Friday, 20 January 2023

គណបក្ស​ភ្លើងទៀន​ប្ដេជ្ញា​រក្សា​ពង្រឹង​ជំហរ​​ក្នុង​ពេល​គណបក្ស​កាន់អំណាច​ធ្វើ​ទុក្ខបុកម្នេញ


ដោយ ទីន ហ្សាការីយ៉ា
2023.01.19
 

គណបក្ស​ភ្លើងទៀន​ប្ដេជ្ញា​រក្សា​ពង្រឹង​ជំហរ​​ក្នុង​ពេល​គណបក្ស​កាន់អំណាច​ធ្វើ​ទុក្ខបុកម្នេញ 

អនុប្រធាន​គណបក្សភ្លើងទៀន លោក សុន ឆ័យ កាលពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ


គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា គណបក្សប្រឆាំង​នេះ​ នៅតែ​បន្ត​ពង្រឹង​ជំហរ​ និង​រៀបចំ​រចនាសម្ព័ន្ធ​របស់​ខ្លួន​ឲ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត​ សម្រាប់​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ ការ​ប្រកាស​បែប​នេះ​ធ្វើឡើង នៅ​ស្រប​ពេល​គណបក្ស​កាន់អំណាច​ កំពុង​តែ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​នេះ។ អ្នកវិភាគ​ថា គណបក្សភ្លើងទៀន​ប្រកាន់​ជំហរ​បែប​នេះ​ ជា​រឿង​ត្រឹមត្រូវ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ អះអាងថា​ គណបក្សភ្លើងទៀន​ មិន​ចុះ​ញម​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​ណាមួយ​ មក​លើ​មន្ត្រី​របស់​ខ្លួន​ឡើយ។

លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ដែល​កំពុង​រង​បណ្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ អះអាង​នៅថ្ងៃទី១៨ មករា ថា គណបក្ស​ភ្លើងទៀន​ នៅតែ​បន្ត​ដំណើរ​ទៅមុខ​ រក្សា​ជំហរ​រឹងមាំ​ និង​ពង្រឹង​សកម្មភាព​របស់​ខ្លួន​ថែមទៀត​ ដើម្បី​បំរើ​ប្រទេសជាតិ​។



    លោក សុន ឆ័យ៖ «គណបក្ស​ភ្លើង​ទៀន​ហ្នឹង​ត្រូវ​រក្សា​សាមគ្គីភាព​ ពង្រឹង​សកម្មភាព និង​ជំហរ​ឲ្យ​រឹងមាំ។ ការ​បង្កើន​សកម្មភាព​ឲ្យ​មាន​អ្នកគាំទ្រ​កាន់តែ​ច្រើន​ និង​សាមគ្គីភាព​នេះ​ហើយ​ ដែល​ធ្វើឲ្យ​គណបក្សកាន់អំណាច​ពិចារណា​ លើ​ការ​បន្ថយ​សកម្មភាព​គំរាមកំហែង»។

ការ​ប្ដេជ្ញាចិត្ត​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ នៅ​ស្របពេល​គណបក្ស​នេះ​ កំពុង​រងទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់អំណាច​ជា​បន្តបន្ទាប់​ ក្នុង​នោះ​ រួមមាន​ លោក សុន ឆ័យ​ កំពុង​រង​បណ្ដឹង​ពី​គណបក្ស​កាន់អំណាច​ ដែល​គណបក្ស​នេះ​ទាមទារ​ជំងឺចិត្ត​ ចំនួន ១លានដុល្លារ​ រឿង​លោក សុន ឆ័យ រិះគន់​លទ្ធផល​បោះឆ្នោត​ឃុំ​-សង្កាត់។​ ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន​ លោក គង់ គាំ​ ក៏​រង​បណ្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។​ ក្រៅ​ពី​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​គំរាម​វាយ​ខ្នោះ​លោក គង់ គាំ ថែមទៀត​ រឿងលោក​ រិះគន់​ប្រវត្តិ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​ក្រោយ​ពី​លោក​ប្រគល់ដី និងផ្ទះ​ ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​ជូន​រដ្ឋាភិបាល​វិញ​ ទើប​លោក ហ៊ុន សែន​ លើកលែង ​និង​ដក​ពាក្យ​បណ្ដឹង​វិញ។​ ក្រៅ​ពី​នេះ​ទៀត​ សកម្មជន​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន​កំពុងតែ​ជាប់​ពន្ធនាគារ​ដែរ។

ករណី​ចុងក្រោយ​ អនុប្រធាន​គណបក្ស​ភ្លើងទៀន​មួយ​រូប​ទៀត​ លោក ថាច់ សេដ្ឋា ​ទោះបីជា​តុលាការ​ចោទ​ប្រកាន់​ពី​រឿង​ចេញ​សែក​គ្មាន​ទឹកប្រាក់​ក៏ដោយ​ ក៏ប៉ុន្តែ​សំណុំ​រឿង​នេះ​ ត្រូវ​បាន​អ្នកវិភាគ​និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អះអាង​ថា​ ជា​រឿង​នយោបាយ។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​ លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា​ ជារឿងត្រឹមត្រូវ​ ដែល​គណបក្ស​ភ្លើងទៀន​ នៅតែ​រក្សា​ជំហរ​រឹងមាំ​ នៅ​ក្នុង​ពេល​គណបក្ស​កាន់អំណាច​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​បែបនេះ។

    ​បណ្ឌិត សេង សារី៖ «ភ្លើងទៀន​ហាក់ដូចជា​ដើរ​ត្រូវ​គន្លង​យុទ្ធសាស្រ្ត​ឡើងវិញ​ ដោយសារតែ​ការ​ធ្វើ​ទុក្ខបុកម្នេញ​កន្លង​មក​នេះ​ជា​ចេតនា​មួយ​ជំរុញ​ឲ្យ​ភ្លើង​ទៀន​ដើរ​ចេញ​ពី​ផ្លូវ​បោះឆ្នោត​ដែរ។ សេចក្ដីថ្លែងការណ៍​របស់​ភ្លើងទៀន​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​មូលដ្ឋាន​មាន​កម្លាំងចិត្ត​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ការ​ធ្វើ​ផ្លាស់ប្ដូរ​ផង​ដែរ»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន អះអាង​ថា​ តុលាការ​ចាត់​ការ​មន្រ្តី​គណបក្ស​ភ្លើង​ទៀន​នេះ​ ជា​រឿង​អនុវត្ត​ច្បាប់​មិនមែន​ជា​រឿង​ធ្វើ​ទុក្ខបុកម្នេញ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ​។

    លោក សុខ ឥសាន៖ «អីចឹង​មិនមែន​គណបក្ស​កាន់អំណាច​ទៅ​ធ្វើ​បាប​គាបសង្កត់​ពួកគាត់​ទេ​ គឺ​គាត់​បង្កើត​បញ្ហា​ដោយ​ខ្លួន​គាត់​ ហើយ​គាត់​ត្រូវ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់។​ ដូច្នេះហើយ​អត់​មាន​និយាយ​ថា សភាព​នយោបាយ​ក្ដៅ​ត្រជាក់​អី​ គឺពួកគាត់​បង្កើត​ខ្លួន​គាត់​ទេ​។ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​អត់​មាន​តួនាទី​អី​ជំនួស​តុលាការ​ដោះស្រាយ​រឿង​ពិរុទ្ធភាព​របស់​គណបក្ស​ភ្លើងទៀន​ទេ»។

 ទោះបីជា​លោក សុខ ឥសាន អះអាង​បែប​នេះក្ដី​ ក៏​ប៉ុន្តែ​អង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ អះអាង​ថា គណបក្ស​កាន់អំណាច​កំពុង​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​នយោបាយ បង្រ្កាប​ទៅ​លើ​ដៃគូ​ប្រកួត និង​អ្នក​រិះគន់។

របាយការណ៍​របស់​ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights watch)​ ចេញផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ​បើក​យុទ្ធនាការ​បង្រ្កាប​ ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​តទៅ​មុខ​ទៀត។ របាយការណ៍​បាន​លើកចំៗ ​ថា​ លោក ហ៊ុន សែន​ ត្រូវ​ដាក់​បញ្ចូល​ក្នុងចំណោម​អ្នកដឹកនាំ ​ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា​នយោបាយ​គ្រប់គ្រង​កងកម្លាំង​ប្រដាប់​អាវុធ​គៃ​បន្លំ​ការ​បោះឆ្នោត​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។​ លោក ហ៊ុន សែន ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​ រួមមាន​អំពើ​កាប់សម្លាប់​ក្រៅច្បាប់​ ទារុណកម្ម​ ការ​ចាប់​ឃុំ​ខ្លួន​ ត្រួតត្រា​ រារាំងសេរីភាពសមាគម​ ការជួបប្រជុំ​ និង​ការ​បង្កើត​បណ្ដាញ​ស៊ើបការណ៍​ រាយការណ៍​នៅ​ពេញ​ប្រទេស​ ក្នុង​គោល​បំណង​បំភិតបំភ័យ​ បំភ័ន្ត​សាធារណៈមតិ។​ យុទ្ធសាស្ត្រ​ចម្បង​ជាងគេ​ របស់​លោក ហ៊ុន សែន​ គឺ​ការ​គំរាមកំហែង​ និង​ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ​ និង​តុលាការ។​

ទាក់ទង​នឹង​បញ្ហា​នេះ​ លោកបណ្ឌិត សេង សារី លើកឡើង​ថា​ គណបក្ស​កាន់អំណាច​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​ ធ្វើ​ទុក្ខបុកម្នេញ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ ក្រោម​រូបភាព​អនុវត្ត​ច្បាប់​បែបនេះ​ គ្មាន​ចំណេញ​អ្វី​ឡើយ។​ ផ្ទុយទៅវិញ​ លោក​​អះអាងថា​ នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់អំណាច​ធ្លាក់ចុះ​ប្រជាប្រិយភាព​ទៅ​វិញ​ទេ។

    បណ្ឌិត សេង សារី៖ «ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្ទួនៗ​ នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​មើលឃើញ​កាន់តែ​ច្បាស់​ទៅ​វិញ​ទេ​ថា​ គណបក្ស​កាន់​អំណាច​កំពុងតែ​ប្រើប្រាស់​តុលាការ​ក្នុង​ការ​វាយប្រហារ​គណបក្ស​ភ្លើងទៀន។​ដូច្នេះ​ធម្មជាតិ​របស់​ពលរដ្ឋ​ខ្មែរ​តែងតែ​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ។ ដូច្នេះ​គណបក្ស​កាន់អំណាច​បាត់បង់​អ្នក​គាំទ្រ​ខ្លាំង​ណាស់»។

លោក សុន ឆ័យ បន្ថែម​ថា​ ទោះបីជា​គណបក្ស​ភ្លើងទៀន​ កំពុងតែ​ប្រឈម​នឹង​ការ​គំរាមកំហែង​បែប​នេះ​ក្ដី​ គណបក្ស​ភ្លើងទៀន​ ក៏​ស្វះស្វែង​រក​ការ​សន្ទនា​ជាមួយ​គណបក្ស​កាន់អំណាច​ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ ធានាថា​ គ្មាន​ការ​គំរាមកំហែង​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ណាមួយ​កើតឡើង។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ លោក សុខ ឥសាន បញ្ជាក់ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​ចរចា​ ជាមួយ​គណបក្ស​ភ្លើងទៀន​ឡើយ។​ លោកអះអាងថា​ កម្ពុជា​មាន​សុខ​សន្តិភាព។​ ហើយ​មន្ត្រី​របស់​គណបក្ស​ភ្លើងទៀន​ ដែល​រង​បណ្ដឹង​នៅ​តុលាការ​គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ក្នុង​ការ​អនុវត្ត​ច្បាប់។​

 អ្នកវិភាគថា​ សន្តិភាព​ដែល​លោក អះអាងនេះ​ ជា​សន្តិភាព​សម្រាប់​តែ​ក្រុម​គណបក្ស​កាន់​អំណាច​ មិនមែន​សន្តិភាព​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​សង្គម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​សេចក្ដី​សុខ​ឡើយ។​ លោក បណ្ឌិត សេង សារីថា​ ការ​សន្ទនា​គ្នា​រវាង​គណបក្ស​ទាំងពីរ​ ជា​ជម្រើស​ល្អ​សំរាប់​ឲ្យ​ដំណើរការ​បោះឆ្នោត​រលូន​ទៅ​មុខ​ ដោយ​ធានា​ថា​ ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ក្រៅពី​គណបក្ស​ភ្លើងទៀន​ ប្រកាស​អំពី​បន្ត​ជំហរ​រឹងមាំ​នេះ​ គណបក្ស​នេះ​ក៏​បញ្ជាក់​នៅ​លើ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ចេញ​នៅថ្ងៃទី១៨ មករានេះដែរថា​ គណបក្សភ្លើងទៀន​ ប្រឆាំងដាច់ខាត​ ចំពោះ​ការ​គាប​សង្កត់​ ការគំរាមកំហែង​ និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​គ្រប់​រូបភាព​គណបក្ស​កាន់អំណាច។​ គណបក្ស​នេះ​ទាមទារ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់។ ​គណបក្ស​ភ្លើងទៀន​ អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទាំងអស់​ ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ឲ្យ​បាន​ត្រឹមត្រូវ៕

2 comments:

Anonymous said...

This guy looks pretty hopeless. The only way he can survive physically and politically is by denouncing his leader and such dictator Hun Sen's balls at the same time.

Anonymous said...

This guy looks pretty hopeless. The only way he can survive physically and politically is by denouncing his leader and sucking dictator Hun Sen's balls at the same time.