ​ថា លោក ហ៊ុន សែន នឹង​មិន​ហ៊ាន​ធ្វើ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ ពីព្រោះ​លោក​ចង់​ឱ្យ​ការ​ផ្ទេរ​អំណាច​របស់​លោក​ទៅ​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត អាច​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន៕

1 comment:

Anonymous said...

You cannot tell dracula Hun Sen to stop sucking blood. Without cheating the election, Ah Sen would have gone to hell a long time ago.