Thursday, 5 January 2023

បក្ស​ប្រឆាំង​ចង់​ឃើញ​ការ​រួបរួម​ជាតិ​ក្នុង​ឆ្នាំ​ថ្មី តែ​បក្ស​កាន់​អំណាច​ប្ដេជ្ញា​បន្ត​កម្ចាត់​ក្រុម «ជ្រុល​និយម»


ដោយ មាន ឫទ្ធិ
2023.01.04
បក្ស​ប្រឆាំង​ចង់​ឃើញ​ការ​រួបរួម​ជាតិ​ក្នុង​ឆ្នាំ​ថ្មី តែ​បក្ស​កាន់​អំណាច​ប្ដេជ្ញា​បន្ត​កម្ចាត់​ក្រុម «ជ្រុល​និយម» 

លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន
រូប៖ ហ្វេសប៊ុក

 

ឆ្នាំ​ថ្មី​ឆ្នាំ២០២៣ នេះ គណបក្សប្រឆាំង​ធំ​ជាង​គេ គឺ​គណបក្ស​ភ្លើង​ទៀន​ចង់​ឃើញ​នូវ​ការ​ផ្សះផ្សា និង​រួបរួម​ជាតិ​ជា​ធ្លុង​មួយ​តាម​រយៈ​កិច្ច​សន្ទនា​នយោបាយ។ មន្ត្រី​បក្ស​កាន់​អំណាច​ស្វាគមន៍​ការ​លើក​ឡើង​នេះ តែ​បង្ហាញ​ជំហរ​ដាច់​ណាត់​ថា បក្ស​នេះ​នឹង​នៅតែ​បន្ត​អនុវត្ត​គោលនយោបាយ​កម្ចាត់​ក្រុម​អ្នក «ជ្រុលនិយម»។ អ្នក​វិភាគ​ព្រមាន​ពី​ការ​បែកបាក់​ឯកភាព​ជាតិ​កាន់​តែ​ធ្ងន់ធ្ងរ​បើ​អ្នកនយោបាយ​នៅ​តែ​ចាត់​ទុក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ។

ឆ្នាំ​ថ្មី​ឆ្នាំ២០២៣ នេះ អ្នក​នយោបាយ​ខ្មែរ​ទំនង​ជា​មិន​អាច​មុជ​ឱ្យ​ជ្រៅ​ទៅ​ឱ្យ​ឆ្ងាយ​ហួស​ពី​កម្អែល​វប្បធម៌​ចាស់​គំរឹល​នៃ​ការ​ចាត់​ទុក​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ​ឡើយ។ បក្ស​កាន់​អំណាច​បាន​ចំណាយ​ពេល​ពេញ​មួយ​ឆ្នាំ២០២២ ដាក់​ចេញ​យុទ្ធសាស្ត្រ​តាម​កម្ទេច​ក្រុម​អ្នក​ប្រឆាំង​ដែល​មាន​និន្នាការ​ផ្ទុយ​នឹង​ខ្លួន​ដល់​ទី​បញ្ចប់។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ប្រាប់ វិទ្យុ​អាស៊ី​សេរី​ថា សម្រាប់​ឆ្នាំ​ថ្មី​គឺ​ឆ្នាំ២០២៣ នេះ អ្វី​ដែល​គណបក្ស​ភ្លើង​ទៀន​ចង់​ឃើញ​បំផុត​នោះ​គឺ សង្គម​កម្ពុជា​មួយ ដែល​អ្នក​នយោបាយ​ខ្មែរ​ចេះ​ធ្វើការ​រួម​គ្នា​ជា​ធ្លុង​មួយ ដោយ​ងាក​មក​ផ្សះផ្សាជាតិ និង​រួបរួម​ជាតិ​ឡើង​វិញ។



លោក ថាច់ សេដ្ឋា៖ «គណបក្សភ្លើងទៀនយើង ចង់ឱ្យមានការផ្សះផ្សាជាតិ បង្រួបបង្រួម​ជាតិ​របស់​យើង ជាពិសេស ចង់ឱ្យមានការដោះលែងទម្លាក់ចោលការ​ចោទប្រកាន់​ទៅ​លើ​អ្នកទោស​មនសិការ​ទាំង​អស់។ យើងចង់ឱ្យមានការផ្សះផ្សាជាតិ ដោយការជជែកគ្នា ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ជាតិ​របស់​យើងរួម។ ជាពិសេស គឺ​យើង​ជជែកគ្នា ដើម្បីរកមធ្យោបាយក្នុងការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០២៣ ខាង​មុខ​នេះ ឱ្យ​បាន​ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និង​ឱ្យ​ទទួល​បានការ​សាទរ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ»។

ឆ្លើយតបនឹងការលើកឡើងនេះ មន្ត្រីគណបក្សកាន់អំណាចថា គណបក្សលោកស្វាគមន៍គ្រប់កម្លាំង​នយោបាយទាំង​អស់ក្នុងការប្រកួតប្រជែងការបោះឆ្នោតស្របតាមគោលការណ៍ច្បាប់។ ទោះយ៉ាង​ណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់​ជំហរ​ថា គណបក្ស​កាន់​អំណាច​នឹងមិនលើកលែងឱ្យក្រុមអ្នកប្រឆាំងទាំងឡាយណាដែលលោកហៅថាជា «ក្រុម​ជ្រុល​និយម» ឡើយ។

លោក សុខ ឥសាន៖ «យើងមានចង្អៀតចង្អល់អី? ក៏ប៉ុន្តែ សម្រាប់​ក្រុម​ជ្រុលនិយម យើងមិនអាច​សន្តិភាព​និយម​ជាមួយ​ពួក​នេះ​បាន​ទេ។ គ្រប់គណបក្សនយោបាយយើងមានចាត់ទុកថាជាខ្មាំង​សត្រូវ​ឯ​ណា គឺ​អត់ទេ។ យើងចាត់ទុកជាដៃគូប្រកួតប្រជែងក្នុងការបោះឆ្នោត ក៏ដូចជាដណ្តើម​អំណាច​ក្នុង​ការដឹកនាំប្រទេស...។ ក៏ប៉ុន្តែ ដូច​ជម្រាប​ខាង​ដើម​ហើយ គឺ​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូច​ជា​ប្រមុខ​គណបក្ស​ប្រជាជនបាន​ប្រកាសជាចំហ ហើយអត់មានលាក់លាមទេថា អត់​មាន​សន្តិភាព​ជាមួយ​នឹង​ក្រុម​ជ្រុល​និយម​ទេ។ ដូច្នេះ ក្រុមជ្រុលនិយម គឺអត់មានចរចា អត់​មាន​សម្រប​សម្រួល​អី​ជាមួយ​ក្រុម​ហ្នឹង​ទេ»។

គិតមកទល់ពេលនេះ គណបក្ស​កាន់អំណាចបានអនុវត្តយុទ្ធនាការគាស់រម្លើងប្រជាធិបតេយ្យអស់​រយៈ​ពេលជាង៥ឆ្នាំហើយចាប់តាំងពីការរម្លាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧មក។ យុទ្ធនាការ​នេះ ត្រូវក្រុមអ្នកតាមដានសង្គម និងនយោបាយកម្ពុជាមើលឃើញថា ធ្វើឡើងដើម្បីធានា​ជ័យជម្នះ​ទុកជាមុនសម្រាប់គណបក្សកាន់អំណាច។ យុទ្ធនាការនេះ ទំនងជាបន្តទៅទៀតក្នុង​ឆ្នាំ២០២៣ នេះ ស្របពេលកម្ពុជាត្រៀមរៀបចំ​ការបោះឆ្នោតជាតិជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ ហើយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងអនុវត្តផែនការ​ផ្ដាច់ព្រ័ត្រនៃការផ្ទេរអំណាច​ទៅឱ្យកូនៗ របស់​លោក។

ជាទូទៅនៅរៀងរាល់ពេលដល់រដូវកាលបោះឆ្នោតម្តងៗ លោក ហ៊ុន សែន តែងគំរាមថា កម្ពុជានឹង​ផ្ទុះ​សង្គ្រាមបើគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោត។ ជាក់ស្តែង នៅពេលដែល​គណបក្ស​លោក​ចាញ់ឆ្នោតកាលពីកាលបោះឆ្នោតជាតិឆ្នាំ១៩៩៣ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ លោក ហ៊ុន សែន បានគំរាមពុះច្រៀកទឹកដីកម្ពុជាជាពីរចម្រៀក ដោយ​លោក​នឹងក្រសោបយកទឹកដី​នៅ​ភាគ​ខាងកើតនៃទន្លេមេគង្គ។ ក្រោយមកទៀត លោកក៏បាន​ប្រើកម្លាំងទ័ព​ធ្វើរដ្ឋប្រហារបង្ហូរ​ឈាម​នៅខែកក្កដា ឆ្នាំ១៩៩៧ ទម្លាក់សម្តេចក្រុមព្រះ ដែលកាល​នោះ​ជា​នាយករដ្ឋមន្ត្រីទីមួយ ចេញពី​អំណាច។ អំពើគំរាមកំហែងមកលើក្រុមអ្នក​ប្រឆាំង​បាន​បន្ត​កើត​មាន​ឡើង​ជា​ហូរហែរនៅ​រៀងរាល់ពេលបោះឆ្នោត​ម្តងៗ។ នៅមុនការបោះឆ្នោតជាតិ​អាណត្តិទី៦ កាលពីឆ្នាំ២០១៨ លោក​បាន​ប្រកាសកម្ទេច​អ្វីមួយ ដែល​លោក​ហៅ​ថា អំពើ«បដិវត្តពណ៌»។ ចុងក្រោយនេះ នៅមុនការបោះ​ឆ្នោតជាតិ​ឆ្នាំ២០២៣ លោក ហ៊ុន សែន ក៏បានប្រកាសគាស់រម្លើង ឬសគល់​ក្រុមអ្នកប្រឆាំង ដែល​គាំទ្រ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដែលលោកហៅថាជា «ត្រកូល​ក្បត់ជាតិ​បី​ជំនាន់» និង​ជា​ក្រុម «ជ្រុលនិយម»។

លោក ហ៊ុន សែន៖ «ហ៊ុន សែន នឹង​ប្ដូរផ្ដាច់​កម្ចាត់​ចោល​នូវ​មនោគមវិជ្ជា​នៃ​ពូជ​ក្បត់​ជាតិ​បី​ជំនាន់។ ឥឡូវ​ជិត​ដល់​ខួប​លើក​ទី២០ នៃ​ការ​ដែល​អ្នក​ឯង​ដាក់​ចេញ "មានស៊ី អត់​សែន" "មាន​សែន អត់​ស៊ី" ព្រោះ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ២០០៣ អ្នក​ឯង​ដាក់​ចេញ​គោល​នយោបាយ​ហ្នឹង ឥឡូវ​ខ្ញុំ​ក៏​ទទួល​អនុវត្ត​គោល​នយោបាយ​ហ្នឹង​ដូច​គ្នា តែ​ខ្ញុំ​មិន​សម្លាប់​អ្នក​ឯង​នោះ​ទេ តែ​ដូច​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ដាក់​ចេញ​នូវ​គោលដៅ​កម្ចាត់​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា នៃ​របប​ខ្មែរក្រហម ខ្ញុំ​ធ្វើ​បាន។ ដូច្នេះ ឥឡូវ​ខ្ញុំ​ដាក់​ចេញ​នូវ​គោល​នយោបាយ​កម្ចាត់​ចោល​មនោគមវិជ្ជា​ជ្រុល​និយម​របស់​ជន​ក្បត់​ជាតិ​បី​ជំនាន់»។

អ្នកវិភាគនយោបាយ បណ្ឌិត មាស នី យល់ឃើញថា គណបក្សកាន់អំណាចរបស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបរាជ័យក្នុងការធានាឱ្យបាននូវឯកភាពជាតិ ដូចតាមអ្វីដែលបានព្រមព្រៀង​នៅ​ក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១។ លោកព្រមានថា ការបង្កើនការ​បង្ក្រាប​របស់​គណបក្សកាន់អំណាចមកលើក្រុមពលរដ្ឋដែលមានទស្សនៈផ្ទុយ ឬក្រុមអ្នកនឹងប្រឆាំង នឹងក្លាយជា «គ្រោះ» សម្រាប់បក្សកាន់អំណាចទៅវិញទេ។

បណ្ឌិត មាស នី៖ «ខ្ញុំមើលឃើញថា ការប្រកាសនៅក្នុងឆ្នាំ២០២២ របស់ប្រមុខរដ្ឋាភិបាលទៅលើ​ការ​ព្យាយាម​កម្ទេចឱ្យអស់ពីលើដល់ក្រោមនោះ គឺ​ខ្ញុំ​គិត​ថា វានឹងអាចនាំមកនូវគ្រោះសម្រាប់​គណបក្សកាន់អំណាច ជា​ជាង​ការ​នាំ​មក​នូវ​ផល​ចំណេញ ប្រសិនបើការបង្ក្រាប ឬការគំរាមទាំង​នោះ​នៅតែ​បន្ត​រហូត​ដល់​ឆ្នាំ២០២៣...។ ប្រសិនបើការគំរាមនៅតែមានជាបន្តទៅទៀតនោះ វា​នឹង​អាច​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច គាត់មានការពិបាកក្នុងការស្តារនូវប្រជាប្រិយភាពឡើងវិញ ហើយ​កាល​ណា​គាត់​មិន​បាន​ទទួល​នូវ​ទំនុកចិត្ត ទទួលបាន​នូវការគាំទ្រពីប្រជាពលរដ្ឋវិញទេនោះ គឺ​ខ្ញុំ​មាន​ជំនឿ​ថា តាម​រយៈ​ប្រព័ន្ធ​ចារកម្ម​របស់​រដ្ឋ គឺ​វា​នឹង​អាច​មាន​ការ​បង្ក្រាប​បន្ត​ទៀត។ ដូច្នេះ កាល​ណា​ការ​បង្ក្រាប​កាន់​តែ​ច្រើន ការ​លំបាក​ក្នុង​ការ​ទាមទារ ក្នុង​ការ​ទិញ​យក ឬ​ក៏​ទាញ​យក​បេះដូង​របស់​ពលរដ្ឋ​វិញ...»។

កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការ​បោះ​ឆ្នោត​នេះ នឹងក្លាយជាវិញ្ញាសាកាត់ក្តីលើយុទ្ធនាការ​បង្ក្រាប​ជា​ប្រព័ន្ធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោតជាតិដ៏ចម្រូងចម្រាស កាល​ពី​ឆ្នាំ២០១៨ មក។ គ.ជ.ប នៅតែរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថា ជាស្ថាប័នពុំឯករាជ្យ មិនអព្យាក្រឹត្យ និងមាននិន្នាការគាំទ្រគណបក្សកាន់អំណាច ខណៈក្បាលម៉ាស៊ីន ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នជាតិមួយនេះ ភាគច្រើនសុទ្ធតែត្រូវបានតែងតាំង និងជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា៕

No comments: