2023.03.08

តំណាងសមាគមខ្មែរ និងមន្ត្រីបក្សប្រឆាំង គាំទ្រសមាជិកសភាសហព័ន្ធអូស្ត្រាលី ដែលបានស្នើសុំរដ្ឋាភិបាលអូស្ត្រាលីឱ្យបិទទិដ្ឋាការ ឬវីសា (Visa) មិនឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក គឹម សន្តិភាព និងក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ចូលប្រទេសអូស្ត្រាលីតទៅទៀត។ ពួកគាត់ ចាត់ទុកថា ការលើកឡើងរបស់តំណាងរាស្ត្រអូស្ត្រាលី ដែលថា ក្រុមមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងជ្រៀតជ្រែកចូលប្រទេសអូស្ត្រាលី ដើម្បីតាមធ្វើទុក្ខបុកម្នេញ យាយី និងបំភិតបំភ័យដល់ពលរដ្ឋខ្មែរ មិនឲ្យនិយាយរិះគន់របបដឹកនាំផ្តាច់ការរបស់ខ្លួននោះ គឺឆ្លុះបញ្ចាំងពីការពិត។
តំណាងសមាគមខ្មែរ និងមន្ត្រីបក្សប្រឆាំង លើកឡើងថា នេះជាជោគជ័យមួយសម្រាប់ពលរដ្ឋខ្មែររងគ្រោះ បន្ទាប់ពីសមាជិកសភាសហព័ន្ធមកពីគណបក្សពលករ ដែលកំពុងដឹកនាំរដ្ឋាភិបាល បានចេញមុខទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលី ហាមការធ្វើដំណើរចូលប្រទេសអូស្ត្រាលីរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប គឺ លោក គឹម សន្តិភាព និងអ្នកជំនួញមួយរូប ដែលត្រូវជាក្មួយប្រុសលោក ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ។
ប្រធានសមាគមខ្មែររដ្ឋវិចតូរីយ៉ា (Victoria) លោក ជា យូហ៊ន ថ្លែងថា ការលើកឡើងរបស់លោក ជូលៀន ហ៊ីល (Julian Hill) ជាតំណាងរាស្ត្រប្រចាំតំបន់ប្រ៊ុស (Bruce) ជាទីមានពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ-អូស្ត្រាលីបានមកតាំងទីលំនៅច្រើនជាងគេនោះ គឺជារឿងត្រឹមត្រូវ ព្រោះតំណាងរាស្ត្ររូបនេះ បានតាមដានយ៉ាង ដិតដល់អំពីក្រុមមន្ត្រីរដ្ឋាភិបាល លោក ហ៊ុន សែន មានលោក គឹម សន្តិភាពជាដើម ដែលមកធ្វើសកម្មភាពគំរាមកំហែង និងបំបែកបំបាក់សហគមន៍ខ្មែរនៅអូស្ត្រាលី។ លោកបញ្ជាក់ថា រូបលោកផ្ទាល់ ក៏ធ្លាប់ទទួលរងការគំរាមសម្លាប់ដែរ ក្រោយចូលរួមដឹកនាំបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន នៅទីក្រុងស៊ីដនី (Sydney)កាលពីឆ្នាំ២០១៨ ហើយកាលនោះ ប៉ូលិសអូស្ត្រាលី បានបើកការស៊ើបអង្កេត និងបានទៅសួរនាំលោក ហ៊ុន តូ ដល់ផ្ទះជុំវិញករណីគំរាមសម្លាប់នេះដែរ។
ការលើកឡើងរបស់តំណាងសហគមន៍ខ្មែរនេះ គឺបន្ទាប់ពីតំណាងរាស្ត្រអូស្ត្រាលីលោក ជូលៀន ហ៊ីល (Julian Hill) បានថ្លែងនៅក្នុងរដ្ឋសភាសហព័ន្ធអូស្ត្រាលី កាលពីព្រលប់ថ្ងៃទី៧ ខែមីនា ពាក់ព័ន្ធនឹងយុទ្ធនាការជ្រៀតជ្រែករបស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលបានដាក់គោលដៅតាមធ្វើទុក្ខបុកម្នេញ យាយី និងបំភិតបំភ័យពលរដ្ឋខ្មែរនៅលើទឹកដីអូស្ត្រាលី ដើម្បីបំបិទសំឡេងរិះគន់លើរបបដឹកនាំរបស់លោក ឬអ្នកណា ដែលលើកឡើងអំពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
លោក ជូលៀន ហ៊ីល (Julian Hill) លើកឡើងថា កាលពីឆ្នាំ២០១៨ ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងស៊ីដនី (Sydney) លោក ហ៊ុន សែន បានគំរាមតាមវាយពលរដ្ឋខ្មែរនៅអូស្ត្រាលីដល់ផ្ទះ ប្រសិនបើពួកគេហ៊ានធ្វើបាតុកម្មដុតរូបទីងមោងប្រឆាំងលោក។ មួយខែក្រោយមក តំណាងសហគមន៍ខ្មែរល្បីៗ និងជាអ្នកដឹកនាំធ្វើបាតុកម្ម រួមមាន លោក ជា យូហ៊ន លោក ហុង លីម លោក តាក់ ម៉េងហ៊ាង និងភរិយាបណ្ឌិត កែម ឡី គឺលោកស្រី ប៊ូ រចនា បានទទួលលិខិតគំរាមសម្លាប់តែម្តង។ លោក ជូ លៀន ហ៊ីល បន្តថា លិខិតគំរាមសម្លាប់នេះ ត្រូវបានគេរាយការណ៍ថា មានប្រភពចេញពីមនុស្សម្នាក់ ដែលជាសមាជិកគ្រួសាររបស់លោក ហ៊ុន សែន ។ ទីបំផុត ក្មួយប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន តូ ត្រូវបានប៉ូលិសអូស្ត្រាលី ចុះទៅសួរនាំអំពីការគំរាមសម្លាប់នេះ។ លើសពីនេះ កាលពីឆ្នាំ២០០៣ លោក ហ៊ុន តូ គួរតែត្រូវបានប៉ូលិសអូស្ត្រាលី ចាប់ខ្លួនម្ដងហើយពាក់ព័ន្ធនឹងការដឹកគ្រឿងញៀនហេរ៉ូអ៊ីន ចូលប្រទេសអូស្ត្រាលី ដោយបង្កប់ក្នុងឈើ។
តំណាងរាស្ត្រអូស្តា្រលីរូបនេះ លើកឡើងដែរថា លោក ហ៊ុន តូ និងប្រពន្ធរបស់លោក គឺអ្នកស្រី ថៃ ជែកគី (Jackie Thai) មានទ្រព្យសម្បត្តិរាប់លានដុល្លារនៅប្រទេសអូស្ត្រាលី ដោយគ្មានការពន្យល់ស្របច្បាប់ណាមួយថា ទ្រព្យសម្បត្តិទាំងនេះ មានប្រភពពីណានោះទេ។ប៉ុន្តែលោក ជូ លៀន ហ៊ីល ប្រាប់ប្រធានសភាអូស្ត្រាលីថា គ្មានអ្វីអាចលាក់បាំងបានឡើយ ព្រោះលោក ហ៊ុន តូ មានជំនួញខុសច្បាប់ជាច្រើន ដូចជា ការជួញដូរគ្រឿងញៀន ការកាប់បំផ្លាញព្រៃឈើការជួញដូរសត្វព្រៃ និងបនល្បែងជាដើម ហើយថ្មីៗ នេះ ក៏មានរបាយការណ៍រកឃើញអំពីការជួញដូរមនុស្សទ្រង់ទ្រាយធំទៀតផង។ ក្រៅពីនេះ លោក ជូ លៀនហ៊ីល ថា លោក ហ៊ុន តូ ក៏ធ្លាប់រងការចោទប្រកាន់ថា បានប្រើប្រាស់អង្គរក្សរបស់ខ្លួនទៅវាយដំតំណាងរាស្ត្របក្សប្រឆាំងពីររូប ឲ្យរងរបួសជាទម្ងន់នៅមុខវិមានរដ្ឋសភា ប៉ុន្តែ លោក ហ៊ុន តូ គ្មានវិបាកអ្វីឡើយ ដូចគ្នានឹងករណីធ្វើទៅលើអ្នករិះគន់នៅក្នុងប្រទេសអូស្ត្រាលីនេះដែរ។ លោក ជូ លៀន ហ៊ីល ពន្យល់ថា មូលហេតុដែលលោក ហ៊ុន តូ គ្មានផលវិបាក ហើយជនរងគ្រោះមិនហ៊ានប្តឹងទៅប៉ូលិសនោះ ចម្លើយគឺសាមញ្ញដោយសារថា ជនរងគ្រោះដែលរស់នៅអូស្ត្រាលី ព្រួយបារម្ភអំពីសាច់ញាតិរបស់ពួកគេ នៅឯប្រទេសកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងមេជើងកាង ដូចជា លោក ហ៊ុន តូ ដែលត្រូវជាក្មួយប្រុសរបស់ លោក ហ៊ុន សែន។
ក្រៅពីលោក ហ៊ុន តូ នោះ លោក ជូ លៀន ហ៊ីល ក៏បានលើកចំឈ្មោះលោក គឹម សន្តិភាព ដែលជាមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត ដែរ ។ លោក រៀបរាប់ថា លោក គឹម សន្តិភាព តែងតែជិះយន្តហោះមកពិធីឃោសនានយោបាយនៅអូស្ត្រាលី ដោយប្រើវិធីជ្រៀតជ្រែក គំរាមកំហែង បង្ខិតបង្ខំ និងបំបែកបំបាក់សហគមន៍ខ្មែរ។ លោក ជូ លៀន ហ៊ីល សង្កត់ធ្ងន់ថា មនុស្សដូចលោក ហ៊ុន តូ និងលោក គឹម សន្តិភាព នេះ រដ្ឋាភិបាលអូស្ត្រាលី គួរតែបញ្ឈប់ផ្តល់ទិដ្ឋាការ ឬវីសាកុំឲ្យពួកគេមកជាន់អូស្ត្រាលីតទៅទៀត។ លោក ថា រដ្ឋាភិបាលអូស្ត្រាលី គួរតែធ្វើនូវអ្វីដែលអាចធ្វើបាន ដើម្បីដោះស្រាយបណ្ដាញជ្រៀតជ្រែកបរទេស ឬអង្គការ-សមាគមក្លែងក្លាយជាច្រើន ដែលគ្រប់គ្រងដោយស្ថានទូតកម្ពុជា។
លោក ជូ លៀន ហ៊ីល៖ «ជាទូទៅ ពលរដ្ឋកម្ពុជា ដែលរិះគន់លោក ហ៊ុន សែន ជាសាធារណៈ និងអ្នកចូលរួមជាមួយគណបក្សប្រឆាំង ឬអ្នកដែលគេបង្ខំឲ្យទៅចូលរួមពិធីឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា ដែលរៀបចំនៅអូស្ត្រាលី លោក ហ៊ុន សែន មិនចាំបាច់ទៅរករឿងពួកគេនៅទីនេះទេ ប៉ុន្តែលោក ហ៊ុន សែន ទៅរករឿងគ្រួសារពួកគេនៅស្រុកខ្មែរ។ ជាក់ស្ដែង កាលពីខែមករាដើមឆ្នាំនេះ ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក គឹម សន្តិភាព បានធ្វើដំណើរមកអូស្ត្រាលី ដើម្បីប្រារព្ធខួបជ័យជម្នះ ៧ មករា ។ លោក គឹម សន្តិភាព គឹជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលមានឈ្មោះល្បីថា ជាក្រសួងអយុត្តិធម៌។ វាគឺជាថ្ងៃ ទិវាជាតិឈប់សម្រាកមួយសម្រាប់ព្រឹត្តិការណ៍ឃោសនានយោបាយរបស់លោក ហ៊ុន សែន និងរបបជើងកាងរបស់លោក។ ពួកគេ មករៀបចំពិធីនេះតាមទីក្រុងនៅអូស្ត្រាលីជាយូរមកហើយ ហើយអ្នកចូលរួមពិធីនេះ ត្រូវបានគេបង្ខំដូចជានិស្សិតមករៀននៅអូស្ត្រាលីជាដើម។ នេះបង្ហាញថា ក្រុមលោក ហ៊ុន សែន បានតាមដានដឹងថា និស្សិតទាំងនេះ ជានរណា? នៅទីណា? ហើយដឹងថា គ្រួសាររបស់ពួកគេ នៅទីណានៅឯប្រទេសកម្ពុជា? និងមានការជ្រៀតជ្រែកនៅតាមវត្តអារាមទៀតផង។ ពលរដ្ឋខ្មែរនៅអូស្ត្រាលី ត្រូវតែអាចអនុវត្តនូវសិទ្ធិសេរីភាពរបស់ពួកគេដោយគ្មានការតាមដានឃ្លាំមើល»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។ រីឯអ្នក នាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន វិញ លោក សុំមិនមានយោបល់អ្វីឡើយ ដោយថា លោកក្ដាប់រឿងនេះមិនបានជុំ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំអូស្ត្រាលី លោក អ៊ិន ហេមរ៉ា ថ្លែងថា មិនមែនតែរូបលោកទេ ពលរដ្ឋខ្មែរសញ្ជាតិអូស្ត្រាលីផ្សេងទៀត សុទ្ធតែគាំទ្រការលើកឡើងរបស់ លោក ជូ លៀន ហ៊ីល ព្រោះនេះជារឿងពិត ។ លោកបន្តថា មុននឹងរដ្ឋាភិបាលអូស្ត្រាលី ចាត់វិធានការអ្វីមួយ ឬនិយាយជាសាធារណៈនូវការជ្រៀតជ្រែករបស់រដ្ឋាភិបាលកម្ពុជានេះ គឺអង្គភាពស៊ើបការណ៍សន្តិសុខអូស្ត្រាលី (ASIO) តែងតាមដានយ៉ាងច្បាស់លាស់។
គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានមកពង្រីកបណ្ដាញរបស់ខ្លួន ដើម្បីតាមដាន និងត្រួតត្រាសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីតាំងពីឆ្នាំ២០១៥ ដោយភាគច្រើនជាមន្ត្រីជាន់ខ្ពស់តាមក្រសួងស្ថាប័នរដ្ឋ ដូចជា ឯកអគ្គរាជទូត មន្ត្រីយោធា មន្ត្រីប៉ូលិស និងមន្ត្រីស៊ីវិល ដែលមានទាំងលុយ និងអំណាច ក្រោមការបង្គាប់បញ្ជារបស់កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលកំពុងចាំស៊ីកេរពីឪពុក។ ពួកគេបានចែកប្រទេសអូស្ត្រាលីជា ៧តំបន់ ដើម្បីឃ្លាំមើលសហគមន៍ខ្មែរ ហើយរាយការណ៍ទៅទីស្នាក់ការកណ្ដាល នៅទីក្រុងភ្នំពេញ។ កិច្ចខិតខំប្រឹងប្រែងនៃរបបដឹកនាំរបស់លោក ហ៊ុន សែន និងបក្សពួករបស់លោក ក្នុងការព្យាយាមបញ្ជ្រាបចូលក្នុងទឹកដីអូស្ត្រាលី និងព្យាយាមបំបិទមាត់ក្រុមអ្នកនិយាយរិះគន់នៅក្នុងសហគមន៍ខ្មែរនេះ ត្រូវបានតំណាងរាស្ត្រអូស្ត្រាលី ចាត់ទុកថា ជាការជ្រៀតជ្រែករបស់បរទេស។ ប្រទេសអូស្ត្រាលី ក៏មានច្បាប់ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសនេះដែរ។
កាលពីខែកម្ភៈកន្លងទៅថ្មីៗ នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខអ៊ីនធឹណិតរបស់ប្រទេសអូស្ត្រាលីអ្នកស្រី ក្លៀ អូនៀល (Clare O’Neil ) បានព្រមានថា នឹងមិនលើកលែងដល់យុទ្ធនាការជ្រៀតជ្រែករបស់បរទេស ក្នុងនោះរួមទាំងកម្ពុជាផង ដែលបានដាក់គោលដៅតាមធ្វើទុក្ខបុកម្នេញ យាយី និងបំភិតបំភ័យដល់ពលរដ្ឋខ្លួននៅលើទឹកដីអូស្ត្រាលី។ អ្នកស្រីបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី និងភ្នាក់ងារសន្តិសុខអូស្ត្រាលី កំពុងឃ្លាំមើលបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ហើយអូស្ត្រាលី នឹងចាត់វិធានការ ដើម្បីការពារជនជាតិអូស្ត្រាលី និងសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ៕
1 comment:
These 2 assholes are cannibal.
Post a Comment