Wednesday, 18 January 2023

ភាព​មិន​ប្រក្រតី​៤យ៉ាង​ជុំវិញ​សំណុំរឿង​ចាប់​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា

Khmer Circle

He's clean? No record or history of wrong-doings? Make up one!

To Hun Sen Khmer nationalists and patriots any where are a threat to him, but a Khmer nationalist of Khmer Krom origins? That's even less tolerable...  

^^^

ដោយ ​មាន ឫទ្ធិ
2023.01.18
ភាព​មិន​ប្រក្រតី​៤យ៉ាង​ជុំវិញ​សំណុំរឿង​ចាប់​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា  
អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា។
រូប៖ គណបក្សភ្លើងទៀន

ភ្លាមៗ​ក្រោយពី​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់​ឃុំ​ខ្លួន​អនុប្រធាន​បក្ស​ភ្លើងទៀន​ដ៏​មាន​ឥទ្ធិពល លោក ថាច់ សេដ្ឋា មាន​រឿងរ៉ាវ​មន្ទិល​ជាច្រើន​ជុំវិញ​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ។ យ៉ាងហោចណាស់​មាន​រឿងរ៉ាវ​មន្ទិល​សង្ស័យ​ចំនួន ៤យ៉ាង ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​មើលឃើញ​ជុំវិញ​សំណុំ​រឿង​នេះ។

តើ​សំណុំ​រឿង​លោក ថាច់ សេដ្ឋា នេះ​មាន​ភាព​មិន​ប្រក្រតី​អ្វីខ្លះ ដែល​លោក​អ្នក​គួរ​ស្វែងយល់?

ការ​ចាប់​ឃុំខ្លួន​មេ​បក្ស​ប្រឆាំង​ដាក់គុក មិនមែន​ជា​រឿងរ៉ាវ​ថ្មីថ្មោង​នៅ​កម្ពុជា​នោះ​ទេ ជាពិសេស​នៅ​មុន​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ​ម្តងៗ។

ជាក់ស្តែង​នៅ​ប្រមាណ​មិនដល់​១ឆ្នាំ​ផង​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស​កាល​ពី​ឆ្នាំ២០១៨​កន្លង​ទៅ លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​តំណាង​ឱ្យ​ពលរដ្ឋ​ជិត​ពាក់​កណ្តាល​ប្រទេស ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន។ លោក ហ៊ុន សែន បាន​អួតអាង​ថា សូម្បីតែ​ឪ​ស្តេច​ម៉ែ​ស្តេច ក៏​លោក​មិន​ខ្លាច និង​សូម្បីតែ​មេបក្ស​ប្រឆាំង​ក៏​លោក​ហ៊ាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចូល​ចាប់​ខ្លួន​ទាំង​កណ្តាល​យប់។

 

ឥឡូវនេះ រឿងរ៉ាវ​ច្រំដែល​នៃ​ប្រវត្តិសាស្ត្រ​នេះ បាន​ធ្លាក់​មក​ចំ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ដែល​កំពុងតែ​មាន​ប្រជាប្រិយភាព គឺ​លោក ថាច់ សេដ្ឋា វិញ​ម្តង ស្របពេល​ដែល​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិទី៧ នឹង​ចូល​មក​ដល់​នៅ​មិន​ដល់​ពេល​ជាង ៦ខែ​ទៀត​នោះ។ សំណុំរឿង​ឈាន​ទៅ​ចាប់​ខ្លួន​អនុប្រធាន​បក្ស​ប្រឆាំង​រូបនេះ កើតមាន​ឡើង​ក្រោយពី​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បាន​ប្រកាស​ជា​ចំហ​ដាក់ចេញ​នូវ​គោល​នយោបាយ​ថ្នាក់​ជាតិ តាម​កម្ចាត់ និង​គាស់រម្លើង​ឬស​គល់​នៃ​អ្វីមួយ​ដែល​លោក​ហៅថា​ជា «មនោគមវិជ្ជា​ជ្រុលនិយម»។ ការ​ចាប់ខ្លួន​នេះ ក៏កើត​ឡើង​ក្រោយ​ពី​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​គោល​ដៅ​ប្តឹងផ្តល់​ដើម្បី​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ស្របច្បាប់​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើងទៀន គឺ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​មួយរូប​ទៀត គឺ​លោក សុន ឆ័យ និង​ឧត្តម​ទីប្រឹក្សា​គណបក្ស​នេះ គឺ​លោក គង់ គាំ។ ការ​ចាប់​ឃុំខ្លួន​លោក ថាច់ សេដ្ឋា នេះ ធ្វើ​ឱ្យ​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ​កម្ពុជា ដាក់ជា​ចម្ងល់​ថា តើ​បុគ្គល​ណា​ទៀត​ជា​គោលដៅ​បន្ទាប់​នៅ​ក្នុងជួរ​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​គណបក្ស​ភ្លើងទៀន ដែល​នឹង​ត្រូវ​រងគ្រោះបន្ត​នៅមុន​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា ខាងមុខ​នេះ។

អ្នកវិភាគ​នយោបាយ លោក មាស នី មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ​ជា​និន្នាការ​មួយ​បង្ហាញថា អ្នកនយោបាយ​បក្ស​ប្រឆាំង​ទំនងជា​នឹង​ពិបាក​គេច​រួច​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល។

លោក មាស នី៖ «ឥទ្ធិពល​របស់​ភ្លើងទៀន​ហាក់ដូចជា​នៅក្នុង​ក្រសែ​ភ្នែក​របស់​រដ្ឋាភិបាល។ បើ​យើង​មើល​ពី​យុទ្ធសាស្ត្រ​ដែល​យើង​ឃើញ​ពី​មុន​មក វា​ដូច​កញ្ច្រែង​រែង​អង្ករ​អ៊ីចឹង។ ដូច​យើង​ឃើញ​ស្រាប់ហើយ​ថា ឥឡូវ​វា​មាន​ទាំង​ការ​រឹបអូស​ទ្រព្យសម្បត្តិ ការ​ប្តឹង​ក្នុង​រឿង​ផ្ទាល់ខ្លួន ហើយ​រឿង​ផ្ទាល់​ខ្លួន​នេះ បើសិនជា​មិន​មាន​រឿង​បច្ចុប្បន្ន ក៏​យក​រឿង​អតីតកាល​មក​ដែរ។ ដូច្នេះ យើង​មើល​ទៅ​ក្នុង​ច្រក​ទាំងអស់​នេះ ខ្ញុំ​គិតថា​អ្នកធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរ មិន​មាន​អ្នកណាមួយ​គេច​រួច​ទេ។ តិចណាស់​ដែល​គេច​រួច»

រីឯ អ្នកវិភាគ​នយោបាយ​មួយ​រូប​ទៀត គឺលោក សេង សារី យល់ថា ការ​ចាប់​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា គឺជា​យុទ្ធសាស្ត្រ​មួយ​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​បោសសម្អាត​សង្វៀន​នយោបាយ​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ថ្មី​របស់​ខ្លួន។ លោក​មើល​ឃើញ​ថា ការណ៍​នេះ ក៏​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​រុញច្រាន​គណបក្ស​ភ្លើងទៀន​ឱ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដោយ​មិនចាំបាច់​ឈាន​ទៅ​រម្លាយ​គណបក្ស​នេះ​ចោល​ដូច​កាលដែល​តុលាការ​កំពូល​រម្លាយ​គណបក្ស​សង្គ្រោះជាតិ កាលពី​ចុងឆ្នាំ​២០១៧​កន្លង​ទៅ​នោះ​ទេ។

លោក សេង សារី៖ «យើង​មើល​គោលដៅ​នៅក្នុង​ការ​ចាត់ការ​ទៅលើ​អ្នកនយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង​គឺ​លែង​សំដៅ​ទៅ​លើ​គណបក្ស​នយោបាយ​ហើយ តែ​គឺ​សំដៅ​ទៅលើ​បុគ្គល​នយោបាយ​វិញ។ ខ្ញុំ​បាន​ធ្លាប់​ពន្យល់​រឿង​ហ្នឹង​ដែរ​ថា ជា​យុទ្ធសាស្ត្រ​នៅក្នុង​ការ​បោស​សម្អាត​សង្វៀន​នយោបាយ​សម្រាប់​អ្នក​ជំនាន់​ក្រោយ ឬ​ក៏​ឥឡូវនេះ អាច​ជា​មធ្យោបាយ​មួយ​ដែរ​នៅ​ក្នុង​ការ​រុញ​ភ្លើង​ទៀន ឱ្យ​ចេញ​ពី​សង្វៀន​នយោបាយ​ដោយ​មិន​ចាំបាច់​រម្លាយ​ទេ គឺ​បើសិន​ជា​ក្នុងករណី​ភ្លើងទៀន​សម្រេចចិត្ត​ធ្វើ​ពហិការ​មិន​ចូលរួម​ការបោះឆ្នោត គឺ​មាន​ន័យ​ថា ជា​ជោគជ័យ​ដោយ​មិន​ចាំបាច់​រម្លាយ​ភ្លើងទៀន​ទេ»

ក៏ប៉ុន្តែ លោក សេង សារី បញ្ជាក់​ថា ការ​បន្ត​បង្ក្រាប និង​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ ក៏​ធ្វើ​ឱ្យ​គណបក្សប្រឆាំង​កាន់តែ​កើនឡើង​ប្រជាប្រិយភាព ឬ​មាន​ការ​គាំទ្រ​ពី​មហាជន​កាន់តែ​ច្រើន​ផង​ដែរ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ទិត ដាលីន កាលពី​ថ្ងៃទី១៦ ខែ​មករា បាន​ចេញ​ដីកា​សម្រេច​ឱ្យ​ឃុំខ្លួន លោក ថាច់ សេដ្ឋា បណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំកែប្រែទី១ ឬ​គុក​ព្រៃស ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន» ឬ​ចេញ​សែក​អត់​លុយ ឬ​សែកស្អុយ ប្រព្រឹត្ត​នៅ​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ២០១៩។ រីឯ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី១៦ មករា ថា​លោក ថាច់ សេដ្ឋា បាន​ខកខាន​មិនបាន​ចូលខ្លួន​បំភ្លឺ​តាម​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ចំនួន​ពីរ​លើក​របស់​ចៅក្រម​ស៊ើបសួរ គឺ​ម្តង​កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និង​ម្តង​ទៀត​នៅ​ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ​ដដែល។

ភ្លាមៗ​ក្រោយ​ពី​ការ​ចាប់​ឃុំខ្លួន​លោក ថាច់ សេដ្ឋា នេះ មេធាវី​លោក ថាច់ សេដ្ឋា និង​អ្នកជំនាញ​ផ្នែក​ច្បាប់​បាន​លើកឡើង​ពី​រឿងរ៉ាវ​មន្ទិល​យ៉ាងហោចណាស់​ចំនួន៤យ៉ាង​ជុំវិញ​សំណុំ​រឿង​នេះ។ ភាព​មិន​ប្រក្រតី​ទាំងនេះ មាន​ដូចជា ពេលវេលា​នៃ​ការ​ចាប់ខ្លួន ការណ៍​ដែល​លោក ថាច់ សេដ្ឋា មិនដែល​ធ្លាប់​បាន​ទទួល​បាន​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ទាំងពីរ​លើក ការណ៍​ដែល​លោក ថាច់ សេដ្ឋា មិន​បាន​សរសេរ​ចុះ​កាល​បរិច្ឆេទ និង​ចំនួន​ទឹកប្រាក់​ជាក់លាក់​នៅ​លើ​សែក ឬ​មូលប្បទានប័ត្រ​សង​ប្រាក់ និង​ការ​លើកយក​សំណុំរឿង​លើ​អង្គហេតុ​តែ​មួយ​មក​កាត់ក្តី​ពីរ​ដង។

ជុំវិញ​ភាព​មិន​ប្រក្រតី​ទី១ សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី ពន្យល់​ប្រាប់ វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១៧ ​ខែ​មករា ថា លោក​កត់សម្គាល់​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការកំណត់​យក​ពេលវេលា​នៃ​ការ​ចាប់ខ្លួន​កូន​ក្តី​ខណៈ​ការ​បោះឆ្នោត​ជាតិ​នឹង​ឈាន​មកដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

លោក ជូង ជូងី៖ «ប្រសិនបើ​គាត់​ពិតជា​មាន​កំហុស ឬក៏​អី​យ៉ាងម៉េច​មែន​គួរតែ​រឿង​ហ្នឹង​គឺ​ស្រូត​ចាត់ការ​តាំងពី​ឆ្នាំ២០១៩ ឬ២០២០​មក​ម៉្លេះ មិនមែន​ចាំ​មក​ដល់​ឥឡូវនេះ​គឺ​ជិត​ដល់​បោះឆ្នោត​ហើយ​ទើបបាន​ចាត់ការ ខណៈ​ដែល​យុទ្ធនាការ​ឃោសនា​ជិត​មក​ដល់ ពីព្រោះ​ឥឡូវ​ខែ​មួយ​ហើយ ហើយ​ខែ​ប្រាំពីរ​គឺ​បោះឆ្នោត​ហើយ។ អ៊ីចឹង គឺ​ទាំង​គណបក្ស​កាន់អំណាច និង​គណបក្ស​ភ្លើងទៀន កំពុងតែ​ដុត​ដៃ​ដុត​ជើង​ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​ដើម្បី​ឈាន​ទៅ​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ២០២៣​ហ្នឹង»

ផ្អែក​តាម​ការ​អះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ក្រុងភ្នំពេញ អាជ្ញាធរ​រដ្ឋាភិបាល​បាន​ចំណាយពេល​ជាង១ឆ្នាំកន្លះ​ក្រោយពី​ការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ចុងក្រោយ​កាលពី​ខែ​មិថុនា ឆ្នាំ២០២១ ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា។

បើ​តាម​លោក ជូង ជូងី ភាព​មិន​ប្រក្រតី​ទីពីរ គឺ​លោក ថាច់ សេដ្ឋា មិនដែល​ធ្លាប់​បាន​ទទួល​បាន​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​របស់​ចៅក្រម។

លោក ជួង ជូងី៖ «ឯកឧត្តម ថាច់ សេដ្ឋា គាត់​អះអាង​ថា អាសយដ្ឋាន​ចង្អុល​នៅក្នុង​ដីកា​នាំ​ខ្លួន​គឺជា​អាសយដ្ឋាន​ដែល​គាត់​អត់​នៅ​យូរហើយ។ អ៊ីចឹង សួរ​ថា​បើសិនជា​តុលាការ​បញ្ជូន​ដីកា​បង្គាប់​ឱ្យ​គាត់​ចូលខ្លួន​ដោយ​ប្រើ​អាសយដ្ឋាន​ដែល​គាត់​អត់​រស់នៅ ថា​តើ​ឱ្យ​គាត់​ទទួល​បាន​យ៉ាងម៉េច? មួយទៀត គាត់​ថា អត់​ដែល​បាន​ទទួល​ដីកា​ពី​តុលាការ​ទាល់តែសោះ។ អ៊ីចឹង បើ​គាត់​អត់​ដែល​បាន​ទទួល​ដីកា​ពី​តុលាការ​ទាល់តែសោះ អាហ្នឹង​គឺ​ឱ្យ​គាត់​ចូល​របៀប​ម៉េច បើ​គាត់​អត់​ដែល​ទទួល​សោះ

រីឯ ភាព​មិន​ប្រក្រតី​ទីបី​ក្នុង​សំណុំ​រឿង​នេះ គឺ​លោក ថាច់ សេដ្ឋា មិនបាន​សរសេរ​ចុះ​កាល​បរិច្ឆេទ និង​ចំនួន​ទឹកប្រាក់​ជាក់លាក់​នៅ​លើ​សែក ឬ​មូលប្បទានប័ត្រ​សង​ប្រាក់​នោះ​ទេ។

លោក ជូង ជូងី៖ «អ៊ីចឹង ក្រោយ​ពី​ខ្ញុំ​ស្តាប់​គាត់​រ៉ាយរ៉ាប់​​ត្រួសៗ​មក​ថា សែក​ដែល​គាត់​ឱ្យ​ទៅ​គេ មាន​តែ​ហត្ថលេខា​ទេ អត់​ទាន់​សរសេរ​ថា ទឹកប្រាក់​ប៉ុន្មាន ហើយនឹង​បើក​នៅ​ពេលណា។ អ៊ីចឹង បើសិនជា​សែក​ហ្នឹង​យក​ទៅ​ជា​ភស្តុតាង​នៅ​តុលាការ សួរ​ថា​តើ​នរណា​ជា​អ្នក​ចេញ​សែក​ហ្នឹង​ពិតប្រាកដ ហើយ​សែក​ហ្នឹង​ត្រូវ​មាន​សុពលភាព​នៅ​ពេល​ណា?»

មេធាវី​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី ពន្យល់​បន្ត​ថា តុលាការ​ទំនងជា​ចាត់ការ​ពីរ​ដង​លើ​សំណុំរឿង​សែក​ដែល​ជា​អង្គ​ហេតុ​តែមួយ ដែល​ផ្ទុយ​ពី​នីតិវិធី​ច្បាប់។

លោក ជូង ជូងី៖ «ក្នុង​អង្គ​ហេតុ​មួយ តុលាការ​មិនអាច​ចាត់ការ​លើស​ពី​មួយ​ដង​ទេ។ គ្រាន់​តែ​ថា រឿង​ហ្នឹង​គឺ​ដូចជា​កើតឡើង​តាំងពី​ឆ្នាំ២០១១ ឬ២០១២ មក​ម៉្លេះ ហើយដែល​ដើម​បណ្តឹង​ប្តឹង​គាត់​មួយ​សារ​ហើយ​ពី​បទ​ឆបោក ប៉ុន្តែ បរាជ័យ។ សាលាដំបូង​ឱ្យ​គាត់​រួច​ផុត​ពី​បទ​ចោទ​ប្រកាន់។ ដល់​ពេល​ទៅ​ឧទ្ធរណ៍ ឧទ្ធរណ៍​គឺ​នៅ​តែ​មិន​ចោទ​ប្រកាន់​គាត់​ដដែល​ គឺ​​ឱ្យ​គាត់​រួចផុត​ពី​ការចោទប្រកាន់​ហ្នឹង​ដដែល ក្នុង​ន័យ​ថា គាត់​អត់មាន​កំហុស​ក្នុង​បទ​ឆបោក​ទេ។ បន្ទាប់​មក​ទៀត គឺ​ដើម​បណ្តឹង​គាត់​យក​ករណី​សែក​​ដដែល​ហ្នឹង​មក​ប្តឹង​គាត់​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ក្នុង​ន័យ​ថា ចោទប្រកាន់​គាត់​ពី​រឿង​សែក​អត់មាន​ទឹកប្រាក់។ ឥឡូវហ្នឹង​គឺ​សំណុំរឿង​ហ្នឹង គឺ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​តាំង​ពី​ឆ្នាំ២០១៩​មក​ម្ល៉េះ»

ផ្អែក​តាម​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ចុះថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ​២០១៩ ដែល​សម្រេច​ឱ្យ​លោក ថាច់ សេដ្ឋា ឈ្នះក្តី​ពី​បទ «ឆបោក» លោក ថាច់ សេដ្ឋា បាន​ខ្ចីប្រាក់​ពី​ក្រុមហ៊ុន រិនឆាយ ផនសប (Rin Chhay Pawnshop) ចំនួន​ជាង ៣ម៉ឺន​ដុល្លារ (៣៣.៤០០ ដុល្លារ) ដោយ​យក​ប្លង់ដី និង​ផ្ទះ ៥កន្លែង​ទៅ​បញ្ចាំ។ ប្លង់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​ទាំងនោះ ជា​របស់​សហគមន៍​ខ្មែរ​កម្ពុជាក្រោម និង​មាន​ការ​ឯកភាព​ពី​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ឱ្យ​លោក​យក​ទៅ​បញ្ចាំ​ដើម្បី​យក​ប្រាក់​មក​បម្រើ​ការងារ​ជា​ប្រយោជន៍​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​នីតិវិធី​របស់​តុលាការ​ជា​ឧបសគ្គ​មួយ​សម្រាប់​អ្នកនយោបាយ​លេចធ្លោ​មក​ពី​គណបក្សប្រឆាំង។

លោក វ៉ន ចាន់ឡូត៖ «ពេលខ្លះ​យើង​វិភាគ​ផ្នែក​ច្បាប់ យើង​មិន​ដឹង​ជា​យក​ជ្រុង​ណា​មក​វិភាគ​ត្រូវ​ទេ ពីព្រោះ​រឿង​ហ្នឹង​វា​មិន​ដឹង​ថា ត្រូវ​បកស្រាយ​ថា​យ៉ាងម៉េច? ហើយ​បើ​យើង​រំលេច​ទៅ​នឹង​ទិដ្ឋភាព​ពិត​នៅក្នុង​សង្គម ដូច​យើង​ឃើញ​អ៊ីចឹង ពេលខ្លះ​មនុស្ស​ខ្លះ​អត់មាន​បញ្ហា ឬក៏​កំហុស​អី​ទេ។ ប៉ុន្តែ យ៉ាងហោចណាស់​ក៏​អាច​ត្រូវ​ទទួល​រង​នូវ​ការចោទប្រកាន់​ណាមួយ ហើយ​នីតិវិធី​របស់​តុលាការ​ហ្នឹង​ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​អ្នក​ទាំង​ហ្នឹង​ឬក៏​ជាពិសេស​គណបក្សប្រឆាំង​ដែល​គាត់​ចូល​ប្រឡូក​ទៅ​ក្នុង​វិស័យ​នយោបាយ​របស់​គាត់​ដែរ»

គិត​ត្រឹម​យប់​ថ្ងៃទី១៧ ខែ​មករា វិទ្យុអាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ម្ចាស់​ក្រុមហ៊ុន រិនឆាយ ផនសប លោក ហាយ វណ្ណរិន ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​រឿង​នេះ​បា​ននៅ​ឡើយ​ទេ។ វិទ្យុ​អាស៊ីសេរី ក៏​មិន​ទាន់​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​សំណុំរឿង​របស់​លោក ថាច់ សេដ្ឋា នេះ​បាន​នៅ​ឡើយ​ទេ។

ភ្លាមៗ​ក្រោយ​ការ​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា គណបក្ស​ភ្លើងទៀន​ប្រកាស​ថា សំណុំ​រឿង​នេះ​គឺជា​រឿង​នយោបាយ និង​ជា​រូបភាព​គំរាមកំហែង។ គណបក្ស​នេះ​អំពាវនាវ​ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា ដើម្បី​ធានា​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការបោះឆ្នោត​ជាតិ​ខាងមុខ។ កាលពី​ដើម​ខែ​ឧសភា ឆ្នាំ២០២២ សភា​អឺរ៉ុប ធ្លាប់​បាន​ព្រមាន​ថា នឹង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង បើ​រក​ឃើញ​ថា ការបោះឆ្នោត​ខាងមុខ គ្មាន​ភាព​សេរី និង​ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​តាម​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ប្រសិនបើ​មាន​ការ​ឈាន​ទៅ​រម្លាយ​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ធំជាង​គេ៕

No comments: